ចិន-រុស្ស៊ី-អេត្យូពី

រុស្ស៊ី និង​ចិន​បិទខ្ទប់​មិន​ឲ្យអង្គការ​សហប្រជាជាតិចេញសេចក្តីថ្លែងការណ៍​រួមលើ​ជម្លោះ​នៅ អេត្យូពី

ជនជាតិ​អេត្យូពី​នៅ​តំបន់​ទីហ្រ្កេ​ភៀសខ្លួន​ចេញពី​តំបន់​ជម្លោះ​ដែល​រងការវាយប្រហារ​របស់​កងទ័ព​រដ្ឋាភិបាល​អេត្យូពី នៅ ខែ​ធ្នូ ឆ្នាំ ២០២០
ជនជាតិ​អេត្យូពី​នៅ​តំបន់​ទីហ្រ្កេ​ភៀសខ្លួន​ចេញពី​តំបន់​ជម្លោះ​ដែល​រងការវាយប្រហារ​របស់​កងទ័ព​រដ្ឋាភិបាល​អេត្យូពី នៅ ខែ​ធ្នូ ឆ្នាំ ២០២០ AP - Nariman El-Mofty

អង្គការ​សហប្រជាជាតិ​បាន​ខកខាន មិនអាច​ចេញ សេចក្តីថ្លែងការណ៍​រួម មួយ​ដែល​ទាមទារ​ឲ្យ​បិទបញ្ចប់​អំពើហិង្សា នៅក្នុង​តំបន់​ទីហ្រ្កេ ក្នុង​ប្រទេស​អេត្យូពី។ តាម​មន្រ្តីការទូត​នៅ​អង្គការ​សហប្រជាជាតិ ដែល​សុំ​មិន​បញ្ចេញឈ្មោះ គឺ​ចិន និង​រុស្ស៊ី ដែល​បាន​លើកដៃ ប្រឆាំង នៅក្នុង​ការបោះឆ្នោត របស់​ក្រុមប្រឹក្សា​សន្តិសុខ របស់​អង្គការ​សហប្រជាជាតិ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ ដែល​ជាហេតុ​ធ្វើ​ឲ្យ​គេ​បោះបង់​ចោល​ទាំងស្រុង សេចក្តីព្រាង​នៃ​សេចក្តីថ្លែងការណ៍ ដែល​ចងក្រង​ដោយ​ប្រទេស​អៀរឡង់។

ផ្សាយពាណិជ្ជកម្ម

តាម​មន្រ្តីការទូត​នៅ អង្គការ​សហប្រជាជាតិ ចិន និង​រុស្ស៊ី បាន​បោះឆ្នោត ប្រឆាំង​មិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ចេញ សេចក្តីថ្លែងការណ៍​រួម លើ​ជម្លោះ​នៅអេត្យូពី ពីព្រោះ​ថា នៅក្នុង​សេចក្តីថ្លែងការណ៍នោះ មាន​ឃ្លា​ដែល​ទាមទារ​ឲ្យ​បិទបញ្ចប់​អំពើហិង្សា នៅតំបន់​ទីហ្ក្រេ ភាគខាងជើង ប្រទេស​អេត្យូពី។

តាម​មន្រ្តីទូត​ខាងលើ​ដែល​ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP អ្នកតំណាង​របស់​ចិន និង​រុស្ស៊ី បាន​ទាមទារ​ឲ្យ​គេ​ដកឃ្លា​ ត្រូវ​បិទបញ្ចប់​អំពើហិង្សា នៅ ទីហ្រ្កេ ចេញ​ពី សេចក្តីថ្លែងការណ៍រួម​របស់​ក្រុមប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ ប៉ុន្តែ ក្រុមប្រទេស​លោកខាងលិច រួម​ទាំង​អៀរឡង់ ដែល​ជា​ស្នើសេចក្តីថ្លែងការណ៍ផ្ទាល់ បាន​បដិសេធ មិន​យល់ស្រប។

ចាប់តាំង​ពី​កើតមាន​ជម្លោះ ប្រដាប់អាវុធ រវាង​កងទ័ព​ជាតិ​អេត្យូពី ជាមួយ ក្រុមប្រដាប់អាវុធ នៅ​តំបន់​ទីហ្រ្កេអេត្យូពី នៅ ខែ​វិច្ឆិកា ឆ្នាំ ២០២០ ប៉េកាំង និង​ម៉ូស្គូ តែង​ចាត់ទុក ជម្លោះប្រដាប់អាវុធ នៅ ទីហ្រ្កេ ថា ជា​កិច្ចការផ្ទៃក្នុង​របស់​ប្រទេស​អេត្យូពី។ តាម​មន្រ្តីទូត នៅ អង្គការ​សហប្រជាជាតិ ចិន និង​រុស្ស៊ី នឹងមិន​បោះឆ្នោត ប្រឆាំងទេ​ បើសិន​សេចក្តីថ្លែងការណ៍​រួម​របស់​អង្គការ​សហប្រជាជាតិ​និយាយ​តែ​ពី​ការផ្តល់ជំនួយ​មនុស្សធម៌ សម្រាប់​តំបន់ ទីហ្រ្កេ។

ការខកខាន​មិន​បាន​ចេញ សេចក្តីថ្លែងការណ៍ រួម​របស់​ក្រុមប្រឹក្សា​សន្តិសុខ ដោយសារ​ការបិទខ្ទប់ ការបោះឆ្នោត​ប្រឆាំង របស់​ចិន និង​រុស្ស៊ី គឺជារឿង​ខកចិត្ត​មួយ សម្រាប់​ប្រទេស​លោកខាងលិច និង​បណ្តាប្រទេស​អាហ្វ្រិក ដែល​ទន្ទឹង​ចង់​ឲ្យ​មាន​ជំហរ​តឹងរ៉ឹង​ណាមួយ របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ជម្លោះ នៅអេត្យូពី ដែល កំពុង​បង្ក​ឲ្យ​មាន​​ការបាត់បង់​ជីវិត និង វិបត្តិមនុស្សធម៌ ដ៏ធ្ងន់ធ្ងរ​មួយទៀត នៅទ្វីបអាហ្វ្រិក។

នៅក្នុងអំឡុង​កិច្ចប្រជុំ​តាមវីដេអូ Visioconference របស់​ក្រុមប្រឹក្សា​សន្តិសុខ អគ្គលេខាធិការ​រង របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក កិច្ចការ​មនុស្សធម៌ បាន​ទាមទារ​ឲ្យ​កងទ័ព​អេរីត្រេ ដកចេញ​ពី​តំបន់​ទីហ្រ្កេ​អេត្យូពី។ ចាប់តាំង​ពី​ផ្ទុះ​មាន​សង្រ្គាម​ស៊ីវិល នៅ​អេត្យូពី នេះជា​លើកទី១ ដែល​មន្រ្តី អង្គការ​សហប្រជាជាតិ លើកឡើង​ពីការលូកដៃ​របស់​កងទ័ព​បរទេស នៅ តំបន់​ទីហ្រ្កេ។

គេវាយតម្លៃថា កងទ័ព​អេរីត្រេ​បាន​ជួយ កងទ័ព​អេត្យូពី ដើម្បី​វាយប្រហារ​ទៅលើ​តំបន់​ទីហ្រ្កេ ដែល​ជាទីតាំង របស់​ក្រុមប្រឆាំង​រដ្ឋាភិបាល​អេត្យូពី។ ប្រធាន​ឧត្តមស្នងការសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ លោកស្រី Michelle Bachelet បាន​ចោទប្រកាន់​ផងដែរ កងទ័ព​អេរីត្រេ ពី បទ​សម្លាប់រង្គាល​នៅ តំបន់​ទីហ្រ្កេ។ លោកស្រី​បាន​ទាមទារ​ឲ្យ​បើកការស៊ើបអង្កេត ឯករាជ្យ បន្ទាប់​ពី​សង្កេត​ឃើញ​មាន​ការរំលោភ​ដ៏ធ្ងន់ធ្ងរ នៅ​តំបន់​ទីហ្រ្កេ ដែល​គេ​អាច​ចាត់ទុក​ជា​បទឧក្រិដ្ឋកម្ម​សង្រ្គាម ឬ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI