ហេតុអ្វី​សេណេហ្កាល់​ប្រទេស​ដែល​ស្គាល់​ស្ថិរភាព ស្រាប់តែ​ជួបភាព ចលាចល នៅប៉ុន្មានថ្ងៃនេះ?

អ្នកគាំទ្រ​មេបក្ស​ប្រឆាំង លោក​Ousmane Sonko ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការចាប់ឃុំខ្លួន លោក Soko​ពីសំណាក់អាជ្ញាធរ​សេណេហ្កាល់ នៅ​ថ្ងៃទី ៥ មីនា ២០២១
អ្នកគាំទ្រ​មេបក្ស​ប្រឆាំង លោក​Ousmane Sonko ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការចាប់ឃុំខ្លួន លោក Soko​ពីសំណាក់អាជ្ញាធរ​សេណេហ្កាល់ នៅ​ថ្ងៃទី ៥ មីនា ២០២១ REUTERS - ZOHRA BENSEMRA

តើមានអ្វីកើតឡើង​នៅ ប្រទេស​សេណេហ្កាល់? ប្រទេស​ដែល​ធ្លាប់​តែ​ស្គាល់​ស្ថិរភាព ជាងគេ​នៅតំបន់​អាហ្វ្រិកខាងលិច បានធ្លាក់​ចូលក្នុង​ភាពចលាចល ដោយសារ​កុប្បកម្ម និង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល។ គិតចាប់តាំង​ពី​ថ្ងៃ​ពុធ ​ការប៉ះទង្គិចគ្នា​រវាង​ប៉ូលិស និង​យុវជន សេណេហ្កាល់ នៅទូទាំងប្រទេស បាន​សម្លាប់​មនុស្ស ៥នាក់ ដែលនៅក្នុង​នោះ ម្នាក់​ជា​សិស្ស​អនុវិទ្យាល័យ។ ដើម្បី សុវត្ថិភាព​សិស្ស និង​គ្រូបង្រៀន សាលារៀន​នៅទូទាំងប្រទេស​ត្រូវ​បិទទ្វារ រយៈពេល ១សប្តាហ៍ គិតចាប់ពីថ្ងៃ​ចន្ទទី ៨ មីនានេះ។

ផ្សាយពាណិជ្ជកម្ម

នៅ​សេណេហ្កាល់ លោក​ប្រធានាធិបតី Macky Sall រងសម្ពាធ​កាន់តែ​ខ្លាំង នៅចំពោះមុខ​កុប្បកម្ម និង​បាតុកម្ម​ហិង្សា​ដែល​ផ្ទុះឡើង នៅទូទាំង​ប្រទេស ចាប់តាំង​ពី ថ្ងៃ​ពុធ។ រហូត​មកដល់​ថ្ងៃ​សៅរ៍ មនុស្ស ៥នាក់ ស្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​រវាង​បាតុករ ហើយនិង​ប៉ូលិស រថយន្ត​ត្រូវដុតបំផ្លាញ ចំណែក​ហាងទំនិញ ជាច្រើន​កន្លែង ត្រូវបាតុករ ចូល​វាយបំផ្លាញ និង​លួចប្លន់។

ប្រឈម​នឹង​ភាពចលាចល ដែល​កម្រ​នឹង​កើតមាន នៅ ប្រទេស​ដ៏មាន​ស្ថិរភាព នៅអាហ្វ្រិក ដូចជា សេណេហ្កាល់ មន្រ្តីអង្គការ​សហប្រជាជាតិ និង​អង្គការ​អាហ្វ្រិក រួម​ទាំង​អតីត​មន្រ្តីជំនិត​រដ្ឋាភិបាល​ផង បាន​ទទូចសុំ​ឲ្យ​ប្រធានាធិបតី ចេញមុខ ពន្យល់ បកស្រាយ​ដល់​បាតុករ សេណេហ្កាល់។

កំហឹងតវ៉ា របស់​បាតុករ ដែលភាគច្រើន​ជាយុវជន ផ្ទុះឡើង នៅបន្ទាប់​ពី​អ្នកនយោបាយ​របស់​បក្ស​ប្រឆាំង​ម្នាក់ ដែល​ល្បីល្បាញ​ក្នុង​ចំណោម​យុវជន​សេណេហ្កាល់ ក្នុង​នាមជាអ្នកប្រឆាំង​ប្រព័ន្ធ​ដឹកនាំ​សព្វថ្ងៃ ត្រូវ​បាន​អាជ្ញាធរ​សេណេហ្កាល់ ចាប់ឃុំខ្លួន ក្នុង​ហេតុផល បង្ក​អសណ្តាប់ធ្នាប់​សង្គម។ នៅថ្ងៃ​ពុធ ក្រុមយុវជន​សេណេហ្កាល់ បាន​ពពាក់ពពូន ហែរហម លោក Ousmane Sonko ទៅ​តុលាការ នៅបន្ទាប់​ពី​លោក​រងការចោទប្រកាន់ ពីបទរំលោភផ្លូវភេទ។

លោក​Ousmane Sonko​ដែល​ស្ថិតនៅ​លំដាប់​លេខបី សម្រាប់​បេក្ខជន​ប្រធានាធិបតី សេណេហ្កាល់ នៅ​ឆ្នាំ ២០២៤ បាន បដិសេធ​ការចោទប្រកាន់ និង​ថា ប្រធានាធិបតី បាន​សេណេហ្កាល់​បាន​ប្រឌិតរឿង​នេះឡើង ដើម្បី ធ្វើ​ឲ្យ​លោក​ខ្ទាត​ចេញ​ពី ឆាកនយោបាយ និង​ការបោះឆ្នោតប្រធានាធិបតី។

ជាការកត់សំគាល់ នៅក្នុង កុប្បកម្ម ប្រឆាំង​កម្លាំងប្រដាប់​សេណេហ្កាល់ ហាងទំនិញ និង​ហាងសាំង​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​បារាំង បាន​ក្លាយ​ជាផ្ទាំងស៊ីប​វាយប្រហារ លួចប្លន់​របស់​ក្រុមកុប្បករ នៅក្នុង​ហេតុផល​ថា រដ្ឋាភិបាល​បារាំង ជាអ្នកគាំទ្រ​លោកប្រធានាធិបតី​សេណេហ្កាល់​សព្វថ្ងៃ។ បាតុកម្ម​ហិង្សា និង​កុប្បកម្ម ដែល​កើតចេញ​មក​ពី​ការចាប់ខ្លួន​មេបក្ស​ប្រឆាំង គ្រាន់តែ​ជាតំណក់ទឹក​បន្ថែម​ទៅក្នុងកែវទឹក​ដែលពេញ​ជិត​ហៀរ​ទៅហើយ។ ភាពក្រីក្រ ភាពអត់ការងារ​ធ្វើ នៅក្នុង​ចំណោម​យុវជន​សេណេហ្កាល់ ដែល​មាន​កាន់តែ​ច្រើន ជាពិសេស ចាប់តាំង​ពី​កើតមាន​វិបត្តិជំងឺកូវីដ ១៩ គឺហេតុផល​ចំបង​ដែល​ធ្វើ​ឲ្យកើតមាន​កំហឹង​របស់​មហាជន សេណេហ្កាល់។ ចលនា​ការពារ​ប្រជាធិបតេយ្យ បាន​អំពាវនាវ​នៅ​ថ្ងៃ​អាទិត្យ ឲ្យ​មាន​បាតុកម្ម ៣ថ្ងៃ​បន្ថែមទៀត ចាប់តាំង​ពី​ថ្ងៃ ចន្ទ នេះ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នកទោស​នយោបាយ ដែល​អាជ្ញាធរ​ចាប់ខ្លួន ក្រៅផ្លូវច្បាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI