លីប៊ី

លីប៊ី៖ នាយករដ្ឋមន្ត្រីថ្មី​​ស្បថចូល​កាន់តំណែង​ ដឹកនាំរដ្ឋាភិបាល​​បណ្តោះអាសន្ន ​បង្រួប​បង្រួម​ជាតិ

លោក Abdelhamid Dbeibah នាយករដ្ឋមន្ត្រីថ្មី នៃរដ្ឋាភិបាលបណ្តោះអាសន្នលីប៊ី និយាយនៅក្នុង​កម្មវិធីសន្និសីត នៅក្រុង​ទ្រីប៉ូលី ថ្ងៃទី ១០ មីនា ២០២១
លោក Abdelhamid Dbeibah នាយករដ្ឋមន្ត្រីថ្មី នៃរដ្ឋាភិបាលបណ្តោះអាសន្នលីប៊ី និយាយនៅក្នុង​កម្មវិធីសន្និសីត នៅក្រុង​ទ្រីប៉ូលី ថ្ងៃទី ១០ មីនា ២០២១ AP - Hazem Ahmed

លោក អាប់ឌែលហាមីដ ដបីបាហ បានស្បថចូលកាន់តំណែង​ជានាយករដ្ឋមន្ត្រីលីប៊ី កាលពី​ថ្ងៃចន្ទ ទី​១៥មីនា។ រដ្ឋាភិបាលបណ្តោះ​អាសន្ននេះ មានតួនាទីបង្រួបបង្រួមជាតិលីប៊ី គ្រប់ភាគីទាំងអស់ ហើយឈានទៅរៀ​បចំការបោះឆ្នោតមួយ នៅចុងឆ្នាំ​២០២១នេះ ដើម្បីបិទបញ្ចប់សង្គ្រាមស៊ីវីល ដែលបាន​យាយីលីប៊ី ប្រមាណ​១០ឆ្នាំមកហើយ។

ផ្សាយពាណិជ្ជកម្ម

កម្មវិធីស្បថចូលកាន់តំណែងរបស់រដ្ឋាភិបាលលីប៊ីថ្មី បានប្រារព្ធធ្វើនៅ​ ទីតាំងសភាបណ្តោះអាសន្នលីប៊ី ស្ថិតនៅក្រុង Tobrouk ដោយ​មានវត្តមាន​លោក Aguila Saleh ប្រធានសភាលីប៊ី និងតំណាង​អង្គទូតបរទេសជាច្រើនផងដែរ។ លោក អាប់ឌែលហាមីដ ដបីបាហ (Abdelhamid Dbeibah) នាយករដ្ឋមន្ត្រីថ្មី បានស្បថសច្ចាថា នឹងប្រឹងប្រែងការពារឯកភាពជាតិ សន្តិសុខ និងបូរណភាព​ដែន​ដី​របស់លីប៊ី។

តំណាងអង្គទូតនៃសហភាពអឺរ៉ុប​ លោក Jose Sabadell បានលើកឡើងថា កម្មវិធីនេះ គឺជាសញ្ញានឹងជាសារមួយដ៏សំខាន់​ ដើម្បីចាប់ផ្តើ​ម​ផែនការបង្រួបបង្រួមជាតិលីប៊ី។ ដូចគ្នាដែរ លោក Aguila Saleh ប្រធានសភាលីប៊ី បានលើកឡើងថា ដល់ពេលហើយ​ ដែលគ្រប់ភាគីត្រូវចាប់ដៃគ្នា។

សូមបញ្ជាក់ថា លោក Abdelhamid Dbeibah មានអាយុ៦១ឆ្នាំ ជាអតីតអ្នកជំនួញមានមុខមាត់ម្នាក់​ ត្រូវសមាជិកទាំង​៧៥នាក់ នៃ​ក្រុមប្រឹក្សា​បង្រួបបង្រួមជាតិលីប៊ី បោះឆ្នោតតែងតាំងឲ្យ​ដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី ៥កុម្ភៈ នៅទីក្រុងហ្សឺណែវ។ បន្ទាប់​មក សភាលីប៊ី បាន​បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត កាលពីថ្ងៃពុធកន្លងទៅ។

គួរកត់សំគាល់ថា នេះគឺជាការបោះជំហានទៅមុខ ខ្លាំងបំផុត ក្នុងការផ្សះផ្សាជាតិលីប៊ី បន្ទាប់ពីមាន​សង្រ្គាម​ស៊ីវីល ប្រមាណ​១០ឆ្នាំមកនេះ។ លីប៊ី ត្រូវពុះចែកជា២ ដោយរដ្ឋាភិបាល​ខាងកើត ដឹក​នាំ​ដោយ​លោក Abdallah al-Theni សហការជាមួយ​លោក​មេបញ្ជការ Khalifa Haftar  រីឯរដ្ឋាភិបាល​ខាងលិច ដឹកនាំដោយ​ លោក Fayez al-Sarraj។ រដ្ឋាភិបាល​បណ្តោះអាសន្នថ្មី ដឹកនាំដោយ លោក Abdelhamid Dbeibah នឹងមកជំនួស រដ្ឋាភិបាលលីប៊ីទាំង២នេះ។ តែយ៉ាងណា នៅក្នុង​កម្មវិធីស្បថចូលកាន់តំណែង កាលពីថ្ងៃចន្ទ ទី​១៥មីនា គេពុំឃើញមានវត្តមាន របស់​លោក Abdallah al-Theni និង​លោក Fayez al-Sarraj ចូលរួមទេ។

កម្មវត្ថុរបស់រដ្ឋាភិបាលបណ្តោះអាសន្ននេះ គឺប្រមូលភាគីនយោបាយ​ទាំងអស់ ឲ្យច​ូលរួមការបោះឆ្នោតដោយ​សេរី នៅថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ២០២១។ លោក Abdelhamid Dbeibah ត្រូវបានគេស្គាល់ថា ជាមនុស្សស្និទនឹងបក្សពួកអតីតមេដឹកនាំផ្តាច់ការ កាដាហ្វ៊ី ហើយ​មានទំនោរងាកទៅខាងតួកគី។ ថ្វីបើ​ភាគីខាងកើត និងខាងលិច បានចុះកិច្ចព្រមព្រៀងទំលាក់អាវុធ កាលពី​ខែ​តុលា ឆ្នាំ​​​២០២០​មែន តែការកសាងឯកភាព មិនមែនជាការងាយស្រួលទេ សម្រាប់រដ្ឋាភិបាលបណ្តោះអាសន្ន ដោយសារតែបែងចែកបក្សពួក ក្រុមប្រដាប់អាវុធខុសៗគ្នា ព្រមទាំងបញ្ហាពុករលួយ​ផងដែរ។ ក្រៅពីការស្តារសេដ្ឋកិច្ច នាយករដ្ឋមន្ត្រីថ្មី ក៏ត្រូវតែសម្រេច​ ឲ្យ​ក្រុម​ទាហានបរទេសស៊ីឈ្នួល ប្រមាណ​​២០០០០នាក់ ចាកចេញ​ពីលីប៊ីដែរ ព្រោះនេះជាការទាមទាររបស់​អង្គការ​សហប្រជាជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI