អេហ្ស៊ីប-ព្រែកជីកស៊ុយអេ

ការ​ជាប់​កឿង​កប៉ាល់​ដ៏​ធំ​មួយ​នៅ​ព្រែក​ជីក​ស៊ុយ​អេ​បណ្តាល​ឲ្យ​រាំង​ស្ទះ​ចរាចរណ៍​ពាណិជ្ជកម្ម

លោកអូសាម៉ារ៉ាប៊ី ប្រធានអាជ្ញាធរព្រែកជីកស៊ុយអេ (SCA) តាមដានស្ថានការណ៍នៅកន្លែងដែលកប៉ាល់ជាប់គាំងក្នុងព្រែកជីកស៊ុយអេ ប្រទេសអេហ្ស៊ីបថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០២១ ។
លោកអូសាម៉ារ៉ាប៊ី ប្រធានអាជ្ញាធរព្រែកជីកស៊ុយអេ (SCA) តាមដានស្ថានការណ៍នៅកន្លែងដែលកប៉ាល់ជាប់គាំងក្នុងព្រែកជីកស៊ុយអេ ប្រទេសអេហ្ស៊ីបថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០២១ ។ VIA REUTERS - HANDOUT

កប៉ាល់​ដឹក​កុងតេនឺ​យក្សមួយ​ដែល​បរ​ឆ្លង​កាត់​ព្រែក​ស៊ុយអេ​អេហ្ស៊ីបបាន​ជាប់​កើលតាំង​តែ​ពី​ថ្ងៃអង្គារ​ ទី២៣​ មីនាមក​ រហូត​បណ្តាល​ឲ្យ​ចរាចរណ៍​ត្រូវ​ជាប់គាំង​ ប៉ះពាល់​ដល់​ផ្លូវ​ដឹកជញ្ជូន​ពាណិជ្ជកម្ម​ដ៏​មមាញឹក​មួយ​របស់​ពិភពលោក។ បើ​តាម​ក្រុម​អ្នក​ជំនាញ​ ការ​ដឹក​ប្រេងបាន​រង​ផល​ប៉ះពាល់ខ្លាំង​រហូតធ្វើឲ្យ​តម្លៃ​ប្រេងឆៅ​ឡើង​ថ្លៃ​ទៀត​ផង​។

ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​មួយថ្ងៃៗ​ មាន​នាវា​ដឹក​ទំនិញ​ចំនួន​ប្រមាណ​ជាង​ ៥០ គ្រឿង​ ស្មើ​នឹង​ទំហំ​ខ្ទង់​ ១២​% នៃ​ពាណិជ្ជកម្ម​ពិភពលោក​បរ​ឆ្លងកាត់​ព្រែកជីក​ស៊ុយអេ​ ដែលជា​ផ្លូវទឹក​ដឹកជញ្ជូន​ដ៏សំខាន់​មួយ​របស់​ពិភពលោក​។ ព្រែកជីកនេះ ​តភ្ជាប់​សមុទ្រ​មេឌីទែរ៉ាណេ​ ទៅ​សមុទ្រ​ក្រហម​ និង​ផ្តល់​នូវ​ផ្លូវ​ខ្សែ​ផ្លូវទឹក​កាត់​ខ្លី​លឿនបំផុត​រវាង​ទ្វីបអាស៊ី​និង​អឺរ៉ុប​។

ក៏ប៉ុន្តែ​ចាប់តាំងពី​ថ្ងៃអង្គារដើមសប្តាហ៍មក​ ចរាចរណ៍​ផ្លូវ​ដ៏​មមាញឹក​របស់​ពិភពលោក​មួយនេះ​ត្រូវ​ជាប់គាំង​ដោយសារតែ​ការ​ជាប់​កឿង​នាវាដឹក​កុង​តេនឺ​ដ៏ធំ​ខ្ពស់​កប់ពពក​មួយ​គ្រឿង​។

នាវាខាងលើ​ គឺជា​នាវា​របស់​ក្រុមហ៊ុនជប៉ុន​ និង​ត្រូវបាន​ជួល​ដំណើរការ​ដោយ​ក្រុមហ៊ុន​ដឹកជញ្ជូន​តៃវ៉ាន់ Evergreen Marine ។ នាវានេះ មាន​បណ្តោយ​ប្រវែង​ប្រមាណ​ ៤០០ ម៉ែត្រ​និង​ទទឹង​ ៥៩ ម៉ែត្រ​ ហើយ​បាន​កើល​នៅ​ជាប់​នឹង​ទទឹង​ព្រែកជីក​ស៊ុយអេ​ ដោយសារ​តែ​កម្លាំង​ខ្យល់​បក់​ខ្លាំង​ពេក​។ យ៉ាងណាក៏ដោយ​ ក្រុមនាវិក​ចំនួន ​២៥​នាក់​នៅ​លើ​នាវា​នេះ មាន​សុវត្ថិភាព​ មិន​ទទួល​រង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ឡើយ​។​

អាជ្ញាធរ​ព្រែក​ជីកស៊ុយអេ​ (SCA) នាខណៈពេលនេះ​កំពុងតែ​ព្យាយាម​ជួយ​សង្គ្រោះ​រំដោះ​នាវា​របស់​តៃវ៉ាន់នេះ​។ លោក Ranjith Rajaអ្នកស្រាវជ្រាវ​ផ្នែកប្រេង​ នៅ​ក្រុមហ៊ុន​ទិន្នន័យ​ហិរញ្ញវត្ថុ​អន្តរជាតិ​ Refinitiv បាន​មាន​ប្រសាសន៍ថា​ គេ​ មិន​ដែល​ឃើញ​ការ​កកផ្ទះចរាចរណ៍​នៅព្រែក​ជីកស៊ុយអេ​ ដូចនេះ​ពី​មុន​មក​នោះទេ​។ លោកបន្តថា​ វា​ទំនង​ជា​ការ​កក​ស្ទះខ្លាំង​ ...ហើយ​ទំនង​ជានឹងត្រូវ​ចំណាយ​ពេល​ច្រើន​ថ្ងៃ​ ឬច្រើនសប្តាហ៍​ ដើម្បី​រំដោះ​នាវា​ជាប់កឿង​របស់​តៃវ៉ាន់​ខាងលើបាន​។

រយៈពេលបីថ្ងៃមកនេះ​ ការ​ជាប់​គាំង​ចរាចរណ៍​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទីផ្សារ​ប្រេង​ពិភព​លោក​។ តម្លៃប្រេងឆៅ​ នាពេលខាងមុខ​នឹង​កើន​ ជាក់ស្តែង​តម្លៃ​ប្រេងឆៅ​បាន​កើនឡើង​ ៦%​រួចទៅហើយ​កាលពីថ្ងៃពុធម្សិលមិញ​។ នេះបើតាមក្រុមអ្នកជំនាញ​។

ដោយហេតុនេះហើយ​ ក្រុមឈ្មួញ​បាន​ស្នើឲ្យ​អាជ្ញាធរព្រែក​ជីកស៊ុយអេ​ ឆាប់​ដោះ​ស្រាយ​ឲ្យបាន​ជា​បន្ទាន់​នូវ​បញ្ហា​រាំង​ស្ទះចរាចរណ៍នេះ​ ដើម្បី​កាត់​បន្ថយ​ផលប៉ះពាល់​ និងការពារ​កុំឲ្យតម្លៃ​ប្រេងឆៅ​ឡើង​ចេះតែឡើងថ្លៃ​បន្ថែមទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI