ស៊ូដង់

ស៊ូដង់៖រដ្ឋាភិបាល និងក្រុមឧទ្ទាមចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ជាគោលការណ៍

នៅស៊ូដង់ រដ្ឋាភិបាល និងក្រុមឧទ្ទាមចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ជាគោលការណ៍មួយ​ដើម្បី​ឈាន​ទៅ​ចរចា​សន្តិភាព។
នៅស៊ូដង់ រដ្ឋាភិបាល និងក្រុមឧទ្ទាមចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ជាគោលការណ៍មួយ​ដើម្បី​ឈាន​ទៅ​ចរចា​សន្តិភាព។ REUTERS - JOK SOLOMUN

នៅ​ក្នុង​ប្រទេស​ស៊ូដង់ រដ្ឋាភិបាល និង​ចលនា​រំដោះ​ប្រជាមានិត​មួយ​ស្ថិត​ប៉ែកខាងត្បូង​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​ជា​គោលការណ៍​នា​ថ្ងៃ​អាទិត្យ ទី២៨ មីនា។ ពិធី​ចុះ​ហត្ថលេខា​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​យូបា​នៃ​ប៉ែកខាងត្បូង​ស៊ូដង់​រវាង​ឧត្តមសេនីយ​អាប់ឌែល ហ្វាតា ប៊ូរ៉ាន ប្រធាន​ក្រុមប្រឹក្សា​យោធា​ក្នុង​សម័យ​អន្តរកាល​ស៊ូដង់ និង​ប្រធាន​ចលនា​រំដោះ​ប្រជាមានិត​ស៊ូដង់ខាងជើង​លោក​អាប់ឌែលឡាហ្ស៊ី អាល់ ហ៊ីលូ។ សេចក្តីថ្លែការណ៍​ជា​គោលការណ៍​នេះ​ត្រូវ​បាន​ភាគី​ជម្លោះ​ទាំង​ពីរ​ឯកភាព​ប្រើ​ជា​មូលដ្ឋាន​សម្រាប់​ការ​ចរចា​ស្វែង​រក​សន្តិភាព​រវាង​គ្នា​នៅ ៣សប្តាហ៍​ខាង​មុខ។ តើ​សេចក្តីថ្លែងការណ៍​ជា​គោលការណ៍​នេះ​បាន​ចែង​ពី​អ្វី​ខ្លះ?

ផ្សាយពាណិជ្ជកម្ម

តាម​ព័ត៌មាន​ដែល AFP ទទួល​បាន សេចក្តីថ្លែងការណ៍​ជា​គោលការណ៍​បាន​គ្រោង​បង្កើត​រដ្ឋស៊ីវិល​មួយ ប្រជាធិបតេយ្យ និង​សហព័ន្ធ​សម្រាប់​ស៊ូដង់​តែ​មួយ។ នៅ​ក្នុង​រដ្ឋស៊ីវិល ប្រជាធិបតេយ្យ និង​សហព័ន្ធ​នេះ​បាន​ធានា​ពី​សេរីភាព​សាសនា ជំនឿ និង​ពិធី​គោរព​សាសនា​សម្រាប់​ប្រជាជន​ស៊ូដង់​ទាំង​អស់​ដោយ​គ្មាន​ការ​បែងចែក។ សេចក្តីថ្លែងការណ៍​ជា​គោលការណ៍​ដែល​រដ្ឋាភិបាលអន្តរកាល និង​ចលនា​រំដោះ​ប្រជាមានិត​មួយ​ស្ថិត​ប៉ែកខាងត្បូង​បាន​ចុះ​ហត្ថលេខា​ក៏​បាន​បញ្ជាក់​ច្បាស់ៗ​ថា គ្មាន​សាសនា​ណា​មួយ​ត្រូវ​បាន​តម្រូវ​ឲ្យ​គោរព ហើយ​រដ្ឋ​គ្មាន​អនុម័ត​យក​សាសនា​ណា​មួយ​ជា​សាសនា​ផ្លូវការ​របស់​រដ្ឋ​ដែរ។

ទន្ទឹម​គ្នា​នេះ ភាគី​ជម្លោះ​ផ្ទៃក្នុង​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា ស៊ូដង់​ត្រូវ​តែ​មាន​កងទ័ពជាតិ​តែ​មួយ ហើយ​គ្រប់​ស្ថាប័ន​សន្តិសុខ និង​កងទ័ព​ទាំង​អស់​ត្រូវ​តែ​ជា​របស់​រដ្ឋ ពោល​មិន​ត្រូវ​ចំណុះ​ឲ្យ​គណបក្ស ឬ​ចលនា​នយោបាយ​ណា​មួយ​ទេ។ នៅ​ក្នុង​ន័យ​នេះ នីតិវិធី​ធ្វើ​សមាហរណកម្ម និង​ការ​បង្រួបបង្រួម​កងទ័ព​ត្រូវ​ធ្វើ​បណ្តើរៗ និង​ត្រូវ​បញ្ចប់​នៅ​ដំណាច់​សម័យ​អន្តរកាល។ គួរ​រម្លឹក​ថា​សព្វថ្ងៃ​នេះ ស៊ូដង់​កំពុង​ពុះចែក​ជា​ពីរ​ដោយ​នៅ​ខាង​ត្បូង​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម និង​ប៉ែកខាងជើង​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​មួយ​ចូលរួម​ដោយ​ក្រុមស៊ីវិល និង​យោធា។

រដ្ឋអំណាច​យោធា​បូក​ស៊ីវិល​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្រោយ​ការ​បះបោរ​មហាជន​ដោយ​បាន​ទម្លាក់​មេដឹកនាំ​ផ្តាច់ការ​លោក​អូម៉ា អ៊ែលបេស្ហៀរ​ក្នុង​ខែ​មេសា ឆ្នាំ ២០១៩។ បន្ទាប់​មក រដ្ឋអំណាច​ដដែល​មួយ​នេះ​ក៏​បាន​ចាត់​ទុក​ការ​ស្វែង​រក​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​ជា​ប្រធានរឿង​អាទិភាព​មួយ​ក្នុង​ចំណោម​ប្រធានរឿង​អាទិភាព​ផ្សេង​ទៀត។ ជាក់ស្តែង​ក្នុង​ថ្ងៃទី៣ តុលា ឆ្នាំ ២០២០ រដ្ឋអំណាច​យោធា​បូក​ស៊ីវិល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​មួយ​ជាមួយ​ចលនា​បដិវត្តន៍​ស៊ូដង់​ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​ក្រុម​ឧទ្ទាម​ចំនួន ៥ក្រុម និង​ចលនា​នយោបាយ​ចំនួន ៤ចលនា។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ភាគី​ជម្លោះ​ផ្ទៃក្នុង​ស៊ូដង់​អាច​និយាយ​ត្រូវ​រ៉ូវ​គ្នា​ដើម្បី​បង្រួបបង្រួម​ស៊ូដង់​តែ​មួយ​ឬ​អត់​ទេ?។ អ្វី​ដែល​គេ​អាច​និយាយ​បាន ភាគី​នីមួយៗ​ពិត​ជា​មាន​ឆន្ទៈនយោបាយ និង​ការ​លះបង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI