លីប៊ី-សហភាពអឺរ៉ុប

ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប​ទៅលីប៊ី ដើម្បី​​សំដែង​ការ​គាំទ្រ​ចំពោះ​​ដំណើរការ​​ផ្សះផ្សារ​ជាតិ

លោកនាយករដ្ឋមន្រ្តីបណ្តោះអាសន្ន​លីប៊ី Abdul Hamid Dbeibah (ស្តាំ) ទទួលជួប​លោក​ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប Charles Michel (ឆ្វេង)។ ក្រុងទ្រីប៉ូលី ថ្ងៃទី ៤ មេសា ២០២១
លោកនាយករដ្ឋមន្រ្តីបណ្តោះអាសន្ន​លីប៊ី Abdul Hamid Dbeibah (ស្តាំ) ទទួលជួប​លោក​ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប Charles Michel (ឆ្វេង)។ ក្រុងទ្រីប៉ូលី ថ្ងៃទី ៤ មេសា ២០២១ AFP - -

លោក ស្ហាល មីឈែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានធ្វើដំណើរទៅ​ក្រុងទ្រីប៉ូលី​ ប្រទេសលីប៊ី កាលពី​ថ្ងៃអាទិត្យ​​ម្សិលមិញ ដើម្បីបង្ហាញ​ការគាំទ្រ ដល់រដ្ឋាភិបាល​បណ្តោះអាសន្នថ្មីលីប៊ី ដឹកនាំដោយ​លោក​ នាយករដ្ឋមន្ត្រី អាប់ឌែល ហាមីដ បេបាហ។ រដ្ឋាភិបាលនេះ មានតួនាទីប្រមែរប្រមូលគ្រប់ភាគីនយោបាយ​លីប៊ី ឲ្យ​ចូលរួមបោះឆ្នោត នៅចុងឆ្នាំ​២០២១ ដើម្បីឈានផ្សះផ្សារជាតិ និងកសាងសន្តិភាព។

ផ្សាយពាណិជ្ជកម្ម

១០ឆ្នាំមកហើយ ដែលលីប៊ីបានឆ្លងកាត់សង្គ្រាមស៊ីវីល ហែកហួរ បែងចែកបក្សពួក គ្មានរដ្ឋាភិបាល​ពិតប្រាក​ដឹកនាំប្រទេស។ ឆ្លងកាត់ការចរចាសម្របសម្រួលដ៏លំបាក ក្រោម​គំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ រដ្ឋាភិបាល​បណ្តោះអាសន្នមួយ​ ត្រូវបាន​បង្កើតឡើង នៅខែ​កុម្ភៈ ដោយ​មានលោក អាប់ឌែល ហាមីដ បេបាហ (Abdel Hamid Dbeibah) ជានាយករដ្ឋមន្ត្រី។ រដ្ឋាភិបាលនេះ មាន​ភារៈកិច្ចស្តារស្ថិរភាព សន្តិសុខជាតិ និងរៀបចំការបោះឆ្នោតសេរីមួយ នៅខែធ្នូខាងមុខ ដោយ​មានការចូលរួម​ ពីគ្រប់ភាគី​លីប៊ីទាំងអស់​ ទាំងក្រុមខាងកើត និងក្រុមខាងលិច។

នៅថ្ងៃអាទិត្យ​ទី ៤មេសា លោក​ ស្ហាល មីឈែល (Charles Michel) ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដែលបាន​ទៅដល់ក្រុងទ្រីប៉ូលី ជាលើកដំបូងបង្អស់ បាន​ប្រកាសថា សហភាពអឺរ៉ុប នឹងប្រឹងប្រែងសហការធ្វើការជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​នេះ ឲ្យ​អស់ពីចិត្ត។ លោក​បន្ថែមថា ការ​ផ្តល់សន្ទុះស្តារសេដ្ឋកិច្ចលីប៊ី ការរៀបចំការបោះឆ្នោត និង​ការប្រយុទ្ធប្រឆាំង នឹងបណ្តាញឧក្រិដ្ឋកម្មដឹកជញ្ជូនជនភៀសខ្លួន ទាំងអស់នេះ គឺជា​បញ្ហា ដែលសហភាពអឺរ៉ុប​ផ្តោតការយកចិត្តទុកដាក់ ចង់ជួយ​លីប៊ីបំផុត។

នៅក្រោយ​ការចូលកាន់តំណែងរបស់រដ្ឋាភិបាល​បណ្តោះអាសន្នលីប៊ី ប្រទេសអឺរ៉ុបមួយចំនួន​ធំ មាន​បារាំង អាល្លឺម៉ង់ អ៊ីតាលី ក្រិកជាដើម បានចាប់ផ្តើម​បើកស្ថានទូតឡើងវិញ។ យ៉ាងណាមិញ លោក​ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបញ្ជាក់ថា ក្នុង​រវាង​ប៉ុន្មានសប្តាហ៍ខាងមុខ សហភាពអឺរ៉ុបនឹងរៀបចំតែងតាំងឯកអគ្គរដ្ឋទូតថ្មីម្នាក់ ប្រចាំនៅ​លីប៊ី។

សូមបញ្ជាក់ថា លីប៊ី គឺជា​ច្រកផ្លូវដ៏សំខាន់ ក្នុង​ដំណើរ​ឆ្លងកាត់​របស់​ជនភៀសខ្លួន ដែលធ្វើដំណើរមកពីអាហ្វ្រិក ឆ្លងសមុទ្រម៉េឌីទែរ៉ាណេ ចូលដីអឺរ៉ុប។ ដោយ​សារ​តែបញ្ហា​អសន្តិសុខ និង​គ្មាន​អាជ្ញាធរ​ច្បាស់លាស់នៅលីប៊ី ក្រុមជនទុច្ចរិតបានឆ្លៀតឱកាស ធ្វើសកម្មភាព​នេះ យ៉ាងបើកចំហរ។ ការជួយ​ជ្រោមជ្រែង ស្តារស្ថិរភាពនយោបាយ និងសន្តិសុខនៅលីប៊ី គឺជា​ដំណោះស្រាយ​មួយដ៏សំខាន់ ក្នុងការទប់ជនអន្តោប្រវេសន៍ខុសច្បាប់ កុំឲ្យ​ឆ្លងទូក​ចូល​អឺរ៉ុប។

យ៉ាងណាក៏ដោយ សំរាប់ពេលនេះ​សំណុំរឿងដ៏រសើបមួយ​នៅលីប៊ី គឺនៅតែមិនទាន់អាចដោះស្រាយ​បាននៅឡើយ គឺវត្តមាន​របស់កងកម្លាំងបរទេស ដែល​គេបញ្ជូន​ពីប្រទេសក្រៅ​ មកជួយ​ប្រយុទ្ធភាគីលីប៊ីម្ខាងៗ។ យោងតាមអង្គការសហប្រជាជាតិ នៅរវាងខែធ្នូ ឆ្នាំ​២០២០នៅលីប៊ី គឺមានកម្លាំងប្រយុទ្ធបរទេសស៊ីឈ្នួល ចំនួនប្រមាណ​២ម៉ឺននាក់។ លោកស្រី​ Najla al-Mangoush រដ្ឋមន្ត្រីការបរទេសលីប៊ីថ្មី បាន​អំពាវនាវជាថ្មីម្តងទៀត កាលពីថ្ងៃអាទិត្យ​ទី៤មេសា ថាត្រូវតែ​ដក កម្លាំងប្រយុទ្ធបរទេសទាំងនេះ ចេញ​ឲ្យ​អស់ពីលីប៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI