ឆាដ-នយោបាយ

ប្រធានាធិបតី​ឆាដ​ ស្លាប់​ដោយ​សារ​ការ​វាយ​ប្រយុទ្ធ​នៅ​ជួរ​មុខ​ជាមួយ​ក្រុម​ឧទ្ទាម

នៅថ្ងៃអង្គារ ២០ មេសា ឆ្នាំ២០២១ យោធាប្រទេសឆាដបានប្រកាសថា លោកប្រធានាធិបតី អ៊ីដ្រីស ដេប៊ី (Idriss Deby) បានទទួលមរណភាពដោយសារតែការរងរបួសនៅក្នុងការវាយប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាម។
នៅថ្ងៃអង្គារ ២០ មេសា ឆ្នាំ២០២១ យោធាប្រទេសឆាដបានប្រកាសថា លោកប្រធានាធិបតី អ៊ីដ្រីស ដេប៊ី (Idriss Deby) បានទទួលមរណភាពដោយសារតែការរងរបួសនៅក្នុងការវាយប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាម។ Regis Duvignau POOL/AFP/Archivos

នៅ​ថ្ងៃអង្គារ​ ២០​ មេសា​ យោធា​ប្រទេស​ឆាដ​បាន​ប្រកាសថា​​ លោក​ប្រធានាធិបតី​ អ៊ីដ្រីស ដេប៊ី (Idriss Deby) បាន​ទទួល​មរណភាពហើយ​ដោយសារ​តែ​ការ​រងរបួស​នៅក្នុង​ការវាយប្រយុទ្ធគ្នាជាមួយ​ក្រុមឧទ្ទាម​កាលពី​ចុងសប្តាហ៍​។ មរណភាព​របស់​លោក​ ដេប៊ី​ បាន​ទៅ​បិទ​បញ្ចប់​ទំព័រ​សករាជ​គ្រប់គ្រង់​រដ្ឋ​របស់​លោក​ដែល​មាន​រយៈពេល​ ៣ ទសវត្សរ៍​មកហើយ​។

ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​ខាងលើ​​ធ្វើ​ឡើង​មួយថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​បណ្តោះ​អាសន្ន​ បង្ហាញថា​លោកប្រធានាធិបតី​អ៊ីដ្រីស​ ដេប៊ី​ នឹង​ឈ្នះ​ការ​បោះឆ្នោត​ ហើយ​អាច​ឡើង​កាន់តំណែង​ ១ អាណត្តិទៀត​ដែល​ជា​អាណតិ្តទី ៦​ របស់លោក​។

ការ​វាយប្រហារ​របស់​ក្រុមឧទ្ទាម​បាន​ចាប់ផ្តើម​ ស្រប​ពេលដែល​ប្រទេសឆាដ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាលពីថ្ងៃទី​ ១១​ ខែមេសា​ ហើយ​គណបក្ស​របស់​លោកដេប៊ី​ ទទួល​បាន​សំឡេងគាំទ្រ​ស្ទើរ​តែ​ ៨០%​។

ពួក​ក្រុមឧទ្ទាម​ដែល​បាន​ព្យាយាម​បណ្តេញ​លោក​ដេប៊ី​ ចេញពី​អំណាចតាំង​ពីឆ្នាំ​ ២០១៦​ បាន​អះអាងថា​ពួកគេចាប់ផ្តើម​ទទួលបាន​ជ័យជម្នះ​នៅផ្នែកខ្លះ​​ ហើយ​ការ​វាយប្រយុទ្ធគ្នា​ ត្រូវបាន​គេរាយការណ៍​កើតឡើងនៅ​ភាគខាងជើង​ប្រទេស​ឆាដ​នៅចុង​សប្តាហ៍​កន្លង​ទៅនេះ​។ ប៉ុន្តែ​ ការអះអាង​របស់​ពួកឧទ្ទាម​ ត្រូវ​បានបដិសេធ​ដោយរដ្ឋាភិបាលឆាដ​ ដែល​លើកឡើងផ្ទុយ​មកវិញ​ពួកក្រុមឧទ្ទាម​បាន​ចាញ់ក្រោមដៃកងទ័ពរបស់ខ្លួន​។

លោកអ៊ីដ្រីស ដេប៊ី​ បានចេញ​ទៅ​សមរភូមិជួរមុខ​ដែលមាន​ចម្ងាយ​រាប់រយគីឡូម៉ែត្រ​នៅភាគ​ខាងជើង​ រដ្ឋធានី​យ៉ាមេណា  (N'Djamena) កាលពីថ្ងៃអាទិត្យ​ ១៨ មេសា​ ដើម្បី​ដឹកនាំ​បញ្ជា​កងទ័ព​ ប្រយុទ្ធនឹង​ក្រុមឧទ្ទាម​ដែលហៅខ្លួនឯងថា​រណសិរ្ស​ដើម្បីការផ្លាស់ប្តូរ​និង​និងរួបរួម​គ្នា​នៅឆាដ​ (Fact)។

​យោធា​របស់​ប្រទេសឆាដ​​បាន​និយាយថា​លោក​ប្រធានាធិបតី​ដេប៊ី​ បាន​តស៊ូ​លុះដល់​ដង្ហើម​​ចុងក្រោយ​​ដើម្បី​ការពារ​ប្រទេសពី​ការលុកលុយរបស់ពួកឧទ្ទាម​។ កាលពីថ្ងៃចន្ទ​ដើមសប្តាហ៍នេះ​ កងទ័ពរដ្ឋាភិបាល​ឆាដបានអះអាង​អំពីជ័យជម្នះលើក្រុម​ឧទ្ទាម​ និងថាបាន​សម្លាប់ពួក​សកម្ម​ប្រយុទ្ធ​ប្រមាណ​ ៣០០ នាក់​ ហើយ​ថាទាហានជួរមុខរបស់ឆាដចំនួន ៥ នាក់បានបាត់បង់ជីវិត​ក្នុងអំឡុង​ពេល​ប្រយុទ្ធគ្នារយៈពេល ៨ ថ្ងៃ។

គួរជ្រាបថា​ មានវ័យ​ ៦៨ ឆ្នាំ​ លោក​អ៊ីដ្រីស ដេប៊ី​ បានឡើងកាន់អំណាច​នៅឆ្នាំ​ ១៩៩០ តាមរយៈ​ការបះបោរ​ប្រដាប់​អាវុធ​។ លោក​ស្ថិតនៅក្នុងចំណោមមេដឹកនាំម្នាក់​ដែល​កាន់​អំណាច​យូរ​ជាង​បំផុត​មួយ​នៅទ្វីបអាហ្វ្រិក​ និងជាសម្ព័ន្ធមិត្ត​យូរអង្វែង​របស់​បារាំង​ ព្រមទាំង​មហាអំណាច​លោកខាងលិចដទៃទៀតដែរ​នៅក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមជីហាដ​និយម​ក្នុងតំបន់សាហេល​នៃទ្វីបអាហ្វ្រិក​។

ក្រោយ​មរណភាព​របស់លោកប្រធានាធិបតីដេប៊ី រដ្ឋាភិបាលនិងសភាត្រូវបានរំលាយ។ បម្រាមគោចរ​ក៏ត្រូវ​បានដាក់​ ហើយ​ព្រំដែនរបស់ប្រទេសឆាដត្រូវបានប្រកាសបានបិទ។ ក្នុងកាលៈទេសៈបន្ទាន់បែបនេះ ប្រទេសឆាដនឹងត្រូវ​គ្រប់គ្រង​​ដោយ​ក្រុម​ប្រឹក្សា​យោធាមួយ​ដែល​ដឹកនាំ​ដោយ​កូន​ប្រុស​របស់លោក​ឈ្មោះម៉ាហាម៉ាត អ៊ីដ្រីស ដេប៊ី អ៊ីតណូ  (Mahamat Idriss Deby Itno) រយៈពេល​ ១៨ ខែ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI