បារាំង-រវ៉ាន់ដា

រវ៉ាន់ដា-បារាំង៖សមាគមជនរងគ្រោះស្វាគមន៍សុន្ទរកថារបស់លោកម៉ាក្រុង ទោះលោកម៉ាក្រុងមិនសុំទោសជាផ្លូវការ

រូបថត​ជនរងគ្រោះ​ក្នុង​អំពើប្រល័យពូជសាសន៍នៅ​រវ៉ាន់ដាកាល​ពី​ឆ្នាំ ១៩៩៤។
រូបថត​ជនរងគ្រោះ​ក្នុង​អំពើប្រល័យពូជសាសន៍នៅ​រវ៉ាន់ដាកាល​ពី​ឆ្នាំ ១៩៩៤។ AP - Ben Curtis

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ ឧសភា ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​រវ៉ាន់ដា។ វត្តមាន​របស់​លោក​ម៉ាក្រុង​លើ​ទឹកដី​អាហ្រ្វិក​មួយ​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​បារាំង និង​រវ៉ាន់ដា​ពិបាក​មើល​មុខ​គ្នា​ចំ​ដោយសារ​អំពើ​ប្រល័យពូជសាសន៍​នៅ​រវ៉ាន់ដា​កាល​ពី​ឆ្នាំ ១៩៩៤។ ព្រឹត្តិការណ៍​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ៨០០ ០០០នាក់​មួយ​នេះ​ត្រូវ​បាន​រវ៉ាន់ដា​យល់​ថា បារាំង​មាន​ចំណែក​ទទួល​ខុស​ត្រូវ។ អ្វី​ដែល​រវ៉ាន់ដា​រង់ចាំ​ពី​លោក​ម៉ាក្រុង គឺ​ពាក្យ​សុំទោស​របស់​លោក​ក្នុង​នាម​ប្រទេស និង​ពលរដ្ឋ​បារាំង។ តែ​លោក​ម៉ាក្រុង​បាន​ថ្លែង​ត្រឹម​ទទួល​ស្គាល់​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​បារាំង​នៅ​ក្នុង​រឿងរ៉ាវ​កាល​ពី​ជិត ៣០ឆ្នាំ​មួយ​នេះ។ យ៉ាង​ណា​ក៏​ដោយ លោក​អេយីដ អិនគួរ៉ង់ហ្គា ប្រធាន​ស្តីទី​សមាគម​ជនរងគ្រោះ​ក្នុង​អំពើ​ប្រល័យពូជសាសន៍​នៅ​រវ៉ាន់ដា​បាន​យល់​ឃើញ​ថា សុន្ទរកថា​របស់​លោក​ម៉ាក្រុង​ជា​សុន្ទរកថា​ល្អ ទោះ​បី​ជា​លោក​ម៉ាក្រុង​មិន​បាន​ថ្លែង​សុំទោស​ជា​ផ្លូវការ និង​ដោយ​ផ្ទាល់​ក៏​ដោយ។

ផ្សាយពាណិជ្ជកម្ម

« សម្រាប់​យើង គឺ​ជា​សុន្ទរកថា​មួយ​ដ៏​ល្អ។ ជា​សុន្ទរកថា​ដ៏​ល្អ ព្រោះ​លោក​ម៉ាក្រុង​បាន​បញ្ជាក់​ច្បាស់ៗ​ដោយ​ទទួល​ស្គាល់​ជា​ផ្លូវការ​នូវ​តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​របស់​បារាំង​ក្នុង​ពេល​កើត​មាន​អំពើ​ប្រល័យពូជសាសន៍  និង​នៅ​ក្រោយ​អំពើ​ប្រល័យពូជសាសន៍​​នៅ​រវ៉ាន់ដា​កាល​ពី​ឆ្នាំ ១៩៩៤។ ដូច្នេះ​សម្រាប់​យើង អ្វី​ដែល​លោក​ម៉ាក្រុង​បាន​ថ្លែង​គឺ​វិជ្ជមាន​ខ្លាំង​ណាស់។

បន្ទាប់​មក លោក​ម៉ាក្រុង​បាន​បំពេញ​តាម​សំណូមពរ​របស់​យើង​ទាក់ទង​នឹង​រឿង​តុលាការ​ដោយ​លោក​ម៉ាក្រុង​បាន​សន្យា​នាំ​ទៅ​កាន់​តុលាការ​នូវ​ជនជាប់​សង្ស័យ​ក្នុង​រឿង​ប្រល័យពូជសាសន៍​ដែល​កំពុង​រស់នៅ​មាន​សេរីភាព​ក្នុង​ប្រទេស​បារាំង។ ឃើញ​ថា​សម្រាប់​យើង​ពិត​ជា​ចំណុច​វិជ្ជមាន។

គឺ​ជា​ការ​បោះ​មួយ​ជំហាន​ថ្មី ក្រោយ​ពី​របាយការណ៍​របស់​គណៈកម្មការ​អ្នកប្រវត្តិសាស្ត្រ​របស់​លោកVincent Duclert ដែល​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​របស់​បារាំង​នៅ​ក្នុង​អំពើប្រល័យពូជសាសន៍​នៅ​រវ៉ាន់ដា​កាល​ពី​ជិត ៣០ឆ្នាំ​មុន។ មួយ​វិញ​ទៀត ទាក់ទង​នឹង​ការ​ទាមទារ​ឲ្យ​មាន​ការ​សុំទោស​ពី​បារាំង ពិតណាស់ លោក​ម៉ាក្រុង​មិន​បាន​និយាយ​ពាក្យ « សុំទោស »ដោយ​ផ្ទាល់​ដូច​ដែល​យើង​បាន​រង់ចាំ​នោះ​ទេ។

អ្វី​ដែល​យើង​បាន​រង់ចាំ​ពី​បបូរ​មាត់​លោក​ម៉ាក្រុង គឺ​ការ​ថ្លែង​ជា​ផ្លូវការ និង​ដោយផ្ទាល់​ពី​ការ​សម្តែង​ការ​សុំទោស​ក្នុង​នាម​ប្រទេស​បារាំង និង​ប្រជាពលរដ្ឋ​បារាំង​នៅ​ក្នុង​អំពើប្រល័យពូជសាសន៍​នៅ​រវ៉ាន់ដា​កាល​ពី​ឆ្នាំ ១៩៩៤។ លោក​ម៉ាក្រុង​​មិន​បាន​ថ្លែង​យ៉ាង​ដូច​នេះ​ទេ​ប្រហែល​ដោយ​ហេតុផល​នយោបាយ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ម៉ាក្រុង​ក៏​បាន​លើក​ឡើង ហើយ​នេះ​ពិត​ជា​អ្វី​ដែល​យើង​ស្វាគមន៍​ទទួល​យក​បាន »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI