កូតឌីវ័រ-តុលាការព្រហ្មទណ្ឌអន្តរជាតិ

លោកឡូរ៉ង់ បាកបូ អតីត​ប្រធានាធិបតី​កូតឌីវ័រ ត្រលប់​ចូលស្រុកវិញ ក្រោយ​តុលាការ​ក្រុងឡាអេ សម្រេច​ដោះលែង

លោក Laurent Gbagbo  អតីតប្រធានាធិបតីកូតឌីវ័រ លើកដៃស្វាគមន៍អ្នកគាំទ្រ នៅក្នុងអង្គសវនាកា តុលាការព្រហ្មទណ្ឌអន្តរជាតិ ថ្ងៃទី ៦ កុម្ភៈ ២០២១
លោក Laurent Gbagbo អតីតប្រធានាធិបតីកូតឌីវ័រ លើកដៃស្វាគមន៍អ្នកគាំទ្រ នៅក្នុងអង្គសវនាកា តុលាការព្រហ្មទណ្ឌអន្តរជាតិ ថ្ងៃទី ៦ កុម្ភៈ ២០២១ AP - Jerry Lampen

អតីតប្រធានាធិតបីប្រទេសកូតឌីវ័រ លោកឡូរ៉ង់ បាកបូ បានធ្វើដំណើរត្រលប់ចូលស្រុកវិញ កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៧មិថុនា បន្ទាប់ពី​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ ក្រុងឡាអេ បានសម្រេចដោះលែង ថាលោកគ្មានទោសកំហុសអ្វី ពាក់ព័ន្ធនឹងការចោទប្រកាន់ ស្តីពីឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីរូបនេះ សង្ឃឹមថា លោកនឹងត្រលប់ទៅប្រឡូកក្នុងឆាកនយោបាយ ហើយបង្រួបបង្រួម​អ្នកនយោបាយ​កូតឌីវ័រឡើងវិញ។

ផ្សាយពាណិជ្ជកម្ម

លោក ឡូរ៉ង់ បាកបូ​ (Laurent Gbagbo) ធ្លាប់ធ្វើជាប្រធានាធិបតី ចន្លោះពី ឆ្នាំ២០០០ ដល់ ២០១១។ លោកត្រូវបានគេចោទប្រកាន់ ថាបាន​បញ្ជាឲ្យ​មានការសម្លាប់មនុស្ស យ៉ាងហោច៣០០០នាក់ នៅក្នុង​អំឡុងពេលវិបត្តិនយោបាយ ក្រោយការបោះឆ្នោតឆ្នាំ២០១០ ដែលលោក​បានបដិសេធ មិនទទួលជ័យជំនះ របស់​លោក Alassane Ouattara។

​នៅខែមេសា ឆ្នាំ​២០១១ លោក ឡូរ៉ង់ បាកបូ ត្រូវបានគេចាប់ខ្លួន និងបញ្ជូនទៅដាក់ឃុំ រងចាំសវនាកានៅទីក្រុងឡាអេ ប្រទេសហូឡង់។ ១០ឆ្នាំក្រោយមក​ សាលដីកាសាលាឧទ្ធរណ៍ នៃតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ បានសម្រេចដោះលែងលោក នៅថ្ងៃទី​៣១ ខែមីនា ២០២១។ បន្ទាប់ពីទទួលភ្លើងខៀវ ពីរដ្ឋាភិបាលកូតឌីវ័រ លោក ឡូរ៉ង់ បាកបូ បានធ្វើដំណើរត្រលប់ទៅកាន់រដ្ឋធានី អាប៊ីឌហ្សង់ វិញ នៅថ្ងៃទី១៧ មិថុនា។

នៅព្រលានយន្តហោះក្រុងព្រុចស៊ែល មេធាវីម្នាក់ដែលបានជូនដំណើរលោក ឡើងយន្តហោះ បានលើកឡើងថា លោក ឡូរ៉ង់ បាកបូ មានចិត្តរំភើបដែលបានត្រលប់ចូលស្រុកវិញ ហើយលោកនឹង ចូលរួម​ក្នុង​ការ​រៀបចំ កសាងការបង្រួបបង្រួមជាតិឡើងវិញ។ នៅទីក្រុង​អាប៊ីដហ្សង់ លោក​ប្រធានាធិបតីកូតឌីវ័រ Alassane Ouattara បានរៀបចំ ឲ្យគេទទួលលោក ឡូរ៉ង់ បាកបូ ក្នុងមានជា​អតីតប្រធានាធិបតី។ សកម្មជន​ និងសមាគមតំណាងជនរងគ្រោះ ក៏បានត្រៀមធ្វើ​បាតុកម្មនៅព្រលានយន្តហោះក្រុងអាប៊ីដហ្សង់ផងដែរ ដើម្បីបរិហារ អំពី​ « និទណ្ឌភាព »។

គួរបញ្ជាក់ថា ការត្រឡប់ចូលស្រុកវិញ របស់​លោក ឡូរ៉ង់ បាកបូ ត្រូវបាន​ក្រុមអ្នកគាំទ្រ ក៏ដូចជាគណបក្សលោក អបអរយ៉ាងខ្លាំង ថាលោកនឹងទៅសង្គ្រោះនយោបាយកូតដីវ័រ បន្ទាប់ពីស្ថិតក្រោយមការដឹកនាំរបស់​លោក Alassane Ouattara ប្រមាណ​ជិត​៣អាណត្តិមកនេះ។ លោក Assoa Adou អគ្គលេខាធិការគណបក្ស FPI ដែលជាបក្សរបស់លោក ឡូរ៉ង់ បាកបូ បាន​លើកឡើងថា កូតឌីវ័រ បច្ចុប្បន្នកំពុងប្រឈមគ្រោះថ្នាក់ធំបំផុត គឺក្រុមជីហាតភេរវកម្ម។ ដូចគ្នាដែរ លោក Venance Konan អ្នកនិពន្ធ និងជាអ្នកកាសែតនៅកូតដីវ័រ បានលើកឡើងក្នុងអត្ថបទវិចារណកថាខ្លួនថា សាមគ្គី ឯកភាពជាតិកូតឌីវ័រ គឺជារឿងចាំបាច់បំផុតនាពេលនេះ ព្រោះកូតឌីវ័រ កំពុតស្ថិតនៅមាត់ជ្រោះគ្រោះថ្នាក់ បង្កឡើងដោយក្រុមជីហាតភេរវកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI