លីប៊ី-UN-សន្តិភាព

ប្រទេស​មហា​អំណាច​ពិភព​លោក​ផ្តើម​ជំរុញ​ជា​ថ្មី​សន្តិភាព​នៅ​លីប៊ី

នៅថ្ងៃពុធ ទី២៣ មិថុនា ឆ្នាំ២០២១នេះ ប្រទេសអាល្លឺម៉ង់ ផ្តើមបើកកិច្ចប្រជុំអន្តរជាតិមួយ ក្នុងទីក្រុងប៊ែរឡាំង ដោយមានការចូលរួមពីប្រទេសមហាអំណាចជាច្រើន ដើម្បីស្វែងរកសន្តិភាពយូរអង្វែងឲ្យលីប៊ី។
នៅថ្ងៃពុធ ទី២៣ មិថុនា ឆ្នាំ២០២១នេះ ប្រទេសអាល្លឺម៉ង់ ផ្តើមបើកកិច្ចប្រជុំអន្តរជាតិមួយ ក្នុងទីក្រុងប៊ែរឡាំង ដោយមានការចូលរួមពីប្រទេសមហាអំណាចជាច្រើន ដើម្បីស្វែងរកសន្តិភាពយូរអង្វែងឲ្យលីប៊ី។ AFP - JOSEPH EID

នៅថ្ងៃពុធ​ ទី២៣​ មិថុនា ឆ្នាំ២០២១​នេះ​ ប្រទេស​អាល្លឺម៉ង់​ ផ្តើមបើក​កិច្ច​ប្រជុំ​អន្តរជាតិ​មួយក្នុង​ទី​ក្រុង​ប៊ែរឡាំង​ដោយ​មាន​ការ​ចូលរួមពី​ប្រទេស​មហាអំណាច​ជាច្រើន​ ដើម្បី​ស្វែង​រក​សន្តិភាព​យូរ​អង្វែង​ឲ្យ​លីប៊ី​។ ការ​ធានា​ឲ្យ​បាន​នូវ​ការ​បោះឆ្នោត​នា​ថ្ងៃទី ២៤ ធ្នូ​ខាង​មុខ គឺជា​ប្រធាន​រឿង​ដ៏​សំខាន់​មួយ​ក្នុង​ជំនួប​អន្តរជាតិ​នេះ​។

ផ្សាយពាណិជ្ជកម្ម

តំណាង​រដ្ឋាភិបាល​អន្តរកាល​លីប៊ី​ នឹង​ចូលរួម​ជាមួយ​ប្រមុខ​ការ​បរទេសអាមេរិក​លោក អង់តូនី ប្ល៊ីងកិន ក៏ដូចជារដ្ឋមន្រ្តី​ការ​បរទេសថ្នាក់តំបន់​ និងពិភពលោកជាច្រើននាក់ទៀត​នៅឯ​កិច្ចប្រជុំអន្តរជាតិក្នុងទីក្រុងប៊ែរឡាំងដែលគាំទ្រ​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​។

សមាសភាព​នៃ​ជំនួប​ខាងលើនេះ​រួមមាន​សមាជិក​អចិន្រ្តៃយ៍​ទាំង ៥ នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប ​គឺសហរដ្ឋអាមេរិក អង់គ្លេស បារាំង រុស្ស៊ី និងចិន ព្រមទាំងអ៊ីតាលី តួកគី អារ៉ាប់រួម​ សហភាពអឺរ៉ុប និង​តំណាង​អ.ស.ប​។

នៅមុនកិច្ចពិភាក្សាថ្ងៃនេះ​ រដ្ឋមន្រ្តី​ការបរទេសអាល្លឺម៉ង់លោកហៃកូ ម៉ាអាស (Heiko Maas) បានរំឭកដល់​សមាជិក​អង្គប្រជុំ​នូវ​ពាក្យសន្យា​ដែល​ពួកគេ​បាន​ព្រមព្រៀង​គ្នា​ម្តង​រួច​ហើយ​កាល​ពី​ ឆ្នាំ២០២០​ ក្នុងការ​បញ្ចប់​ការ​លូកដៃ​ជ្រៀតជ្រែក​របស់​អន្តរជាតិ​ និងការ​ដក​កម្លាំងទ័ព​បរទេស​ ព្រមទាំង​ទ័ពស៊ីឈ្នួល​ទាំង​អស់​ចេញ​ពី​ទឹកដី​លីប៊ី​។

នៅក្នុង​បទ​សម្ភាសន៍ជាមួយកាសែតក្នុងស្រុកមួយ​ (Die Welt) លោកហៃកូ ម៉ាអាស បាន​លើកឡើងថា​អ្នកដែលបានសន្យាហើយ​ថា​ដក​កម្លាំងទ័ពពី​លីប៊ី​ មិន​បាន​ធ្វើតាម​ពាក្យ​សន្យា​របស់​ពួកគេឡើយ​។ ទន្ទឹមគ្នានេះ​ លោក​ប្រមុខការបរទេសអាល្លឺម៉ង់​បាន​សង្កត់​ធ្ងន់ថា​ ដើម្បី​ជួយ​ឲ្យ​ប្រជាជន​លីប៊ីអាច​កំណត់ពី​ជោគវាសនា​ប្រទេស​របស់​ពួកគេ​ជា​ថ្មី​ម្តងទៀត​បាន ​កម្លាំង​ទ័ព​បរទេស​ត្រូវតែចាកចេញ​។

ទោះបីជាលោកម៉ាអាស​ មិនបាននិយាយឲ្យចំឈ្មោះ​ប្រទេសណាឲ្យប្រាកដ​ ក៏គេដឹងថា​លោក​ចង់សំដៅដល់ប្រទេសរុស្ស៊ី​ និងតួកគី​ ដែល​នៅ​មិន​ទាន់​ដក​ទាហានស៊ីឈ្នួល​ និង​កម្លាំងទ័ព​ឲ្យ​អស់ចេញពីប្រទេស​លីប៊ី។

មេដឹកនាំលោកខាងលិច​តែង​បាន​អំពាវនាវម្តង​ហើយម្តងទៀត​ឲ្យក្រុមយុទ្ធជនបរទេស​ចាកចេញ​ពី​លីប៊ី ដើម្បី​ជួយឲ្យ​ប្រទេសនៅអាហ្វ្រិកខាងជើងមួយនេះ ​មាន​ស្ថិរភាព​ សន្តិភាព​ និង​ស្វ័យ​ដឹកនាំ​ដោយ​ខ្លួន​ឯង​បាន​ពិតប្រាកដ​។

ដូចគ្នានេះដែរ​អ.ស.ប បានព្រមានថា​ដំណើរការ​ជំរុញសន្តិភាព​យូរអង្វែង​នៅលីប៊ី​នឹង​នៅបន្តជាប់គាំង​ ប្រសិនបើនៅតែមានវត្តមានទាហានស៊ីស្នួលនិង​កម្លាំងទ័ពបរទេស​បែប​នេះ​ទៀត។ គួរបញ្ជាក់ជូនថា ​បើតាមការប៉ាន់ស្មានរបស់អ.ស.ប ​ មាន​ទាហាន​ស៊ី​ឈ្នួល និង​យុទ្ធជន​បរទេស​ ប្រមាណ ២ម៉ឺននាក់​ នៅតែ​មានវត្តមាន​ក្នុងទឹកដី​លីប៊ី​នៅឡើយ​។ ហើយ​វត្តមាននោះ​ត្រូវបានគេមើលឃើញថា​ជាការគំរាមកំហែងដល់​ការ​ធានាឲ្យបាននូវការ​រៀបចំបោះឆ្នោត​ទាំងការបោះឆ្នោត​សភានិង​ប្រធានាធិបតី​លីប៊ី​ដែល​ជាដំណើរការគាំទ្រ​ដោយ​អ.ស.ប ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI