អេត្យូពី

អេត្យូពី៖រដ្ឋាភិបាលប្រកាសបទឈប់បាញ់នៅតំបន់ទីហ្រ្កេ ខណៈដែលក្រុមឧទ្ទាមវាយចូលទីក្រុង Mekele

នៅអេត្យូពី រដ្ឋាភិបាលប្រកាសបទឈប់បាញ់នៅតំបន់ទីហ្រ្កេ ខណៈដែលក្រុមឧទ្ទាមវាយចូលទីក្រុង Mekele
នៅអេត្យូពី រដ្ឋាភិបាលប្រកាសបទឈប់បាញ់នៅតំបន់ទីហ្រ្កេ ខណៈដែលក្រុមឧទ្ទាមវាយចូលទីក្រុង Mekele © Sébastien Németh/RFI

ស្ថានការណ៍​កំពុង​ក្រឡាក់ចាក់​នៅ​តំបន់​ទីហ្រ្កេ​ក្នុង​ប្រទេស​អេត្យូពី។ នៅ​យប់​ថ្ងៃ​ចន្ទ ទី២៨ មិថុនា រដ្ឋាភិបាល​អេត្យូពី​បាន​ប្រកាស​ពី​បទឈប់បាញ់​មួយ​ជា​លក្ខណៈ​ឯកតោភាគី និង​គ្មាន​លក្ខខណ្ឌ។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​កម្លាំងឧទ្ទាម​នៅ​តំបន់​ទីហ្រ្កេ​បាន​វាយ​ចូល Mekele ដែល​ជា​ទីក្រុង​ធំ​របស់​តំបន់​ទីហ្រ្កេ។ តែ​រដ្ឋាភិបាល​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា ការ​ប្រកាស​បទឈប់បាញ់​គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជាកសិករ​អាច​ធ្វើស្រែ ចម្ការ និង​អនុញ្ញាត​ឲ្យ​មាន​ការ​ចែកចាយ​ជំនួយ​មនុស្សធម៌។ ចំណែក​ក្រុម​ប្រឹក្សាសន្តិសុខ​អាច​នឹង​កោះប្រជុំ​នៅ​ថ្ងៃ​សុក្រ ទី២ កក្កដា​ដើម្បី​និយាយ​ពី​វិបត្តិ​នៅ​តំបន់​ទីហ្រ្កេ។

ផ្សាយពាណិជ្ជកម្ម

មុន​នឹង​ការ​ប្រកាស​ពី​បទឈប់បាញ់​ឯកតោភាគី និង​គ្មាន​លក្ខខណ្ឌ​នៅ​ពេល​យប់​ក្នុង​ថ្ងៃ​ចន្ទ ទី២៨ មិថុនា កងទ័ព​សហព័ន្ធ​ដែល​ជា​ទ័ពរដ្ឋាភិបាល និង​សមាជិក​រដ្ឋបាល​បណ្តោះអាសន្ន​ទាំង​អស់​បាន​ចាកចេញ​ពី​មូលដ្ឋាន​យោធា​របស់​ខ្លួន​ក្នុង​ទីក្រុង Meleke ដែល​ជា​ក្រុង​ធំ​របស់​តំបន់​ទីហ្រ្កេ​នា​វេលា​ម៉ោង ៤រសៀល​ក្នុង​ថ្ងៃ​ដដែល។ ទន្ទឹម​គ្នា​នេះ បណ្តាញ​ទូរស័ព្ទ​ទាំង​អស់​ត្រូវ​បាន​កាត់​ផ្តាច់ ហើយ​ទូរស័ព្ទ​ប្រើ​តាម​ប្រព័ន្ធ​ផ្កាយរណប​របស់​ក្រុម​អង្គការ​មនុស្សធម៌​ក៏​ត្រូវ​បាន​កម្លាំងទ័ព​រដ្ឋាភិបាល​អេត្យូពី​រឹបអូស​ដែរ។ ជា​ថ្មី​ម្តង​ទៀត ទីក្រុង​ធំ​មួយ​នេះ​របស់​តំបន់​ទីហ្រ្កេ​ត្រូវ​បាន​កាត់​ផ្តាច់​ពី​ពិភព​ខាង​ក្រៅ។

ក្រោយ​ការ​ចាកចេញ​របស់​ទ័ពរដ្ឋាភិបាល និង​សមាជិក​រដ្ឋបាល​បណ្តោះអាសន្ន កម្លាំង​ឧទ្ទាម​ទីហ្រ្កេ​បាន​ចូល​កាន់កាប់​ទីក្រុង Mekele ហើយ​ព្រឹត្តិការណ៍​ក្រឡាប់​ចាក់​មួយ​នេះ​បាន​បង្ក​ឲ្យ​មាន​ភាព​ចលាចល​ដោយ​មាន​ការ​ចូល​លួច​យក​ឥវ៉ាន់​នៅ​តាម​ហាង​ទំនិញ​ជា​ច្រើន។ ជា​ផ្លូវការ បទឈប់បាញ់​ឯកតោភាគី និង​គ្មាន​លក្ខខណ្ឌ​ជា​សំណើ​របស់​អ្នក​ទទួល​ខុស​ត្រូវ​តំបន់​ទីហ្រ្កេ​ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជាកសិករ​អាច​ធ្វើ​ស្រែ ចម្ការ​ដោយ​សន្តិវិធី និង​អនុញ្ញាត​ឲ្យ​មាន​ការ​ចែកចាយ​ជំនួយ​មនុស្សធម៌។ ចំណែក​រដ្ឋាភិបាល​អេត្យូពី​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា បទឈប់បាញ់​នេះ​នឹង​មាន​រយៈពេល​រហូត​ផុត​រដូវ​ធ្វើ​ស្រែ ចម្ការ។

គួរ​រម្លឹក​ថា​មក​ទល់​ពេល​នេះ បទឈប់បាញ់​ត្រូវ​បាន​បដិសេធ​ច្រើន​ដង​ពី​គ្រប់​ភាគី​ជម្លោះ​នៅ​ក្នុង​តំបន់​ទីហ្រ្កេ។ គា្មន​ភាគី​ណា​មួយ​សុខ​ចិត្ត​ចាញ់ និង​សុខចិត្ត​ចូល​តុ​ចរចា​ទេ។ តើ​បទ​ឈប់បាញ់​ដែល​រដ្ឋាភិបាល​បាន​សម្រេច​តែ​ម្នាក់​ឯង​ពេល​នេះ​ជា​ការ​បើក​ផ្លូវ​ឲ្យ​មាន​ការ​ចរចា ឬ​មួយ​ក៏​ជា​ការ​ទម្លាក់​អាវុធ​របស់​រដ្ឋាភិបាល​នៅ​នៅ​ចំពោះ​មុខ​ក្រុម​ឧទ្ទាម​ទីហ្រ្កេ?។ នៅ​មិន​ទាន់​មាន​ចម្លើយ​យ៉ាង​ណា​នៅ​ឡើយ​ទេ​ចំពោះ​សំណួរ​នេះ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រទេស​អៀរឡង់ អាមេរិក និង​អង់គ្លេស​បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​កោះប្រជុំ​បន្ទាន់​មួយ​ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​ក្រឡាប់​ចាក់​ថ្មី​នៅ​តំបន់​ទីហ្រ្កេ​ពេល​នេះ។

កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អាច​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ទី២ កក្កដា។ តែ​អ្នក​ដែល​សម្រេច​ថ្ងៃខែ និង​ម៉ោង​កិច្ចប្រជុំ​ពិតប្រាកដ​គឺ​ប្រទេស​បារាំង​ដែល​នឹង​ត្រូវ​ធ្វើ​ជា​ប្រធាន​ផ្លាស់វេន​ក្រុមប្រឹក្សាសន្តិសុខ​ក្នុង​ខែ​កក្កដា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI