អ៊ីស្រាអែល-អេហ្ស៊ីប

នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​អេហ្ស៊ីប​ជាលើក​ដំបូង​ក្នុង​រយៈពេល​១០​ឆ្នាំ

ប្រធានាធិបតីអេហ្ស៊ីបអាល់ស៊ីស៊ី (ស្តាំ) ជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ប៊ែននែត នៅទីក្រុងរមណីយដ្ឋានសមុទ្រក្រហមអេហ្ស៊ីប Sharm El-Sheikh កាលពីថ្ងៃចន្ទ ទី១៣ កញ្ញា ឆ្នាំ២០២១។
ប្រធានាធិបតីអេហ្ស៊ីបអាល់ស៊ីស៊ី (ស្តាំ) ជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ប៊ែននែត នៅទីក្រុងរមណីយដ្ឋានសមុទ្រក្រហមអេហ្ស៊ីប Sharm El-Sheikh កាលពីថ្ងៃចន្ទ ទី១៣ កញ្ញា ឆ្នាំ២០២១។ - EGYPTIAN PRESIDENCY/AFP

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ ណាវតាលី​ ប៊ែននែត​ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​មួយ​ទៅកាន់​ប្រទេស​អេហ្ស៊ីប​។ លោក​ ប៊ែននែត​ បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អេហ្ស៊ីប​ លោក​ អាប់ឌែល​ ហ្វាតា​ អាល់ស៊ីស៊ី​ កាលពីថ្ងៃ​ចន្ទ ១៣ កញ្ញា​ម្សិលមិញ​ ក្នុង​ដំណើរ​ទស្សន​កិច្ច​នៅ​អេហ្ស៊ីបជា​លើក១​ របស់​ប្រមុខ​ដឹក​នាំ​អ៊ីស្រាអែល​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ​។

ផ្សាយពាណិជ្ជកម្ម

ក្នុង​ជំនួបកាលពីថ្ងៃចន្ទ​ម្សិលមិញ​ លោក​ប្រធានាធិបតី​អេហ្ស៊ីប​ អាល់ស៊ីស៊ី​ បាន​ពិភាក្សា​គ្នា​ជាមួយ​ នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែលប៊ែននែត​ ដោយផ្តោត​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ស្តារ​ដំណើរ​ការ​សន្តិភាព​ឡើងវិញ​រវាង​អ៊ីស្រាអែលនិងប៉ាឡេស្ទីន​។ នេះបើតាមការ​ឲ្យ​ដឹងពី​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ក្រុងគែរ​។

អេហ្ស៊ីប​ដែលជា​ប្រទេស​មាន​ប្រជាជនច្រើន​បំផុត​ក្នុង​ពិភពអារ៉ាប់​ នៅឆ្នាំ​ ១៩៧៩​ បាន​ក្លាយ​ជា​រដ្ឋអារ៉ាប់ដំបូងគេ​ដែល​បាន​ចុះហត្ថលេខា​លើសន្ធិសញ្ញាសន្តិភាពជាមួយ​អ៊ីស្រាអែល​ បន្ទាប់ពីមានជម្លោះប្រឆាំងទាស់ទែងគ្នាអស់ជាច្រើនទសវត្សរ៍​។

កាលពីខែឧសភា​ អេហ្ស៊ីប​បានដើរតួយ៉ាងសំខាន់​ក្នុងដំណើរការជំរុញឲ្យមាន​បទឈប់​បាញ់គ្នា​រវាងអ៊ីស្រាអែល​និងចលនា​ហាម៉ាសប៉ាឡេស្ទីន​បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល ១១ ថ្ងៃ​។

អេហ្ស៊ីប​តែងតែ​ទទួល​ជួប​មេដឹកនាំ​ហាម៉ាស​ ក៏ដូចជា​រដ្ឋអំណាច​ប៉ាឡេស្ទីន​ដឹកនាំ​ដោយ​លោកម៉ាម៉ូដ អាបាស ខណៈ​ពេលដែល​រក្សាទំនាក់ទំនងការទូត សន្តិសុខ និង សេដ្ឋកិច្ចជាមួយអ៊ីស្រាអែល​។

រដ្ឋមន្ត្រី​ការបរទេសអ៊ីស្រាអែល​លោក យ៉ាអៀ ឡាភីដ (Yair Lapid) កាលពី​ថ្ងៃអាទិត្យបាន​ស្នើ​ដោយ​ចង់​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ការ​រស់​ក្នុង​តំបន់​ហ្កាហ្សា និង​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធថ្មី​ដើម្បី​ជាថ្នូរឲ្យក្រុម​ហាម៉ាសប៉ាឡេស្ទីន​ស្ងប់ស្ងាត់​លែងប្រឆាំងទល់អ៊ីស្រាអែល​។ គោលបំណងសំខាន់​ គឺ​អ៊ីស្រាអែល​ ចង់ដោះស្រាយអំពើហិង្សាដែលកើតឡើងនឹងគ្នា​មិនចេះ​ចប់មិនចេះ​ហើយនៅ​ហ្កាហ្សា។

ក៏ប៉ុន្តែ​ បញ្ហា​នេះ​មិនអាច​ដោះស្រាយបាននោះទេ​ បើសិនណាគ្មានការ​ជួយជ្រោមជ្រែង​និង​ការ​ចូលរួមរបស់សមភាគីអេហ្ស៊ីប​ ក្នុងការនិយាយជាមួយ​គ្រប់ភាគីពាក់ព័ន្ធទាំងអស់​។ លោក​ប្រមុខការបរទេសអ៊ីស្រាអែល​បន្ថែម​។

គួររំឭកថា​ ដំណើរ​ទស្សនកិច្ចនៅអេហ្ស៊ីប​របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ ប៊ែននែត កើតឡើង​ប្រមាណជា ១០ ថ្ងៃ បន្ទាប់ពីប្រមុខរដ្ឋអំណាចប៉ាឡេស្ទីនលោកអាបាស បាន​ទៅកាន់ទីក្រុងគែរដែរ ដើម្បីពិភាក្សាជាមួយលោក អាល់ស៊ីស៊ី​។

អ្នកវិភាគ​និយាយថា​ កិច្ចពិភាក្សា​កាលពីថ្ងៃចន្ទម្សិលមិញ​ រវាង​មេដឹកនាំអ៊ីស្រាអែល​និង​អេហ្ស៊ីប​ គឺជាជំហានដ៏សំខាន់មួយ​ដែលបង្ហាញពីទំនាក់ទំនង​សន្តិសុខ និង​សេដ្ឋកិច្ច​ ដែល​កំពុងកើនឡើង​រវាងប្រទេសទាំងពីរ​ និង​ការព្រួយបារម្ភ​របស់​ពួកគេចំពោះ​ស្ថានការណ៍​នៅហ្កាហ្សា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI