អានតួអត្ថបទ
លុចសំបួរ-សេវាកម្មដឹកជញ្ជូន

លុចសំបួ​ ក្លាយជា​ប្រទេស​ដំបូងគេ​ដែល​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​សាធារណៈ​ដោយឥតគិតថ្លៃ

រថភ្លើងសម្រាប់ធ្វើដំណើរក្នុងក្រុង  (Tram) របស់ប្រទេសលុចសំបួ។
រថភ្លើងសម្រាប់ធ្វើដំណើរក្នុងក្រុង (Tram) របស់ប្រទេសលុចសំបួ។ JOHN THYS / AFP
ដោយ៖ អ៊ុង គឹមអ៊ាន់
1 នាទី

លុចសំបួ នៅថ្ងៃសៅរ៍ទី ២៩ កុម្ភៈ បានក្លាយជាប្រទេសដំបូងគេបង្អស់ នៅលើពិភពលោក ដែលផ្តល់សេវាកម្មដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ។ គោលនយោបាយថ្មីនេះ ធ្វើឡើងជាពិសេសដោយរដ្ឋាភិបាលលុចសំបួ ដែលចង់កាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយការបញ្ចេញឧស្ម័នពុល។

ផ្សាយពាណិជ្ជកម្ម

ចាប់ពីថ្ងៃសៅរ៍ ទី ២៩​​ កុម្ភៈនេះតទៅ រាល់ថ្លៃសេវាកម្មដឹកជញ្ជូនសាធារណៈលុចសំបួ មានដូចជា រថភ្លើងនិងឡានក្រុងជាដើមនឹងត្រូវលុបចោល ដោយលើកលែងតែថ្លៃធ្វើដំណើរលំដាប់ទីមួយ (First-class) លើរថភ្លើង និងសេវាកម្មរថយន្តក្រុងពេលយប់មួយចំនួនតែប៉ុណ្ណោះ។

មន្ត្រីសាធារណការលុចសំបួ បានមានប្រសាសន៍ថា ការផ្តល់សេវាកម្មដឹកជញ្ជូនសារធារណៈដោយឥតគិតថ្លៃ មានអនុវត្តពីមុនរួចមកហើយ នៅក្នុងទីក្រុងមួយចំនួននៃប្រទេសលុចសំបួ។ ដោយឡែក ចាប់ពីថ្ងៃសៅរ៍នេះតទៅ វិស័យដឹកជញ្ជូនសាធារណៈ នឹងត្រូវចាប់អនុវត្តថ្នាក់ជាតិ ពោលគឺត្រូវគ្របដណ្តប់នៅទូទាំងផ្ទៃប្រទេសតែម្តង។

ការមិនយកប្រាក់កម្រៃ ពីវិស័យដឹកជញ្ជូន ត្រូវរដ្ឋអំណាចលុចសំបួរ ចាត់ទុកថាជា “វិធានការសង្គមមួយដ៏សំខាន់” ដែលអាចហុចផលប្រយោជន៍ឲ្យ ប្រជាពលរដ្ឋរបស់ខ្លួន។ ក្នុងនោះ ក្រុមគ្រួសារពលរដ្ឋលុចសំបួ ប្រមាណ ៤០ % អាចចំណេញសល់ប្រាក់ពីការចំណាយលើថ្លៃធ្វើដំណើរខ្ទង់ ១១០ ដុល្លារ ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ជូនថា លុចសំបួ គឺជាប្រទេសតូចមួយនៃសហភាពអឺរ៉ុប ដែលមានរថយន្តឯកជន ជាមធ្យោបាយធ្វើដំណើរពេញនិយមជាងគេបំផុត។ បើយោងទៅតាមការស្ទង់មិតិរបស់វិទ្យាស្ថានស្រាវជ្រាវលុចសំបួ (TNS Ilres) រថយន្តឯកជន ត្រូវបានប្រើប្រាស់ចំនួន ៤៧ % សម្រាប់ការធ្វើដំណើរក្នុងវិស័យអាជីវកម្ម-ការងារ ហើយ ៧១% សម្រាប់ការធ្វើដំណើរកម្សាន្ត។

ចំណែកឯរថយន្តក្រុងវិញ ត្រូវបានប្រើប្រាស់ត្រឹមតែចំនួន ៣២% ប៉ុណ្ណោះក្នុងវិស័យងារការ ខណៈរថភ្លើងទទួលបានចំនួន ១៩ %។ ចំនួននេះ ខុសគ្នាផ្ទុយស្រឡះពីទីក្រុងប៉ារីសរបស់បារាំង ដែលមានមនុស្សជិត ៧០ % ប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈទៅធ្វើការ។

គួរជ្រាបដែរថា លុចសំបួ អាចរកប្រាក់ចំណូលបានតាមរយៈការលក់សំបុត្រលើសេវាដឹកជញ្ជូនសាធារណៈ ប្រមាណជា ៤១ លានអឺរ៉ូ ក្នុងរយៈពេលមួយឆ្នាំ។ បើតាមអាជ្ញាធរលុចសំបួ ចំនួននេះ តំណាងឲ្យ ៨ % នៃចំណូលសរុបទាំងអស់របស់ប្រទេស ដែលមានតម្លៃ ៥០០ លានអឺរ៉ូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ