ខួប៤០ឆ្នាំនៃរ៉ុកកែតអារីយ៉ានដែលនាំអឺរ៉ុបឲ្យឈានជើងចូលក្នុងការប្រជែងផ្នែកអវកាស
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃអង្គារ ២៤ធ្នូ ២០១៩នេះ អឺរ៉ុបរំឭកខួប ៤០ឆ្នាំ នៃការបាញ់បង្ហោះដោយជោគជ័យជាលើកដំបូង នូវរ៉ុកកែតឈ្មោះ “អារីយ៉ាន” ដែលជាជំហានដ៏សំខាន់មួយ នាំអឺរ៉ុបឲ្យចូលទៅក្នុងការប្រកួតប្រជែងផ្នែកអវកាស ជាមួយនឹងសហរដ្ឋអាមេរិក និងសហភាពសូវៀត។ ៤០ឆ្នាំក្រោយមក អឺរ៉ុបបានក្លាយទៅជាតួអង្គដ៏ឈានគេមួយ នៅក្នុងវិស័យអវកាស។
មួយថ្ងៃ មុនថ្ងៃបុណ្យណូអែល នៅឆ្នាំ១៩៧៩ នៅម៉ោង ២ និង១៣រសៀល ម៉ោងក្នុងស្រុក រ៉ុកកែតឈ្មោះ “អារីយ៉ាន” (Ariane) ត្រូវបានទីភ្នាក់ងារអវកាសអឺរ៉ុបបាញ់បង្ហោះដោយជោគជ័យ ចេញពីមជ្ឈមណ្ឌលអវកាស “គូរូ” ដែលមានទីតាំងស្ថិតក្នុងខេត្តហ្គីយ៉ាន ដែលជាខេត្តនាយសមុទ្ររបស់បារាំងមួយ ក្នុងតំបន់អាមេរិកខាងត្បូង។
នោះគ្រាន់តែជាការបាញ់សាកល្បង ដោយគ្មានផ្ទុកអ្វីទាល់តែសោះ។ ក៏ប៉ុន្តែ តាមអ្វីដែលទីភ្នាក់ងារព័ត៌មានអាអែហ្វប៉េរាយការណ៍នៅពេលនោះ គ្រាន់តែរ៉ុកកែតអារីយ៉ានហោះចេញផុតពីទីតាំងបាញ់បង្ហោះភ្លាម សម្រែកហ៊ោរកញ្ច្រៀវបានផ្ទុះឡើង ទាំងនៅក្នុងចំណោមទស្សនិកជនដែលនៅខាងក្រៅ និងក្នុងចំណោមក្រុមអ្នកបច្ចេកទេសនៅក្នុងសាលបញ្ជាការបាញ់បង្ហោះ។ ហើយមែនទែនទៅ នេះគឺជារឿងដែលគេអាចយល់បាន បើគេពិនិត្យមើលទៅលើបរិបទនៃកម្មវិធីអវកាសរបស់អឺរ៉ុបនៅពេលនោះ។
មុននឹងឈានមកដល់ជោគជ័យជាលើកទី១ នៃការបាញ់បង្ហោះរ៉ុកកែតអារីយ៉ាន នៅថ្ងៃទី២៤ធ្នូ ឆ្នាំ១៩៧៩នោះ គម្រោងបាញ់បង្ហោះរ៉ុកកែតអារីយ៉ាននេះត្រូវទទួលបរាជ័យរួចមកហើយ កាលពី៩ថ្ងៃមុន គឺនៅថ្ងៃទី១៥ធ្នូ។ ហើយកាលពីមុននេះ កម្មវិធីអវកាសអឺរ៉ុបក៏បានឆ្លងកាត់នូវបរាជ័យយ៉ាងច្រើនផងដែរ ក្នុងពេលដែលកម្មវិធីអវកាសរបស់សហរដ្ឋអាមេរិក និងសហភាពសូវៀតកំពុងតែបោះជំហានទៅមុខយ៉ាងលឿន នៅក្នុងបរិបទនៃការប្រជែងអវកាស ក្នុងសង្រ្គាមត្រជាក់។
អឺរ៉ុបបានព្យាយាមឈានជើងចូលក្នុងវិស័យអវកាសនេះ តាំងពីទសវត្សរ៍ឆ្នាំ១៩៦០មកម៉្លេះ តាមរយៈការបង្កើតគម្រោងអវកាសមួយឈ្មោះ “អឺរ៉ូប៉ា”។ ក៏ប៉ុន្តែ ដោយខ្វះការសហការគ្នា រវាងប្រទេសនៅអឺរ៉ុប គម្រោងនេះក៏ត្រូវទទួលបរាជ័យ ហើយត្រូវគេបោះបង់ចោល នៅឆ្នាំ១៩៧៣ ហើយជំនួសមកវិញ ដោយការបង្កើតស្ថាប័នថ្មីមួយទៀត គឺទីភ្នាក់ងារអវកាសអឺរ៉ុប (European Space Agency) ដែលមានទីស្នាក់ការកណ្តាល នៅក្នុងទីក្រុងប៉ារីស។
ចាប់តាំងពីពេលនោះមក ការចាត់ចែងកម្មវិធីអវកាសអឺរ៉ុបត្រូវបានគេប្រគល់ទៅឲ្យមជ្ឈមណ្ឌលអវកាសបារាំង (Centre National d’Etude Spatiale ហៅកាត់ថា CNES) ដែលចូលវិភាគទានរហូតដល់ទៅប្រមាណជា ៦០% ទៅក្នុងគម្រោងអវកាសថ្មីនេះ។
ក្រោមការចាត់ចែងរបស់បារាំង ក្រុមហ៊ុនជាង ៥០ មកពីប្រទេសទាំង ១០ ជាសមាជិកទីភ្នាក់ងារអវកាសអឺរ៉ុបនេះ បានពួតដៃគ្នាអភិវឌ្ឍបច្ចេកវិទ្យារ៉ុកកែតថ្មី ដោយដាក់ឈ្មោះតាមភាសាបារាំងថា “អារីយ៉ាន”។ នៅក្នុងទេវកថាក្រិក “អារីយ៉ាន” គឺជាទេពធីតា ដែលបានជួយនាំផ្លូវស្តេចអាថែនឲ្យចេញផុតពីអន្ទាក់របស់គូសត្រូវ។ ដូចគ្នាដែរ ទីភ្នាក់ងារអវកាសអឺរ៉ុបបានដាក់ក្តីសង្ឃឹមថា រ៉ុកកែតអារីយ៉ាន អាចនឹងជួយនាំវិស័យអវកាសអឺរ៉ុបឲ្យចេញផុតពីបរាជ័យ និងភាពមិនចុះសម្រុងគ្នាមិនចេះចប់ រវាងប្រទេសជាសមាជិក។
នៅក្នុងបរិបទនេះហើយ ដែលគេមើលឃើញថា លទ្ធផលនៃការបាញ់បង្ហោះរ៉ុកកែតអារីយ៉ានជាលើកទី១ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៧៩នោះ អាចជារឿងស្លាប់រស់ ក្នុងការកំណត់ជោគវាសនានៃអនាគតកម្មវិធីអវកាសអឺរ៉ុប។ ជាការពិត គេឃើញថា ពីជោគជ័យរបស់អារីយ៉ាន នៅពេលនោះ ទីភ្នាក់ងារអវកាសអឺរ៉ុបចាប់ផ្តើមទទួលបាននូវទំនុកចិត្ត ទាំងពីសំណាក់ប្រទេសសមាជិក និងពីសំណាក់ក្រុមហ៊ុនឯកជន ដែលត្រូវការសេវាកម្ម ក្នុងការបាញ់បង្ហោះផ្កាយរណបពាណិជ្ជកម្ម។
ចាប់ពីពេលនោះហើយ ដែលទីភ្នាក់ងារអវកាសអឺរ៉ុបចាប់ផ្តើមរកធនធានបានកាន់តែច្រើន ក្នុងការអភិវឌ្ឍគម្រោង និងបច្ចេកវិទ្យារបស់ខ្លួន ហើយក្លាយទៅជាតួអង្គដ៏សំខាន់មួយ នៅក្នុងវិស័យអវកាស រួមជាមួយនឹងសហរដ្ឋអាមេរិក និងសហភាពសូវៀត។
លោកហ្សង់អ៊ីវ ឡឺហ្កាល់ នាយកមជ្ឈមណ្ឌលអវកាសបារាំង បានប្រាប់ទីភ្នាក់ងារព័ត៌មានអាអែហ្វប៉េ កាលពីថ្ងៃអាទិត្យកន្លងទៅនេះថា បច្ចុប្បន្ននេះ វិស័យអវកាសរបស់អឺរ៉ុបមានភាពជឿនលឿន ក្លាយជាតួអង្គឈានមុខគេមួយ នៅលើពិភពលោក ហើយអ្វីដែលជាជោគជ័យនៅថ្ងៃនេះ គឺវាកើតចេញពីជោគជ័យរបស់អារីយ៉ាន កាលពី ៤០ឆ្នាំមុន។
គិតជាសរុប ក្នុងរយៈពេល ៤០ឆ្នាំកន្លងទៅនេះ រ៉ុកកែតអារីយ៉ានត្រូវបានគេបាញ់បង្ហោះចំនួន ២៥០លើក ហើយកម្មវិធីអារីយ៉ាននេះក៏ធ្លាប់ត្រូវបានអភិវឌ្ឍចំនួន ៥ជំនាន់រួចមកហើយ តាំងពី “អារីយ៉ានទី១” រហូតមកដល់ “អារីយ៉ានទី៥” ដោយបំពាក់ទៅដោយបច្ចេកវិទ្យាកាន់តែទំនើបឡើង ពីមួយជំនាន់ទៅមួយមួយជំនាន់។
បច្ចុប្បន្ននេះ អឺរ៉ុបកំពុងតែរៀបចំផលិតរ៉ុកកែតអារីយ៉ានជំនាន់ទី៦ ដែលគេគ្រោងដាក់ឲ្យដំណើរការ នៅឆ្នាំ២០២០ខាងមុខ ហើយជាប្រភេទរ៉ុកកែតទំនើបអាចបាញ់បង្ហោះផ្កាយរណបច្រើនទៅដាក់ក្នុងគន្លងតារាវិថីខុសៗគ្នា ក្នុងពេលតែមួយ។ រ៉ុកកែតអារីយ៉ានជំនាន់ទី៦នេះ គឺជាគម្រោងដ៏សំខាន់មួយរបស់អឺរ៉ុប ដើម្បីប្រកួតប្រជែងក្នុងទីផ្សារអវកាស ដែលមានការប្រកួតប្រជែងខ្ពស់ពីសំណាក់ក្រុមហ៊ុនឯកជន ជាពិសេស គឺក្រុមហ៊ុន SpaceX របស់លោក Elon Musk៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ