អាល្លឺម៉ង់-ចិន-បច្ចេកវិទ្យា5G

លោកស្រីមែរកិល​អះអាង​ថា មិនបាន​ទទួល​គំនៀប​សង្កត់​ពី​ចិន​ ឲ្យ​ព្រមទទួល​បច្ចេកវិទ្យា​5G ​Huawei

ក្រុមហ៊ុនទូរគមនាគមន៍អាល្លឺម៉ង់ បង្ហាញរូបសញ្ញា 5G នៅក្នុង​ឱកាស​​ពិពណ៌​ផលិតផល​​បច្ចេកវិទ្យា ​IFA ​នៅ​ប៊ែរឡាំង ​ថ្ងៃ​ទី​៥ ​កញ្ញា ​២០១៩​
ក្រុមហ៊ុនទូរគមនាគមន៍អាល្លឺម៉ង់ បង្ហាញរូបសញ្ញា 5G នៅក្នុង​ឱកាស​​ពិពណ៌​ផលិតផល​​បច្ចេកវិទ្យា ​IFA ​នៅ​ប៊ែរឡាំង ​ថ្ងៃ​ទី​៥ ​កញ្ញា ​២០១៩​ REUTERS/Hannibal Hanschke

កាលពីរសៀលថ្ងៃពុធ ទី១៨ធ្នូ លោកស្រី​អង់ហ្គេឡា មែរកិល ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បានបញ្ជាក់អះអាងថា លោកស្រីមិនបាន​ទទួល​ការ​ដាក់​គំនៀបសង្កត់​ណាមួយ​ ពីសំណាក់​រដ្ឋាភិបាលចិន ទាក់ទិនទៅ​នឹង ​​ការព្រម​បើកផ្លូវ​ ទទួល​បច្ចេកវិទ្យា​ 5G របស់​ក្រុម​ហ៊ុន Huawei នោះឡើយ។ ការអះអាងដូចនេះ គឺបន្ទាប់ពីមានពាក្យចចាមអារ៉ាម ថាចិន បាន​ដាក់សំពាធឲ្យអាល្លឺម៉ង់ យល់ព្រមបើកផ្លូវឲ្យ​Huawei ខណៈដែលសហរដ្ឋអាមេរិក បានរន្ធាន់ឲ្យ​ប្រទេសទាំងអស់ប្រុងប្រយ័ត្ន ត្រូវបិទទ្វារកុំទទួលយកបច្ចេកវិទ្យា5G របស់Huawei ឲ្យសោះ។

ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខសមាជិកសភាអាល្លឺម៉ង់ លោកអធិកាបតី អង់ហ្គេឡា មែរកិល បានថ្លែងថា៖ “លោកស្រីមិនបានទទួល ហើយក៏​មិនបានដឹងឮ នូវការដាក់សំពាធណាមួយ ពីសំណាក់រដ្ឋាភិបាលចិន នោះឡើយ”។ លោកស្រីបន្ថែមថា៖​ "សម្រាប់ពេលនេះ អាល្លឺម៉ង់ សូមបដិសេធ មិន​បិទទ្វាររារាំងក្រុមហ៊ុនHuawei ដែលចង់ចូលរួម ក្នុងការដេញថ្លៃរកស៊ីដំឡើង​បច្ចេកវិទ្យា5G ទេ”។

លោកស្រី អង់ហ្គេឡា មែរកិល បញ្ជាក់ថា៖ “លោកស្រី​ មិនគាំទ្រទេ នូវគំនិត​រារាំង ឬហាមឃាត់ក្រុមហ៊ុនណាមួយដោយជំពោះ”​ ។ តែលោកស្រី សូមធានាថា៖ “លោកស្រីនឹងធ្វើគ្រប់យ៉ាង ដើម្បី​ធានាការពារសុវត្ថិភាព នៃហេដ្ឋារចនាសម្ព័ន្ធ របស់បច្ចេកវិទ្យាថ្មី5G មិនឲ្យ​ក្លាយជាឧបករណ៍ស៊ើបការណ៍សំងាត់ របស់ប្រទេសផ្សេងណាមួយបានទេ”

សូមរំលឹកថា Huawei គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងការដំឡើង និងដាក់ឲ្យដំណើរការ នូវ​បច្ចេកវិទ្យា5G ដែលតាមការរំពឹងទុក បច្ចេកវិទ្យាថ្មីនេះ មានល្បឿនលឿនរហ័ស លើសបច្ចេកវិទ្យា4G បច្ចុប្បន្ននេះ ដល់ទៅ១០០ដងឯណោះ។ ដោយឡែក រដ្ឋាភិបាលអាមេរិក បានចោទថាក្រុមហ៊ុន Huawei គឺជា​គិញស៊ើបការណ៍សំងាត់ ប្រមូលទិន្ន័យបំរើឲ្យរដ្ឋាភិបាលចិន។

អាមេរិក បានហាមឃាត់ បច្ចេកវិទ្យា 5G របស់Huawei ហើយបានបញ្ចុះបញ្ចូលប្រទេសជាច្រើន ឲ្យធ្វើដូចខ្លួន។ អាមេរិក ធ្លាប់ទាំងបានគម្រាមអាល្លឺម៉ង់ ផងដែរ ថាបើអាល្លឺម៉ង់ហ៊ានបើកផ្លូវ ឲ្យHuawei ចូលរួមក្នុងការដេញថ្លៃដំឡើងប្រព័ន្ធ5G នោះ គឺវានឹងធ្វើឲ្យប៉ះពាល់ ដល់ការសហការដោះដូរទិន្នន័យគ្នា រវាងអាល្លឺម៉ង់ និងអាមេរិក។ ចំណែកសហភាព​អឺរ៉ុប បើទោះជាមិនបានបញ្ចេញឈ្មោះ Huawei ឲ្យចំៗ តែសហភាពអឺរ៉ុបបានក្រើន​រំលឹក ឲ្យប្រទេសសមាជិក មានការប្រុងប្រយ័ត្ន មុននឹងបើកផ្លូវទទួលបច្ចេកវិទ្យា5G។

ដោយឡែក ក្រុមហ៊ុនHuawei តែងតែបដិសេធជានិច្ច ថាក្រុមហ៊ុនខ្លួន មិនបាន​សហការឃុបឃិតប្រមូលទិន្នន័យ បំរើឲ្យរដ្ឋាភិបាលចិនឡើយ។ នៅក្នុងបទសម្ភាសន៍មួយ លោក Liang Hua អគ្គនាយក Huawei បានអះអាងថា៖ “រដ្ឋចិន​មិនដែល​ស្នើសុំការសហការរបៀបនេះទេ ហើយបើសិនជាទៅថ្ងៃអនាគត រដ្ឋាភិបាលចិនស្នើមែន ក៏ក្រុមហ៊ុនHuawei នឹងបដិសេធដែរ”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI