ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាល្លឺម៉ង់៖ បាញ់​រះ​​បែប​ប្រកាន់​ពូជសាសន៍​ ស្លាប់​មនុស្ស​៩នាក់

សំឡេង ០៦:៥៨
សាកសពមនុស្ស នៅក្បែររថយន្ត ក្រោយ​កើត​ហេតុបាញ់រះ ​នៅទីក្រុង Hanau យប់ថ្ងៃ​ទី១៩​កុម្ភៈ ២០២០​
សាកសពមនុស្ស នៅក្បែររថយន្ត ក្រោយ​កើត​ហេតុបាញ់រះ ​នៅទីក្រុង Hanau យប់ថ្ងៃ​ទី១៩​កុម្ភៈ ២០២០​ REUTERS/Kai Pfaffenbach

នៅភាគកណ្តាលប្រទេសអាល្លឺម៉ង់ ទីក្រុងហាណូវ កាលពីយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍ទី២០កុម្ភៈ​ មានហេតុការណ៍បាញ់រះ នៅទីតាំងបារជក់ឈីឆា ចំនួន​២កន្លែង។ មានមនុសស្លាប់ចំនួន​៩នាក់ នឹងរបួលជាច្រើននាក់​។ តាមការសន្និដ្ឋានបឋម របស់សមត្ថកិច្ចអាល្លឺម៉ង់ បានឲ្យដឹងថា ការបាញ់រះសម្លាប់មនុស្សនេះ ទំនងមានលក្ខណៈជាបទ​ឧក្រិដ្ឋបែបរើសអើងប្រកាន់ពូជសាសន៍ ទៅលើ​ជនជាតិ​ផ្សេង ដែល​មិនមែន​ស្បែកស។ ជនដៃដល់ ដែលគេរកឃើញស្លាប់នៅផ្ទះ ប៉ុន្មានម៉ោងក្រោយហេតុការណ៍បាញ់រះនេះ ត្រូវបាន​គេសង្ស័យថា គឺជនឈ្លក់វង្វេង​នឹងទ្រឹស្តី​​ស្តាំនិយមជ្រុល ហើយ​​ដែល​ស្អប់​ខ្ពើម​ជនបរទេស។

ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍បាញ់រះ បានកើតឡើង នៅវេលាម៉ោងប្រមាណ១០យប់ នៅកណ្តាលក្រុងហាណូវ (Hanau) ភាគកណ្តាលប្រទេសអាល្លឺម៉ង់ ចំងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងហ្វ្រង់ហ្វ័រ។ ជនដៃដល់ ជាភេទប្រុស បានចូលទៅក្នុង​ទីតាំងបារជក់ឈីឆាមួយ ឈ្មោះ Midnight ហើយបានបាញ់រះទៅលើភ្ញៀវដែលនៅក្នុងនោះ។ បន្ទាប់មកទៀត ខ្មាន់កំភ្លើង បានចេញមកវិញ ហើយបើកឡានសំដៅទៅជាយក្រុង ហាណូវ ក្នុងសង្កាត់មួយឈ្មោះសង្កាត់ Kesselstadt។ ទៅដល់ទីនោះ ជនដៃដល់ បានចូលទៅក្នុងបារជក់ឈីឆា មួយទៀត ឈ្មោះ Arena Bar។ បន្ទាប់ពីចុចកណ្តឹង បើកទ្វារចូលទៅ ខ្មាន់កាំភ្លើងបានបាញ់រះ ទៅលើមនុស្ស ដែលកំពុងជក់បារីនិយាយគ្នា។

ក្នុងយប់ថ្ងៃពុធ នៅទីតាំងទីមួយ មានស្លាប់៣នាក់​ ហើយទីតាំងទី២មានស្លាប់មនុស្ស​៥នាក់។ ដល់ព្រឹកថ្ងៃព្រសហ្បតិ៍នេះ ចំនួនអ្នកស្លាប់បានឡើងសរុបដល់៩នាក់ បន្ទាប់ពីអ្នករបួសម្នាក់ទៀត បានស្លាប់។ ក្នុងចំណោម​អ្នកស្លាប់ នៅទីតាំងបារទី២ គឺភាគច្រើនជាជនជាតិកួដ រស់នៅអាល្លឺម៉ង់។ ក្រៅពីអ្នកស្លាប់ គឺមានអ្នករបួសច្រើននាក់។

ចំណែកខ្មាន់កាំភ្លើង ត្រូវបាន​នគរបាលអាល្លឺម៉ង់ ប្រទះឃើញស្លាប់នៅក្នុងផ្ទះ នៅវេលាម៉ោង ៦ព្រឹក ថ្ងៃព្រហស្បតិ៍ នៅក្បែរសាកសពស្ត្រីចំណាស់ម្នាក់។ បណ្តាញព័ត៌មានក្នុងស្រុកអាល្លឺម៉ង់ បានផ្សាយថា ស្ត្រីនោះគឺជាម្តាយរបស់ជនដៃដល់អាយុ៧២ឆ្នាំ។ បើតាមការសន្និដ្ឋាន គឺជនដៃដល់ បានបាញ់សម្លាប់ម្តាយ មុននឹងបាញ់សម្លាប់ខ្លួនឯង។

ការបាញ់រះបែបប្រកាន់ពូជសាសន៍

រដ្ឋអាជ្ញាអាល្លឺម៉ង់ បានដាក់ការសង្ស័យ ថាអាចជាការបាញ់រះ បែបស្អប់ខ្ពើមជនបរទេស ដែលមិនមែនស្បែកស។ បណ្តាញទូរទស្សន៍អាល្លឺម៉ង់ ARD បានផ្សាយថា ខ្មាន់កាំភ្លើងឈ្មោះ Tobias R. មានអាយុ៤៣ឆ្នាំ។ នៅក្នុងឡានរបស់ខ្មាន់កាំភ្លើង គេបានប្រទះឃើញ​គ្រាប់កាំភ្លើងជាច្រើនគ្រាប់ ព្រមទាំងអាជ្ញាបណ្ណ​បរបាញ់​សត្វ របស់ជននេះផង។

នៅផ្ទះរបស់ខ្មាន់កាំភ្លើង គេបានរកឃើញ សំបុត្រអវសានចំនួន​២៤ទំព័រ សរសេរដោយជនដៃដល់ ព្រមទាំងវីដេអូមួយផង ដែលជននេះបានបង្ហោះផ្សាយ​លើYoutube។ យោងតាមលោក Peter Neumann អ្នកជំនាញ​ផ្នែកភេរវកម្មនៅសកលវិទ្យាល័យ King’s College ទីក្រុងឡុងដ៍ បានឲ្យដឹងថា ក្នុងសំបុត្រ២៤ទំព័រនេះ ជនដៃដល់ បានសរសេរបញ្ជាក់ អំពីទឹកចិត្តស្អប់ខ្ពើមជនបរទេសទាំងអស់ ដែលមិនមែនស្បែកស។

ជននេះបានសរសេរថា ត្រូវតែសម្លាប់ចោលឲ្យអស់ នូវជនបរទេស ដែលមកពី​ប្រទេសអាហ្វ្រិកខាងជើង តំបន់ដើមបូព៌ា និងតំបន់អាស៊ីកណ្តាល។ ជននេះបានប្រើពាក្យធ្ងន់ៗ ច្បាស់ៗតែម្តង ថាខ្លួនជឿលើទ្រឹស្តី ដែលថា មានតែជនជាតិ​ស្បែកស​តែមួយគត់ ដែលខ្ពង់ខ្ពស់ មានប្រាជ្ញា មាន​អំណាច មានសិទ្ធិលើសជនជាតិ​ដ៏ទៃ។ ខ្មាន់កាំភ្លើងក៏បានសរសេរដែរ ថាខ្លួនគឺជាប្រភេទមនុស្ស​ Incel (Involuntary Celibate) ពោលគឺជា មនុស្ស​ដែលនៅកម្លោះ មិនដែលធ្លាប់មានទំនាក់ទំនងស្នេហាផ្លូវភេទ ជាមួយស្ត្រីណាទាំងអស់។

អាល្លឺម៉ង់ ប្រឈមនឹង​​អំពើឧក្រិដ្ឋបង្កឡើងដោយជនស្តាំនិយមជ្រុល

ប្រមាណឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ចរន្តគំនិត ទ្រឹស្តីស្តាំនិយមជ្រុលនេះ បានរីកធំឡើង គួរឲ្យព្រួយបារម្ភខ្លាំងណាស់ នៅប្រទេសអាល្លឺម៉ង់។ មិនមែននៅតែអាល្លឺម៉ង់ទេ ជាក់ស្តែង អំពើភេរវកម្មបាញ់រះនៅវិហារអ៊ីស្លាម បង្កឡើងដោយជនស្បែកស នៅប្រទេសណូវែលសេឡង់ កាលពីខែមីនា ឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្សអស់​៥១នាក់។ ​ជាមួយនឹងការរីកចម្រើននូវបណ្តាញអ៊ីនធ័រណិត បណ្តាញសង្គម Facebook Youtube Blog ជាច្រើន គឺវាបានធ្វើឲ្យ​ទ្រឹស្តីស្តាំនិយមជ្រុលនេះ អាចរីកសាយភាយ មានអ្នកជឿលង់ កាន់តែច្រើន មិនខុសពីទ្រឹស្តីអ៊ីស្លាម​ភេរវកម្មនិយមទេ។

កាលពីខែមិថុនា ឆ្នាំ២០១៩ តំណាងរាស្ត្រអាល្លឺម៉ង់ គាំទ្រជនភៀសខ្លួនម្នាក់ ត្រូវបានជនស្តាំនិយមជ្រុលម្នាក់សម្លាប់​។ កាលពីខែតុលា សមត្ថកិច្ចអាល្លឺម៉ង់ បានធ្វើការរារាំង​ទាន់ពេលវេលា នូវផែនការធ្វើភេរវកម្មមួយ​នៅក្នុង​វិហារស៊ីណាហ្គូក របស់​​សហគមជនជាតិជ្វីហ្វ។ កាលពីថ្ងៃ​សុក្រសប្តាហ៍កន្លងទៅ សមត្ថកិច្ចអាល្លឺម៉ង់ បានចាប់ឃាត់ខ្លួនសកម្មជនស្តាំនិយមជ្រុលចំនួន​១២នាក់​ ដែលតាមការសង្ស័យ ជនទាំងនេះ មានគម្រោងធ្វើភេរវកម្ម នៅតាមទីតាំងវិហារអ៊ីស្លាមជាច្រើនកន្លែង ដោយយកគំរូតាមភេរវកម្មបាញ់រះនៅណូវែលសេឡង់។

ករណីបាញ់រះលើកនេះ គឺជាករណីធ្ងន់ធ្ងរបំផុត សម្រាប់បទឧក្រិដ្ឋ ដែលមានចរិកលក្ខណៈជាការប្រកាន់ពូជសាសន៍ នៅអាល្លឺម៉ង់។ ទាំងអស់នេះ បានបង្ហាញឲ្យ​ឃើញ អំពីបរិយាកាសស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ​នៅ​អាល្លឺម៉ង់ ដែល​​កាន់តែធ្ងន់ធ្ងរ។ ថ្នាក់ដឹកនាំនយោបាយអាល្លឺម៉ង់ បានចាប់ផ្តើម​យល់ពីបញ្ហានេះ តែបញ្ហាលំបាក គឺថាមានអ្នកនយោបាយឆក់​ឱកាសមួយចំនួន ដែលកេងចំណេញ ហើយចូលរួមពង្រីកទ្រឹស្តីស្អប់ខ្ពើមប្រកាន់ពូជសាសន៍នេះ ឲ្យកាន់តែរីកធំឡើង នោះគឺក្រុមបក្សស្តាំនិយមជ្រុល។

សហគមអ្នកកាន់សាសនាអ៊ីស្លាម នៅអាល្លឺម៉ង់ បានអំពាវនាវ សុំឲ្យមានការរិតបន្តឹងសន្តិសុខ ការពារសុវត្ថិភាព​​ពួកគេ។ កាលពី​ខែធ្នូកន្លងទៅនេះ ក្រសួងមហាផ្ទៃអាល្លឺម៉ង់ បានប្រកាសបង្កើតសមត្ថកិច្ចពិសេស មានកម្លាំង៦០០នាក់បន្ថែម។ ច្បាប់ថ្មីមួយក៏ទើបតែចូលជាធរមានដែរ ដើម្បីផ្តន្ទាទោសចំពោះ សកម្មភាពនិយាយ ឬផ្ញើសារសាបព្រួស​ការរើសអើង​ប្រកាន់​ពូជសាសន៍ នៅតាមបណ្តាញអ៊ីនធ័រណិត។​

លោក Saskia Esken ប្រធានគណបក្សសង្គមនិយមប្រជាធិបតេយ្យអាល្លឺម៉ង់ បានមានប្រតិកម្ម ក្រោយការ​បាញ់រះនៅហាណូវ ថា “អំពើបាញ់រះបែបប្រកាន់ពូជសាសន៍នេះ គឺ​ជាបទឧក្រិដ្ឋដ៏ថោកទាបបំផុត។ ជាយូរមកហើយដែលអាល្លឺម៉ង់ ព្រងើយកន្តើយ ដូច្នេះដល់ពេលហើយ ដែលត្រូវទទួលស្គាល់ការពិត ហើយហៅវាឲ្យចំៗឈ្មោះ ថាគឺជាអំពើភេរវកម្ម​បែបស្តាំនិយមជ្រុល”

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI