អឺរ៉ុប-រុស្ស៊ី-សហរដ្ឋអាមេរិក​

អាល្លឺម៉ង់និង​អឺរ៉ុប ថ្កោលទោស​ទណ្ឌកម្ម​​អាមេរិក​ដែល​រារាំង​គម្រោង​បំពង់​បង្ហូរ​ឧស្ម័ន ​Nord Stream 2

ការដ្ឋានសាងសង់​​បំពង់​​បង្ហួរឧស្ម័ន ​Nord Stream 2 ​នៅក្នុង​សមុទ្រ​ខាងជើង​
ការដ្ឋានសាងសង់​​បំពង់​​បង្ហួរឧស្ម័ន ​Nord Stream 2 ​នៅក្នុង​សមុទ្រ​ខាងជើង​ BERND WÜSTNECK / DPA / AFP

កាលពីថ្ងៃសៅរ៍ទី ២១ធ្នូ រដ្ឋាភិបាលអាល្លឺម៉ង់ និងសហភាពអឺរ៉ុប បានចេញ​ប្រតិកម្មបន្តបន្ទាប់គ្នា ថ្កោលទោសទៅលើរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានសម្រេចដាក់ទណ្ឌកម្ម​មលើក្រុមហ៊ុនទាំងអស់ ដែលចូលរួម នៅ​ក្នុងគម្រោង​សាងសង់បំពង់បង្ហូរឧស្ម័នNord Stream 2។ សម្រាប់អាល្លឺម៉ង់ ក៏ដូចជាសហភាពអឺរ៉ុប​ ទណ្ឌកម្មរបស់អាមេរិក​នេះ គឺជារឿងមួយ​មិនអាចទទួលយកបាន​ជាដាច់ខាត ព្រោះវាជាការប្រើទណ្ឌកម្មអាមេរិក មកលើក្រុមហ៊ុនអឺរ៉ុប ដែលរកស៊ីដោយត្រឹមស្រូវស្របច្បាប់ នៅអឺរ៉ុប។

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាលអាមេរិក តាមរយៈច្បាប់ថវិកា​​និងសន្តិសុខជាតិឆ្នាំ២០២០ បានសម្រេចថានឹងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុនទាំងអស់ ដែលចូលរួមក្នុងគម្រោងនេះ។ ក្នុងរយៈពេល​៦០ថ្ងៃទៀត​ រដ្ឋាភិបាលអាមេរិក និងបញ្ចេញតារាងឈ្មោះ ក្រុមហ៊ុនដែលអាចជាប់ទណ្ឌកម្ម។

ក្នុងនាម​ជាអ្នកទទួលផលក្នុងគម្រោងនេះធំជាងគេ រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈ​អ្នកនាំពាក្យខ្លួន បានមានប្រតិកម្មធ្ងន់ៗថា ទណ្ឌកម្មក្រៅដែនអធិបតេយ្យរបស់អាមេរិក​ គឺជារឿងហួសហេតុ មិនអាចទទួលយកបានទេ ព្រោះទណ្ឌកម្មនេះ​ វានឹងប៉ះពាល់មកលើក្រុមហ៊ុនអាល្លឺម៉ង់ ឬក្រុមហ៊ុនអឺរ៉ុបផ្សេងទៀត ដែលរកស៊ី ដោយត្រឹមត្រូវស្របច្បាប់នៅអឺរ៉ុប។ ដូចគ្នាដែរ អ្នកនាំពាក្យសហភាពអឺរ៉ុប បានបដិសេធចោល ចំពោះទណ្ឌកម្ម​ របស់​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ មកលើក្រុមហ៊ុនអឺរ៉ុប។

សូមរំលឹកថា គម្រោងសាងសង់បំពង់បង្ហូរឧស្ម័ន Nord Stream 2 នេះ គឺធ្វើឡើង ដើម្បីបង្ហូរឧស្ម័នហ្កាសពីរុស្ស៊ី ចូលទៅកាន់ទ្វីបអឺរ៉ុប តាមរយៈសមុទ្រខាងជើង។ គម្រោង​សាងសង់ ដែលមានតម្លៃប្រមាណជា​១ម៉ឺនលានអឺរ៉ូនេះ គឺជាការសហការគ្នា ពាក់កណ្តាល​ពីក្រុមហ៊ុន GazProm របស់រុស្ស៊ី ហើយពាក់កណ្តាល ទៀត ជាការចូលគ្នារវាងក្រុមហ៊ុនថាមពលអឺរ៉ុបជាច្រើនប្រទេស (OMV Wintershall Uniper Shell Engie)។ បច្ចុប្បន្នការសាងសង់បានសម្រេចរួចរាល់ ជាង៨០%ហើយ ហើយតាមការគ្រោងទុក ការបង្ហូរឧស្ម័ន នឹងចាប់ផ្តើមដំណើរការ នៅដើមឆ្នាំ២០២០។

ក៏ប៉ុន្តែ ក្រោយការប្រកាស ដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលអាមេរិក ក្រុមហ៊ុនAllseas របស់ស្វីស ដែល​ជាក្រុមហ៊ុនទទួលបន្ទុក​សាងសង់ តភ្ជាប់​បំពង់បង្ហូរឧស្ម័នបាតសមុទ្រ នៅក្នុងគម្រោងនេះ បានសម្រេចចិត្តព្យួរការដ្ឋានរបស់ខ្លួន ដោយបានលើកឡើងថា កំពុងរងចាំការជូនព័ត៌មានលំអិត ពីរដ្ឋាភិបាលអាមេរិក ទាក់ទិននឹង​ទ​ណ្ឌកម្ម​។

គួរកត់សំគាល់ថា អាមេរិកតែងតែងសម្តែងការប្រឆាំងនឹងគម្រោង Nord Stream 2 ដោយលើកឡើងថា អឺរ៉ុបនឹងក្លាយជាចំណាប់ខ្មាំងថាពលរបស់រុស្ស៊ី។ អាមេរិកអះអាងថា គោលជំហរខ្លួន​ គឺការពារអ៊ុយក្រែន ដែលជាអ្នកខាតធំ ព្រោះអ៊ុយក្រែននឹងបាត់បង់ចំណូល ពីការឆ្លងកាត់បំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី។ តែយ៉ាងណា លោកស្រី Ulrike Demmer អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានលើកឡើងថា រុស្ស៊ី និងអ៊ុយក្រែន ទើបតែបានចុះហត្ថលេខាលើអនុសារណៈមួយ​ ដើម្បីកំណត់ពី​ថ្លៃឈ្នួល នៃការឆ្លងកាត់បំពង់បង្ហូរឧស្ម័ន​រុស្ស៊ី ដែលកាត់ដីអ៊ុយក្រែន ចាប់ពីឆ្នាំ២០២០ទៅ។ ដូច្នេះ រដ្ឋាភិបាលអាមេរិក គ្មានហេតុផលអ្វី ចង់​មកលូកដៃ រារាំងគម្រោង​ Nord Stream 2 នេះ ដោយយកលេសថាដើម្បីការពារផលប្រយោជន៍អ៊ុយក្រែន​​បានឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI