អ្នកជំនាញWHOថា មិនទាន់មានថ្នាំ និងវ៉ាក់សាំង ប្រឆាំងនឹងមេរោគ Covid-19
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បើគិតមកត្រឹមថ្ងៃនេះ មេរោគកូរ៉ូណា បានរីករាលដាលទៅកាន់ប្រទេសទាំងអស់ ៣៣ប្រទេសហើយ នៅទូទាំងពិភពលោក។ ៩៧% នៃករណីឆ្លងទាំងអស់ គឺជាការឆ្លងនាំយកមេរោគ ចេញពីប្រទេសចិន ទៅកាន់ប្រទេសផ្សេង។ ចំណែក៣% ទៀត គឺជាករណីឆ្លង កើតឡើងនៅតាមប្រទេសផ្សេង ក្រៅពីចិន។ ក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោក កំពុងតែស្វះស្វែង រកថ្នាំព្យាបាល ដើម្បីសម្លាប់មេរោគនេះ។ ការចែករំលែកទិន្នន័យ ព័ត៌មានគ្នា រវាងអ្នកជំនាញវិជ្ជសាស្ត្រ ពីប្រទេសដែលមានការឆ្លងមេរោគនេះ គឺជាការសំខាន់ ដើម្បីអាចឈានទៅស្វែងរកថ្នាំព្យាបាល ព្រមទាំងវ៉ាក់សាំងការពារ។
បញ្ហាដែលកំពុងតែចោទនាពេលនេះ គឺមិនមែនត្រឹមតែថ្នាំព្យាបាលទេ តែយើងក៏កំពុងតែពិចារណា អំពីថ្នាំវ៉ាក់សាំងការពារដែរ។ សម្រាប់ពេលនេះ នៅមិនទាន់មានថ្នាំណា ដែលអាចព្យាបាល សម្លាប់មេរោគនេះបានដោយប្រសិទ្ធភាពឡើយ។ ក៏ប៉ុន្តែ មានការព្យាយាមសាកល្បង ប្រើថ្នាំផ្សេងៗគ្នា។ ឧទាហរណ៍ ការសាកប្រើថ្នាំ Chloronavir និងថ្នាំសម្លាប់មេរោគធម្មតា ច្រើនប្រភេទទៀត។ ពួកយើងទាំងអស់គ្នាជាអ្នកជំនាញ បានចែករំលែកបទពិសោធន៍គ្នា ទៅវិញទៅមក ជុំវិញការសាកល្បងទាំងអស់នេះ។ចំណែករឿងថ្នាំវ៉ាក់សាំងវិញ មិនមែនឆាប់ទេ គឺគេត្រូវការពេល យ៉ាងហោច១ឆ្នាំកន្លះឯនោះ។ ក៏ប៉ុន្តែ បើយើងទាំងអស់គ្នា សហការគ្នា ប្រឹងប្រែងទាំងអស់គ្នា វានឹងអាចសម្រេចក្នុងពេលឆាប់ជាងនេះ។ ហេតុដូច្នេះហើយ បានជាការចែករំលែកដំណឹង ឬទិន្នន័យគ្នា ជារឿងសំខាន់ខ្លាំងណាស់ ជាពិសេស ជាមួយនឹងប្រទេសចិន ព្រោះថាកន្លងមកនេះ អ្នកជំនាញចិន គឺជាអ្នកបានដកពិសោធន៍ បានច្រើនជាងគេ ស្តីពីការវិវឌ្ឍន៍នៃមេរោគ ព្រមទាំងការព្យាបាលអ្នកជំងឺដ៏ច្រើន ដែលឆ្លងមេរោគនេះនៅចិន។
ប្រសាសន៍ លោកវិជ្ជបណ្ឌិតHans Kluge អគ្គនាយកតំបន់អឺរ៉ុបនៃអង្គការសុខភាពពិភពលោក ប្រែសម្រួលដោយ ម៉ម ពិសី
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ