អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី តួកគី លូកដៃ​ ​ធ្វើ​អន្តរាគមន៍យោធា​នៅ​លីប៊ី ?

សំឡេង ០៨:១៨
ប្រធានាធិបតី​តួកគី លោក​ Erdogan ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្រ្តី​លីប៊ី លោកFayez al-Sarraj ដែល​ដឹកនាំ​រដ្ឋាភិបាល​នៅទីក្រុង​ទ្រីប៉ូលី ទទួលស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ នៅទីក្រុង​អ៊ីស្តង់ប៊ូល ថ្ងៃទី ២៧​វិច្ឆិកា ២០១៩
ប្រធានាធិបតី​តួកគី លោក​ Erdogan ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្រ្តី​លីប៊ី លោកFayez al-Sarraj ដែល​ដឹកនាំ​រដ្ឋាភិបាល​នៅទីក្រុង​ទ្រីប៉ូលី ទទួលស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ នៅទីក្រុង​អ៊ីស្តង់ប៊ូល ថ្ងៃទី ២៧​វិច្ឆិកា ២០១៩ © Presidential Press Office/Handout via REUTERS
ដោយ៖ ឈាង បុប្ផា
៤៥ នាទី

រដ្ឋាភិបាល​តួកគី កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៦​ធ្នូ បាន​ប្រកាស​ត្រៀម​បញ្ជូន​ទ័ព​ទៅ​ប្រទេស​លីប៊ី ដើម្បី ជួយ​រដ្ឋាភិបាល ក្រុង​ទ្រីប៉ូលី ក្នុង​ការទប់ទល់​នឹង​ការវាយប្រហារ​របស់​កម្លាំងទ័ព​របស់​ឧត្តមសេនីយ៍ ហាហ្វតា មេដឹកនាំ​លីប៊ី ​ម្នាក់​ទៀត ដែល​កំពុង​កាន់កាប់​តំបន់​ភាគខាងកើត លីប៊ី។ តាម​ការប្រកាស​របស់​ប្រធានាធិបតី​តួកគី លោករេស៊ីប អ៊ែរដូហ្កាន រដ្ឋាភិបាល​នឹង​បញ្ជូន​សំណើច្បាប់​បញ្ជូន​ទ័ព​ទៅ​លីប៊ី ទៅ​ឲ្យ​រដ្ឋសភាតួកគី បោះឆ្នោត អនុម័ត នៅ​ថ្ងៃទី ៧​មករា ខាងមុខ។

ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​តួកគី លោក​រេស៊ីប អ៊ែរដូហ្កាន បាន​បើក​ផ្លូវ​ឲ្យ​មាន​អន្តរាគមន៍​យោធា នៅ​ប្រទេស​លីប៊ី នៅ​ពេល​លោកប្រកាស កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញថា រដ្ឋសភា​តួកគី​នឹង​បោះឆ្នោត​អនុម័ត​លើ​សំណើ​រដ្ឋាភិបាល ដែល​ចង់​បញ្ជូនទ័ព ទៅ​ប្រទេស​លីប៊ី ទៅ​ជួយ​រដ្ឋាភិបាល​ក្រុង​ទ្រីប៉ូលី ដែល​កំពុង​ប្រឈម​មុខ​នឹង​ការវាយប្រហារ​របស់​រដ្ឋាភិបាល​ភាគ​ខាងកើត ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ ហាហ្វតា។

ប្រធានាធិបតី​តួកគី លោក​រេស៊ីប អ៊ែរដូហ្កាន បាន​ប្រកាស​ថា តួកគី​នឹង​បញ្ជូន​កងទ័ព​ទៅ​លីប៊ី ទៅ​តាម​ការស្នើសុំ​របស់​រដ្ឋាភិបាល​ក្រុង​ទ្រីប៉ូលី។ តាម​ប្រធានាធិបតី​តួកគី កងទ័ព​តួកគី នឹង​ទៅជួយ​រដ្ឋាភិបាល​លីប៊ី នៅទីក្រុង ទ្រីប៉ូលី ព្រោះថា រដ្ឋាភិបាល​ក្រុង​ទ្រីប៉ូលី ជា​រដ្ឋាភិបាល ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ ប៉ុន្តែ ដែល​កំពុង​ប្រឈម​នឹង​ការវាយប្រហារ​ពី​រដ្ឋាភិបាល​ភាគ​ខាងកើត ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ ហាហ្វតា។

សូមបញ្ជាក់ថា រដ្ឋាភិបាល​ភាគខាងកើត របស់​ឧត្តមសេនីយ៍​ហាហ្វតា ដែល​បាន​ផ្តើមការវាយប្រហារ ឡោមព័ទ្ធទីក្រុង​ទ្រីប៉ូលី តាំង​ពី​ខែ​មេសា បានប្រកាស​កាលពី​សប្តាហ៍មុនថា នឹង​បើកប្រតិបត្តិការចុងក្រោយ ដើម្បី វាយដណ្តើម​កាន់កាប់​ឲ្យ​បាន​ទីក្រុង​ទ្រីប៉ូលី។ នៅទីក្រុង​ទ្រីប៉ូលី កាលពីយប់​​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ អ្នកទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​រួបរួមជាតិ លីប៊ី បានបញ្ជាក់ថា គេ​បាន​ស្នើសុំ​ជំនួយ​យោធា ពី​រដ្ឋាភិបាល​តួកគី ទាំង​ខាង​ដីគោក ដែនអាកាស និង​ជើងទឹក ដើម្បី ប្រយុទ្ធទប់ទល់​នឹងការវាយប្រហារ របស់​កម្លាំងទ័ព​របស់​ឧត្តមសេនីយ៍​ហាហ្វាតា។ អន្តរាគមន៍​យោធា​នៅ​លីប៊ី ត្រូវ​បាន​ភាគី​តួកគី ពន្លយ​ឲ្យ​ដឹង តាំង​ពី​ប៉ុន្មាន​សប្តាហ៍មកហើយ គឺ​ចាប់តាំង​ពី​តួកគី​បើកប្រតិបត្តិការ​វាយប្រហារ​ទៅលើ​ទឹកដី ស៊ីរី ភាគខាងជើង​មកម្ល៉េះ។ នៅមុន​ប្រកាស​បញ្ជូន​ទ័ព​ទៅលីប៊ី​ទៅទៀត រដ្ឋាភិបាល​តួកគី បាន​បញ្ជូន​រួចហើយ សព្វាវុធ​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ទ្រីប៉ូលី ដែល​ជា​ការល្មើស​នឹងបម្រាម​របស់​អង្គការ​សហប្រជាជាតិ ដែល​ហាម​មិន​ឲ្យ​មាន​លក់ដូរ ដឹកជញ្ជូនអាវុធ ទៅ​ប្រទេស​លីប៊ី។

លីប៊ី​បាន​លង់ខ្លួន ធ្លាក់ទៅក្នុង​ជ្រោះ សង្រ្គាមស៊ីវិល ពោល​គឺ​ការប្រយុទ្ធ​ដណ្តើមអំណាចគ្នា រវាង​រដ្ឋាភិបាល ក្រុង​ទ្រីប៉ូលី និង​រដ្ឋាភិបាល​ភាគខាងកើត របស់​ឧត្តមសេនីយ៍ ហាហ្វតា នៅ​ក្រោយ បដិវត្តន៍អារ៉ាប់​ធ្វើ​ឲ្យ​ដួលរលំរបបផ្តាច់ការ របស់​មេដឹកនាំ កាដាហ្វី កាលពី​ឆ្នាំ ២០១១។

តួកគី សង្ឃឹមបាន​ប្រយោជន៍​អ្វី ពី​ការធ្វើអន្តរាគមន៍​យោធា នៅ លីប៊ី?

ចាប់តាំង​ពី​របបផ្តាច់ការ​កាដាហ្វី ដួលរលំ រដ្ឋាភិបាល​តួកគី បាន​សំលឹង​ចង់​ពង្រីក​ឥទ្ធិពល​យោធា និង​សេដ្ឋកិច្ច​របស់ខ្លួន នៅ​ក្នុង​តំបន់​មេឌីទែរ៉ាណា។ ការប្រយុទ្ធតទល់​គ្នា រវាង​ភាគីជម្លោះ លីប៊ី ជា​ឱកាស​មួយ​ឲ្យ​តួកគី​អាច​លូកដៃ​ចូល​ទៅ​ក្នុង​ជម្លោះ​លីប៊ី ដើម្បី​ប្រជែង​ជាមួយ ប្រទេស​ដទៃ​ដូចជា អេហ្ស៊ីប រុស្ស៊ី អារ៉ាប៊ី សាអូឌីត ដែល​កំពុង​ជួយប្រយុទ្ធ​ខាង​កងទ័ព​របស់​ឧត្តមសេនីយ៍​ហាហ្វតា។ កាលពី​ខែ​វិច្ឆិកា​កន្លងទៅ តួកគី​បាន​ចុះ​កិច្ចព្រមព្រៀង​សំខាន់​ពីរ​ជាមួយ រដ្ឋាភិបាល​រួបរួមជាតិ​លីប៊ី នៅ​ទីក្រុង​ទ្រីប៉ូលី។ កិច្ចព្រមព្រៀង​ទី១​និយាយ​ពី សហប្រតិបត្តិការ​យោធា និង​សន្តិសុខ ចំណែក​កិច្ចព្រមព្រៀង​ទី២ ដែល​ជា​កិច្ចព្រមព្រៀង​ដ៏ចម្រូងចម្រាស​មាន​និយាយ​ពី​ការកំណត់​ព្រំដែន​ទឹកសមុទ្រ រវាង​តួកគី និង​លីប៊ី នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ។ ដោយ​សំអាង​ទៅលើ​កិច្ចព្រមព្រៀង ស្តីពី​សហប្រតិបត្តិការ​យោធា​ជាមួយ លីប៊ី ដែល​រដ្ឋាភិបាល​តួកគី​មានគម្រោង បញ្ជូនទ័ព​ទៅទឹកដី​លីប៊ី។

គេ​អាច​យល់បាន​ថា តួកគី​គ្រោង​បញ្ជូន​ទ័ព​ទៅ ជួយ​រដ្ឋាភិបាល​លីប៊ី នៅទីក្រុង​ទ្រីប៉ូលី ក៏ព្រោះតែ​ចង់​ជួយ​រក្សា អំណាច​របស់​រដ្ឋាភិបាល​ក្រុង​ទ្រីប៉ូលី ដែល​ទើប​ចុះ​ហត្ថលេខា ស្តីពីការកំណត់​ព្រំដែនទឹក ជាមួយ​តួកគី។ កិច្ចព្រមព្រៀង​ទី២​នេះ​សំខាន់​ណាស់​សម្រាប់​តួកគី ព្រោះ​វា​បើកផ្លូវ​អនុញ្ញាត​ឲ្យ​តួកគី អាច​មាន​សិទ្ធិ​គ្រប់គ្រង​មួយភាគធំ​នៃ​ផ្ទៃសមុទ្រ​មេឌីទែរ៉ាណេ​ខាងកើត ដែល​ជា​ជង្រុក​ប្រេង ដ៏សំខាន់ ដែល​គេ​ទើបរកឃើញ ថ្មីៗ។

ចង់ ឬ​មិនចង់ តាមរយៈ​អន្តរាគមន៍​យោធា ដើម្បី ជួយ រដ្ឋាភិបាល​ក្រុង​ទ្រីប៉ូលី ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ តួកគី​សំឡឹង​ឃើញ​ប្រយោជន៍​សេដ្ឋកិច្ច នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ។ នេះ​គេ​នៅមិនទាន់​និយាយ​ពី​ផលប្រយោជន៍​ផ្សេងទៀត ដូចជា​ការលក់​អាវុធ​របស់​តួកគី ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ទ្រីប៉ូលី ឬ​កិច្ចសន្យា​ដែល​តួកគី អាច​ទទួល​បានពី​រដ្ឋាភិបាល​ស្របច្បាប់​លីប៊ី  ដើម្បី សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ របស់​លីប៊ី ដែល​ខូចខាត​សឹង​ទាំងស្រុង ដោយសារ​សង្រ្គាម​ផង។

ក្រិក និង​អេហ្ស៊ីប ចេញមុខ​ប្រឆាំង​ការលូកដៃ​របស់​តួកគី ទៅក្នុង​សង្រ្គាម នៅលីប៊ី

នៅមុន​ប្រធានាធិបតី​តួកគី ប្រកាស​បើកផ្លូវ​បញ្ជូន​ទ័ព​ទៅលីប៊ី ​មន្រ្តី​អង្គការ​សហប្រជាជាតិ បាន​វាយតម្លៃថា ការលូកដៃ​របស់​បរទេស ដូចជា​ប្រទេស​តួកគី​មួយ​បន្ថែមទៀត ទៅក្នុង​​សង្រ្គាម​ស៊ីវិល នៅ​លីប៊ី នឹង​រឹតតែ​ធ្វើវិបត្តិ​លីប៊ី កាន់​តែ​ស្មុគស្មាញ។

នៅ​ក្នុង​ជម្លោះដណ្តើមអំណាច គ្នា នៅក្រោយ​ការដួលរលំ​របបផ្តាច់ការ​កាដាហ្វី លីប៊ី ត្រូវ​បាន​ពុះចែក ជា​ពីរតំបន់ គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ពីរផ្សេងគ្នា និង​ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុមប្រទេស​ផ្សេងៗគ្នា។ ទោះបី​ជា​រដ្ឋាភិបាល​ភាគខាងលិច នៅទីក្រុង​ទ្រីប៉ូលី ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ ប៉ុន្តែ រដ្ឋាភិបាល​ខាងកើត​របស់​ឧត្តមសេនីយ៍ ត្រូវ​បាន​គាំទ្រ​ដោយ​អេហ្ស៊ីប អារ៉ាប៊ី សាអូឌីត និង​ រុស្ស៊ី​ជាដើម។ គេ​សង្ស័យ​ដែរថា ប្រទេស​នៅអឺរ៉ុប​មួយចំនួន​ងាក​ទៅគាំទ្រផងដែរ ឧត្តមសេនីយ៍ ហាហ្វតា។ នៅ​ប្រទេស​បារាំង រដ្ឋាភិបាល​ក្រុង​ប៉ារីស​បាន​ទទួល​ជួប​មេដឹកនាំ​ហាហ្វតា នៅក្រោម​សំលេង​រិះគន់ របស់​រដ្ឋាភិបាល​ក្រុង​ទ្រីប៉ូលី ដែល​ទទួលស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ។

ថ្មីៗនេះ អេហ្ស៊ីប និង​ក្រិក​វិញ បាន​ចេញ​មុខ​ប្រតិកម្ម​រិះគន់​តួកគី​ខ្លាំង​ជាងគេ នៅក្រោយ តួកគី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀងពីរ​ខាងលើ​ជាមួយ​រដ្ឋាភិបាល​លីប៊ី នៅក្រុង​ទ្រីប៉ូលី កាលពី​ខែ​វិច្ឆិកា។

អេហ្ស៊ីប ដែល​ជា​ប្រទេស​ជិតខាងលីប៊ី បាន​ចេញមុខ​គាំទ្រ រដ្ឋាភិបាល​របស់​លោក​ហាហ្វតា ដែល​គ្រប់គ្រង​តំបន់ខាងកើត លីប៊ី។ អេហ្ស៊ីប ជាមួយ​ប្រទេស​រុស្ស៊ី និងអារ៉ាប៊ី សាអូឌីត​បាន​ផ្តល់​ជំនួយ​យោធា ដូចជា​កម្លាំង​ប្រយុទ្ធ ហើយ​និង​សព្វាវុធ ឲ្យ​កងទ័ព​របស់​ឧត្តមសេនីយ៍​ហាហ្វតា ដែល​កំពុង​បើកការវាយប្រហារ​លើ​រដ្ឋាភិបាល​ក្រុង​ទ្រីប៉ូលី។ ដោយ​មិននិយាយ​ចំៗ​ដល់​កម្លាំងទ័ព​តួកគី ប្រធានាធិបតី​អេហ្ស៊ីប បាន​ប្រកាស​កាលពី​សប្តាហ៍មុន​ថា អេហ្ស៊ីប​នឹង​មិន​អត់ឱន​ឲ្យ កម្លាំង​ទ័ព​បរទេស ដែល​គំរាមកំហែង​ដល់​សន្តិសុខ​របស់​អេហ្ស៊ីប​នោះទេ។

ក្រិក​វិញ បាន​ខឹងឆេះដុំ​ខ្លាំង ក៏ព្រោះតែ​កិច្ចព្រមព្រៀង តួកគី​និង​រដ្ឋាភិបាល​លីប៊ី នៅក្រុង​ទ្រីប៉ូលី ដែល​មាន​និយាយ​ពី​កំណត់ព្រំដែន​ទឹកសមុទ្រ ជះផលអាក្រក់ ប៉ះពាល់​ដល់​ផលប្រយោជន៍ អាជីវកម្ម​ជីកយក​ឧស្ម័ន​របស់​ក្រិក នៅសមុទ្រ​មេឌីទែរ៉ាណេ។ រដ្ឋាភិបាល​ក្រិក​បាន​បរិហារ កិច្ចព្រមព្រៀង​តួកគី និង​រដ្ឋាភិបាល​ក្រុង​ទ្រីប៉ូលី ថា ជា​ការរំលោភ​ច្បាប់សមុទ្រ​អន្តរជាតិ។ កាលពី​ថ្ងៃ​អាទិត្យ​ទី ២២​ធ្នូ រដ្ឋមន្រ្តីការទូត​ក្រិក​បានធ្វើដំណើរ​ទៅ ទីក្រុង​បិនកាហ្ស៊ី ដើម្បី​ជួបពិភាក្សា​ជាមួយ រដ្ឋាភិបាល​របស់​លោក​ឧត្តមសេនីយ៍ហាហ្វតា មុន​នឹង​ទៅជួប​ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋាភិបាល​អេហ្ស៊ីប និង​ស្ហ៊ីប ដែល​សុទ្ធតែជាអ្នកពាក់ព័ន្ធ ប៉ះពាល់​ដោយសារ​កិច្ចព្រមព្រៀង​តួកគី និង​រដ្ឋាភិបាល លីប៊ី នៅ​ក្រុង​ទ្រីប៉ូលី។

អន្តរាគមន៍យោធា​របស់​តួកគី នៅ​លីប៊ី ក៏មិនមែន ជា​រឿងល្អ​សម្រាប់​យុទ្ធសាស្រ្ត​យោធា​របស់​រុស្ស៊ី នៅលីប៊ី។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី តួកគី​បាន​បរិហារ​វត្តមាន​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី និង​ទាហាន​ស៊ូដង់​៥ពាន់​នាក់ ដែល​កំពុង​ប្រយុទ្ធ​ក្នុង​ជួរ​កងទ័ព​របស់​ឧត្តមសេនីយ៍​ហាហ្វាតា។ ទីក្រុង​ម៉ូស្គូ បាន​បដិសេធ​ការចោទប្រកាន់។ ទាក់ទង​នឹង​ព័ត៌មាន​បញ្ជូនទ័ព​តួកគី​ទៅលីប៊ី ​ អ្នកនាំពាក្យ​របស់​វិមាន​ក្រេមឡាំង​បាន​អះអាងថា  រុស្ស៊ី​ស្វាគមរាល់​ប្រទេស​ទាំងឡាយណា​ដែល​ចង់​ចូលរួមបិទបញ្ចប់​វិបត្តិ​នៅលីប៊ី។ តើ​អន្តរាគមន៍ ទ័ព​តួកគី​ទៅ​ទៅជួយ​បិទបញ្ចប់​ជម្លោះ​នៅលីប៊ី ឬ​ធ្វើ​ឲ្យ​សង្រ្គាម ការប្រយុទ្ធគ្នា​នៅ​លីប៊ី កាន់តែ​ស្មុគស្មាញ ជាងមុខ ដូច​ការលើកឡើង​របស់​មន្រ្តី​អង្គការ​សហប្រជាជាតិ?

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ