អានតួអត្ថបទ
អ៊ីរ៉ង់-អឺរ៉ុប

ក្រោយការស្លាប់ឧត្តមសេនីយអ៊ីរ៉ង់កាសឹម សូឡីម៉ានី បារាំង និងអង់គ្លេសគាំទ្រអាមេរិក

ប្រមុខការទូតអង់គ្លេស​លោក Dominic Raab
ប្រមុខការទូតអង់គ្លេស​លោក Dominic Raab REUTERS/Simon Dawson
3 នាទី

ក្រោយ​ការ​ស្លាប់​ឧត្តមសេនីយ​អ៊ីរ៉ង់​កាសឹម សូឡីម៉ានី​នៅ​ក្នុង​ការ​វាយប្រហារ​របស់​អាមេរិក​ក្នុង​ទឹកដី​អ៊ីរ៉ាក់​កាល​ពី​ថ្ងៃ​សុក្រ ទី៣ មករា ប្រទេស​អង់គ្លេស និង​បារាំង​បាន​បង្ហាញ​ជំហរ​សាមគ្គី​ជាមួយ​អាមេរិក។ ទន្ទឹម​គ្នា​នេះ ឡុងដ៏ និង​ប៉ារីស​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ស្ងប់ស្ងាត់ និង​ការ​កាត់​បន្ថយ​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុង​តំបន់​ដែរ។ នៅ​អ៊ីរ៉ង់ ក្រុង​តេហេរ៉ង់​ទើប​បាន​ប្រកាស​នា​ថ្ងៃ​អាទិត្យ ទី៥ មករា​ថា ខ្លួន​នឹង​ធ្វើ​ការ​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ដោយ​គ្មាន​កម្រិត។ ត្រង់​ចំណុច​នេះ អាល្លឺម៉ង់ បារាំង និង​អង់គ្លេស​បាន​អំពាវនាវ​អ៊ីរ៉ង់​កុំ​ឲ្យ​រំលោភ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។

ផ្សាយពាណិជ្ជកម្ម

« យើង​មិន​យំសោក​ចំពោះ​ការ​ស្លាប់​កាសឹម សូឡីម៉ានី​ទេ » នេះ​ជា​ការ​ថ្លែង​របស់​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​បូរីស ចនសុន​នា​យប់​ថ្ងៃ​អាទិត្យ ទី៥ មករា​ដោយ​បន្ថែម​ថា ឧត្តមសេនីយ​អ៊ីរ៉ង់​រូប​នេះ​បាន​បង្ក​ការ​គំរាមកំហែង​ដល់​ផលប្រយោជន៍​អង់គ្លេស។ តាម​លោក​ចនសុន លោក​មិន​សោកស្តាយ​នឹង​ការ​បាត់បង់​ជីវិត​របស់​សូឡីម៉ានី​ទេ ព្រោះ​ឧត្តមសេនីយ​អ៊ីរ៉ង់​បាន​ដើរតួនាទី​នៅ​ក្នុង​ទង្វើ​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​ជនស៊ីវិល​ស្លូតត្រង់ និង​ពលរដ្ឋ​បស្ចិមលោក​ជា​ច្រើន​ពាន់នាក់។ ចំណែក​ប្រមុខ​ការទូត​អង់គ្លេស​ថែម​ទាំង​បាន​លើក​ឡើង​ពី​ការ​ការពារ​ស្របច្បាប់​របស់​អាមេរិក និង​សិទ្ធិ​របស់​លោក​ដូណាល់ ត្រាំ​ក្នុង​ការ​សម្លាប់​ឧត្តមសេនីយ​អ៊ីរ៉ង់​សូឡីម៉ានី​ទៀត​ផង។

ការ​បញ្ជាក់​ជំហរ​ដូច​នេះ​បាន​ធ្វើ​ឡើង ២ថ្ងៃ​បន្ទាប់​ពី​ប្រមុខ​ការទូត​អាមេរិក​លោក​ម៉ៃ ប៉ុមប៉េអូ​បាន​ស្តី​បន្ទោស​សម្ព័ន្ធមិត្ត​អឺរ៉ុប​មាន​អាល្លឺម៉ង់ បារាំង និង​អង់គ្លេស​ពី​កង្វះ​សាមគ្គីភាព​ជាមួយ​អាមេរិក។ ទន្ទឹម​នឹង​សម្តែង​ការ​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​អាមេរិក​លើ​ឧត្តមសេនីយ​អ៊ីរ៉ង់​សូឡីម៉ានី អង់គ្លេស​ក៏​បាន​អំពានាវ​ឲ្យ​មាន​ការ​កាត់បន្ថយ​ភាព​តានតឹង និង​អស្ថិរភាព​នៃ​ស្ថានការណ៍​នៅ​ក្នុង​តំបន់​ដែរ។ ចំពោះ​បារាំង​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​ពី​វិមានប្រធានាធិបតី លោក​ម៉ាក្រុង​បាន​ធានា​សមភាគី​អាមេរិក​លោក​ដូណាល់ ត្រាំ​ពី​សាមគ្គីភាព​ទាំងស្រុង​ជាមួយ​គ្រប់សម្ព័ន្ធមិត្ត និង​បាន​អំពាវនាវ​ដល់​អ៊ីរ៉ង់​ឲ្យ​ចៀសវាង​ការ​ប៉ះទង្គិច​ផ្លូវយោធា​ដែល​អាច​ធ្វើ​ឲ្យ​ស្ថិរភាព​នៅ​ក្នុង​តំបន់​ធ្លាក់​កាន់​តែ​ធ្ងន់ធ្ងរ។

ដោយឡែក​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម​មួយ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោកស្រី​មែរកិល សមភាគី​អង់គ្លេស​លោក​ចនសុន និង​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​ព្រមព្រៀង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​តំបន់។ បន្ទាប់​មក សេចក្តីប្រកាស​ព័ត៌មាន​រួម​ដដែល​ក៏​បាន​អំពាវនាវ​អ៊ីរ៉ង់​ឲ្យ​បោះបង់​ចោល​វិញ​នូវ​រាល់​វិធានការ​ដែល​ផ្ទុយ​ពី​ស្មារតី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥។ ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អ៊ីរ៉ង់​ទើប​បាន​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​អាទិត្យ ទី៥ មករា​ថា ខ្លួន​នឹង​ធ្វើ​ការ​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម​ដោយ​គ្មាន​កម្រិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ