បារាំងនឹងបញ្ជូនទ័ព៦០០នាក់បន្ថែមទៅតំបន់សាហ៊ែល
ចុះផ្សាយនៅថ្ងៃ៖
រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង លោកស្រី Florence Parly បានប្រកាស នៅថ្ងៃអាទិត្យ ទី ២កុម្ភៈ ២០២០ ថា បារាំងនឹងពង្រឹងប្រតិបត្តិការបារកាន (Barkhane)។ បារាំងនឹងបញ្ជូនកងទ័ព ចំនួន ៦០០នាក់ បន្ថែមទៀត ទៅជួយក្រុមយោធាដែលកំពុងបំពេញប្រតិបត្តិការនៅតំបន់សាហ៊ែល Sahel ប្រឆាំងនឹងពួកជីហាត។ យោធាបន្ថែមនឹងទៅដល់សមរភូមិ យ៉ាងយូរនៅចុងខែកុម្ភៈ។
កងកម្លាំងទ័ពបន្ថែម ដែលភាគច្រើន ជាកងទ័ពជើងគោក មួយភាគធំនឹងទៅធ្វើប្រតិបត្តិការនៅតាមបណ្តោយព្រំដែនដែលជាចំណុចប្រសព្វបីប្រទេស (ម៉ាលី បួរគីណាហ្វាសូ និងនីហ្សេ)។ មួយចំណែកទៀត នឹងចុះទៅសមរភូមិប្រយុទ្ធដោយផ្ទាល់ជាមួយកងកម្លាំងសម្ព័ន្ធអន្តរជាតិ G៥Sahel។ ក្រៅអំពីបន្ថែមកងទ័ព បារាំងក៏នឹងបញ្ជួន រថក្រោះ រថពាសដែកធុនធ្ងន់ ធុនស្រាល ជាងមួយរយគ្រឿង ព្រមទាំងគ្រឿងភស្តុភារដ៏ច្រើន ទៅជាមួយទៀត។ ជាសរុប កងកម្លាំងប្រតិបត្តិការបារកាន នឹងមានចំនួនឡើងដល់ ៥១០០នាក់។ ជាមួយនឹងចំនួននេះ បារាំងសង្ឃឹមថា នឹងអាចយកប្រៀបលើពួកឧទ្ទាមភេរវកម្មជីហាតបាន។
សូមបញ្ជាក់ថា នារយៈពេលប៉ុន្មានខែចុងក្រោយនេះ ពួកប្រដាប់អាវុធជីហាត បានបង្កើនសកម្មភាពវាយប្រហារយ៉ាងខ្លាំង ជាហេតុធ្វើឱ្យតំបន់សាហ៊ែល ក្លាយតំបន់អស្ថិរភាពខ្លាំង សម្រាប់ជនស៊ីវិល និងបានធ្វើកងទ័ពមូលដ្ឋានបរាជ័យជាបន្តបន្ទាប់។ បារាំងបានថែមទាំងបាត់បង់ជីវិតទាហាន១៣រូបផង កាលពីខែវិច្ឆិកា២០១៩។ បរាជ័យនិងអសន្តិសុខ បានធ្វើឱ្យមតិសាធារណៈអាហ្វ្រិករិះគន់កាន់តែខ្លាំងឡើងៗ វត្តមានកងទ័ពបរទេស។
តាំងពីពេលនោះមក ប៉ារីស បានប្តេជ្ញាផ្តល់សន្ទុះថ្មីដល់ប្រតិបត្តិការ។ លោកប្រធានាធិបតី បានប្រកាសកាលពីខែមករា ក្នុងឱកាសជំនួបកំពូលនៃក្រុម៥ប្រទេសនៅអាហ្វ្រិក (នីហ្សេ ម៉ាលី បួគីណា ឆាដ និងម៉ូរីតានី) បញ្ជូនទាហាន ២២០នាក់ ពោលគឺឱ្យឡើងគ្រប់ដល់៦០០នាក់ ទៅជួយកងកម្លាំងសម្ព័ន្ធអន្តរជាតិនៅអាហ្វ្រិក ហៅកាត់ថា បារកាន។
ក្រៅពីបារាំង ឆាដកំពុងរង់ចាំការព្រមព្រៀងពីសភា ដើម្បីបញ្ជូនទាហាន ចំនួន៦០នាក់បន្ថែមទៀតដែរ។ ប្រទេសសមាជិកសហភាពអឺរុបផ្សេងទៀត ក៏នឹងអាចធ្វើតាមបារាំងនិងឆាដ ជាបន្តបន្ទាប់។ រដ្ឋមន្ត្រីការពារជាតិបារាំងបានទៅបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកកុំឱ្យបោះបង់ប្រតិបត្តិការប្រឆាំងពួកជីហាតនៅអាហ្វ្រិក ប៉ុន្តែពុំទាន់បានចម្លើយទេ។
នៅ៦ខែក្រោយ បារាំងនឹងចេញរបាយការណ៍វាយតម្លៃអំពីលទ្ធផលនៅលើសមរភូមិ ក្រោយមានកម្លាំងបន្ថែម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ