អានតួអត្ថបទ
ស្វ៊ីស

អង្គការ​សុខភាពពិភពលោក៖ ចំនួន​អ្នកកើតជំងឺ​មហារីក​នឹង​កើន​ឡើង ៨១% ក្នុង​ប្រទេស​ក្រីក្រ

អ្នកជំងឺ​មហារីក
អ្នកជំងឺ​មហារីក iStock / Rawpixel
ដោយ៖ ឈាង បុប្ផា
១៩ នាទី

ថ្ងៃ​អង្គារ​ទី ៤​កុម្ភៈ នេះ​ជាថ្ងៃ​ទិវា​ពិភពលោក​ប្រយុទ្ធប្រឆាំង​ជំងឺ​មហារីក។ នៅក្នុង​ឱកាស​នេះ អង្គការ​សុខភាព​ពិភពលោក និង​មជ្ឈមណ្ឌល​អន្តរជាតិ​នៃ​ការស្រាវជ្រាវ​ជំងឺ​មហារីក បាន​ចេញ​របាយការណ៍​រួមគ្នា​ពីរ ដែលនៅក្នុង​នោះ​គេ​បានទាញ​សញ្ញា​អាសន្ន​ពី​លទ្ធភាព កើនឡើង​នៃ​ចំនួន​អ្នកកើតជំងឺ​មហារីក ដល់​ទៅ ៦០% នៅក្នុង​ពិភពលោក និង​អាច​ដល់ ៨១% នៅ​ក្នុង​បណ្តា​ប្រទេស​ក្រីក្រ ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០៤០។ ជំងឺមហារីក​កើនឡើង ក្នុង​ពិភពលោក ប៉ុន្តែ វិធានការ​ដ៏មាន​ប្រសិទ្ធិភាព និង​ការបង្ការ​ទាន់ពេលវេលា​នឹង​អាច​ជួយ​សង្រ្គោះ ជីវិត​មនុស្ស​រាប់លាន​នាក់ នៅក្នុង​មួយឆ្នាំ។ នេះ​បើ​តាម​ការវាយតម្លៃ​របស់​អង្គការ​សុខភាពពិភពលោក។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍​ចេញផ្សាយ នៅ​ថ្ងៃ​អង្គារនេះ អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក​រាប់រក​ឃើញ ករណី​ជំងឺមហារីក​ថ្មី នៅក្នុង​ពិភពលោក ប្រមាណ ១៨,១លាននាក់ នៅ​ឆ្នាំ ២០១៨។ បើសិន ជំងឺ​មហារីក​នៅតែ​បន្តកើនឡើង នៅក្នុង​ល្បឿន សព្វថ្ងៃនេះ អង្គការ​សុខភាព​ពិភពលោក​ព្រមានថា ករណី​ជំងឺ​មហារីក​ថ្មី នឹង​កើនឡើង ប្រមាណ ៦០% នៅទូទាំង​ពិភពលោក ពី​ពេល​នេះ ដល់​ឆ្នាំ ២០៤០។ តាម​អង្គការ​សុខភាព​ពិភពលោក ពីពេលនេះ​តទៅ មនុស្ស​ម្នាក់ ក្នុង​ចំណោម ៥នាក់ នៅ​ក្នុង​ពិភពលោក នឹង​អាច​កើតជំងឺ​មហារីក នៅ​មុន​អាយុ ៧៥ឆ្នាំ។ របាយការណ៍​របស់​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់ការស្រាវជ្រាវ​ជំងឺ​មហារីក ជំងឺមហារីក ជា​មូលហេតុ ទី ១ ឬ ទី២ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​មុនអាយុ ពោល​គឺ​ក្នុង​ចន្លោះ ពី ៣០ ទៅ ៦៩​ឆ្នាំ នៅ​ក្នុង​ប្រទេស ១៣៤ នៅក្នុង​ពិភពលោក។

អ្វីដែល​គួរ​ឲ្យ​កត់សំគាល់ គឺ​ចំនួន​អ្នកកើតជំងឺ​មហារីក​ថ្មី នឹងអាច​កើនឡើង ខ្ពស់ រហូត ៨១ភាគរយ ក្នុង​បណ្តាប្រទេស​ក្រីក្រ និង​ប្រទេស​កំពុង​អភិវឌ្ឍ ក្នុង​រង្វង់ ពី ២៩លាន ទៅ ៣៧​លាននាក់ ពីពេលនេះ ដល់​ឆ្នាំ ២០៤០។

តាមការពន្យល់​របស់​អ្នកជំនាញ របស់​អង្គការ​សុខភាព​ពិភពលោក ករណី​អ្នកកើតជម្ងឺ​មហារីក ថ្មី កើនឡើង នៅក្នុង​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប ដោយសារ​ថា រដ្ឋាភិបាល​របស់​ប្រទេស​ទាំងនោះ បាន​ចំណាយ​ធនធាន តិចតួច ទៅលើ​សុខភាព​សាធារណៈ ឬ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង។ មួយវិញទៀត សេវា​សុខភាព​របស់​ប្រទេស​ទាំងនោះ នៅ​មិនទាន់​មាន​បំពាក់​ឧបករណ៍ សម្រាប់​បង្ការ កំណត់រោគសញ្ញា និង​ព្យាបាល​ជំងឺ​មហារីក។

តាមរបាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក នៅក្នុង​បណ្តាប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់ កម្មវិធី​បង្កា កំណត់រោគសញ្ញា​ទាន់ពេលវេលា ហើយ​និង​ការព្យាបាល​ជំងឺ​មហារីក នៅក្នុង​ដំណាក់កាល​ដំបូង បាន​ជួយ​ឲ្យ​គេ​កាត់បន្ថយ អត្រាស្លាប់ ដល់​ទៅ ២០ភាគរយ ចំណែក​នៅ​ប្រទេស​ក្រីក្រ ឬ​ប្រទេស​កំពុង​អភិវឌ្ឍ គេ​អាច​កាត់បន្ថយ អត្រាមរណភាព​ដោយសារ​ជំងឺ​មហារីក បាន​តែ ៥%​ប៉ុណ្ណោះ។

សហការ​គ្នា ដើម្បី​លុបបំបាត់​ចោល អសមភាព​រវាង​ប្រទេស​អ្នកមាន និង​ប្រទេស​អ្នកក្រ នៅក្នុង​យុទ្ធនាការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​មហារីក។ នេះ ជា​ការអំពាវនាវ​ចង់​របស់​អគ្គនាយក​អង្គការ​សុខភាព​ពិភព​លោក ដែល​វាយតម្លៃថា បើសិន​គ្រប់ប្រទេស​ក្នុង​ពិភពលោក​ធ្វើការ​រួមដៃ ទាំងអស់​គ្នា នោះ គេ​នឹង​អាច​ជួយ​សង្រ្គោះជីវិត​មនុស្ស ប្រមាណ ៧លាននាក់ នៅក្នុង​រយៈពេល ១០ឆ្នាំខាងមុខ។ សម្រាប់​ឆ្នាំ ២០១៨ ជំងឺ​មហារីក​បាន​សម្លាប់​មនុស្ស ប្រមាណ ៩,៦លាននាក់ នៅក្នុង​ពិភពលោក។

អង្គការ​សុខភាព ពិភពលោក​បាន​លើកឡើង​ពី​អន្តរាគម​នានា ដែល​ជួយ ឲ្យ​គេ​អាច​បង្ការ​កុំ​ឲ្យ​មាន​ករណី​ជំងឺ​មហារីក​ថ្មី ដូចជា ការប្រយុទ្ធប្រឆាំង​នឹង​ការប្រើ​ថ្នាំជក់ ការចាក់​វាក់សាំង ប្រឆាំង​Hépatite B ដើម្បី បង្ការ​ជំងឺមហារីក​ថ្លើម ឬ​វាក់សាំង ដើម្បី​បង្ការ​ជំងឺមហារីក​ស្បូន​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ