សហភាពអឺរ៉ុបកោះប្រជុំវិសាមញ្ញ ស្តីពីកូរ៉ូណាវីរុស
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បន្ទាប់ពីមានករណីឆ្លងលើពលរដ្ឋអង់គ្លេស៤នាក់ថ្មីទៀត ក្រុងឡុងដ៍ បានប្រកាសចាត់ទុក កូរ៉ូណាវីរុស ថាជាការគំរាមកំហែងសុខភាពសាធារណៈដ៏ធ្ងន់ធ្ងរ និងបន្ទាន់។ ចំណែកនៅសហភាពអឺរ៉ុបវិញ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអឺរ៉ុប បានប្រកាសរៀបចំជំនួបប្រជុំវិសាមញ្ញ នៅថ្ងៃព្រហស្បតិ៍ទី ១៣កុម្ភៈ នៅទីក្រុងព្រុចសែល ដើម្បីពិភាក្សារកវិធានការទប់ស្កាត់ការរាតត្បាតនៃមេរោគកូរ៉ូណាថ្មី លើទឹកដីសហភាពអឺរ៉ុប។
ជំនួបប្រជុំវិសាមញ្ញ ថ្នាក់រដ្ឋមន្ត្រីក្រសួងសុខាភិបាលអឺរ៉ុប ដែលបានការចូលរួមពីសំណាក់តំណាងអង្គការសុខភាពពិភពលោកម្នាក់ផង នឹងជជែករកមធ្យោបាយរួម ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកូរ៉ូណាវីរុស។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ ក្នុងជំនួបជាមួយសមភាគីបារាំង កាលពីថ្ងៃទី ៤កុម្ភៈ បានអំពាវនាវរួចហើយឱ្យអឺរ៉ុប សម្រេចចាត់វិធានការ ថ្នាក់អឺរ៉ុប រឹតបន្តឹងការត្រួតពិនិត្យព្រំដែន និងហាមឃាត់មិនឱ្យចូលនូវរាល់អ្នកដែលមិនមែនជាពលរដ្ឋរស់នៅលើទឹកដីអឺរ៉ុប ធ្វើដំណើរមកចិន។ ជាវិធានការដែលសហរដ្ឋអាមេរិកបានអនុវត្តធ្វើហើយ តែអឺរ៉ុបចាំបាច់ត្រូវជួបពិគ្រោះជាមួយសមាជិកសហភាពសិន។ នៅថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីសុខាភិបាលអឺរ៉ុប ក៏នឹងត្រូវផ្តោះប្តូរយោបល់ និងពិភាក្សាគ្នាផងដែរ រកដំណោះស្រាយ ដើម្បីបញ្ចៀសកុំឱ្យមានការរាតត្បាតនៃកូរ៉ូណាវីរុសលើទឹកដីអឺរ៉ុប។
សូមបញ្ជាក់ថា កូរ៉ូណាវីរុសបានសម្លាប់ជីវិតមនុស្ស ៩០៩នាក់ និងបានចម្លងលើមនុស្សជាងបួនម៉ឺននាក់ នៅក្នុងប្រទេសចិន។ នៅអឺរ៉ុប មានការឆ្លងមេរោគកូរ៉ូណាថ្មីចំនួន ៣៣ករណី ក្នុងនោះ១៤ករណីនៅក្នុងប្រទេសអាល្លឺម៉ង់ និង១១នាក់នៅក្នុងប្រទេសបារាំង។
អង់គ្លេស ដែលទើបចាកចេញពីអឺរ៉ុប មានករណីឆ្លងកូរ៉ូណាវីរុសឡើងសរុប ៨នាក់។ នៅថ្ងៃចន្ទទី១០កុម្ភៈ ក្រោយពីទទួលដំណឹងថាមានករណីឆ្លងមេរោគកូរ៉ូណា បួនករណីបន្ថែមទៀតភ្លាម ក្រុងឡុងដ៍បានដំឡើងសំឡេង រឹតបន្តឹងវិធានការ ប្រកាសចាត់ទុកកូរ៉ូណាវីរុស ជាការគំរាមកំហែងសុខភាពសាធារណៈបន្ទាន់ និងយ៉ាងធ្ងន់ធ្ងរ។
សេចក្តីសម្រេចរបស់អង់គ្លេស និងសេចក្តីប្រកាសបើកប្រជុំរបស់សហភាពអឺរ៉ុប ធ្លាក់មកជួនចំពេលដែលអង្គការសុខភាពពិភពលោក បានសម្តែងក្តីព្រួយបារម្ភ អំពីករណីឆ្លងវីរុសកូរ៉ូណា នៅក្រៅទឹកដីចិន និងលើអ្នកដែលមិនបានធ្វើដំណើរទៅប្រទេសចិន។ អង្គការក៏បានបានអំពាវនាវឱ្យគ្រប់ប្រទេសរិះរកមធ្យោបាយ និងយុទ្ធសាស្ត្រ បិទខ្ទប់ យ៉ាងណាកុំឱ្យវីរុសកូរ៉ូណាចូលទៅរាតត្បាតក្នុងប្រទេសរបស់ខ្លួនបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ