អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រុស្ស៊ី ​​បិទព្រំដែនខ្លួន ​សម្រាប់​ពលរដ្ឋចិន​ ចាប់ពីថ្ងៃ​២០កុម្ភៈមក

សំឡេង ០៦:៣៦
លោក​ប្រធានាធិបតីរុស្ស៊ី  Vladimir Poutine  នៅ Moscou ក្នុងខែ​​កុម្ភៈ២០២០។
លោក​ប្រធានាធិបតីរុស្ស៊ី Vladimir Poutine នៅ Moscou ក្នុងខែ​​កុម្ភៈ២០២០។ Sputnik/Aleksey Nikolskyi/Kremlin via REUTERS
ដោយ៖ កែវ ឆាយា
៣៤ នាទី

ស្របនឹងអនុក្រឹត្យ ចុះហត្ថលេខាដោយ ប្រមុខរដ្ឋាភិបាល ក្នុងគោលដៅបង្ការទល់នឹងការឆ្លង នៃ មេរោគ កូរ៉ូណាវីរុស រុស្ស៊ីចាប់ពីថ្ងៃ២០កុម្ភៈមក បិទព្រំដែនខ្លួន ដោយឥតកំណត់ពេល សម្រាប់ការធ្វើ ដំណើរចូលមកក្នុងដែនដីរុស្ស៊ី នៃ គ្រប់ពលរដ្ឋប្រទេសចិនដោយមិនអាស្រ័យ តាមទិដ្ឋាការជា ទេសចរ ជានិស្សិត ជាសហគ្រិន និង ជាកម្មករឡើយ។ ប៉ុន្តែក្រឹត្យនោះ ឥតប៉ះលើ ការធ្វើដំណើរនៃពលរដ្ឋចិន ឆ្លង កាត់ តាមអាកាសយានដ្ឋានរុស្ស៊ីឡើយ។ មកទល់ឥឡូវ ក្នុងមួយឆ្នាំៗ មានអ្នកទេសចរចិន ប្រមាណ ១លាន ៥ សែន នាក់ តែងមកទស្សនាប្រទេសរុស្ស៊ី។ ដោយឡែក ពលករចិន រាប់ម៉ឺននាក់ រមែងមកកាន់ ប្រទេសរុស្ស៊ី ដើម្បីជាប់ដៃរវល់ក្នុង វិស័យកសិកម្ម លក់ដូរទំនិញនៅតាមទីផ្សាររុស្ស៊ី និងថែមទាំងធ្វើការខាង សាងសង់ មេត្រូនៅ ក្រុង ម៉ូស្គូ ទៅផង។ តើអវត្តមាន នៃជនជាតិចិនទាំងនោះ អាចជះចំហាយយ៉ាងណា ដែរ មកលើសេដ្ឋកិច្ចរុស្ស៊ី? 

ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋចិន ធ្វើដំណើរចូលមកប្រកបការងារនៅរុស្ស៊ី គឺទៅតាម កូតា ដែល រំលែកដោយ ក្រសួង ការងាររុស្ស៊ី។ សម្រាប់ឆ្នាំ ២០២០  កូតាដែលរំលែកនោះ គឺសម្រាប់ពលករចិនមក ធ្វើការស៊ីឈ្នួល នៅរុស្ស៊ី ក្នុងចំនួន ៣ ម៉ឺន ៣ ពាន់ នាក់ ដែលភាគច្រើនគឺធ្វើការនៅឯតំបន់ចុងបូព៌ា​រុស្ស៊ី ស្ថិតនៅជិតនឹង ប្រទេស ចិន។ ពីក្នុងនោះ ១ម៉ឺន ៤.០០០ នាក់ ជាប់ដៃរវល់ខាងសំណង់ ដោយធ្វើជា ជាងបាយអ ជាងលាយបេតុង ជាង បូកម្នាងសិលា។ ប្រមាណ ៣.៣០០ នាក់ ធ្វើការ ក្នុងវិស័យពាណិជ្ជកម្ម ៖ ធ្វើជា ភ្នាក់ងារ ជំនួញ ជា អ្នកលក់ និងជា បេឡាធិការ។

ប្រមាណ ៥% នៃអ្នកដែលត្រូវបានអនុញ្ញាតឲ្យមកធ្វើការនៅរុស្ស៊ី គឺ ជាប់ដៃរវល់ក្នុងវិស័យកសិកម្ម ជា អ្នកបើកត្រាក់ទ័រ អ្នកដាំបន្លែ ក្សេត្រវិទូ។

ប្រមាណ ១.៥០០ នាក់ដែរ ធ្វើជា ចុងភៅ និង ជាអ្នករត់តុបម្រើភ្ញៀវក្នុងភោជនីយដ្ឋាន ត្រូវបានអញ្ជើញ ឲ្យមកធ្វើការនៅរុស្ស៊ី  គឺ អ្នកចាប់សរសៃ ៧៣ នាក់ និង គ្រូពេទ្យ ៣៥ នាក់ ។

តាមធម្មតា ទៅទល់ចុងឆ្នាំ ចំនួនកូតា តែងកើនឡើង ។ ឧទាហរណ៍ ជាតុល្យការឆ្នាំ ២០១៩ ក្រុមហ៊ុន នានា នៅរុស្ស៊ី បានទទួលសិទ្ធិ ដើម្បីជួលកម្មករចិន ដល់ ៥ ម៉ឺននាក់។ ក្នុងឆ្នាំនេះ ផែនការខាងជួលកម្មករ ចិន អាចរំខាន ដោយការឆ្លងនៃ មេរោគ កូរ៉ូណាវីរុស ដែលមានប្រភពក្នុងប្រទេសចិន និង រំខានដោយ បម្រាមរដ្ឋាភិបាលរុស្ស៊ី ហាមមិនឲ្យពលរដ្ឋចិន ចូលប្រទេសរុស្ស៊ី។

វិស័យកសិកម្ម ៖ ជាតិអ៊ូសបេក និងតាហ្ស៊ីក អាចជំនួសជាតិចិនឬ?

ពួកអ្នករកស៊ី នៅរុស្ស៊ី ចាប់ធុំក្លិនទៅហើយ ផលប៉ះពាល់បណ្តាលមកពី កូរ៉ូណាវីរុស ។ ជាក់ស្តែង នៅក្រុង ម៉ូស្កូ ភោជនីយដ្ឋាចិន បាននាំគ្នាបិទឈប់ដំណើរការជាបន្តបន្ទាប់ ។ ចំណែក វិស័យកសិកម្មរុស្ស៊ី កំពុង ត្រៀមខ្លួន សម្រាប់ ការចាកចេញទៅនៃ ការីការិនីចិន។  

ក្រុមហ៊ុនចិនធំៗខ្លួនឯងផ្ទាល់ តាំងពីមុនរដ្ឋាភិបាលរុស្ស៊ី ចេញបម្រាមនោះម៉្លេះ បានចាប់ផ្តើមទៅហើយ នីតិវិធី បង្ខាំងសហការីខ្លួនណា ដែលត្រឡប់មកពីប្រទេសចិនវិញ ឲ្យនៅដាច់ដោយឡែក ក្នុងរយៈពេល ២ សប្តាហ៍ ដើម្បីសន្និដ្ឋាន បើ ខ្លួនប្រាណគេឆ្លងដោយមេរោគ កូរ៉ូណារីរុស  នោះ ក្នុងរយៈពេលនេះ មេរោគ កូរ៉ូណាវីរុស នឹងបង្កជាជំងឺរលាកសួតប្រភេទថ្មី មែន។

បម្រាមហាមមិនឲ្យពលរដ្ឋចិនប្រជាមានិត ចូលប្រទេសរុស្ស៊ី អាចជះឥទ្ធិពលលើ វិស័យកសិ-ឧស្សាហកម្ម តំបន់ចុងបូព៌ារុស្ស៊ី ។ នៅទីនោះ ជនជាតិចិន វត្តមាន ក្នុងឋានៈ ជា អ្នកជួលដីធ្វើកសិកម្ម និងជា អ្នកស៊ីឈ្នួល ឲ្យម្ចាស់កសិដ្ឋានរុស្ស៊ី។

គិតត្រឹមឆមាសទី២ ឆ្នាំ ២០១៩ ពួកសហគ្រិនចិន និង ជនជាតិចិន ដែលចូលសញ្ជាតិជាពលរដ្ឋរុស្ស៊ី ទៅហើយ បានតាំងការត្រួតត្រាលើ ដី ទំហំ ៣៥០.០០០ ហិកតា ដែលសម្រាប់ដាំដុះដំណាំ។ ជាការ ប្រៀបធៀប ក្នុងឆ្នាំ ២០១៩ នៅតាមខេត្តរុស្ស៊ី ៥ តំបន់ចុងបូព៌ា ជាប់នឹងប្រទេសចិន មានសាបព្រោះលើ ផ្ទៃដី ដល់ទៅ ២លាន២សែនហិកតា។ ធ្វើការ នៅតាមកសិដ្ឋានចិន គឺ ទាំងជាតិចិន ទាំងជាតិរុស្ស៊ី។ ពួក ម្ចាស់កសិដ្ឋានរុស្ស៊ី ក៏ជួល កម្លាំងពលករចិនដែរ ក្រោមលេសថា នៅស្រុកស្រែ មាននៅសល់តិចណាស់ អ្នកជំនាញជាតិរុស្ស៊ីផ្ទាល់ ដែលមិននិយមសុរា ។ បើពលករចិន ស្រាប់តែចាកចេញទៅ នោះតាមសម្តីពួក ម្ចាស់កសិដ្ឋានរុស្ស៊ី គឺ គេគ្រោងស្វែងរក ការីការិនី ពីប្រទេសតំបន់អាស៊ីកណ្តាល បែបយ៉ាងពី អ៊ូសបេកគីស្ថាន និង តាហ្ស៊ីគីស្ថាន ។

ជាងសំណង់ចិន ក្នុងមេត្រូម៉ូស្គូ

បច្ចុប្បន្ន មានកម្មករចិន ធ្វើការ នៅការដ្ឋានសង់ស្ថានីយថ្មី ៣ កន្លែងនៃ មេត្រូម៉ូស្គូ។ នៅរុស្ស៊ី កម្មករចិន ក៏ ជាប់ដៃយ៉ាងសកម្មក្នុង វិស័យសំណង់។ ជាញឹកញយ គេធ្វើការខាងសង់អគារខ្ពស់ៗ -នេះ បើតាមការឲ្យ ដឹង នៃ មន្ទីរចម្រុះពាណិជ្ជកម្ម​និងឧស្សាហកម្ម ខាងផ្នែកសំណង់។  អគារខ្ពស់ៗ ក្នុង ប្រទេសរុស្ស៊ី ច្រើនតែ សង់ឡើង នៅក្រុងម៉ូស្គូ និង Saint-Petersbourg ។ បម្រាមរដ្ឋាភិបាល អាចនាំឲ្យ អូសបន្លាយទៅ  ការ សាងសង់ ប៉ុន្តែ ជាទូទៅ នៅទីផ្សារសំណង់ ការនេះមិនមានឥទ្ធិពលធំដុំទេ។ ដ្បិត កម្មករចិន អាចជំនួស ដោយកម្មករមកពីប្រទេសឯទៀត ជាពិសេសដោយ កម្មករជាតិ តួកគី។ ប៉ុន្តែនៅ ទីផ្សារសំណង់រុស្ស៊ី ធ្វើការ មិនគ្រាន់តែកម្មករដាច់ៗដោយឡែកទេ តែក៏ទាំង បណ្តាក្រុមហ៊ុនទៅផង។

ភោជនីយដ្ឋាន . មានអ្នកធ្វើការ ប៉ុន្តែ ចំនួនភ្ញៀវ កាន់តែធ្លាក់ចុះទៅ

តាមការឲ្យដឹងនៃ សមាគមពាណិជ្ជកម្មរុស្ស៊ី-ចិន ៖ ពលរដ្ឋមកពីចិនប្រជាមានិត ច្រើនតែរកការបានធ្វើ នៅ តាមភោជនីយដ្ឋាចិន ប៉ុន្តែ ភោជនីយដ្ឋានចិន ចេះតែបិទទ្វារជាបន្តបន្ទាប់ ដោយមកពីមិនសូវមានភ្ញៀវ។ សូម្បីតែ ជនជាតិចិន ដែលរស់នៅក្រុងម៉ូស្គូ ក៏ចេះតែចៀសវាងមិនចូលភោជនីយដ្ឋានជាតិខ្លួនទេ ពីព្រោះ គេខ្លាច មានភ្ញៀវជាតិខ្លួន ដែលទើបត្រឡប់មកពីស្រុកចិន ក្រែងពាំជាប់ដោយមេរោគ កូរ៉ូណាវីរុស ម៉្លោះហើយ បានជា សម្រាប់គេ សុខភាព គឺថ្លៃជាង។

តាមទិន្នន័យ ស្ថាប័នសន្តិសុខរុស្ស៊ី  FSB ខាងត្រួតពិនិត្យលើ ច្រកចេញចូលប្រទេសរុស្ស៊ី

ក្នុងឆ្នាំ ២០១៩ មានពលរដ្ឋចិន ធ្វើដំណើរចូលប្រទេសរុស្ស៊ី ជា ទេសចរ  គឺ ជិត ១,៥ លាននាក់ , ជា Businessmen  គឺ ៣ សែន ៣ ម៉ឺន នាក់ , តាមរថយន្ដផ្ទាល់ខ្លួន ១ សែន ៩ ម៉ឺននាក់, តាមទិដ្ឋាការ ឯកជន ១សែន ៥ពាន់នាក់, តាមទិដ្ឋាការការងារ ៩ ម៉ឺន ៣ ពាន់ នាក់, តាមទិដ្ឋាការនិស្សិត ៥ ម៉ឺន ២ ពាន់ នាក់ , ឆ្លងកាត់ប្រទេសរុស្ស៊ី គឺ ២.០០០ នាក់។ ទាក់ទាញអារម្មណ៍ពលរដ្ឋចិន គឺ ក្រុងម៉ូស្គូ និង ក្រុង Saint-Petersbourg  ជាទីដែលគេ និយមទិញ វត្ថុប្រណិតៗ ដែលថ្លៃៗ។ ទាំងក្រុងរុស្ស៊ីនានានៅតំបន់ចុងបូព៏ា ក៏អាស្រ័យនឹង ទេសចរចិនដែរ។

ក្រុមហ៊ុនណា ដែលធ្វើការក្នុងវិស័យទេសចរណ៍ កំពុងរងទទួលការបាត់បង់។ ជនជាតិចិន  មានទំហំ ដល់ ៣០% នៃ ទីផ្សារទេសចរណ៍រុស្ស៊ី ហើយគ្រាន់តែ ក្នុងប៉ុន្មានថ្ងៃនេះ  ការបាត់បង់របស់ភាគីរុស្ស៊ី ដោយមកពី មេរោគ កូរ៉ូណាវីរុស គឺ ម្តុំ ៣០ លាន ដុល្លារ ទៅហើយ - តួលេខនេះ ចេញដោយ សមាគម ក្រុមហ៊ុន ទេសចរណ៍ ក្រោមឈ្មោះថា” ពិភពលោកគ្មានព្រំដែន”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ