អានតួអត្ថបទ
កូរ៉ូណាវីរុស-បារាំង

បារាំង ប្រកាស​ឈាន​ចូល​ដល់​ដំណាក់កាល​រីករាលដាល នៃ​ជំងឺ​កូវីត-១៩

កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ ស្តី​ពី​វិបត្តិ​Covid-១៩ ដឹកនាំ ដោយ​ប្រធានាធិបតី​បារាំង នៅ​ក្រុង​ប៉ារីស ថ្ងៃទី ២៩​កុម្ភៈ ២០២០
កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ ស្តី​ពី​វិបត្តិ​Covid-១៩ ដឹកនាំ ដោយ​ប្រធានាធិបតី​បារាំង នៅ​ក្រុង​ប៉ារីស ថ្ងៃទី ២៩​កុម្ភៈ ២០២០ © Reuters
ដោយ៖ អៀង សុខម៉ិញ
១៨ នាទី

ជំងឺ Covid-១៩ ឬ​ មេរោគកូរ៉ូណាថ្មី ​កំពុង​​​បង្កើន​ល្បឿនឆ្លង​​នៅ​លើ​ពិភពលោក ជាពិសេស​នៅក្នុង​ប្រទេស​កូរ៉េខាង​ត្បូង និង​អ៊ីរ៉ង់។ នៅ​ក្នុង​ប្រទេស​បារាំង ចំនួន​អ្នក​ឆ្លង​ថ្មី ក៏​ចាប់​កើន​ឡើង​ដែរ​។ គិត​ត្រឹម​រសៀល​ថ្ងៃ​សៅរ៍​ វេលា​ម៉ោង ២ បារាំង​រាប់​ឃើញ​មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណាថ្មី ចំនួន ៧៣ករណី។ រដ្ឋាភិបាល​បាន​ប្រកាស​ថា​ករណី​ឆ្លង​​កម្រិតកូរ៉ូណាវីរុស បាន​ឈាន​ដល់​កម្រិតទី​២​នៅ​​​ថ្ងៃសុក្រ ទី២៨ កុម្ភៈ។ ​ក្រោយ​កិច្ចប្រជុំ​​វិសាមញ្ញ​ស្តីពី​វិបត្តិ Covid-១៩ បារាំង​សម្រេច​លុប​ចោល​រាល់​កម្មវិធី​ ដែល​មាន​ការ​ប្រមូល​​ផ្តុំ​មនុស្ស​លើស​ពី​៥ពាន់​នាក់។

ផ្សាយពាណិជ្ជកម្ម

ដើម្បី​​វាយ​តម្លៃ​អំពី​ស្ថានភាព​នៃ​ការរាតត្បាត​របស់​មេរោគ​កូរ៉ូណាវីរុស​ថ្មី​លើ​ទឹកដី លោក ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង​ បាន​ដឹកនាំបើក​​កិច្ចប្រជុំវិសាមញ្ញពីរ ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ទី​២៩​កុម្ភៈ​​នេះ គឺ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ការពារ​ជាតិ និង​​កិច្ចប្រជុំ​ក្រុម​ប្រឹក្សាគណៈ​​រដ្ឋមន្ត្រី​។ ​ជំនួប​ប្រជុំ​ពិសេស​នេះ ជា​ឱកាស​នៃ​ការ​សម្រេច​ចិត្ត​ និង​ចេញ​វិធានការ​​សំខាន់​ៗ ដើម្បី​បញ្ចៀស​​និង​​ទប់​ស្កាត់កុំ​ឱ្យ​មេរោគ​បន្ត​រីករាលដាល​ ទៅ​ជា​ការ​រាតត្បាត​ទាន់ ព្រោះតាំង​ល្ងាច​ថ្ងៃសុក្រ​ទី ២៨​កុម្ភៈ ​ បារាំង​បានបោះ​ជំហាន​ចូល​ដល់​​ដំណាក់កាល​ថ្មី​មួយទៀត គឺ​កម្រិតទីពីរ​​​នៃ​ការ​ប្រឈម​នឹង​ជំងឺ​កូវីត-១៩ ក្រោយ​ពី​​​​រក​ឃើញ​មាន​អ្នក​ឆ្លង​ថ្មីបន្ថែម​ទៀត​ចំនួន ១៩​នាក់​ ។

បារាំង មាន​ផែនការប្រយុទ្ធ​ប្រឆាំង​នឹង​កូវីត​-១៩ ​​​ដែល​ចែក​ជា​​បី​កម្រិត ៖

កម្រិត​​ទី​១​ គឺ​ដំណើរ​មក​ដល់​នៃវីរុស​លើ​ទឹកដី​បារាំង។ នៅ​ដំណាក់កាលនេះ ​វីរុស​មិន​ទាន់ធ្វើ​ការ​​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទូទៅ​ទេ។

កម្រិត​ទី២ ​ជា​​ដំណាក់​កាល ដែល​វីរុស​ចាប់​រីករាលដាល និង​ចម្លង​។ បារាំង​បាន​ឈាន​ចូល​​ដល់​ដំណាក់កាលទីពីរ​នេះ​តាំង​ពី​ល្ងាច​ថ្ងៃសុក្រ​ទី ២៨​កុម្ភៈ។ មាន​ន័យ​ថា មេរោគ​ មាន​លេច​ចេញឆ្លង​លើ​មនុស្ស​ជា​ក្រុមៗ ដោយ​ដុបៗ ​នៅ​តាម​តំបន់ៗ​ផ្សេង​ ក្នុង​ផ្ទៃ​ប្រទេស​។ ក្នុង​ដំណាក់កាល​នេះ រដ្ឋាភិបាល​អាច​​ចេញ​សម្រេច​ចិត្តធំៗ​​សំខាន់ៗ​ ដើម្បី​ពន្យឺត​ការ​រាលដាល​នៃCovid-១៩ ដូច​ជា​ សម្រេច​ឱ្យ​បិទ​សាលាមតេយ្យ សាលារៀន ​ស្ថាប័ន​ទទួល​ក្មេង​មិន​ទាន់​ពេញ​វ័យ នៅ​ទូទាំង​ស្រុក-ខេត្ត​ ទូទាំង​តំបន់ ឬអាច​ទូទាំង​ប្រទេស​ផង។ អាជ្ញាធរ​អាច​នឹង​ប្រកាស​ហាមឃាត់​មិន​ឱ្យ​ទៅ​សួរ​សុខទុក្ខ​មនុស្ស​ចាស់​នៅ​តាម​មណ្ឌល​ចាស់​ជរា​ ព្រោះមនុស្ស​ចាស់​ចាប់​ពីអាយុ​៧០​ឆ្នាំ​ ឬ​អ្នក​មាន​​ជំងឺ​ទឹកនោម​ផ្អែម​ឬ​ជំងឺលើសឈាម ជា​ជន​​ងាយ​រងគ្រោះ​ឆ្លង​កូរ៉ូណាវីរុសថ្មី​ជាងគេ។

ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ដំណាក់កាលនេះ ក៏​មាន​ភ្ជាប់​ទៅ​ដោយគម្រោង​​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​​កម្រិត​ការ​ធ្វើ​ដំណើរ​ដែល​មិន​ចាំបាច់ ផ្អាក​ការ​ធ្វើ​ដំណើរ​តាមមធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ និងចេញ​សេចក្តី​ណែនាំ​​មិន​ឱ្យ​មាន​ការជួប​ជុំ​ផ្តុំ​គ្នា​ច្រើន (ទៅ​​មើល​កុន-ល្ខោន មើល​ការ​ប្រកួត​កីឡាផ្សេងៗ ទៅ​មើល​ពិព័រណ៍​ ការ​តាំងតុ ...)

កម្រិត​ទី​បី ​ជា​ដំណាក់កាល​នៃ​ការ​រាតត្បាត​របស់​វីរុស ដែល​មាន​​កម្រិត​ចម្លង​ខ្ពស់​បំផុត ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ ជា​ទូទៅ។ ដំណាក់កាល​នេះ អាច​អូស​បន្លាយ​ពេលវេលា​ពី​៨ ទៅ​១២​សប្តាហ៍។ ចំនួន​អ្នក​ឆ្លង​មេរោគ​នឹង​កើន​ឡើង​ខ្លាំង​និង​លឿន​បំផុត​នៅ​សប្តាហ៍​ដំបូងៗ។ បើ​ឈាន​ដល់​ដំណាក់កាល​នេះ អាទិភាព​ចំបង​​របស់​អាជ្ញាធរ គឺ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​​ការ​​​រាតត្បាត​មាន​សន្ទុះ​ខ្លាំងពេក និង​ត្រូវ​ប្រមូល​ផ្តុំ​បន្ថែម​កម្លាំង​ក្នុង​វិស័យ​សុខាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ