អានតួអត្ថបទ
តួកគី-អឺរ៉ុប

ក្រុមជនភៀសខ្លួនកំពុងសម្រុកចេញពីតួកគីទៅកាន់ព្រំដែនក្រិកក្នុងគោលដៅចូលអឺរ៉ុប

មានជនភៀសខ្លួនសរុបប្រមាណ ១៥ ០០០នាក់កំពុងប្រមូលផ្តុំនៅតាមបណ្តោយព្រំដែនតួកគី ក្រិច ថ្ងៃទី២៩ កុម្ភៈ ២០២០
មានជនភៀសខ្លួនសរុបប្រមាណ ១៥ ០០០នាក់កំពុងប្រមូលផ្តុំនៅតាមបណ្តោយព្រំដែនតួកគី ក្រិច ថ្ងៃទី២៩ កុម្ភៈ ២០២០ BULENT KILIC / AFP
១៤ នាទី

នៅ​ថ្ងៃ​អាទិត្យ ទី១ មីនា មាន​ជនភៀសខ្លួន​យ៉ាង​តិច ២ ០០០នាក់​ថែម​ទៀត​បាន​ទៅ​ដល់​ព្រំដែន​នៃ​ប្រទេស​ក្រិក​ដើម្បី​ព្យាយាម​ចូល​ក្នុង​ទឹកដី​អឺរ៉ុប។ ព្រឹត្តិការណ៍​មួយ​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​ប្រកាស​បើក​ទ្វារ​ជំរំ​ជនភៀសខ្លួន​នៅ​តួកគី។ មូលហេតុ​ដែល​បាន​ជំរុញ​ឲ្យ​មនុស្សខ្លាំង​តួកគី​ឲ្យ​ធ្វើ​ដូច​នេះ មក​ពី​លោក​អ៊ែរដូហ្កាន​មិន​សប្បាយ​ចិត្ត​នឹង​អឺរ៉ុប​ដែល​មិន​បាន​គាំទ្រ​ចំណាត់ការ​របស់​លោក​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ផ្សាយពាណិជ្ជកម្ម

គឺ​ជា​ឱកាស​មួយ​ដែល​ជនភៀសខ្លួន​ស្ថិត​ក្នុង​ជំរំ​តួកគី​បាន​រង់ចាំ​ជា​យូរ​មក​ហើយ មិន​ថា​ជា​ជនជាតិ​ស៊ីរី អាហ្វហ្កានីស្ថាន ឬ​អ៊ីរ៉ាក់​ទេ។ ក្នុង​ចំណោម​ជនភៀសខ្លួន​ដែល​កំពុង​បន្ត​សម្រុក​ទៅ​កាន់​ព្រំដែន​រវាង​តួកគី និង​ក្រិក​មាន​ប្រុស ស្រី និង​កូនក្មេង។ គ្រាន់​តែ​នៅ​ថ្ងៃ​អាទិត្យ ទី១ មីនា មាន​ជនភៀសខ្លួន​ចំនួន ២ ០០០នាក់​ថែម​ទៀត​បាន​ទៅ​ដល់​ព្រំដែន​ប្រទេស​ក្រិក។ តាម​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ មាន​ជនភៀសខ្លួន​សរុប​ប្រមាណ ១៥ ០០០នាក់​កំពុង​ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​បណ្តោយ​ព្រំដែន​តួកគី ក្រិក​ពេល​នេះ។ បើ​តាម​រដ្ឋាភិបាល​ទីក្រុង​អាថែន មាន​ជនភៀសខ្លួន​ប្រមាណ ១០ ០០០នាក់​ក្នុង​ចំណោម​ ១៥ ០០០នាក់​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូល​ទឹកដី​ក្រិក​ទេ។

តាំង​ពី​ថ្ងៃ​សៅរ៍​ឆ្លង​ចូល​ថ្ងៃ​អាទិត្យ ទី១ មីនា អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​បាន​តាម​មើល​ដំណើរ​ចាកចេញ​របស់​ជនភៀសខ្លួន​ពី​តួកគី​ទៅ​កាន់​ព្រំដែន​ក្រិក និង​បាន​ចែកចាយ​ជំនួយ​ជា​ចំណី អាហារ រួម​ទាំង​ផលិតផល​ចាំ​បាច់​មួយ​ចំនួន​ដល់​ពួក​គេ។ អ្វី​ដែល​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​កំពុង​បារម្ភ​ពេល​នេះ គឺ​ភាព​ងាយ​រងគ្រោះ​របស់​ជនភៀសខ្លួន​មួយ​ចំនួន​នៅ​ចំពោះ​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​ពេល​នេះ។ គួរ​រម្លឹក​ថា ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​បាន​សម្រេច​បើក​ទ្វារ​ជំរំ​ជនភៀសខ្លួន​ជាមួយ​អឺរ៉ុប​នា​ថ្ងៃ​សុក្រ ទី២៨ កុម្ភៈ។ ការ​សម្រេចចិត្ត​យ៉ាង​ដូច​នេះ​របស់​លោក​អ៊ែរដូហ្កាន​ដោយសារ​តែ​លោក​មិន​សប្បាយចិត្ត​នឹង​អឺរ៉ុប​ដែល​មិន​បាន​ជួយ​គាំទ្រ​វិធានការ​របស់​តួកគី​នៅ​ស៊ីរី។

ខណៈ​នេះ សហភាពអឺរ៉ុប​បាន​ត្រឹម​សម្តែង​ក្តីកង្វល់ និង​បញ្ជាក់​ពី​ការ​ត្រៀម​ខ្លួន​ផ្តល់​ជំនួយ​បន្ថែម​ឲ្យ​ប្រទេស​ក្រិក និង​ប៊ុលហ្ការី​ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​តួកគី។ គួរ​រម្លឹក​ថា​ក្នុង​ឆ្នាំ ២០១៥ ក្រិក​បាន​ក្លាយ​ជា​ច្រកចូល​អឺរ៉ុប​សំខាន់​របស់​ជនអន្តោប្រវេសន៍​ជា​ច្រើន​ពាន់​នាក់ ពិសេស​ជនជាតិ​ស៊ីរី​ដែល​រត់​គេច​ពី​សង្រ្គាមស៊ីវិល។ បន្ទាប់​មក​ក្នុង​ឆ្នាំ ២០១៦ សហភាព​អឺរ៉ុប និង​តួកគី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដោយ​តួកគី​សន្យា​ទប់ស្កាត់​នឹង​លំហូរ​អន្តោប្រវេសន៍​ខុស​ច្បាប់​ចូល​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ