អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អឺរ៉ុបពង្រឹងព្រំដែន និងបរិហារតួកគីដែលយកជនភៀសខ្លួនមកធ្វើជាថ្នូរនយោបាយ

សំឡេង ០៥:៤១
ជន​អន្តោប្រវេសន៍​នៅ​ច្រក​ព្រំដែន​តួកគីក្រិក
ជន​អន្តោប្រវេសន៍​នៅ​ច្រក​ព្រំដែន​តួកគីក្រិក REUTERS/Huseyin Aldemir
ដោយ៖ អៀង សុខម៉ិញ
២៩ នាទី

ប្រធានាធិបតី​តួកគី លោក អ៊ែរដូហ្កាន បាន​អះអាង​នៅ​ថ្ងៃពុធ​ទី ៤​មីនា​ថា ​វិបត្តិ​ជន​ភៀសខ្លួន​ អាច​មាន​ដំណោះស្រាយដរាប​ណា​តែ​សហភាព​អឺរ៉ុប​ព្រម​គាំទ្រ​នយោបាយ​របស់​តួកគី នៅ​ស៊ីរី។ តែ​អឺរ៉ុប​បានឆ្លើយ​បដិសេធ​ យ៉ាង​ដាច់​អហង្កាចំពោះ​​សំណើ​បែប​ដោះដូរនយោបាយ​នេះ។ ទន្ទឹម​នឹង​ការ​​​​ដំឡើង​សរសៃក​ដាក់​គ្នា​រវាង​អឺរ៉ុប​និង​តួកគី លោក​អ៊ែរដូហ្កាន​ ត្រូវ​មាន​ជំនួប​​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​មីនា នៅទីក្រុង​ម៉ូស្គូ ដើម្បី​ជជែក​អំពី​វិបត្តិ​ស៊ីរី​តែមួយ​ដដែល​នេះ។

ផ្សាយពាណិជ្ជកម្ម

ប្រឈម​នឹង​វិបត្តិ​អន្តោប្រវេសន៍​​ដែល​កំពុង​សម្រុក​ចូល​អឺរ៉ុប​តាម​ច្រក​ប្រទេស​ក្រិក ក្រោយ​ពី ​តួកគី​បាន​បើ​ក​ទ្វារ​ឱ្យ​ជនភៀស​ខ្លួនស៊ីរី​​រត់​ទៅអឺរ៉ុប​ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃសហភាព​​អឺរ៉ុប ទាំង​២៧​ប្រទេស​ជា​សមាជិក​ បាន​ជួប​ប្រជុំ​គ្នា​ជា​បន្ទាន់​នៅ​ល្ងាច​ថ្ងៃពុធ​ទី ៤​មីនា​ម្សិលមិញ ដោយ​ផ្តល់អាទិភាព​ចំបង​ទៅ​ការ​ការពារ​សន្តិសុខ​ព្រំដែន​អឺរ៉ុប​ មុន​ការ​គិត​គូរអំពី​ជីវិត​របស់​ជន​អន្តោប្រវេសន៍​​ផ្ទាល់​។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អឺរ៉ុប បាន​ព្រមាន​ថា អឺរ៉ុបនឹង​មិន​អនុគ្រោះដល់​​ជន​ណា​ដែល​ហ៊ាន​ឆ្លង​ព្រំដែន​ដោយ​ខុស​ច្បាប់​ទេ។

ទាំង​២៧​ប្រទេស​ បានប្រកាស​ត្រៀម​ពង្រឹង​ជំនួយការពារ​ព្រំដែន​នៅ​ក្រិក​ ក្នុង​ក្របខ័ណ្ឌ​​​អន្តរាគមន៍​រហ័ស ​Frontex។ គណៈកម្មការ​​អឺរ៉ុប​បានសន្យា​​ទម្លាយ​ថវិកា​៧០០​លាន​អឺរ៉ូ សម្រាប់​ចាត់​ចែង​វិបត្តិ​អន្តោប្រវេសន៍ ដើម្បី​កុំ​ឱ្យ​អឺរ៉ុប​ជួប​វិបត្តិ​ដូច​ឆ្នាំ​២០១៥​ទៀត។

ថ្វីបើ​អឺរ៉ុប​ទាំង​២៧​គាំទ្រ​ទាំង​ស្រុង​សេចក្តីសម្រេច​របស់​រដ្ឋាភិបាល​ក្រិក​ផ្អាក​​ទទួល​ពាក្យ​សុំ​សិទ្ធ​ជ្រក​កោនមួយ​ខែ​មែន តែ​​សហភាព​អឺរ៉ុប​​មិន​សូវ​ត្រូវ​គ្នា​ទេ អំពី​ការ​ទទួល​យក​ជន​អន្តោប្រវេសន៍​លើ​កោះ​ក្រិក​ ជាពិសេស​ក្មេង​និ​ងកុមារ​គ្មាន​អាណាព្យាបាល​។ លុចសំបួ​ព្រមទទួល​យក​១០​នាក់ បារាំង​ថា​ខ្លួន​ធ្លាប់​បានសន្យា​​ទទួល​​យក​៤០០​នាក់រួច​ហើយ​។ ស្វ៊ីស​និង​អាល្លឺម៉ង់​ មិន​បដិសេធ​នឹង​ទទួល​យក​ក្មេង​ខ្លះ​ដែរ​។ ហ្វាំងឡង់​១៧៥​នាក់ អូទ្រិស​ច្រាន​ចោល​ដាច់​ខាត​គំនិត​ចង់​ទទួល​ជនភៀស​ខ្លួន​ថ្មី។

ចំពោះ​ទំនាក់ទំនង​ជាមួយ​តួកគី ​អឺរ៉ុប​ទទួល​ស្គាល់​ថាទង្វើ​ល្អ​របស់​តួកគីដែល​ព្រម​​ទទួល​ឃុំ​គ្រង​ជន​ភៀសខ្លួនស៊ីរី នៅ​លើ​ទឹក​ដី​តួកគី​ស្រប​តាម​កិច្ចព្រមព្រៀង​អឺរ៉ុប-តួកគី​កាលពី​ឆ្នាំ​២០១៦ តែទង្វើ​របស់​តួកគី​ ដែល​ពន្យុះ​ឱ្យ​ជនភៀសខ្លួន​រត់​ចូល​​អឺរ៉ុប​តាំង​ពី​ថ្ងៃទី ២៧កុម្ភៈ​មក​ គឺ​ជាការ​យក​ជនអន្តោប្រវេសន៍​មក​ធ្វើ​ថ្នូរ​ដើម្បី​ប្រយោជន៍​នយោបាយ ដែល​សហភាព​អឺរ៉ុប មិន​អាច​ទទួល​យកបាន​ទេ។

តើ​សហភាព​អឺរ៉ុប​មាន​ដាក់​សម្ពាធ​លើ​​តួកគី ឱ្យ​គោរព​តាម​កិច្ចព្រមព្រៀង​បាន​ដែរឬទេ​ ?

ដោយ​ជាក់​ស្តែង​ទៅ​ អឺរ៉ុប​គ្មាន​មធ្យោបាយ​អ្វី​ច្រើន​សម្រាប់​ដាក់​សម្ពាធ​លើ​តួកគី​ទេ។ ​អឺរ៉ុប​ក៏​មិន​អាច​បិទ​ព្រំដែន​ ដោយសង់​ជញ្ជាំងព័ទ្ធ​​ជុំ​វិញ​អឺរ៉ុប​កម្ពស់​៥​ម៉ែត្រ​ដូច​អ្វី​ដែល​លោកត្រាំ​ចង់ធ្វើជាមួយ​ម៉ិចស៊ិក​ទេ។ ពេល​នេះ​ក្រិក​ប្រឹង​ទប់​អន្តោប្រវេសន៍​តាម​គ្រប់​មធ្យោបាយ​ដែ​លមាន។ ឯ​អន្តោប្រវេសន៍​ដែល​អស់​ក្តី​សង្ឃឹម​ ដែល​ចង់​គេច​ពី​សង្គ្រាម ពី​ភាព​វេទនា គង់​នឹង​រក​មធ្យោបាយ​ឆ្លង​ចូល​អឺរ៉ុប​​តាម​វិធី​ផ្សេង​។ បើ​មិន​បាន​ថ្ងៃ​នេះ គេ​នឹង​សាកល្បង​នៅ​ថ្ងៃស្អែក ... ដូច្នេះអឺរ៉ុប​ត្រូវ​​សម្តែង​​សាមគ្គី​ភាព ហិរញ្ញវត្ថុ​ និង​នយោបាយ​ជាមួយ ​បណ្តា​ប្រទេស​ជា​ព្រំដែន​អឺរ៉ុប​ ក្រិក​និង​​ប៊ុលហ្ការី និង​ត្រូវ​រៀប​ចំ​ចែង​លំហូរ​អន្តោប្រវេសន៍ ហើយដើម្បី​ចាត់​ចែងនិង​គ្រប់គ្រង​អន្តោប្រវេសន៍ គឺ​មាន​តែ​ការចរចា

​តួកគី​ យកជនភៀស​ខ្លួនមក​ដាក់​សម្ពាធលើ​អឺរ៉ុប

តួកគី​ពិត​ជា​បាន​រំលោភ​កិច្ចព្រមព្រៀង​ជាមួយ​អឺរ៉ុប និង​យក​ជនភៀសខ្លួន​មក​ធ្វើ​ជា​ចំណាប់​ថ្នូរ​នយោបាយ សម្រាប់​ដាក់​សម្ពាធ​លើ​អឺរ៉ុប។ ទង្វើ​បែប​នេះ អាក្រក់មើល និង​អសីលធម៌ណាស់​។ ​នៅ​ថ្ងៃ​នេះ ក្រោយ​ពី​សហភាព​អឺរ៉ុប​បាន​បង្ហាញ​សាមគ្គីភាព​ការពារ​ព្រំដែន តួកគី​បាន​បញ្ជូន​ប៉ូលិស​​ទៅ​ព្រំដែន​ ដើម្បី​ចាំ​រុញ​ជនភៀសខ្លួន​ដែល​អឺរ៉ុប​ច្រាន​ចេញ​ទៀត។ ប៉ុន្តែ បញ្ហា​នៅ​ត្រង់​ថា​លោក អ៊ែរដូហ្កាន ទោះបី​ជា​អាក្រក់​យ៉ាងណា​ក្តី ក៏​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​មួយ ដែល​មាន​ប្រវត្តិ​និង​ភូមិសាស្ត្រ​ មិន​អាច​កាត់​ផ្តាច់​បាន​ពី​អឺរ៉ុប។ ចង់​ឬ​មិន​ចង់​ តួកគីត្រូវ​​ជា​ដៃគូ​នយោបាយ​​របស់​អឺរ៉ុប។

ជំនួប​អ៊ែរដូហ្កាន-ពូទីន

ជំនួប​ជាមួយ​លោក​ពូទីន ជា​លំហាត់​ដ៏​ស្មុគស្មាញ​និង​ មិន​ស្រួលឡើយ ព្រោះ​ម្ខាង តួកគី​ចង់​ឱ្យ​រុស្ស៊ី​ជួយបញ្ឈប់​សកម្មភាព​របស់​កងទ័ព​ស៊ីរី របស់​លោក​បាស្ហារ អាល់ អាសាដ នៅ​ខេត្ត​អ៊ីដឡិប ក្រោយ​ពី​បាក់មុខ កងទ័ព​ខ្លួន​៣៣​នាក់​បាន​ស្លាប់នៅ​ក្នុង​ខេត្ត​នេះ។ តែ​ ​រុស្ស៊ី​ដ៏ខ្លាំងក្លា​ គ្មាន​ចេតនា​ឈប់​គាំទ្រសម្ព័ន្ធមិត្ត​បាស្ហារអាល់អាសាដ​ឡើយ។

​កម្មវត្ថុ​ទី​មួយ​របស់​តួកគី​គឺ​ធ្វើ​យ៉ាងណា​បញ្ចៀស​ការ​ប្រឈម​មុខ​ដោយ​ផ្ទាល់​រវាងកង​ទ័ពតួកគី​និង​កងទ័ព​​រុស្ស៊ី​ នៅ​ស៊ីរី។ កម្មវត្ថុ​មួយទៀត របស់​លោក​អ៊ែដូហ្កាន​ គឺ​ធ្វើ​ឱ្យ​មាន​បទ​ឈប់​បាញ់​ និង​ចុងក្រោយ​ប្រធានាធិបតី​តួកគី​ចង់​មាន​សំណើ​មួយ​ទៀត គឺការ​បង្កើត​តំបន់​សន្តិសុខ​នៅ​ភាគ​ខាង​ជើង​​ខេត្ត​អ៊ីដឡិប ដែល​ស្ថិត​ក្រោម​ការ​ត្បាតរួម​ជាមួយ​​ទាហាន​តួកគី ដើម្បី​យក​តំបន់​នេះ​មក​ទទួល​ជនភៀស​ខ្លួន​។ ​តើ​តួកគី​និង​រុស្ស៊ី​អាច​នឹង​សម្រេច​កិច្ចព្រមព្រៀង​នឹង​គ្នា​បាន​ដែរ​ឬ​យ៉ាងណា ? យើង​នឹង​ដឹង​លទ្ធផល​នៅ​ពេល​បន្តិច​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ