សេដ្ឋកិច្ចអាល្លឺម៉ង់-កូរ៉ូណា

អាល្លឺម៉ង់​ត្រៀម​ថវិកា​ជាង​ ៦០០​ ពាន់​លានដុល្លារ​ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​កើតចេញ​ពី​មេរោគ​កូរ៉ូណា​ថ្មី​

លោកស្រី អង់ហ្គេឡា ម៊ែរគែល មេដឹកនាំអាល្លឺម៉ង់។
លោកស្រី អង់ហ្គេឡា ម៊ែរគែល មេដឹកនាំអាល្លឺម៉ង់។ REUTERS - MICHELE TANTUSSI

រដ្ឋាភិបាលអាល្លឺម៉ង់ នៅថ្ងៃសុក្រ ទី១៣ មីនា បានបញ្ចេញកញ្ចប់ថវិកាជាង ៦០០ ពាន់លានដុល្លារ ទុកជួយក្រុមហ៊ុនសហគ្រាស កុំឲ្យរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូរ៉ូណាថ្មី។ នេះ គឺជាចំនួនទឹកប្រាក់ដ៏ច្រើនបំផុតមួយ ដែលបញ្ចេញដោយរដ្ឋាភិបាលអាល្លឺម៉ង់ រាប់ចាប់ពីសម័យក្រោយសង្គ្រាមមក។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីមានមនុស្ស ៦ នាក់ស្លាប់ និងមានមនុស្សជាង ២ ៣០០ នាក់ឆ្លងមេរោគកូរ៉ូណាថ្មីនៅក្នុងប្រទេស រដ្ឋាភិបាលអាល្លឺម៉ង់ ដឹកនាំដោយលោកស្រី អង់ហ្គេឡា ម៊ែរគែល បានផ្តើមអាទិភាពខ្ពស់ ក្នុងការទប់ស្កាត់ ការឆ្លងរាលដាលមេរោគនេះ។

មិនត្រឹមតែបានដាក់ចេញនូវវិធានការបន្ទាន់ ប្រយុទ្ធប្រឆាំងនឹងមេរោគផ្លូវដង្ហើមនោះទេ ក៏ប៉ុន្តែ អាល្លឺម៉ង់ ក៏បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ កុំឲ្យរងផលប៉ះពាល់ខ្លាំង ពីមេរោគកូរ៉ូណាដែរ។

ជាក់ស្តែង រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីថ្ងៃសុក្រ ទី១៣ មីនា ម្សិលមិញ បានប្រកាស បញ្ចេញបញ្ចប់ថវិកាដ៏ច្រើនរហូតដល់ជាង ៦០០ ពាន់លានដុល្លារ ទុកជួយក្រុមហ៊ុន-សហគ្រាសក្នុងស្រុក ក្នុងពេលវេលាដ៏លំបាកនេះ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់លោកអូឡាហ្វ ស្កូហ្វ (Olaf Scholz) មានប្រសាសន៍ រដ្ឋាភិបាល បានត្រៀមប្រាក់កម្ចីឥណទានជាច្រើន ដោយមិនកំណត់ពីចំនួនដែលអាចខ្ចីបានឡើយ។ នេះ មានន័យថា ក្រុមហ៊ុន-សហគ្រាស ចង់ខ្ចីលុយច្រើនប៉ុណ្ណា ធនាគាររដ្ឋអាល្លឺម៉ង់ នឹងផ្តល់ប្រាក់កម្ចីឲ្យប៉ុននោះទៅតាមតម្រូវការរបស់ពួកគេ។

ថ្នាក់ដឹកនាំអាល្លឺម៉ង់ បានលើកឡើងថា រដ្ឋាភិបាល នឹងមិនធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេស ក៏ដូចជាក្រុមហ៊ុនក្នុងស្រុក ជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយសារតែកត្តាខ្វះខាតលុយ និងឆន្ទៈនយោបាយជាដាច់ខាត។

ពាក់ព័ន្ធរឿងនេះដែរ លោកស្រី ម៊ែរគែល បានមានប្រសាសន៍ថា រដ្ឋាភិបាលអាល្លឺម៉ង់ នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ ឲ្យតែអាចជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ឲ្យរួចផុតពីប៉ះពាល់ពាល់ ដែលបណ្តាលមកពីមេរោគរាតត្បាតថ្មីកូរ៉ូណាវីរុស។

គួរគម្រាបជូនដែរថា ក្រៅពី ត្រៀមថវិកាជាច្រើន ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានា ដែលអាចកើតមាននាពេលអនាគត រដ្ឋាភិបាលអាល្លឺម៉ង់ នៅថ្ងៃសុក្រ ទី១៣ មីនា ក៏បានប្រកាសបិទសាសរៀនជាច្រើន នៅក្នុងប្រទេស ចាប់ពីថ្ងៃចន្ទ សប្តាហ៍ក្រោយ រហូតដល់ថ្ងៃទី ១៩ ខែមេសាខាងមុខ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃមេរោគកូរ៉ូណាថ្មី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI