អានតួអត្ថបទ
កូវីដ១៩-ថ្នាំ

កូវីដ១៩ ៖ ហេតុអ្វីបារាំង ព្រមាន មិនឱ្យប្រើពពួកថ្នាំ ប្រឆាំងនឹងការរលាក Ibuprofène ?

ថ្នាំ​Advil នៃ​​ពពួក​Ibuprofène
ថ្នាំ​Advil នៃ​​ពពួក​Ibuprofène © RFI
ដោយ៖ អៀង សុខម៉ិញ
១៤ នាទី

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បារាំង លោក អូលីវីយ៉េ វេរ៉ង់ (Olivier Véran) បាន​ចេញ​សារ​ព្រមាននៅ​ថ្ងៃ សៅរ៍​ទី ១៤​មីនា ២០២០​នេះ ប្រឆាំង​នឹង​ការ​ប្រើប្រាស់​ពពួក​ថ្នាំ​ Ibuprofène។ ក្នុង​ខណៈ​ដែល​ប្រទេស​បារាំង​កំពុង​ប្រយុទ្ធ​ប្រឆាំង​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណាថ្មី  លោក​រដ្ឋមន្ត្រី​បាន​ណែនាំមិន​ឱ្យ​អ្នក​មាន​អាការៈ​ក្តៅ​ខ្លួន​ផ្តាសាយ​ ​​ទទួល​ទានពពួកថ្នាំ ប្រឆាំង​នឹង​ការ​រលាក​បង្ក​ឡើង​ដោយ​មេរោគ ដូច​យ៉ាង Advil ឬ​ Nurofenទេ។ ហេតុអ្វី ?

ផ្សាយពាណិជ្ជកម្ម

“ការ​ប្រើ​ថ្នាំ ពពួកប្រឆាំង​នឹង​ការរលាក (បង្ក​ឡើង​ដោយ​មេរោគ) ដូច​ជាពពួក​ថ្នាំ​ Ibuprofène ឬ Cortisone … អាច​ជា​កត្តា​នាំ​ឱ្យ​មាន​ការ​បង្ក​រោគ​កាន់​តែ​ធ្ងន់ធ្ងរ។ ក្នុង​ករណី​​មាន​អាការៈ​ក្តៅ​ខ្លួន  សូម​ទទួល​ទាន​ពពួក​ថ្នាំ ប៉ារ៉ាសេតាម៉ុល ! ហើយ​បើ​អ្នក​កំពុង​ទទួល​ទាន​ថ្នាំ​ប្រឆាំង​នឹង​ការរលាក​ និងមាន​​ការ​សង្ស័យ សូម​ទៅ​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​”។ នេះ​ជា​សារ​ណែនាំ​របស់​លោករដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បារាំង Olivier Véran។

សារ​ណែនាំ​របស់​លោក​រដ្ឋមន្ត្រី​ធ្លាក់​មក ក្រោយ​ពី​មាន​គ្រូពេទ្យ​ជា​ច្រើន​នាក់​បាន​លើក​ឡើងថាមាន​​ករណី​អ្នក​ជំងឺ​កូវីដ​១៩ វ័យ​ក្មេង​ មាន​សុខភាព​ល្អ គ្មាន​កត្តាហានិភ័យ តែ​បែរ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ខ្លាំង គឺ​ក្រោយ​ពី​បាន​ទទួល​ទាន​ថ្នាំ​ពពួក ​Ibuprofène នៅ​ពេល​ក្តៅ​ខ្លួន។

សូម​បញ្ជាក់​ថាពពួក​ថ្នាំ​ Ibuprofène  ដែល​មាន​ដាក់​លក់​លើ​ទីផ្សារ និងអាច​រ​ក​ទិញ​បាន​សេរី ដោយ​គ្មាន​វេជ្ជបញ្ជា ក្រោម​ឈ្មោះ​ផ្សេងៗ​​ជា​ច្រើន ដូច​ជា Advil ឬ Nurofen អាច​បង្ក​​ផល​វិបាក​​ខ្លាំង ជា​យថាហេតុ​ណាមួយ ព្រោះពពួក​ថ្នាំ​នេះ​អាច​ធ្វើ​ឱ្យ​ការ​បង្ករោគ​ដែល​មាន​ស្រាប់ក្នុង​សរីរាង្គ​កាយ​ កាន់​តែ​ធ្ងន់ធ្ងរ។ ដោយ​សារ​តែមូលហេតុ​នេះ​ហើយ​បាន​ជា តាំង​ពី​ពាក់​កណ្តាល​ខែ​មករា​មក អាជ្ញាធរ​ផ្នែក​សុវត្ថិភាព​សុខាភិបាល​បារាំង បាន​ចេញ​បម្រាម មិន​ឱ្យ​តាំង​ពពួក​ថ្នាំ Ibuprofene Paracetamol (Doliprane Efferalgan …) នៅ​ក្បែរ​ដៃ​ដែល​អ្នក​ទិញ​អាច​លូក​យក​ដោយ​ខ្លួន​បាន​ដោយ​សេរី។ Ibuprofène ក៏​ដូច​ជា​ពពួk​ថ្នាំ​paracétamol និង​ Aspirine ដែរ អាច​បង្ក​ឱ្យ​ខូច​ថ្លើម​ ដល់​ស្លាប់​ប្រសិន​បើ​អ្នកទទួល​ទាន​ហួស​កំរិត។

ជាមួយ​នឹង​ការ​ណែនាំ​មិន​ឱ្យ​ប្រើ​ពពួក​ថ្នាំ Ibuprofène ​នេះ ក្នុង​ពេល​សង្ស័យ​មាន​ឆ្លង​កូវីដ១៩ លោក​រដ្ឋមន្ត្រី​សង្ឃឹម​លើ​ស្មារតី​របស់​​ប្រជាពលរដ្ឋ​គ្រប់​រូប​ ក្នុង​ការ​សម្រប​ខ្លួន​និង​គោរព​តាម​បទ​បញ្ជា​របស់​អាជ្ញាធរ​ ដើម្បីការពារ​ខ្លួន​ឯង​​ផង និងការពារ​សមូហភាព​ផង ពី​កូរ៉ូណាវីរុសថ្មី ព្រោះ​បារាំង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​រាតត្បាត​របស់​វីរុស​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ដដែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ