ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើបារាំងចាត់វិធានការប្រឈមនឹងកូវីដ១៩ យ៉ាងដូចម្តេចខ្លះ ក្នុងពេលបោះឆ្នោត ?

 បារាំង​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុង​បរិបទ​នៃ​គំរាមកំហែង​សុខភាព​ធ្ងន់ធ្ងរ​បំផុត។
បារាំង​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុង​បរិបទ​នៃ​គំរាមកំហែង​សុខភាព​ធ្ងន់ធ្ងរ​បំផុត។ © RFI

បារាំង​ប្រឈម​នឹង​វិបត្តិ​កូរ៉ូណាវីរុស​ថ្មី កាន់​តែ​ខ្លាំង​ឡើងៗ។ ចាប់​ពី​ថ្ងៃ​ចន្ទទី ១៦ មីនា ទៅ​​បារាំង​បាន​សម្រេច​បិទ​ទ្វារ​សាលា​រៀន​នៅ​ទូទាំង​ប្រទេស និង​បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​​ទាំង​អស់​ប្រកាន់​ស្មារតី​ប្រុង​ប្រយ័ត្ន កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ និង​ការ​ជួប​ជុំ​​គ្នា​ច្រើន។  ប៉ុន្តែ​ បារាំងមិន​លើក​ពេល​បោះឆ្នោតទេ។ ការបោះឆ្នោត​​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ត្រូវ​​ប្រព្រឹត្ត​ទៅ​ថ្ងៃ​អាទិត្យ​ទី ១៥ សម្រាប់​ជុំ​ទី​មួយ  និងនៅ​ថ្ងៃទី ​២២​មីនា សម្រាប់​ជុំ​ទីពីរ ក្រោម​វិធានការ​ការ​សុវត្ថិភាព​សុខភាព​យ៉ាង​ពិសេសបំផុត។

ផ្សាយពាណិជ្ជកម្ម

គ្រប់​សម្ភារៈ​​ត្រូវ​បាន​សម្អាត​ដោយ​ញឹកញាប់ និង​បញ្ចៀសមិន​ឱ្យ​អ្នក​មក​បោះឆ្នោត ជួប​គ្នា​ច្រើន នេះ​ជា​សេចក្តី​ណែនាំ​របស់​រដ្ឋាភិបាល ចេញ​ផ្សាយ​នៅ​ថ្ងៃទី ៩​មីនា។ ​វិធានការ​ដំបូង​គេ​បំផុត គឺ​ការ​ប្រកាន់​យក​​ ទម្លាប់​ល្អ​ ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​មេរោគ មាន​បិទ​នៅ​មុខ​គ្រប់​ការិយាល័យ​បោះឆ្នោត​ទាំងអស់។

ហាម​ចាប់​ដៃ​ស្វាគមន៍​គ្នា

គ្មាន​ទេ​ការចាប់​ដៃ​ជាមួយ​ប្រធាន​ការិយាល័យ​បោះឆ្នោត​ ឬ​ជាមួយ​ញាតិមិត្ត​ជិត​ឆ្ងាយ​ ដែល​ខាន​ជួប​គ្នា​យូរ។ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ផ្តល់​អនុសាសន៍​ ឱ្យ​ពលរដ្ឋ​គ្រប់​រូប​ចៀសកុំ​​ឱ្យ​ជួប​គ្នា។ អ្នក​ទៅ​បោះឆ្នោត​ទាំងអស់ ត្រូវ​ លាង​ដៃ មុន​ពេល​ចូល​បន្ទប់​គូស​សន្លឹក​ឆ្នោត។ ឃុំ​សង្កាត់​ខ្លះ​បាន​រៀបចំ​ឱ្យ​កន្លែង​លាង​ដៃនឹង​សាប៊ូ ឬ​ជែល​ធ្វើ​ពី​អាល់កុល នៅ​មុខ​ការិយាល័យ​បោះឆ្នោត​តែ​ម្តង។

ដើម្បី​ចៀស​កុំ​ឱ្យ​មាន​ការ​ជួប​ជុំ​គ្នា អាជ្ញាធរ​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​អញ្ជើញ​ទៅ​បើឆ្នោត​នៅ​ពេល​ព្រឹក មុន​ម៉ោង ១១ ឬ​នៅ​ពេល​រសៀល រវាង​ពី​ម៉ោង ១រសៀល​ទៅ​ម៉ោង​៤​រសៀល ដែល​តាម​ទម្លាប់​បោះឆ្នោត​មុនៗ ជា​ម៉ោង​ស្ងាត់​ជាង​គេ។ តែ​បើ​ក្នុង​ករណី​មាន​មនុស្ស​មក​ជាន់​គ្នា​ច្រើន ការ​​ឈរ​បន្ត​កន្ទុយ​រង់ចាំ​ ត្រូវ​ធ្វើ​នៅ​ក្រៅ​មណ្ឌល​ ដោយមាន​​គំនូស​ ខ័ណ្ឌ​ចន្លោះ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ចម្ងាយ​​១ម៉ែត្រ​។ ចំនួន​អ្នក​ចូល​ទៅក្នុង​ការិយាល័យ​បោះឆ្នោត​ក៏​ត្រូវ​មាន​កំណត់ដែរ ដើម្បី​កុំ​ឱ្យ​មនុស្ស​នៅ​ជិត​ កៀក​គ្នា​បាន។

ការ​ផ្ទៀង​ផ្ទាត់​អត្តសញ្ញាណ​អ្នក​បោះឆ្នោត ក៏​ត្រូវ​ធ្វើ​ដោយ​ប្រយោល​ ដោយ​គ្មានការ​ប៉ះពាល់​កាត​របស់​​ម្ចាស់​ឆ្នោតទេ។

កាន់​ប៊ិច​ទៅ​ពី​ផ្ទះ​រៀងៗ​ខ្លួន

កាន់​តែ​ប្រយ័ត្ន​ខ្លាំង​ទៅ​ទៀត ឃុំ​សង្កាត់​ជា​ច្រើន បាន​ណែនាំ​ពលរដ្ឋ​ដែល​មក​បោះឆ្នោត​ឱ្យ​កាន់​ប៊ិច​មក​ជាមួយផង ដើម្បី​កុំ​ឱ្យ​មាន​ការ​ចម្លង​មេរោគ។ ឃុំ​សង្កាត់​ខ្លះ​ បាន​ត្រៀម​ប៊ិច​ស្រគួរ ជា​ប៊ិច​ដែល​ប្រើ​តែ​ម្តង​ និង​សម្រាប់​អ្នក​បោះឆ្នោត​ម្នាក់​តែ​ប៉ុណ្ណោះ មិន​អាច​យក​មក ឱ្យអ្នក​បោះឆ្នោត​ម្នាក់​ទៀត​ប៉ះ​ ឬ​ប្រើ​ត​ទេ។

ការិយាល័យ​ណា មាន​បំពាក់​ម៉ាស៊ីន​បោះឆ្នោត​អេឡិចត្រូនិក នឹង​មាន​ការ​សម្អាត​ដោយ​ថ្នាំ សម្លាប់​មេរោគ អេក្រង់ ក្រោយ​ពេល​អ្នក​បោះឆ្នោត​ចុច​រួច។

បោះឆ្នោត​ជំនួស

តាមធម្មតា​គឺ​មនុស្ស​ចាស់​ដែល​សកម្ម​អញ្ជើញទៅ​បោះឆ្នោត​ច្រើន​ជាង​គេ ប៉ុន្តែ​នៅ​លើក​នេះ អាជ្ញាធរ​បាន​លើក​ទឹក​ចិត្ត​ និង​បន្ធូរ​បន្ថយ​ច្បាប់​សុំ​ឱ្យ​តំណាង​ទៅ​បោះឆ្នោត​ជួស ជាពិសេស​សម្រាប់​មនុស្ស​ចាស់​ដែល​មាន​សុខភាព​មិន​សូវ​រឹង​ប៉ឹង។

អវត្តមាន​ច្រើន ?

គេ​នៅ​មិន​ដឹង​ថា​តើ​វិធានការ​របស់​រដ្ឋាភិបាល នៅ​តាម​ការិយាល័យ​បោះឆ្នោត​ មាន​ប្រសិទ្ធភាព អាច​យកឈ្នះ​ចិត្ត​ភ័យ​ខ្លាច​របស់​ប្រជាពលរដ្ឋ​បាន​ប៉ុន​ទេ។ អ្នក​ដែល​សកម្មចូល​បោះឆ្នោត​ច្រើន​ជាង​គេ​ច្រើន​ជា​មនុស្ស​ចាស់ ប៉ុន្តែ​លោក​ប្រធានាធិបតី​ទើប​បាន​លើក​ទឹក​ចិត្តឱ្យ​ពួក​គាត់​នៅ​ក្នុង​ផ្ទះ កុំ​សូវ​ចេញ​ដើរ​មក​ជួប​គេ​ឯង​នៅ​ក្រៅ​ខ្លាំង​ពេក​ខ្លាច​ឆ្លង​រោគនោះ។ វិបត្តិ​កូរ៉ូណាវីរុស ច្បាស់​ណាស់​ថា​នឹង​ធ្វើ​ឱ្យ​ចំនួន​អ្នក​ចូល​បោះឆ្នោត​ធ្លាក់​ចុះខ្លាំង​ជាប្រាកដ ព្រោះ​តាម​ពី​ឆ្នាំ​២០១៤ ចំនួនអ្នក​វត្តមាន​មិន​ទៅ​​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ បាន​ឡើង​ខ្ពស់​មិនធ្លាប់​មាន​ ជា​លើក​ដំបូង​​គិត​ចាប់​ពី​ឆ្នាំ​៣០​មក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI