កូវីដ១៩-ថ្នាំព្យាបាល

មន្ទីរពិសោធន៍ឱសថបារាំងនិងអាមេរិក ចាប់សាកល្បងថ្នាំព្យាបាលជំងឺកូវីដ១៩

ក្រុមហ៊ុន​Sanofi និង​ក្រុមហ៊ុន​អាមេរិក ប្រកាស​សាកល្បង​ថ្នាំ​ដែល​អាច​មាន​សក្តានុពល​ខ្លាំង​ព្យាបាល​ជំងឺ​កូវីដ​១៩
ក្រុមហ៊ុន​Sanofi និង​ក្រុមហ៊ុន​អាមេរិក ប្រកាស​សាកល្បង​ថ្នាំ​ដែល​អាច​មាន​សក្តានុពល​ខ្លាំង​ព្យាបាល​ជំងឺ​កូវីដ​១៩ AFP/File

មន្ទីរពិសោធន៍​បារាំង សាណូហ្វី Sanofi និង​ Regeneron របស់អាមេរិក បាន​ចាប់ផ្តើម​ធ្វើ​តេស្ត​សាកល្បង​លើ​មនុស្ស​ ដើម្បី​ផ្ទៀងផ្ទាត់ និង​វាយតម្លៃ​ប្រសិទ្ធភាព​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ១៩ ក្នុង​ទម្រង់​ធ្ងន់។ ថ្នាំនោះ​មាន​ឈ្មោះ​ថា​​ Kevzara។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​មន្ទីរ​ពិសោធន៍​ទាំងពីរ ចេញ​ផ្សាយ​នៅ​ថ្ងៃចន្ទទី ១៦ មីនា២០២០។

ផ្សាយពាណិជ្ជកម្ម

ការ​ធ្វើ​តេស្ត​សាកល្ប​លើ​មនុស្ស ជា​ដំណាក់កាលទី​ពីរ ក្នុង​ចំណោម​បី​ដំណាក់កាល នៃដំណើរ​​ការ​ផលិត​ឱសថ។ ការសាកល្បង​ត្រូវ​ចាប់​ផ្តើម​ធ្វើ​ភ្លាម​ នៅ​សហរដ្ឋ​អាមេរិក ដែល​កំពុង​​ជ្រើសរើស​អ្នក​ជំងឺ​ស្ម័គ្រ​ចិត្ត ៤០០​នាក់។ ក្រុមហ៊ុន​អាមេរិក​ ជា​អ្នក​ដឹកនាំ​​ធ្វើ​តេស្ត​សាកល្បង​នៅ​លើ​ទឹក​ដី​អាមេរិក ចំណែក​ក្រុមហ៊ុន​បារាំង ទទួល​បន្ទុក​ធ្វើ​ការ​សាកល្បង​នៅ​តំបន់​ផ្សេង​ទៀត លើ​ពិភពលោក មាន​អាទិ៍​នៅ​អ៊ីតាលី។ នេះ​បើ​តាម​ការ​លម្អិត​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រុមហ៊ុន​ទាំងពីរ។

Kevzara (sarilumab) ជា​ប្រភេទ​ថ្នាំ immunosuppresseur ជំនួយ​ប្រព័ន្ធ​ការពារ​ខ្លួន​ និង​ជា​លទ្ធផល​ការងារ​ស្រាវជ្រាវ​រួម​គ្នា​របស់​ក្រុមហ៊ុន​ឱសថ​បារាំង​និង​អាមេរិក តាំង​ពី​ឆ្នាំ​២០១៧​មក ដើម្បី​ព្យាបាល​ជំងឺ​រលាក​សន្លាក់ (polyarthrite rhumatoïde)។ ធាតុ​សកម្ម​របស់ថ្នាំ​​នឹង​ទៅតម្រង់​ទិស​ធាតុ​ការពារ​ខ្លួន (anticorp) ទៅ​ត​ទល់​នឹង​ប្រូតេអ៊ីន interleukine-6 (IL-6)  ​ដែល​ធ្វើ​ឱ្យ​មាន​ការ​រលាក។ បើ​តាម​មន្ទីរ​ពិសោធន៍​ឱសថ​ទាំង​ពីរ គឺ​ប្រូតេអ៊ីន IL-6 នេះ​ ជា​​អ្នក​ធ្វើ​ឱ្យ​ជំងឺ​កូវីដ១៩ ធ្លាក់​ធ្ងន់ធ្ងរ ​​ដល់​រលាកសួត។

ការ​ធ្វើ​តេស្ត​សាកល្បង​​ នេះ នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​មណ្ឌល​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​អាច​វាយតម្លៃ​អំពីសុវត្ថិភាព និង​ប្រសិទ្ធភាព​​នៃ​ការ​ព្យាបាល ថ្នាំ​Kevzara ដោយ​បូក​ផ្សំ​ជាមួយ​ថ្នាំ​បំបាត់​អាការៈ​មួយ​ចំនួន​​​របស់​ជំងឺ​កូវីដ​១៩។ ផ្នែក​ទី​មួយ​នៃ​ការ​សាកល្បង​ថ្នាំ គឺ​ជា​ការ​វាយតម្លៃ​អំពី​ប្រសិទ្ធភាព​របស់ Kevzara ​ ចំពោះការ​បំបាត់​​អាការៈ​ក្តៅ​ខ្លួន និង​ ការ​ថប់​ដង្ហើម (បំបាត់​​សេចក្តី​​ត្រូវ​ការបន្ថែម​ផ្នែក​ខ្យល់​អុកស៊ីហ្សែន​)។ ផ្នែក​ទីពីរ ជា​ការ​វាយតម្លៃ​អំពី​ភាព​ប្រសើរឡើង​​នៃ​ស្ថានភាព​ជំងឺ​រយៈ​ពេល​វែង​ ពោល​គឺ​ប្រសិទ្ធភាព​កាត់​បន្ថយ​អត្រា​មរណៈ និង​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ (កាត់​បន្ថយ​ការ​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ និងការ​ដាក់​អុកស៊ីហ្សែន​ជំនួយ​ជីវិត)។

បើ​តាម​អ្នក​ដឹកនាំ​​ស្រាវជ្រាវរបស់​សាណូហ្វី លោក ​ John Reed មាន​ភស្តុតាង​​តាម​បែប​វិទ្យាសាស្ត្រ​ ​បង្ហាញថា Kevzara ​ជា​ថ្នាំ​ប្រកប​ដោយសក្តានុពលបំផុត​សម្រាប់​​​អ្នក​ជំងឺ​កូវីដ១៩។ ទិន្នន័យ​សិក្សា​នៅ​ក្នុង​ប្រទេស​ចិន​លើ​អ្នក​ជំងឺ​ចំនួន​២១​នាក់ បាន​ផ្តល់​លទ្ធផល​ដូច​ការ​គិត​ ៖ ធាតុ​សកម្មភាព​របស់​ថ្នាំ​បាន​ធ្វើ​ឱ្យអ្នក​ជំងឺ​លែង​ក្តៅ​ខ្លួន និង​មិន​សូវ​ត្រូវការ​ខ្យល់​អុកស៊ីហ្សែន​បន្ថែម​ទេ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​មន្ទីរ​ពិសោធន៍​បារាំង​និងអាមេរិក​ដដែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI