បារាំង-កូវីដ១៩

បោះឆ្នោតក្រុមប្រឹក្សា ៖ កូវីដ១៩ នឹងជំរុញឱ្យបារាំងលើកពេលបោះឆ្នោតជុំទីពីរ ?

បុរស​បារាំង​ម្នាក់​កាន់​បណ្ណ​បោះឆ្នោត
បុរស​បារាំង​ម្នាក់​កាន់​បណ្ណ​បោះឆ្នោត REUTERS/Gonzalo Fuentes

ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ជុំ​ទីមួយ នៅថ្ងៃអាទិត្យ​ទី ១៥​មីនា ២០២០ បាន​ប្រព្រឹត្ត​ទៅ​ដូច​ការ​គ្រោង​ទុក តែក្នុង​​បរិបទនៃ​ការ​គំរាមកំហែង​របស់​កូវីដ១៩​យ៉ាង​ធ្ងន់ធ្ងរ។ ហួសពីការ​គិត​ទុក ចំនួន​អ្នកអវត្តមាន​មិន​ទៅបោះឆ្នោត មាន​កំរិត​ខ្ពស់​ខ្លាំង​មិន​ធ្លាប់​មាន ប្រមាណ​ពី ៥៣,៥% ទៅ ៥៦%។ នេះ​បើ​តាមការ​ប៉ាន់ស្មានរបស់​អាជ្ញាធរ។

ផ្សាយពាណិជ្ជកម្ម

ការបោះឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់ តាម​ទម្លាប់​ជា​​ការ​បោះឆ្នោត​ដែល​មាន​ប្រជាពលរដ្ឋ​ចូល​រួម​​ច្រើន​ បន្ទាប់​ពី​ការ​បោះឆ្នោត​ប្រធានាធិបតី។ ប៉ុន្តែ​វិបត្តិកូរ៉ូណាវីរុស បាន​និង​កំពុង​ប្តូរ​ផ្លាស់ ទិដ្ឋភាព​នៃ​​ការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ​ ជុំ​ទីមួយឆ្នាំ​២០២០យ៉ាង​ខ្លាំង។   អត្រា​អ្នកមិន​ចូលរួម​បោះឆ្នោត បាន​ឡើ​ងដល់​កំរិត​កំពូល ​ស្ទើរ​ជាប់​ជា​ប្រវត្តិសាស្ត្រ។ បើ​តាម​ការ​សន្និដ្ឋាន ចំនួន​អ្នក​វត្តមាន នៅ​ក្នុង​ការ​បោះឆ្នោត​លើកនេះ អាច​មាន​ចន្លោះពី៥៣,៥%ទៅ៥៦% ទល់​នឹង​៣៦,៤៥% ​កាលពី​ឆ្នាំ​២០១៤។

ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​ប្រទេស​ផ្អាក​ស្ទើរ​គ្រប់​សកម្មភាព​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​របស់​កូវីដ១៩ បូកនឹង​អត្រា​អ្នក​មិន​ចូលរួមបោះឆ្នោត​ច្រើន​បំផុត​មិន​ធ្លាប់មានទៀត គណបក្ស​នយោបាយ​និ​ង​បេក្ខជននីមួយៗ បាន​តម្រឹម​ពេលវេលា​ក្នុង​ការ​បញ្ចេញ​មតិយោបល់​ទាក់ទង​នឹង​លទ្ធផល​ឆ្នោត ដែលចាប់​​ចេញ​ជា​បណ្តើរៗ នៅ​វេលា​ម៉ោង ២០ (ម៉ោង​៨យប់​ម៉ោង​នៅ​ប្រទេស​បារាំង)។ ថ្នាក់ដឹកនាំ​នយោបាយ​បក្ស​ធំៗ​ហាក់​លែង​​សូវ​ចាប់​អារម្មណ៍​នឹង​លទ្ធផល​ តែ​គ្រប់​គ្នាកំពុង​ផុស​ផុល​ទាមទារ​ឱ្យ​រដ្ឋាភិបាលសម្រេច​ចិត្ត​ឱ្យ​បាន​ឆាប់​រហ័ស ថាគួរ​ឬ​មិន​គួរ​​រៀបចំ​បោះឆ្នោត​ជុំ​ទីពីរ​ នៅ​ថ្ងៃអាទិត្យ​ ទី ២២​មីនា សប្តាហ៍ក្រោយ។

ក្នុង​សុន្ទរកថា លោក អេដ័រ​ ហ្វីលីព នាយករដ្ឋមន្ត្រី បាន​ថ្លែង​អំណរគុណពលរដ្ឋ​​ដែល​បាន​ទៅ​ចូល​រួម​បោះឆ្នោត និង​បាន​​អះអាងជា​ថ្មី​ថា ​ការរក្សាការ​​បោះឆ្នោត​ជុំ​មួយ នៅថ្ងៃអាទិត្យ​ទី ១៥​មីនា បានការព្រមព្រៀង​ពី​អ្នក​ជំនាញ និង​បាន​ចាត់​​វិធានការការពារ​សុខភាព​សាធារណៈ​យ៉ាង​​ត្រឹមត្រូវ។ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​នឹង​ទៅ​​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញជា​ នៅ​ថ្ងៃ​ចន្ទទី ១៦មីនា ​ឬ​ថ្ងៃអង្គារ​ស្អែក ដើម្បី​សម្រេច​ប្រកប​ដោយ​តម្លាភាព ថា​គួរ​រក្សា​ការ​បោះឆ្នោត​ជុំ​ទីពីរ​ឬ​ក៏អត់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI