អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ ក្លរ៉ូគីន ពិតជាអាចព្យាបាលកូវីដ១៩ បានមែន?

សំឡេង ០៦:៣៩
از کلروکین برای درمان مالاریا استفاده می‌شود
از کلروکین برای درمان مالاریا استفاده می‌شود dr
ដោយ៖ ហេង ឧត្តម
៣២ នាទី

នៅសហរដ្ឋអាមេរិក លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចាត់ទុកថា «ក្លរ៉ូគីន (Chloroquine)  ជាអំណោយធ្លាក់ពីលើមេឃ» ដូចជាទេព្តាប្រទានមក។ ក៏ប៉ុន្តែ ថ្ងៃទី២៤មីនា  បុរសអាមេរិក វ័យប្រមាណជា៦០ម្នាក់ បានស្លាប់នៅរដ្ឋអារីហ្សូណា (Arizona) ដោយសារតែប្រើប្រាស់ផលិតផលម្យ៉ាងដែលមានផ្ទុកសារធាតុក្លរ៉ូគីន លើសចំណុះ។ ភរិយាសពដែលកំពុងតែនៅសម្រាកព្យាបាលខ្លួនក្នុងមន្ទីរពេទ្យ បានប្រាប់សារព័ត៌មានថាដោយសារតែការភ័យខ្លាចមេរោគកូរ៉ូណាថ្មីខ្លាំងពេក ពួកគេទាំងពីរបាននាំគ្នាផឹកផលិតផលសម្អាតអនាម័យ ដែលផ្សំពីក្លរ៉ូគីន ចំនួនមួយស្លាបព្រាកាហ្វេ។ ចំណែកនៅប្រទេសបារាំងវិញ ការប្រើប្រាស់ថ្នាំដែលមានផ្សំពីម៉ូឡេគុល ក្លរ៉ូគីន (Chloroquine) ត្រូវរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងមិនទាន់ទុកចិត្តចំពោះ ក្លរ៉ូគីន ទាំងស្រុងនោះទេ។

ផ្សាយពាណិជ្ជកម្ម

នាប៉ុន្មានថ្ងៃចុងក្រោយនេះ ការប្រើប្រាស់ថ្នាំពេទ្យ ដែលមានផ្សំពីម៉ូឡេគុលក្លរ៉ូគីន ចាប់ផ្តើមល្បីខ្លាំង ថាអាចព្យាបាលជំងឺកូវីដ១៩បាន។ ម៉ូឡេគុល Chloroquine មានក្នុងថ្នាំ Plaquénil  ដែលសម្រាប់​ព្យាបាលជំងឺគ្រុនចាញ់​។ ថ្នាំនេះមានលក់នៅលើទីផ្សារជាច្រើនទសវត្សរ៍មកហើយ។ Chloroquine ក៏មានផ្សំ នៅក្នុងថ្នាំផ្សេងដែរ ដូចជា Nivaquine និងថ្នាំ Resochin ជាដើម។ នៅស្រុកបារាំង កាលពីសប្តាហ៍មុន សាស្ត្រាចារ្យវេជ្ជបណ្ឌិត Didier Raoult បានអះអាងថា វាមានលទ្ធផលល្អ «គួរឱ្យសង្ឃឹម» ពីព្រោះថា លោកនិងក្រុមការងារនៅវិទ្យាស្ថានសិក្សាជំងឺឆ្លង ប្រចាំក្រុងម៉ាកសី បានសាកល្បងប្រើប្រាស់ ថ្នាំដែលផ្សំពីសារធាតុ Hydroxychloroquine បូកផ្សំជាមួយថ្នាំ Azithromycine  សម្រាប់ព្យបាលអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន២៤នាក់។ ៦ថ្ងៃក្រោយមក  មាន៧៥% បានធូរស្រាល និង«សះស្បើយ លែងមានផ្ទុកមេរោគកូវីដក្នុងខ្លួន»។

ក៏ប៉ុន្តែ លទ្ធផលនៃការសាកល្បងព្យាបាលនេះ ត្រូវរងការរិះគន់ច្រើន មកពីការពិសោធន៍ទៅលើអ្នកជំងឺ មានចំនួនតិចតួចពេក ពោលគឺតែជាង២០នាក់ប៉ុណ្ណោះ។ ក្នុងនោះ  អ្នកជំងឺម្នាក់បានស្លាប់ អ្នកខ្លះនៅឋិតក្នុងសភាពធ្ងន់ធ្ងរនៅឡើយ។  មានអ្នកជានិងបានចេញពីមន្ទីរពេទ្យមែន តែអ្នកខ្លះមានប្រតិកម្មថ្នាំ បង្ហាញអការៈផ្សេងៗទៀតជាដើម។ ហេតុនេះហើយ ទើបគ្រូពេទ្យនិងអ្នកស្រាវជ្រាវវេជ្ជសាស្ត្រមួយចំនួននៅប៉ារីស បានរិះគន់លទ្ធផលស្រាវជ្រាវខាងលើ និងថា មិនទាន់អាចទុកចិត្តបាននៅឡើយទេ។

ទោះយ៉ាងណា មានអ្នកនៅជឿនិងទុកចិត្តច្រើនលើលោកវេជ្ជបណ្ឌិត Didier Raoult។ ប៉ុន្មានថ្ងៃនេះ មន្ទីរពេទ្យរបស់លោកនៅក្រុងម៉ាក់សីយ មានមនុស្សទៅពិនិត្យពិគ្រោះនិងព្យាបាលជំងឺយ៉ាងភ្លូកទឹកភ្លូកដី។  មិនមែនជាគ្រូពេទ្យធម្មតាទេ លោក Didier Raoult ជាអ្នកជំនាញខាងជំងឺឆ្លងដែលធ្លាប់បានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ហើយក៏ជាអ្នកជំនាញម្នាក់ ដែលកំពុងឋិតក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ខាងវេជ្ជសាស្ត្របារាំង ដែលជាសេនាធិការជួរមុខរបស់រដ្ឋាភិបាល ទៀតផង។ អភិបាលក្រុងនីស លោក Christian Estrosi បានឆ្លងមេរោគកូរ៉ូណាថ្មី និងកំពុងទទួលការព្យាបាល ក៏អំពាវវនាវឱ្យគេជឿទុកចិត្តវិធីរបស់វេជ្ជបណ្ឌិត Didier Raoult ព្រោះជំងឺរបស់​លោកបានធូរស្រាលជាបណ្តើរៗហើយ។ ទន្ទឹមនឹងគ្នានេះ អ្នកតំណាងរាស្ត្របារាំងមួយចំនួន ក៏បានស្នើឱ្យរដ្ឋាភិបាលចែកចាយប្រភេទថ្នាំ ដែលមានផ្ទុកម៉ូឡេគុល Chloroquine ឱ្យបានទូលាយទូទាំងប្រទេសទៀតផង។

ក៏ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង លោក Olivier Véran និងប្រមុខរដ្ឋាភិបាល លោក អេឌ័រ ហ្វីលីព (Edouard Philippe) នៅតែមិនទាន់ទុកចិត្តក្បួនព្យាបាលរបស់អ្នកជំនាញខាងលើនោះទេ។ ទាំងរដ្ឋមន្ត្រី និងទាំងនាយករដ្ឋមន្ត្រីបារាំង សុទ្ធតែបញ្ជាក់ច្បាស់ៗថា Chloroquine អាចប្រើទៅបាន តែក្នុងករណីអ្នកជំងឺផ្ទុកកូវីដ១៩នោះ ធ្លាក់ស្ថិតក្នុងសភាព«ធ្ងន់ធ្ងរខ្លាំងបំផុត»តែប៉ុណ្ណោះ ហើយ វាមិនត្រូវប្រើចំពោះអ្នកឈឺ សភាព«ស្រាលៗ»នោះឡើយ។ មិនតែប៉ុណ្ណោះ  រាល់ការប្រើប្រាស់ Chloroquine ត្រូវតែមានការសម្រេចចិត្តរួមពីក្រុមគ្រូពេទ្យមានជំនាញច្បាស់លាស់ ហើយប្រើដោយមានការត្រួតពិនិត្យតាមដានយ៉ាងហ្មត់ចត់បំផុត។

ដើម្បីផ្ទៀងផ្ទាត់និងស្រាវជ្រាវរុករកវិធីព្យាបាលកូវីដ១៩ បារាំងបានបើកការសិក្សាពិសោធទ្រង់ទ្រាយធំ ផ្តើមពីថ្ងៃទី២២មីនា  ប្រមូលផ្តុំមន្ទីរពិសោធន៍ជាច្រើនរួមគ្នា ដូចជា មន្ទីរពិសោធ៍នៅនៅប៉ារីស, លីយ៉ុង ណង់តឺ និង លីល  ហើយនិងពួតដៃជាមួយមន្ទីរពិសោធន៍ជាងដប់ផ្សេងទៀត។ ក្នុងការសិក្សារបស់បារាំងនេះ ក៏សហប្រតិបត្តិការជាមួយប្រទេសជាច្រើននៅអឺរ៉ុប ដោយត្រូវពិសោធសាកល្បង និងតាមដានការពិនិត្យព្យាបាល លើអ្នកជំងឺកូវីដ-១៩ ចំនួន ៣ពាន់២រយនាក់ នៅអឺរ៉ុប ក្នុងនោះ អ្នកជំងឺចំនួន ៨០០នាក់ មកពីបារាំង។

ក្នុងការពិសោធនេះ គេបែងចែងអ្នកជំងឺជាច្រើនក្រុម ដោយក្រុមនីមួយៗ ទទួលថ្នាំព្យាបាលសាកល្បង ផ្សេងៗគ្នា។ អ្នកជំងឺខ្លះ ត្រូវទទួលថ្នាំព្យាបាល ដែលជាថ្នាំប្រឆាំងនឹងមេរោគដេសដ៍, ក្រុមខ្លះត្រូវទទួលថ្នាំប្រឆាំងមេរោគ អេបូឡា ហើយអ្នកជំងឺមួយក្រុមទៀត នឹងត្រូវទទួលម៉ូឡេគុល chloroquine ដែលចាប់ផ្តើម នៅថ្ងៃសុក្រ ទី២៧ខាងមុខ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង លើកឡើងថា ការបញ្ជាក់ពីប្រសិទ្ធភាពរបស់ chloroquine អាចនឹងដឹងលទ្ធផលនៅ១៥ថ្ងៃខាងមុខ ឬក៏នៅច្រើនសប្តាហ៍ទៀត។

មកទល់ពេលនេះ យោងតាមព័ត៌មានផ្លូវការ គឺពុំទាន់មានថ្នាំព្យាបាលសម្លាប់មេរោគកូវីដ១៩ទេ ហើយវ៉ាក់សាំងបង្ការមេរោគនេះ ក៏ពុំទាន់មានដែរ។ តាមការផ្សាយរបស់មន្ទីរពិសោធន៍ក្រុងប៉ារីស, អង្គការសុខភាពពិភពលោក នៅដើមសប្តាហ៍នេះ ក៏បានដាស់តឿន និងថ្កោលទោសយ៉ាងខ្លាំង ចំពោះការផ្តល់«សេចក្តីសង្ឃឹមក្លែងក្លាយ» ក្នុងការប្រើប្រាស់ថ្នាំដែលគ្មានភស្តុតាងបញ្ជាក់ពីប្រសិទ្ធភាពច្បាស់លាស់ប្រឆាំងនឹងកូវីដ១៩។

ក្នុងពេលការពិសោធវិទ្យាសាស្ត្រ ពុំមានការបញ្ជាក់ច្បាស់លាស់នៅឡើយនោះ គេមិនគួរប្រើថ្នាំណា ដោយគ្រាន់តែឮពាក្យចចាមអារាមនោះដែរ។  ការប្រើប្រាស់ថ្នាំ មិនត្រឹមត្រូវ គ្មានវេជ្ជបញ្ជា ឬប្រើថ្នាំផ្សំផ្តេសផ្តាស ដោយយល់ថាអាចព្យាបាលជំងឺកូវីដ១៩បាន គឺជាការយល់ខុសទាំងស្រុង។ បើមិនប្រយ័ត្ន គឺគ្រោះថ្នាក់ដល់អាយុជីវិតដូចករណីបុរសម្នាក់ស្លាប់នៅ អារីហ្សូណា នៃសហរដ្ឋអាមេរិក​។ ចំណែករណីផ្សំថ្នាំ ដែលយល់ថាអាចព្យាបាលជំងឺកូវីដ១៩បាន  គឺមានពុលថ្នាំ ជាច្រើនករណីមកហើយ  នៅប្រទេស នីហ្សេរីយ៉ា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ