បារាំង​បញ្ជាទិញ​ម៉ាស់​ជាង១ពាន់​លាន​ពី​ចិន

នាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីសុខាភិបាលបារាំង បានធ្វើសន្និសីទកាសែតរួមគ្នា នៅវិមានរដ្ឋាភិបាល ដើម្បីបង្ហាញពីវិធីសាស្ត្របន្ថែមទៀត ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។
នាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីសុខាភិបាលបារាំង បានធ្វើសន្និសីទកាសែតរួមគ្នា នៅវិមានរដ្ឋាភិបាល ដើម្បីបង្ហាញពីវិធីសាស្ត្របន្ថែមទៀត ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។ REUTERS - POOL

នៅបារាំង រយៈពេល​២៤ម៉ោង ពីថ្ងៃសៅរ៍​ទី​២៨មីនា មាន​អ្នក​ស្លាប់​ដោយសារ​កូវីដ​១៩ ចំនួន​៣១៩នាក់។ បើ​សរុប​​ទូទាំង​ប្រទេស​បារាំងវិញ គឺ​មាន​អ្នក​ឆ្លង មេរោគកូរ៉ូណាថ្មី​​ ចំនួន​មានជាង ​​៣ម៉ឺន ​៧ពាន់​នាក់  ហើយ​​ស្លាប់​ជាង ​​២ពាន់ ​៣រយនាក់។ ក៏ប៉ុន្តែ នៅ​ក្នុង​នោះ មាន​អ្នក​ជាសះស្បើយ​និងបាន​​ត្រឡប់​ទៅ​ផ្ទះវិញ ចំនួន​ជាង ​៦ពាន់ ​៦រយនាក់។ នេះបើតាម​របាយការណ៍​ចេញផ្សាយ​ដោយ​រដ្ឋាភិបាល​បារាំង​ នៅ​ល្ងាចថ្ងៃសៅរ៍​។​ នាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​សុខាភិបាល​បារាំង បាន​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា នៅ​វិមានរដ្ឋាភិបាល​ ដើម្បី​បង្ហាញ​ពី​វិធី​សាស្ត្រ​បន្ថែម​ទៀត ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩។ ក្នុងចំណោម​វិធីសាស្ត្រ​​នោះ គឺ​ថ្នាក់ដឹកនាំ​បារាំង បញ្ជាក់​ថា​ បារាំងបញ្ជាទិញម៉ាស់ជាង១ពាន់លានម៉ាស់ពីប្រទេស​ចិន។

ផ្សាយពាណិជ្ជកម្ម

យុទ្ធ​សាស្ត្រសំខាន់ៗ និង​ជាបន្ទាន់នោះ គឺ​ត្រូវ​ទិញ​ម៉ាស់​ឱ្យ​បាន​ច្រើន ពី​ព្រោះថា ​បុគ្គលិក​សុខាភិបាល​ និង​ក្រុម​គ្រូពេទ្យ​បារាំង​ បាន​ប្រើប្រាស់ម៉ាស់ ​ជា​មធ្យម អស់​ចំនួន​​៤០លានម៉ាស់ ​ក្នុងមួយ​សប្តាហ៍។ នេះបើតាមការ​បញ្ជាក់​របស់​រដ្ឋមន្ត្រីសុខាភិបាល​ Olivier Véran ហើយ​លោក​ឱ្យដឹង​ទៀត​ថា  បារាំង​ផលិត​​ម៉ាស់​បាន ចំនួន​៨លាន​​ តែប៉ុណ្ណោះក្នុង​មួយសប្តាហ៍ ដែល​មិនអាច​ផ្តត់ផ្គង់​​តម្រូវ​ការបា​នទាន់​ពេល ហេតុ​នេះ ​ត្រូវ​កម្មង់​ទិញ​ពី​ចិន​ ១ពាន់​លាន​ម៉ាស់​ ដើម្បីទប់​ស្ថានការណ៍​។

ចំណែក​ការ​ធ្វើ​​តេស្តរក​មេរោគ​វិញ  ​រដ្ឋមន្ត្រីសុខាភិបាល​ បាន​លើកឡើងថា ពេល​ឥឡូវ​នេះ បារាំង​បាន​ធ្វើ​តេស្ត​ លើ​មនុស្ស​ចំនួន ៥ ពាន់នាក់ ក្នុង​មួយ​ថ្ងៃ។ ក៏ប៉ុន្តែ គេ​​​​នឹង​បង្កើន​ចំនួន​ធ្វើ​តេស្ត​ឱ្យ​បាន​ ៣ម៉ឺននាក់ ក្នុងមួយ​ថ្ងៃ​ នៅ​ខែមេសា ហើយ​ឱ្យ​បាន​​ ៥ម៉ឺននាក់​ក្នុង​មួយ​ថ្ងៃ នៅខែ​ឧសភា ជាមួយ​នឹងឧបករណ៍​ធ្វើ​តេស្ត​​ថ្មី​។

ចំពោះ​មជ្ឈ​មណ្ឌល​សម្រាប់​មនុស្ស​ចាស់ជរា​ ឈ្មោះថា Ehpad du Thillot ដែល​កំពុងតែរងគ្រោះខ្លាំង ស្លាប់​មនុស្ស​ចាស់​ ៤នាក់ ក្នុងរយៈ​ពេល​៥ថ្ងៃ​ចុងក្រោយនេះ និងដែលត្រូវ​កាសែតចុះ​​ផ្សាយ​ខ្លាំង លោករដ្ឋមន្ត្រី​ ថា​នឹង​រក​មធ្យោបាយ​ដាក់​​មនុស្ស​ចាស់​ម្នាក់ៗ​ក្នុង​បន្ទប់​ដាច់​ដោយឡែក​ពីគ្នា។​

រីឯ ការ​បង្កើន​ចំនួន​គ្រែ​សម្រាក​ព្យា​បាល នៅ​មន្ទីរពេទ្យ​ គឺ​ជារឿង​ចាំបាច់​ខ្លាំង។ បើតាម​នាយករដ្ឋមន្ត្រី អេឌ័រ ហ្វីលីព, បារាំង​បាន​បង្កើន​គ្រែ​ពី​​៥ពាន់​គ្រែ ទៅ​១ម៉ឺន​៤ពាន់​គ្រែ​ តាំងពី​ពេល​ផ្ទុះ​វិបត្តិមេរោគ​​ដំបូងមក​ម្ល៉េះ។

ដោយឡែក បម្រាម​បង្ខាំងពលរដ្ឋ​​ឱ្យ​នៅ​ក្នុងផ្ទះ​  នឹង​បន្ត​ពន្យារពេល​ រហូត​ដល់​ថ្ងៃទី​១៥មេសា​ ខាងមុខ​​។ នាយករដ្ឋមន្ត្រីបារាំង អេឌ័រ ហ្វីលីព ក្រើន​រម្លឹក​ដែរ ថា​១៥ថ្ងៃ​ទៅមុខ​ទៀត អាច​នឹង​រឹងរឹត​តែ​លំបាក​។ ក៏ប៉ុន្តែ ចំពោះ​​នាយករដ្ឋមន្ត្រី​ គឺ​ លោក​មិនបណ្តោយ​​ឱ្យ​នរណា​ពោលពាក្យថា​ អាជ្ញាធរបារាំង​​ចាត់វិធានការ​បង្ខាំង​មនុស្ស​យឺត​ពេល​នោះទេ ពី​ព្រោះ​អាជ្ញាធរបាន​ប្រឹងប្រែង​ចាត់វិធានការ​​តាំងតែ​ពី​ដំបូង​ដៃ​​មកម្ល៉េះ។ លោក អេឌ័រ ហ្វីលីព ដាស់ស្មារតីជាថ្មីថា «សង្គ្រាម​នេះ​ ទើបតែ​ចាប់​ផ្តើម​នៅឡើយទេ!» ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI