អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​អាល្លឺម៉ង់​ ប្រយុទ្ធទល់​នឹង​វីរុស​កូវីដ​១៩​ ដោយ​យក​គំរូ​តាម​កូរ៉េខាងត្បូង​?

សំឡេង ០៤:២១
សមាជិកនៃអង្គការផ្តល់ជំនួយ ចូលរួមសន្និសីទខ្លីមួយនៅក្នុងទីក្រុង Seligenstadt ប្រទេសអាឡឺម៉ង់ ថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២០។
សមាជិកនៃអង្គការផ្តល់ជំនួយ ចូលរួមសន្និសីទខ្លីមួយនៅក្នុងទីក្រុង Seligenstadt ប្រទេសអាឡឺម៉ង់ ថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២០។ REUTERS - HANNIBAL HANSCHKE
ដោយ៖ អ៊ុង គឹមអ៊ាន់

គិតត្រឹមថ្ងៃចន្ទ ទី៣០ មីនា ករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអាល្លឺម៉ង់ បានកើនឡើង ដល់ជាង ៦ ម៉ឺន ៣ ពាន់ករណី ហើយចំនួនអ្នកស្លាប់វិញមានប្រមាណ ៥៦០ នាក់។ ដើម្បី​ទប់ទល់នឹងការរីករាលដាលនៃកូវីដ១៩ រដ្ឋាភិបាលអាល្លឺម៉ង់ បាននិងកំពុងប្រឹងប្រែង​ធ្វើតេស្ត​ទ្រង់ទ្រាយធំរកមេរោគ ដើម្បីស្វែករកអ្នកឈឺ និងអ្នកសង្ស័យវិជ្ជមានកូវីដ១៩។​ នេះជាវិធានការ ដែលគេដឹងថា អាល្លឺម៉ង់រៀនសូត្រតាម​កូរ៉េខាងត្បូង។ កូរ៉េខាងត្បូង ដែលជាប្រទេសល្បី​ឈ្មោះខាង​ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ មាន​ប្រសិទ្ធភាព​ជាងគេមួយ។

ផ្សាយពាណិជ្ជកម្ម

វីរុសកូវីដ១៩ ដែលជាប្រភេទមេរោគកូរ៉ណាថ្មី មានសមត្ថភាពចម្លងបានលឿន និងអាច​បង្កជាហានិភ័យខ្ពស់ដល់សេដ្ឋកិច្ចពិភពលោក។ ដូច​នេះហើយ ទើបរដ្ឋាភិបាលនៃ​ប្រទេស​ជាច្រើន ខិតខំធ្វើយ៉ាងណាទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ឲ្យបានឆាប់រហ័ស។

ប្រទេសកូរ៉េខាងត្បូង ដែលមានចំនួនប្រជាជនជាង ៥១ លាននាក់ ត្រូវបានគេលើក​សរសើរថា​ មានលទ្ធភាពធ្វើឲ្យករណីឆ្លង​ធ្លាក់ចុះ​បានយ៉ាង​ឆាប់រហ័ស ដោយមិនចាំបាច់​ចាក់សោទីក្រុង ឬប្រទេសទាំងមូលដូច​ចិននោះ​ទេ។

កូរ៉េខាងត្បូងបានជួបករណីឆ្លងថ្មីខ្ពស់បំផុត កាលពីចុងខែកុម្ភៈ គឺមានចំនួនជាង ៩០០ ករណី ហើយបើគិតត្រឹមមួយថ្ងៃចន្ទ ទី៣០ មីនា ករណីឆ្លងថ្មីនៅទីនោះកើនឡើង​មិនច្រើន​នោះទេ ពោលគឺមានចំនួន ៧៨ ករណីតែប៉ុណ្ណោះ។

ដោយមើលឃើញថាចំណាត់ការរបស់កូរ៉េខាងត្បូង មានប្រសិទ្ធភាពខ្ពស់ដូច្នោះហើយ ទើបប្រទេសអាល្លឺម៉ង់ នៅទីបំផុតទៅ សម្រេចចាប់យកគំរូនេះមកអនុវត្តតាម។

ការធ្វើតេស្តទ្រង់ទ្រាយធំរកមេរោគ

អាថ៌កំបាំងមួយ នៅពីក្រោយភាពជោគជ័យរបស់កូរ៉េខាងត្បូង នោះគឺការធ្វើតេស្តរក​មេរោគ​ក្នុងទំហំមួយដ៏ធំ ដើម្បីស្វែងរកអ្នកជំងឺ និងអ្នកទាំងឡាយណា ដែលបានប្រាស័យ​ទាក់ទង​ជាមួយពួកគេ។ បន្ទាប់មកទៀត គេយកអ្នកឈឺ ទៅព្យាបាលនៅមន្ទីរពេទ្យ ហើយដាក់អ្នកសង្ស័យថាអាចឆ្លងជំងឺកូវីដ១៩ ឲ្យនៅដាច់​ដោយឡែក ដើម្បីកុំឲ្យឆ្លងទៅ​អ្នក​ផ្សេងទៀត។

មធ្យោបាយរបស់កូរ៉េខាងត្បូងក្នុងការគ្រប់គ្រងកូវីដ១៩ ពិតណាស់ បង្ហាញពីប្រសិទ្ធភាព​ខ្ពស់ ក្នុងការទប់ស្កាត់កុំឲ្យមេរោគឆ្លងរីករាលដាលខ្លាំងបាន។ នេះ បើតាម​លោកស្រី​រ៉េណា ម៉ាក់គីនថាយអឺរ (Raina MacIntyre) ដែលជាអ្នកជំនាញផ្នែកជំងឺឆ្លង​នៅសាកល​វិទ្យាល័យ New South Wales នៃប្រទេសអូស្ត្រាលី។

នៅអាល្លឺម៉ង់ បើតាមមន្ត្រីរដ្ឋាភិបាល ​គេបានធ្វើតេស្តរកមេរោគបានច្រើនជាង​បណ្តា​ប្រទេស​អឺរ៉ុបដទៃទៀត ដោយក្នុងរយៈពេលមួយសប្តាហ៍​គេអាចធ្វើតេស្តលើមនុស្ស​ចន្លោះពី ៣០ម៉ឺន ទៅ ៥០ម៉ឺននាក់។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាលអាល្លឺម៉ង់ ក៏មានគោលបំណងបង្កើនការធ្វើតេស្ត ទៅលើអ្នក​សង្ស័យវិជ្ជមានកូវីដ១៩ ​និងអ្នកបានជួបប្រាស្រ័យទាក់ទងជាមួយពួកគេ​យ៉ាងហោច​ណាស់ឲ្យមាន ២ម៉ឺននាក់ ក្នុងរយៈពេលតែមួយថ្ងៃ​។

គួរកត់សម្គាល់ថា ការធ្វើតេស្តនៅក្នុងប្រទេសអាល្លឺម៉ង់សព្វថ្ងៃនេះ ផ្តោតទៅលើតែ អ្នកណាដែលឈឺ ហើយមានរោគសញ្ញាសង្ស័យកូវីដ១៩ និងអ្នកដែលបានជួប ឬប្រាស្រ័យទាក់ទងជាមួយអ្នកដែលធ្វើតេស្តវិជ្ជមានកូវីដ១៩ តែប៉ុណ្ណោះ។

ការតាមដានដោយប្រើបច្ចេកវិទ្យាទូរសព្ទឆ្លាតវៃ

ដោយឡែក អាវុធដ៏សំខាន់មួយទៀត ដែលអាល្លឺម៉ង់ កំពុងពិចារណាយកមកអនុវត្តតាម​កូរ៉េខាងត្បូង ដើម្បីប្រយុទ្ធទល់នឹងមេរោគកូរ៉ូណាថ្មី​ក្នុងសមរភូមិ គឺការប្រើប្រាស់កម្មវិធី​ទូរសព្ទដៃ ដើម្បីតាមដានការធ្វើដំណើរផ្លាស់ទីរបស់អ្នកជំងឺ។ ធ្វើបែបនេះ គេអាចស្វែងរក​អ្នកជំងឺ​កូវីដ១៩ ទៅព្យាបាល ហើយអ្នកសង្ស័យថាបានឆ្លងជំងឺ ត្រូវដាក់នៅឲ្យដាច់​​ដោយ​ឡែក​ពីគេឯងរយៈពេល ២ សប្តាហ៍។

មន្ត្រីរដ្ឋាភិបាល បូករួមទាំងអ្នកជំនាញខាងរោគរាតត្បាតអាល្លឺម៉ង់ជាច្រើន ចង់ឲ្យមានការ​ប្រើប្រាស់​កម្មវិធីទូរសព្ទឆ្លាតវៃ ដើម្បីតាមឃ្លាំមើលអ្នកជំងឺ ឬភ្នាក់ងារចំលង។ ក៏ប៉ុន្តែ យុទ្ធសាស្ត្រនេះ នៅតែជាគំនិតដ៏ចម្រូងចម្រាសមួយនៅអាល្លឺម៉ង់ ដោយសារគេគិតថា វាធ្វើឲ្យប៉ះពាល់ដល់​សិទ្ធិឯកជន។

សិទ្ធិឯកជន គឺជាបញ្ហារសើបខ្លាំងណាស់នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលប្រជាជន ធ្លាប់មានប្រវត្តិរស់នៅក្រោមភាពភិតភ័យ ពីការតាមដានឃ្លាំមើល របស់រដ្ឋាភិបាលកាល​សម័យគ្រប់គ្រងរដ្ឋណាស៊ីហ៊ីត្លែរ។

គួរជម្រាបជូនថា ផែនការតាមដានដោយប្រើបច្ចេកវិទ្យាទូរសព្ទឆ្លាតវៃ ដែលមន្ត្រីអាល្លឺម៉ង់ ដាក់ស្នើ ក៏មានរួមបញ្ចូលផងដែរ ការធ្វើតេស្តទ្រង់ទ្រាយធំ ដើម្បីស្វែងអ្នកឆ្លងជំងឺ និងការប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើនជាងមុន ដើម្បីតាមដានអ្នកឈឺ។

លោកឡូតារ វៀលល័រ (Lothar Wieler) ប្រធានវិទ្យាស្ថានរ៉ូប៊ឺតកូច (RKI) ទទួលខុសត្រូវ​ផ្នែកគ្រប់គ្រងជំងឺរបស់អាល្លឺម៉ង់ បាននិយាយថា ទោះបីជា ប្រទេសអាល្លឺម៉ង់ និងកូរ៉េ​ខាងត្បូង គឺជាប្រទេសពីរខុសគ្នាក៏ពិតមែន ក៏ប៉ុន្តែយុទ្ធសាស្រ្តទប់ស្កាត់មេរោគរបស់​ប្រទេសអាស៊ីមួយនេះ អាចយកធ្វើជាគំរូដ៏ល្អមួយ។

លោក ឡូតារ វៀលល័រ បានបន្ថែមដោយសង្កត់ធ្ងន់ថា ការតាមដានដោយការ​ប្រើកម្មវិធី​ទូរសព្ទ​ឆ្លាតវៃ គឺពិតជាវិធីសាស្ត្រដ៏សំខាន់មួយ ដែលអាចយកទៅប្រើដើម្បី​គ្រប់គ្រង់​មេរោគកូរ៉ណាថ្មី​ដ៏កាច​សាហាវបាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ