នាយករដ្ឋមន្រ្តីហុងគ្រី ទទួលបានអំណាចផ្តាច់មុខដើម្បីប្រយុទ្ធប្រឆាំងទល់នឹងកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖
សភាហុងគ្រី កាលពីថ្ងៃចន្ទ ទី៣០ មីនាម្សិលមិញ បានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដោយផ្តល់អំណាចផ្តាច់មុខឱ្យលោកនាយករដ្ឋមន្រ្តីវិកទ័រ អកបាន (Viktor Orban) ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។ ច្បាប់ថ្មីនេះ ផ្តល់អំណាចដល់លោកនាយករដ្ឋមន្ត្រី គ្រប់គ្រងប្រទេសដោយគ្មានដែនកំណត់ រហូតដល់ភាពអាសន្នបង្កដោយកូវីដ១៩ ត្រូវបានបញ្ចប់ទៅវិញ។
ក្រោយទទួលបានសំណើពីរដ្ឋាភិបាល ដែលស្នើសុំអំណាចផ្តាច់មុខ ដើម្បីអាចគ្រប់គ្រងប្រទេសពេញដៃក្នុងគ្រាអាសន្នបង្កឡើងដោយកូវីដ១៩ សភាហុងគ្រី កាលពីថ្ងៃចន្ទម្សិលមិញ បានបោះឆ្នោតគាំទ្រសំណើនេះដោយសំឡេង ១៣៧ ទល់នឹង ៥៣ សំឡេង។
លោកនាយករដ្ឋមន្រ្តីវិកទ័រ អកបាន សាទរចំពោះការសម្រេចរបស់សភា ហើយបានសន្យាថានឹងប្រើអំណាចពិសេសដែលសភាផ្តល់ជូននេះ ឲ្យបានល្អឲ្យមានភាពសមាមាត្រ និងភាពត្រឹមត្រឹមត្រូវ។
ដោយឡែក សេចក្តីសម្រេចរបស់សភាហុងគ្រីនេះ ក៏បានបង្កឲ្យមានការរិះគន់មិនតិចនោះទេទាំងក្នុង និងក្រៅប្រទេស។ ក្រុមអ្នករិះគន់ បានថ្កោលទោសនិងថា “ច្បាប់ផ្តល់អំណាចផ្តាច់មុខឲ្យរដ្ឋាភិបាល ប្រើក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងមេរោគ” គឺប្រៀបបីដូចជា ផ្តល់អំណាចហួសហេតុពេកដល់នាយករដ្ឋមន្ត្រី។ មួយវិញទៀត ក្រុមអ្នករិះគន់បានលើកឡើងដែរថា ប្រមុខរដ្ឋាភិបាលហុងគ្រី អាចយកច្បាប់នេះជាមធ្យោបាយគ្រប់គ្រងក្រុមអ្នកប្រឆាំង ជាជាងប្រយុទ្ធនឹងមេរោគរាតត្បាតក៏ថាបាន។
ឆ្លើយតបនឹងមតិរិះគន់ លោកនាយករដ្ឋមន្ត្រីហុងគ្រី បាននិយាយ នៅពេលស្ថានភាពក្នុងប្រទេសត្រលប់មកធម្មតាវិញ នោះ អំណាចទាំងអស់នឹងត្រូវបានប្រគល់សភាដូចដើម។ លោកអកបាន បានអះអាងទៀតថាលោក នឹងមិនកាន់កាប់អំណាចផ្តាច់មុខរយៈពេលយូរនោះទេ។
គួរជ្រាបថា បន្ទាប់ពីប្រកាសអំពីស្ថានភាពអាសន្នក្នុងប្រទេស នាថ្ងៃទី ១១ ខែមីនាមក ច្បាប់ថ្មីហុងគ្រីដែលទើបអនុម័តដោយសភា បានផ្តល់អំណាចគ្មានដែនកំណត់ឡើយ ដល់លោកនាយករដ្ឋមន្ត្រី។ ច្បាប់នេះ នឹងត្រូវអស់សុពលភាពវិញ រហូតទាល់តែរដ្ឋាភិបាល ប្រកាសបញ្ចប់ភាពអាសន្ន។
គួរជ្រាបទៀតថា សេចក្តីព្រាងច្បាប់ថ្មីរបស់ហុងគ្រី ត្រូវបានដាក់ចូលជាធរមានកាលពីយប់ថ្ងៃចន្ទ។ ច្បាប់ថ្មីនេះ ដកចេញនូវមាត្រា ដែលតម្រូវឲ្យសមាជិកសភាបោះឆ្នោតអនុម័ត លើការពន្យារពេលណាមួយនៃអនុក្រឹត្យផ្សេងៗ។ មួយវិញទៀត ការបោះឆ្នោតនានា ក៏មិនត្រូវបានអនុញ្ញាតឲ្យធ្វើឡើងជាដាច់ខាតក្នុងអំឡុងពេលអាសន្ន។
បន្ថែមលើនេះ ច្បាប់ខាងលើក៏បានណែនាំផងដែរ ឲ្យមានការដាក់ទោសជាប់ពន្ធនាគាររហូតដល់ទៅរយៈពេល ៥ ឆ្នាំ សម្រាប់អ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិត អំពីវីរុសកូវីដ១៩ ឬអំពីវិធានការប្រឆាំងនឹងវីរុសនេះ។ ការណ៍នេះ បានធ្វើឱ្យមានការព្រួយបារម្ភកើនឡើង ចំពោះសេរីភាពសារព័ត៌មាននៅក្នុងប្រទេសហុងគ្រី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ