ស្វីស និងការទាក់ទាញធនធានបញ្ញា
ចុះផ្សាយនៅថ្ងៃ៖
ក្នុងចំណោមប្រទេសទាំងអស់លើពិភពលោក ស្វីស តែងតែបន្តស្ថិត ក្នុងចំណោមប្រទេសកំពូល ដែលអាចមានលទ្ធភាពទាក់ទាញ អភិវឌ្ឍ និងរក្សាធនធានបញ្ញា ឬសំដៅដល់ បុគ្គលិកដែលមានជំនាញបច្ចេកទេសខ្ពស់ៗ ពីគ្រប់ទិសទី ពាសពេញពិភពលោក។ តើមានកត្តាអ្វីខ្លះដែលប្រទេសនេះអាចធ្វើបាន?
ដើម្បីបង្កើនភាពវ័យឆ្លាតជាមធ្យម ក្នុងប្រជាជាតិមួយ គេអាចមានជម្រើសល្អពីរ។ ទីមួយ បណ្ដុះបណ្តាលមនុស្សដែលមានស្រាប់ក្នុងសង្គម តែត្រូវចំណាយពេលយូរ អាចរហូតដល់រាប់ទសវត្សរ៍ និងទីពីរ គេអាចពិចារណា បញ្ចូលមនុស្សថ្មី តែត្រូវប្រឈមនឹងភាពរើសអើងរបស់ម្ចាស់ស្រុក។ ទោះជាយ៉ាងណា គេអាចបញ្ចូលអ្នកចំណូលថ្មីបាន តែត្រូវប្រាកដថា គេអាចបំប្លែងពួកគេឱ្យដូច ម្ចាស់ស្រុក។
ជារៀងរាល់ឆ្នាំ សាលាពាណិជ្ជកម្ម IMD ដែលមានទីតាំងនៅប្រទេសស្វីស និងសិង្ហបុរី បានធ្វើការស្ទង់មតិ នៅប្រទេសទាំង៦៣ ដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេ លើពិភពលោក ដើម្បីវាយតម្លៃលើកត្តាបីសំខាន់ ៖
១) ការវិនិយោគ និងការអភិវឌ្ឍ
២) ការអំពាវនាវ
៣) ការត្រៀមខ្លួនសម្រាប់ទទួលធនធានបញ្ញា។
ចំណាត់ថ្នាក់របស់ប្រទេសទាំងនោះ កំណត់ដោយភាពជោគជ័យ នៅក្នុងវិស័យផ្សេងៗ ដែលទេពកោសល្យរបស់មនុស្សម្នាក់ជាប់ពាក់ព័ន្ធ ដូចជា ការអប់រំ ការបណ្តុះបណ្តាល ការហ្វឹកហាត់ជំនាញភាសា គុណភាពជីវិត ប្រាក់ឈ្នួល និងអត្រាពន្ធ។
ប្រទេសស្វីសស្ថិតនៅលើកំពូលតារាង បួនឆ្នាំក្រោយជាប់គ្នា។ ថ្វីបើការចំណាយលើស្ដង់ដាររស់នៅមានតម្លៃខ្ពស់ ក៏ប្រទេសស្វ៊ីសឈរលេខមួយ សម្រាប់ការអំពាវនាវ និងការត្រៀមខ្លួន ហើយឈរលេខបួន សម្រាប់ ការវិនិយោគ និងការអភិវឌ្ឍ។
ប្រទេសនៅអឺរ៉ុបប៉ែកខាងជើង រួមមាន ដាណឺម៉ាក ន័រវែស ហ្វាំងឡង់ និងស៊ុយអែត ឈរលំដាប់កំពូលក្រោយប្រទេសស្វីស ដោយប្រទេសទាំងនេះមានចំណាត់ថ្នាក់យ៉ាងល្អបំផុត លើ ការត្រៀមខ្លួន រួមជាមួយការបង្កើនចំណាយសាធារណៈលើវិស័យអប់រំ ដែលបានកើនឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាណាដា ជាប្រទេសតែមួយគត់ ដែលមិនមែនជាប្រទេសអឺរ៉ុប មានចំណាត់ថ្នាក់ស្ថិតក្នុងចំណោមប្រទេសកំពូលទាំងដប់។ នៅតំបន់អាស៊ី សិង្ហបុរី និងហុងកុង ក៏ធ្វើបានយ៉ាងល្អដែរ ក្នុងការទាក់ទាញធនធានបញ្ញាក្នុងពិភពលោក ដោយសារជាដែនដីពោរពេញដោយភាពរស់រវើកនៃពាណិជ្ជកម្ម។
របាយការណ៍ ក៏បានបង្ហាញដែរថា សមត្ថភាពរបស់និយោជក ក្នុងការទាក់ទាញ អភិវឌ្ឍ និងរក្សាបុគ្គលិកដែលមានជំនាញខ្ពស់ ឬធនធានបញ្ញា កាន់តែមានសារៈសំខាន់ សម្រាប់វឌ្ឍនភាពរបស់ស្ថាប័នមួយ ទោះជាក្នុងវិស័យសាធារណៈ ឬឯកជន។ ដោយសារ ការរីកចម្រើននៃបច្ចេកវិទ្យា ក្នុងវិស័យផ្សេងៗ ដូចជា បញ្ញាសិប្បនិម្មិត និងគ្រឿងយន្ត ពិភពលោក ក្នុងបដិវត្តន៍ឧស្សាហកម្មទំនើប កំពុងផ្លាស់ប្តូរការងារដែលយើងកំពុងធ្វើ និងរបៀបដែលយើងកំពុងអនុវត្ត។
ដូច្នេះ នៅថ្ងៃខាងមុខ នៅពេលដែលកម្លាំងពលកម្មមនុស្ស ជំនួសដោយ ម៉ាស៊ីន នោះវានឹងមានន័យថា ស្ថាប័ន និងអ្នកដឹកនាំ នឹងចាំបាច់ត្រូវព្យាយាមទាក់ទាញធនធានបញ្ញា ដែលមានជំនាញដូចជា ការវិភាគស៊ីជម្រៅ ការរចនាបច្ចេកទេស និង ការបន្តរៀនសូត្រយ៉ាងសកម្ម ពេញមួយជីវិត។
សរុបជារួម ការបរាជ័យលើការវិនិយោគ ពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ការបង្កើនជំនាញ និងការទាក់ទាញធនធានបញ្ញា នឹងក្លាយជាគុណវិបត្តិមួយ សម្រាប់ទាំងបុគ្គលិក និងស្ថាប័នទាំងមូល ដែលអាចរុញច្រានឱ្យពួកគេបាត់បង់ភាពប្រកួតប្រជែងយ៉ាងឆាប់រហ័ស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ