អានតួអត្ថបទ
កូវីដ១៩-ម៉ាស់

អង្គការសុខភាពពិភពលោក ៖ ម៉ាស់មិនមែនជា “ដំណោះស្រាយទិព្វ” ប្រឆាំងនឹងកូវីដ១៩ទេ

អង្គការ​សុខភាព​ពិភពលោក​ថា​ម៉ាស់​មិនមែន​ជា​ដំណោះស្រាយ​ទិព្វ​ទេ
អង្គការ​សុខភាព​ពិភពលោក​ថា​ម៉ាស់​មិនមែន​ជា​ដំណោះស្រាយ​ទិព្វ​ទេ AFP
ដោយ៖ អៀង សុខម៉ិញ
១៥ នាទី

ពាក់​ម៉ាស់ មិនមែន​ជាវិធីការពារ​ ដ៏​អស្ចារ្យ​ ដែល​អាច​យក​ឈ្នះលើ​ជំងឺ​កូវីដ១៩​បានទេ។ នៅ​ល្ងាច​ថ្ងៃចន្ទទី ៦​មេសា ម្សិលមិញ លោក​​នាយក​អង្គការ​សុខភាព​ពិភពលោក បានថ្លែង​រំលឹក​ពី​ទីក្រុង​ហ្សឺណែវ ថា ការពាក់​ម៉ាស់ តែ​មួយ​មុខ គ្មាន​ប្រសិទ្ធភាពទេ ប្រសិន​បើ​មិន​គោរព​វិធានការ​ការពារ​ផ្សេង​ទៀត​ដូចជា​​ ​លាង​ដៃ ឬ​ រក្សា​គម្លាត​សុវត្ថិភាព​ ​នៅឆ្ងាយៗគ្នា​ ជា​ដើមទេនោះ។

ផ្សាយពាណិជ្ជកម្ម

ម៉ាស​តែមួយ​មុខ​ មិនអាច​បញ្ឈប់​ជំងឺកូវីដ១៩​បាន​ទេ។ គ្រប់​ប្រទេស​ត្រូវ​តែ​បន្តស្រាវជ្រាវ​ ដាក់​ឱ្យ​នៅ​ឯកា និង​ព្យាបាល​អ្នក​ជំងឺកូវីដ១៩ និង​ស្វែង​រក​អ្នក​បាន​ជួប​អ្នក​មេរោគ​កូរ៉ូណាថ្មី។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​នាយក​អង្គការសុខភាព​ពិភពលោក នៅ​ក្នុង​សន្និសីទ​កាសែត​ពី​ទីក្រុង​ហ្សឺណែវ​ កាលពីល្ងាច​មិញ។

លោក​បានអះអាងទៀតថា ការណែនាំ​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​ជា​ទូទៅ បាន​ត្រឹម​តែ​ធ្វើ​ឱ្យ​មាន​វិបត្តិខ្វះ​ម៉ាស់​កាន់​ធ្ងន់ធ្ងរ​ សម្រាប់​បុគ្គលិក​នៅ​តាម​មន្ទីរ​ពេទ្យ​​តែ​ប៉ុណ្ណោះ។

បើមិន​គោរព​វិធានការការពារ​មេរោគកូរ៉ូណា​ថ្មី ដូច​ជា​ លាង​ដៃ​នឹង​សាប៊ូ​ឱ្យបាន​ញឹកញាប់ រក្សា​គំលាត​សុវត្ថិភាព ដោយ​ស្ថិត​នៅ​ឱ្យ​ឆ្ងាយ​ពី​មនុស្ស​ផ្សេង​ទៀត​ចម្ងាយ​យ៉ាង​ហោចមួយ​ម៉ែត្រ ជា​ដើម​ទេ នោះ​ការពាក់​ម៉ាស់​ជា​ទូទៅ របស់​​ប្រជាពលរដ្ឋ​គ្រប់រូប គ្មាន​ប្រសិទ្ធភាព​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ឡើយ។ លោកនាយក​អង្គការ​សុខភាព​ពិភពលោក​បានគូសបញ្ជាក់​ទៀត​ថា ប្រជាពលរដ្ឋ​អាចពាក់​​ម៉ាស់ តែ​នៅក្នុងកន្លែង​ដែល​​​មិន​អាច ឬ​ដែល​ពិបាក​អនុវត្តវិធានការ​ការពារ មាន​ជាអាទិ៍ កន្លែង​មានមនុស្ស​ច្រើន និង​គ្មាន​ទឹក​ស្អាត។

សូម​បញ្ជាក់​ថា សេចក្តីណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​នេះ ធ្វើ​ឡើងក្រោយ​ពី​ពិភពលោក ជា​ពិសេស នៅ​សហរដ្ឋ​អាមេរិក និងនៅ​អឺរ៉ុប ទើប​​នាំ​គ្នា​ប្តូរ​នយោបាយទាក់ទង​នឹង​ការ​ប្រើ​ម៉ាស់ យក​គំរូ​តាម​អាស៊ី​ដែលពលរដ្ឋ​ពាក់​ម៉ាស់​ជា​ទូទៅ តាំង​ពី​កូវីដ​១៩​ផ្ទុះ​ឡើង​ដំបូង​ភ្លាម។ នៅ​អឺរ៉ុប មាន​ជាអាទិ៍​បារាំង អ៊ីតាលី ... កំពុង​គិតគូរ​​ឱ្យ​ពលរដ្ឋ​ទូទៅ​ពាក់​ម៉ាស់​ទូទៅ​នៅ​ពេលចាប់​បើកប្រទេស​វិញដែរ។ លោក​ដូណាល់ត្រាំ បាន​ដល់​ណែនាំ​ឱ្យ​ពលរដ្ឋ​ធ្វើ​ម៉ាស់​ធ្វើ​ខ្លួនពាក់​ឬ​យក​ក្រមា​កន្សែងបង់ក​រុំមុខ ដើម្បី​ទប់​ទល់​នឹង​កូរ៉ូណាវីរុស​ថ្មី ក្រោយ​ពី​បាន​ការសិក្សា​របស់​រដ្ឋបណ្ឌិតសភា​វិទ្យាសាស្ត្រ​អាមេរិក​ បង្ហាញ​ការ​សង្ស័យ​ថា​មេរោគ​កូរ៉ូណាថ្មី ទំនង​ជា​អាច​នៅ​ក្នុង​ខ្យល់ និង​ចម្លង​តាមរយៈ​ការ​ដកដណ្តើម​ចេញ​ចូល មិនមែន​ត្រឹម​ការ​ខ្ទាត​ទឹក​មាត់​នៅ​ពេលនិយាយ​ឬ​ក្អក​កណ្តាស​ទេ។

អង្គការសុខភាពពិភពលោក​បាន​លើក​ឡើង​អំពី​សម្មតិកម្ម​នេះ​ដែរ តែ​នៅរក្សា​ការ​ប្រុង​ប្រយ័ត្នខ្លាំង។ រហូត​មក​ទល់​ពេល​នេះ អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​រក្សា​ជំហរ​ដដែល ថា​ការ​ពាក់​ម៉ាស់​មិន​ចាំ​បាច់ទេ​សម្រាប់​មនុស្ស​ជា លើក​លែង​តែ​អ្នក​នោះ​បាន​ជួបមនុស្ស​ឈឺ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ