អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ១៩៖ បារាំង​ពន្យា​​ការ​​បិទខ្ទប់​ប្រជាជន​ និង​ចង់​ប្រើ​បច្ចេកវិទ្យា​លើ​ទូរស័ព្ទ ដើម្បី​តាម​ស្កាត់​ការចម្លង

សំឡេង ០៧:៤៨
លោកម៉ាក្រុង ប្រជុំជាមួយ​លោកនាយករដ្ឋមន្ត្រី អ៊ែឌ័រ ហ្វីលីព និងលោក អូលីវយេ វ៉េរ៉ង់ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង។ វិមានអេលីហ៊្សេ ថ្ងៃទី​៨ មេសា ២០២០
លោកម៉ាក្រុង ប្រជុំជាមួយ​លោកនាយករដ្ឋមន្ត្រី អ៊ែឌ័រ ហ្វីលីព និងលោក អូលីវយេ វ៉េរ៉ង់ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង។ វិមានអេលីហ៊្សេ ថ្ងៃទី​៨ មេសា ២០២០ REUTERS - POOL
ដោយ៖ ម៉ម ពិសី
៣៦ នាទី

​គិតមកត្រឹមថ្ងៃព្រហស្បតិ៍ ទី៩មេសានេះ តួលេខផ្លូវការបង្ហាញថា មានអ្នកស្លាប់ដោយកូវីដ១៩​ នៅបារាំង ចំនួន​៧៦៣២នាក់ ដែលក្នុងនោះ ៥៤២នាក់ គឺស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខ​នេះ នៅមិនទាន់រាប់បញ្ចូល នូវចំនួនអ្នកស្លាប់ នៅតាមមណ្ឌល​ចាស់ជរា ដែលមានប្រមាណ​៣២៣៧នាក់បន្ថែមទៀត ដែលគេជឿថា សុទ្ធតែបណ្តាលមកពីកូវីដ១៩។ នៅថ្ងៃនេះដែរ រដ្ឋាភិបាល​បារាំង បាន​ប្រកាសថា បារាំងនៅមិនទាន់ឆ្លងផុតដំណាក់កាលគ្រោះថ្នាក់នៅឡើយទេ ហើយអំពាវនាវឲ្យប្រជាជន​ទាំងអស់​ គោរពបញ្ជាសំងំក្នុងផ្ទះ ​ដើម្បីកាត់ផ្តាច់ការចម្លងរាលដាល។

ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី៩មេសានេះ ចូលដល់ថ្ងៃទី២៤ហើយ ដែលប្រជាជនទូទាំងប្រទេសបារាំង ត្រូវសំងំ​នៅក្នុងផ្ទះ មិនអាចចេញទៅណាបាន លើកលែងតែទៅបរិវេណជិតផ្ទះ ដើម្បីទិញម្ហូបអាហារ ឬមាន​ការ​ចាំបាច់ពិសេសណាមួយ។ រាល់ការបំលាស់ទី ត្រូវតែមានលិខិតអនុញ្ញាត ពុំនោះទេនគរបាល​អាចផាកពិន័យ។

ការហាមប្រជាជនឲ្យសំងំក្នុងផ្ទះ គឺដើម្បីកាត់ផ្តាច់ការចម្លងរាលដាល ពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ ធ្វើដូចនេះ គឺដើម្បីសម្រាលការលំបាកនៅតាមមន្ទីរពេទ្យ ព្រោះបើមានអ្នកឈឺច្រើនពេក គឺពេទ្យមិនអាចជួយទាន់ទេ។ តែយ៉ាងណាបច្ចុប្បន្ននេះ ប្រព័ន្ធសុខាភិបាលបារាំង កំពុងស្ថិតក្នុងការលំបាកខ្លាំងទៅហើយ ព្រោះថាចំនួន​អ្នកជំងឺកូវីដ​ដែលធ្ងន់ខ្លាំង គឺមានដល់ជាង៧ពាន់នាក់។ ​មនុស្សទាំង៧ពាន់នាក់នេះ កំពុងស្ថិតក្នុងការសង្រ្គោះបន្ទាន់ ហើយត្រូវការជាចាំបាច់នូវម៉ាស៊ីនជំនួយការដកដង្ហើម។

បន្តអនុវត្តវិធានការបិទខ្ទប់ប្រជាជន

​ស្ថានភាពនៃការឆ្លងរាលដាល នៅមិនទាន់ថមថយកម្លាំងទេ មនុស្សឆ្លងចេះតែកើន អ្នកស្លាប់ក៏ចេះតែកើន។ តំបន់ភាគខាងជើងឈាងខាងកើត និងតំបន់ជុំវិញក្រុងប៉ារីស មានស្ថានភាពធ្ងន់ធ្ងរជាងគេ ដោយសារដង់ស៊ីតេប្រជាជនច្រើន ហើយមនុស្សមិនសូវជាគោរពបទបញ្ជាសំងំក្នុងផ្ទះទៀត។​ ហេតុដូច្នេះហើយ បានជានៅប៉ារីស និងស្រុកចំនួន​៥ជុំវិញក្រុងប៉ារីស អាជ្ញាធរបានរិតបន្តឹង​បន្ថែម ដោយបានហាមមិនឲ្យមនុស្សចេញដើរ ធ្វើកីឡាទេ​ចន្លោះពីម៉ោង១០ព្រឹក ដល់​ម៉ោង​៧ល្ងាច។

វិធានការបិទខ្ទប់ទាំងស្រុង ទូទាំងប្រទេសនេះ នឹងត្រូវចប់នៅថ្ងៃទី១៥មេសាខាងមុខនេះហើយ។ ​វិមានប្រធានាធិបតីបារាំង បានឲ្យដឹងកាលពីល្ងាចថ្ងៃពុធទី​៨មេសា រដ្ឋាភិបាលនឹងពន្យា​រយៈ​ពេលបិទខ្ទប់ទាំងស្រុងនេះបន្តទៀត តែមិនបានបញ្ជាក់ថា ថែមប៉ុន្មានសប្តាហ៍ទៀតនោះទេ។ នៅថ្ងៃចន្ទ ដើមសប្តាហ៍ក្រោយនេះ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នឹងថ្លែងសារទៅកាន់ប្រជាជាតិបារាំងជាថ្មីម្តងទៀត ដើម្បីប្រាប់ពីការបន្តការបិទខ្ទប់នេះ ព្រមទាំងប្រកាស​ពីវិធានការថ្មីៗទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩។

កម្មវិធីលើទូរស័ព្ទដៃ "StopeCovid"

ទាក់ទិននឹងវិធានការថ្មីនេះដែរ ប៉ុន្មានថ្ងៃចុងក្រោយនេះ មានដំណឹងថា រដ្ឋាភិបាលបារាំង មានគម្រោងប្រើប្រាស់បច្ចេកវិទ្យាលើទូរស័ព្ទ ដើម្បីតាមស្កាត់រកអ្នកឆ្លងមេរោគកូវីដ១៩ ក៏ដូចជា​រកអ្នក​ដែល​បានប្រាស្រ័យប៉ះពាល់ ជាមួយអ្នកផ្ទុកកូវីដ១៩។​លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង និងលោករដ្ឋលេខាធិការ ទទួលបន្ទុក​បច្ចេកវិទ្យាព័ត៌មានវិទ្យា បានលើកឡើងនៅក្នុងបទសម្ភាសន៍ក្នុងកាសែត Le Monde កាលពីថ្ងៃពុធម្សិលមិញ ថារដ្ឋាភិបាល កំពុងពិចារណា បង្កើតកម្មវិធីប្រើលើទូរស័ព្ទដៃ ដើម្បីតាមស្កាត់រកអ្នកណា ដែលអាចឆ្លងមេរោគកូវីដ១៩។ កម្មវិធីនោះមានឈ្មោះថា « StopeCovid »។

យោងតាមមន្ត្រីបារាំងទាំង២នាក់នេះ កម្មវិធី « StopeCovid » នឹងដើរដោយ បច្ចេកវិទ្យា Bluetooth នៅតាមទូរស័ព្ទដៃរបស់អ្នកប្រើប្រាស់ ហើយអាចដានដំណើរបំលាស់ទីរបស់ម្ចាស់ទូរ​ស័ព្ទ​នោះ។ កាលណាមនុស្សម្នាក់  ដើរឬនៅជិតមនុស្សម្នាក់ទៀត កម្មវិធីនេះនឹងតភ្ជាប់គ្នារវាងទូរស័ព្ទ​ទាំង២។ បើមានម្នាក់ មានផ្ទុកកូវីដ១៩ គឺអាជ្ញាធរ នឹងអាចតាមដានដឹង ថាអ្នកផ្ទុកនោះ បានជួបនរណាខ្លះ បាននៅក្បែរនរណាខ្លះ។ ដូច្នេះ អាជ្ញាធរអាចជូនដំណឹងទៅមនុស្សទាំងនោះ ឲ្យប្រុងប្រយ័ត្នតាមដានសុខភាព ឬក៏អាចហៅមកធ្វើតេស្តរកមេរោគដែរ។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បានលើកឡើងពីបទពិសោធន៍កន្លងមក ថា​អាជ្ញាធរខាត​ពេល​ច្រើនណាស់ ក្នុងការសាកសួរ ស៊ើបរកមនុស្សដែលបានប្រាស្រ័យ ប៉ះពាល់ជាមួយអ្នកផ្ទុកកូវីដ១៩ ណាម្នាក់។ ដូច្នេះកម្មវិធីលើទូរស័ព្ទដៃនេះ អាចជួយអាជ្ញាធរ ក្នុងការ​ទប់ស្កាត់ការចម្លងរាលដាល បានលឿនរហ័សមួយកម្រិតទៀត ព្រោះគេអាចដឹងអត្តសញ្ញាណអ្នកដែលអាចឆ្លងបានលឿនរហ័ស ហើយអាចអនុវត្តវិធានការ​ចាំបាច់បានលឿនរហស័ ដើម្បីផ្តាច់បណ្តាញចម្លងទៅអ្នក​ដ៏ទៃ។​ មានប្រទេសមួយចំនួនបានប្រើ បច្ចេកវិទ្យាស្រដៀងគ្នានេះដែរដូចជានៅចិន សិង្ហបុរី ឬកូរ៉េខាងត្បូងជាដើម។

ប្រសិទ្ធិភាពតិច និងអាចបំពានសិទ្ធិឯកជន

ទាក់ទិននឹងការព្រួយបារម្ភពីសិទ្ធិឯកជននេះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បានសង្កត់ធ្ងន់ទៅលើលក្ខណៈមិនចាប់បង្ខំនៃការប្រើប្រាស់កម្មវិធី « StopeCovid » នេះ។ ពោលគឺប្រជាជនម្នាក់ៗ ជាអ្នកសម្រេចដោយខ្លួនឯង ថាចង់ទាញវាយមកប្រើ ឬក៏អត់ ហើយគេ​អាច​លុបចេញវិញពេលណាក៏បាន។ លោករដ្ឋមន្ត្រីបារាំង អះអាងទៀតថា អាជ្ញាធរនឹងមិនទាញយកទិន្ន័យ របស់​ម្ចាស់ទូរស័ព្ទ មកស្តុកទុកនោះទេ។ គឺគេនឹងលុបចោលវិញ ក្នុងពេលកំណត់ណាមួយ។

ដោយឡែក លោកស្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌វិញ បានបញ្ជាក់ថា ក្រសួងលោកស្រី និងមិនធ្វេសប្រហែស បណ្តោយឲ្យកម្មវិធីទូរស័ព្ទដៃនេះ មកបំពានលើសិទ្ធិឯកជនជាមូលដ្ឋានរបស់ប្រជាជនជាដាច់ខាត។ លោកស្រីបានសង្កត់ធ្ងន់ថា បញ្ហានេះជាបញ្ហាធំ ដូច្នេះ មុននឹងបើកឲ្យប្រើកម្មវិធីនេះ គឺត្រូវតែមានការជជែកដេញដោលគ្នានៅក្នុងសភា ឲ្យបាន​អស់សេចក្តី។

ទាក់ទិននឹងទៅប្រសិទ្ធិភាព​ របស់កម្មវិធីបច្ចេកវិទ្យានេះ ក៏មានការរិះគន់ខ្លះៗដែរ។ យោងតាមការ​ស្រាវជ្រាវ​របស់អ្នកជំនាញ​នៅសកលវិទ្យាល័យ Oxford ដែលជាអ្នកបានពិចារណាប្រើប្រព័ន្ធបច្ចេកវិទ្យាជួយទប់ស្កាត់ការឆ្លងកូវីដ១៩នេះមុនគេ បានលើកឡើងថា ដើម្បីឲ្យកម្មវិធី​លើ​ទូរស័ព្ទ​ដៃ​ប្រភេទនេះ អាចមានប្រសិទ្ធិភាពបាន​ គឺទាល់តែប្រជាជនប្រមាណ​៦០% ប្រើវា។ តែបញ្ហាចោទ គឺថា មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែមានទូរស័ព្ទដៃទំនើបនោះទេ ហើយបន្ថែមពីនេះទៀត គឺឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត​ថែមទៀត។ ដូច្នេះប្រសិទ្ធិភាពនៃកម្មវិធី « StopeCovid » អាចមានតិច។

តែយ៉ាងណា លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បានសង្កត់ធ្ងន់ថា គេត្រូវមើលកម្មវិធី « StopeCovid ​» ថាឧបករណ៍មួយ ក្នុងចំណោមឧបករណ៍ទាំងឡាយផ្សេងទៀត ដែលអាចជួយ​ចូលរួមក្នុងការកាត់បន្ថយការឆ្លងរាលដាល។ វាមិនល្អប្រពៃគ្រប់ជ្រុងជ្រោយ តែវាអាចជួយ។ ពោលគឺយើង ត្រូវចេះច្បិចយកចំណុចល្អ របស់បច្ចេកវិទ្យាទំនើបមកប្រើ ដោយប្រុងប្រយ័ត្ននិងដោយការពារសិទ្ធិមូលដ្ឋានរបស់អ្នកប្រើ។ សម្រាប់ពេលនេះ មិនទាន់មានការសម្រេចជាផ្លូវការណាមួយ ថារដ្ឋាភិបាលបារាំង នឹងដាក់ឲ្យប្រើកម្មវិធី « StopeCovid » នេះទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ