កូវីដ១៩-អង្គការ​សុខភាព​ពិភពលោក

អង្គការសុខភាពពិភពលោក ៖ កុំធ្វើនយោបាយលើវិបត្តិកូវីដ១៩

លោក​Tedros Adhanom Ghebreyesus នាយកអង្គការ​សុខភាពពិភពលោក
លោក​Tedros Adhanom Ghebreyesus នាយកអង្គការ​សុខភាពពិភពលោក AFP

នៅថ្ងៃព្រហស្បតិ៍​ទី ៩​មេសា​នេះ តៃវ៉ាន់​ បាន​ស្រែក​ទាមទារឱ្យ​​នាយក​អង្គការ​សុខភាព​ពិភពលោក​សុំ​ទោស​តៃប៉ិ។ ​ចំណែក នាយក​អង្គការ​សុខភាព​ពិភពលោកវិញ ​ឆ្លើយ​តប​ទៅនឹង​ការរិះគន់​របស់​ប្រធានាធិបតី​អាមេរិក លោក តេដ្រូស (Tedros Adhanom Ghebreyesus) បានបរិហារ​ ​នៅក្នុង​សន្និសីទ​កាសែត​ទីពី​ក្រុង​ហ្សឺណែវ ទង្វើ​កេង​ចំណេញ​នយោបាយ​ពី​ចំណាត់​ការ​ដោះស្រាយ​វិបត្តិ និង​បានអះអាង​ថា​ពេល​នេះជា​វេលា​ដែល​ចិន​និ​ងអាមេរិក​គួរ​តែ​រួម​ដៃ​គ្នា​កម្ចាត់​មេរោគ។

ផ្សាយពាណិជ្ជកម្ម

“កុំ​យកចំណេញ​នយោបាយ​ពី​​​វិបត្តិកូវីដ១៩​ ! អ្នក​មាន​មធ្យោបាយ​ច្រើន​ទៀត​ក្នុង​ការ​បង្ហាញ​ស្នាដៃ ! កុំ​លេង​នឹងភ្លើង !” នេះ​ជា​ប្រសាសន៍​របស់​លោក​ តេដ្រូស នាយក​អង្គការ​សុខភាពពិភពលោក នៅក្នុង​សន្និសីទ​កាសែត​ កាលពីល្ងាច​ថ្ងៃពុធ ទី ៨ មេសា ដោយ​បាន​អំពាវនាវ​ឱ្យ​​​ចិន​និង​អាមេរិកប្រមូល​ថាមពល រួម​ដៃ​គ្នា​កម្ចាត់​កូរ៉ូណាវីរុស​ថ្មី។

នាយក​អង្គការ​សុខភាព​ពិភពលោក បានទទួល​ការ​គាំទ្រ​ភ្លាម​ពីប្រធានាធិបតី​បារាំងនិង​​​​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ លោក​អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ បាន​បញ្ជាក់​ថា​ “ពេល​នេះជា​វេលា​នៃ​ការ​រួបរួម​គ្នាប្រយុទ្ធ​ប្រឆាំ​ង​នឹងមេរោគ​​កូរ៉ូណា​ថ្មី”។

សូម​បញ្ជាក់​ថា សេចក្តីអំពាវនាវ​សុំ​ឱ្យ​ពិភពលោក​មាន​សាមគ្គីភាព​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ជំងឺ​កូវីដ១៩របស់​លោក​តេដ្រូសនេះ​ ធ្វើ​ឡើង​តែមួយ​ថ្ងៃ​ក្រោយ​ពី​លោកដូណាល់ ត្រាំ បាន​រិះគន់​ ថាលោក តេដ្រូសនិង​អង្គការ​សុខភាព​ពិភពលោក ​ស្និទ្ធ​នឹងក្រុង​ប៉េកាំង​ជ្រុល មាន​ចំណាត់ការ​ដោះស្រាយ​វិបត្តិ​កូរ៉ូណា​មិន​ល្អ និង​បាន​គំរាមព្យួរ​ជំនួយ​ហិរញ្ញវត្ថុ​ដល់​អង្គការ​ទៀត។ ប៉ុន្តែ​នៅ​ក្នុង​សន្និសីទ​កាសែត លោក​នាយក​អង្គការ​សុខភាព​ពិភពលោក ​ចៀស​​​មិននិយាយ​ឱ្យ​​ចំ​ឈ្មោះ​លោក​ដូណាល់​ត្រាំទេ។​​ បើ​តាម​លោក តេដ្រូស ​ការ​វាយប្រហារ​បែប​ប្រកាន់​ពូជសាសន៍ និងដោយ​ចំពោះលើ​​រូបលោក​ បែបមួល​បង្កាច់ និង​ប្រមាថ​​រិះគន់​ មាន​មក​ពី​ខាង​​តៃវ៉ាន់​កាលពីបី​ខែ​មុន។

គ្រាន់​តែ​បាន​ឮ​ប្រសាសន៍​របស់​លោកនាយក​អង្គការ​សុខភាពពិភពលោកភ្លាម ​តៃវ៉ាន់​ខឹង​សម្បារ​យ៉ាង​ខ្លាំង។ តៃប៉ិ​បាន​ទាមទារ​ឱ្យនាយក​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​មួយ​នេះ ធ្វើ​ការ​សុំ​ទោស​ និង​ពន្យល់​បំភ្លឺចំពោះ​ពាក្យ​ចោទ​ប្រកាន់​ដែល​គ្មានមូលដ្ឋាន។ តៃវ៉ាន់​និង​អង្គការ​សុខភាព​ពិភពលោក​គ្មានទំនាក់​ទំនង​ល្អ​នឹងគ្នា​ទេ និង​កាន់​តែ​ចុះដុនដាបខ្លាំង​ទៀត ក្នុង​រយៈពេលបី​ខែ​ចុងក្រោយ​នេះ បើ​ទោះ​បី​ជា​តៃវ៉ាន់​ប្រយុទ្ធ​ប្រឆាំ​ងនឹង​កូវីដ១៩បាន​ល្អ​យ៉ាង​ណា​​ក៏​ដោយ។ ក្រោមសម្ពាធ​របស់ចិន និង​ក្រោយ​ពីលោកស្រី ត្សៃរ៍ អ៊ីនវ៉េន ឡើង​កាន់​អំណាចនៅ​ឆ្នាំ​២០១៦មក តៃវ៉ាន់​ត្រូវ​បាន​ខ្ទាត​​ចេញ​ពី​អង្គការ​សុខភាពពិភពលោក និង​ពី​អង្គការ​អាកាសចរណ៍ស៊ីវិលអន្តរជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI