វិបត្តិ​កូវីដ១៩៖ ចំនួន​អ្នកស្លាប់​ថយចុះ ប៉ុន្តែ រដ្ឋាភិបាលអង់គ្លេស​នៅ​រង​ការរិះគន់​ជុំទិស

បុគ្គលិកពេទ្យ​អង់គ្លេស​ត្រូវ​គេ​កោតសរសើរ​ចាត់ទុក​ជា​វីរជន ដែល​​ក្លាហាន តស៊ូ ព្យាបាលអ្នកជំងឺ​កូវីដ ១៩
បុគ្គលិកពេទ្យ​អង់គ្លេស​ត្រូវ​គេ​កោតសរសើរ​ចាត់ទុក​ជា​វីរជន ដែល​​ក្លាហាន តស៊ូ ព្យាបាលអ្នកជំងឺ​កូវីដ ១៩ REUTERS - PHIL NOBLE

អង់គ្លេស កាលពី​ថ្ងៃ​អាទិត្យទី ១៩​មេសា មាន មនុស្ស​ស្លាប់ដោយសារ​កូវីដ​១៩ ក្នុង​ចំនួន ដ៏ទាប​បំផុត នៅក្នុង​រយៈពេល​២​សប្តាហ៍ចុងក្រោយ​នេះ។ តាម​ការប្រកាស​របស់​រដ្ឋាភិបាល​អង់គ្លេស អ្នកជំងឺ​កូវីដ ១៩ ចំនួន ៥៩៦នាក់ បាន​ស្លាប់ នៅ​មន្ទីរពេទ្យ កាលពី​ថ្ងៃ​អាទិត្យ ម្សិលមិញ ដែល​ធ្វើ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​កូវីដ ១៩ នៅអង់គ្លេស​មាន​ចំនួន សរុប ១៦០៦០នាក់ និង​អ្នកឆ្លង​១២០​០៦៧នាក់។ នៅពេល​ស្ថានភាព​ហាក់ធូរស្បើយ ក្រុមគ្រូពេទ្យ​អង់គ្លេស បាន​ត្អូញត្អែរ​ពី​ការខ្វះខាត​សម្ភារៈពេទ្យ ជាពិសេស​អាវប៊្លូស សម្រាប់​គ្រូពេទ្យ​ដែល​ធ្វើការ​ផ្ទាល់​ជាមួយ​អ្នកជំងឺ។ 

ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​ចំនួន​មនុស្ស​ស្លាប់ ដោយសារ​កូវីដ ១៩ កើនឡើង​ដល់​១ម៉ឺន ៦ពាន់​នាក់ អង់គ្លេស ស្ថិតចំណាត់ថ្នាក់​ទី​៥ បន្ទាប់​ពី​អាមេរិក អ៊ីតាលី អេស្ប៉ាញ និង​បារាំង ដែល​មាន​ចំនួន​មនុស្ស​ស្លាប់​ច្រើន ដោយសារ​កូវីដ ១៩។ ប៉ុន្តែ តួលេខ​របស់​រដ្ឋាភិបាល​អង់គ្លេស ត្រូវ​គេរិះគន់​ថា មិន​ស្តែង​ការពិត​ជាក់ស្តែង ព្រោះ​វា​រាប់បញ្ចូល​តែ​អ្នកដែល​ស្លាប់​ដោយសារ​កូវីដ​១៩ នៅ​មន្ទីរពេទ្យ​តែប៉ុណ្ណោះ។ តាម​មណ្ឌល​មនុស្សចាស់ បើសិន គេរាប់បញ្ចូល ចំនួនមនុស្ស​ស្លាប់ នៅ​មណ្ឌល​មនុស្សចាស់ ដែល​មាន​ចំនួន ពី ៤ពាន់ ទៅ ៧ពាន់នាក់ នោះ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​កូវីដ ១៩ នៅអង់គ្លេស នឹង​អាច​មាន​ច្រើន​ជាង ២ម៉ឺននាក់ ដែល​ជាតួលេខខ្ពស់ ជាង​តួលេខ​នៅ​បារាំង។

ស្ថានភាព​ហាក់ធូរស្រាល​បន្តិចមែន ប៉ុន្តែ គេ​នៅ​មិនទាន់​ច្បាស់ទេថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​កូវីដ ១៩ ​នៅអង់គ្លេស​បានឈាន​ដល់​កំរិតកំពូល។ សម្រាប់​រដ្ឋមន្រ្តី​ទទួលបន្ទុក​ខុទ្ធការល័យ​រដ្ឋាភិបាល លោក Michael Gove រដ្ឋាភិបាល​នៅ​រង់ចាំ​មើល ស្ថានការណ៍ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ហើយនិង​ការវាយតម្លៃ​របស់​អ្នកជំនាញ​ពេទ្យ មុន​នឹង​សម្រេចចិត្ត បន្ធូរ​វិធានការ បង្ខាំង​មនុស្ស​ក្នុង​ផ្ទះ ឬ​ការបើក​សាលារៀន​ឡើងវិញ។

នៅថ្ងៃ​អាទិត្យ រដ្ឋាភិបាល​អង់គ្លេស ដែល​មាន​លោកនាយករដ្ឋមន្រ្តី ឆ្លងមេរោគកូវីដ ១៩ បាន​រងការរិះគន់​ពីខាង​គណបក្ស​ប្រឆាំង ថា ធ្វេសប្រហែល មិន​ព្រម​ចាត់វិធានការ ប្រយុទ្ធប្រឆាំង​នឹង​កូវីដ ១៩ តាំង​ពីដំបូងទី។ ក្រៅតែ​ពីការវាយប្រហារ​របស់គណបក្ស​ប្រឆាំង រដ្ឋាភិបាល​អង់គ្លេស​កំពុង​រង​ការដាក់សម្ពាធ​មួយ​ទៀត​ពីខាង​អ្នកតំណាង​បុគ្គលិក​ពេទ្យ អង់គ្លេស​ដែល​បាន​ព្រមាន ពី​ការខ្វះខាត​សម្ភារៈពេទ្យ ជាពិសេស​អាវប៊្លូស សម្រាប់​គ្រូពេទ្យ និង​បុគ្គលិក​ក្នុង​មន្ទីរពេទ្យ​ដែល​ធ្វើការ​ផ្ទាល់​ជាមួយ អ្នកជំងឺ កូវីដ​១៩។ តាម​ការរៀបរាប់​របស់​បុគ្គលិក​ពេទ្យ នៅទីក្រុង​ឡុងដ៍ ពួកគេ​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ប្រើឡើងវិញ អាវ​ការពារ​ប៊្លូស ដែល​តាមពិត គេ​ត្រូវ​ពាក់​តែម្តង​រួចបោះ​ចោល។

លោក​រដ្ឋមន្រ្តី Michael Gove បាន​និយាយថា ការផ្តល់​អាវកាពារ​ប៊្លូស​សម្រាប់​គ្រូពេទ្យ​ជា​អាទិភាព​របស់​រដ្ឋាភិបាល ដែល​បាន​បញ្ជា​ទិញ​រួចហើយ អាវ ប៊្លូស ប្រមាណ ២៥​លាន ពី​ប្រទេស​ចិន។ នៅពេល​សម្ភារៈ សម្រាប់​គ្រូពេទ្យ កំពុង​ថយចុះ​នៅក្នុង ស្តុក អង់គ្លេស ទើប​ទទួល​ដំណឹង​ដែរ​ថា ការដឹកជញ្ជូន​សម្ភារៈពេទ្យ​ដែល​អង់គ្លេស កុម្ម៉ង់ទិញ ពីតួកគី​ដែល​ត្រូវ​មកដល់​អង់គ្លេស នៅថ្ងៃ​អាទិត្យ ត្រូវ​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ។ កង្ខះ​សម្ភារៈ ការពារ​ចាំបាច់​សម្រាប់ គ្រូពេទ្យ​ដែល​ធ្វើការផ្ទាល់​ជាមួយ​អ្នកជំងឺ​កូវីដ​១៩ ធ្វើ​ឲ្យ​គ្រូពេទ្យ នៅ​ជួរមុខ នឹង​អាច​ប្រឈម​ខ្លាំង​នឹង​ការឆ្លងជំងឺ កូវីដ ១៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI