អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ដើម្បីទប់ស្កាត់កូវីដ១៩ បារាំងត្រូវរង់ចាំយូរទៀត ទើបអាចមានជីវិតធម្មតាឡើងវិញ

សំឡេង ០៦:១២
នាយក​រដ្ឋមន្ត្រី​លោក  Edouard Philippe (ឆ) និង​រដ្ឋមន្ត្រី​សុខាភិបាល លោក Olivier Véran ធ្វើ​សន្និសីទ​រួម ថ្ងៃ​ទី ១៩​មេសា ២០២០
នាយក​រដ្ឋមន្ត្រី​លោក Edouard Philippe (ឆ) និង​រដ្ឋមន្ត្រី​សុខាភិបាល លោក Olivier Véran ធ្វើ​សន្និសីទ​រួម ថ្ងៃ​ទី ១៩​មេសា ២០២០ Thibault Camus/Pool via REUTERS
ដោយ៖ អៀង សុខម៉ិញ
៣០ នាទី

រដ្ឋាភិបាល​បារាំង នឹង​​លម្អិត​អំពី​ដំណើរការ​ដក​​ប្រទេស​ចេញ​ពី​ការ​បិទ​ខ្ទប់​ នៅ​ចុង​​មេសា​ទេ។ ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី ១៩ មេសា ម្សិលមិញ ក្នុង​សន្និសីទ​កាសែត​រួម​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល នាយករដ្ឋមន្ត្រី​បារាំង​បាន​បង្ហាញ​គម្រោង​គោល​នៃការ​ចាប់​បើក​ប្រទេស​ឡើង​វិញ នៅ​ក្រោយ​ថ្ងៃ​១១​ឧសភា។ តើ​រដ្ឋាភិបាល​បារាំង​មាន​យុទ្ធសាស្ត្រ​គោល​យ៉ាងណាខ្លះ ?

ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋ​បារាំង​​​មិន​ទាន់​អាច ត្រលប់​មក​មាន​​ជីវិត​ធម្មតា​ដូច​ពី​មុន​បាន​វិញភ្លាម​ ក្រោយ​ថ្ងៃ​ទី ១១​ឧសភាទេ។ ពលរដ្ឋ​បារាំង​ត្រូវ​រង់ចាំ​យូរ​ថ្ងៃ​ទៀត​ណាស់ ព្រោះ​ពេល​នេះពិភពលោក​ពុំ​ទាន់​រក​ឃើញ​ថ្នាំ​ព្យាបាល និង​ថ្នាំ​បង្ការ​នៅឡើយ​ទេ។ នេះ​ជា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី អេដ័រ ហ្វីលីព ​ដោយ​បាន​ពញ្ជាក់​អារម្មណ៍​ពលរដ្ឋ​ជា​ថ្មី​ទៀត ឱ្យ​​គិត​លើក​ពេល​ចំពោះ​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ តាម​យន្តហោះ​ នៅ​ខែ​ក្តៅ​ (កក្កដា​សីហា)​ខាង​មុខ ព្រោះ​ការ​ហោះហើ​រ​នឹង​ពុំ​អាច​ដំណើរការ​ពេញលេញ​បាន​ឡើយ។ ការចូល​​ និង​ត្រលប់​ចូល​ទឹក​ដី​បារាំង​បន្ទាប់​ពី​ស្នាក់​នៅ​បរទេស នឹង​ត្រូវ​តឹង​តែង​ខ្លាំង។

ថ្ងៃទី ១១​ឧសភា ដែលប្រធានាធិបតី​​ប្រកាសកំណត់​ជា​កាលបរិច្ឆេទ​​​បើក​ប្រទេសវិញ ​ក្នុង​សុន្ទរកថា​ជាតិ​កាលពី​ថ្ងៃទី ១៣​មេសា ជា​ពេល​វេលា​គោល​នៃ​ការ​ដកប្រទេស​ចេញ​ពី​ការ​បិទ​ខ្ទប់ និង​ជា​ថ្ងៃ​ចាប់​ផ្តើម​ជីវិត​ថ្មី « ក្រោយកូវីដ”។ នេះ​បើ​តាម​អះអាង​របស់​លោក​ហ្វីលីព។

បើ​តាមលោក​ប្រមុខ​រដ្ឋាភិបាល ថ្វី​បើ​ពេល​នេះ​ស្ថានភាព​ចម្លង​រាត​ត្បាត ចាប់​បន្ថយ​ល្បឿន ចំនួន​អ្នក​ស្លាប់​ ចំនួន​អ្នក​ឆ្លង​ថ្មី​និង​ចូល​មន្ទីរ​ពេទ្យ​ ក៏​ចាប់​ថយ​ចុះជា​លំដាប់​និង​ជារៀងរាល់​ថ្ងៃ​មែន តែ​មិន​មែន​បាន​ន័យ​ថា​លែង​មាន​ការ​រាតត្បាត​ទេ។ ដូច្នេះ គម្រោង​បើក​ប្រទេស​វិញ ត្រូ​វ​ធ្វើ​ឡើង​ដោយ​សន្សឹមៗ ខ្លាំង​ជា​ទីបំផុត និង​ដោយ​រំពឹង​លើ​គោលការណ៍​ ធ្វើ​តេស្ត​វិភាគ​រក​អ្នក​មាន​ផ្ទុក​មេរោគ រួច​ដាក់​ពួក​គេ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ដើម្បីទប់​ស្កាត់​​ការចម្លង។

​ធ្វើ​តេស្តទ្រង់ទ្រាយ​ធំ

ក្រោយ​ថ្ងៃទី ១១​ឧសភា បារាំង​មាន​កម្មវត្ថុ​ ធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ និង​ទូលំទូលាយ​ជាង​មុន​ ឱ្យ​បាន​ដល់​ កន្លះ​លាន​នាក់​ក្នុង​មួយ​សប្តាហ៍ លើ​គ្រប់​បុគ្គលណា​ដែល​មាន​រោគ​សញ្ញាសង្ស័យ​កូវីដ១៩ និង​បុគ្គលណា​ដែលបានជួប​ទាក់ទង​នឹង​អ្នក​ជំងឺ​កូវីដ១៩ ទោះ​បី​ជា​គ្មាន​រោគ​សញ្ញា​ក៏​ដោយ​។ បើតាម​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល រហូត​មក​ទល់​នឹង​ពេល​នេះ ការ​ធ្វើ​តេស្ត​កូវីដ​១៩នៅ​បារាំង មាន​ត្រឹមប្រមាណ​​ ២៥០០០នាក់​ក្នុង​មួយ​ថ្ងៃ ប៉ុណ្ណោះ។

នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទទី ១៣​មេសា ប្រធានាធិបតី​ម៉ាក្រុង បាន​លើ​ឡើងអំពី​គម្រោង​​ធ្វើ​តេស្ត​​នេះ តែ​ចំពោះ​បុគ្កលណា​ដែល​មាន​រោគ​សញ្ញា​តែ​ប៉ុណ្ណោះ ចំណែក​ជនបាន​ជួប​អ្នក​ជំងឺ​តែ​​គ្មាន​រោគ​សញ្ញា​មិន​បាច់​ធ្វើ​ទេ។ ប៉ុន្តែ​តាម​រយៈ​​យោបល់របស់​​ប្រធាន​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​​ និង​ដោយ​ចាត់​ទុក​ការ​ធ្វើ​តេស្ត​ជា​គោលការណ៍​យុទ្ធសាស្ត្រ​ដ៏​ចំបង​មួយ​នៃ​​នយោបាយ​បើក​ប្រទេស​ឡើង​វិញ ​រដ្ឋាភិបាល​បារាំង​សម្រេច​បើក​ផ្លូវ​ឱ្យ​ជន​ដែល​គ្មាន​រោគ​សញ្ញា​ក៏​អាច​ធ្វើ​តេស្ត​ដែរ។

រក្សា​គម្លាត​សុវត្ថិភាព និង​គោរព​ក្បួន​អនាម័យប្រឆាំង​វីរុស​

ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​​ដក​ការ​បិទ​ខ្ទប់​ដោយ​សន្សឹមៗ​ ប្រមុខ​រដ្ឋាភិបាល​បារាំង មាន​គម្រោងចង់ឱ្យ​​​បុគ្គលិក​បន្ត​​​ធ្វើការ​ពី​ផ្ទះ (អនឡាញ) ទៀតសិន​ បើ​អាច​ នៅ​ក្រោយ​ថ្ងៃ​ទី​១១​ឧសភា។ បើ​សកម្មភាព​ការងារ​ណា​ដែល​មិន​ធ្វើ​ចម្ងាយ ឬ​ពី​ផ្ទះ​និង​តាម​អនឡាញ​បាន គ្រប់​គ្នា​ត្រូវ​មាន​កាតព្វកិច្ច​គោរព​គម្លាត​សុវត្ថិភាព​ និងប្រកាន់​យក​​កាយវិការ​ការពារ​មេរោគ​ ឱ្យ​បាន​ខ្ជាប់​ខ្ជួន​បំផុត។ បាន​ន័យ​ថា ហាង​ទំនិញ​ណា​ដែល​ពុំ​អាច​ចាត់​វិធានការ​សុវត្ថិភាព​ទាំងពីរ​ខាង​លើ​ទេ មិនអាច​បើក​ទ្វារ​បាន​ទេ​ថ្ងៃ​ទី ១១​ឧសភា​ខាង​មុខ។ មិន​ថា​ហាង​ទំនិញ​អ្វី​ឡើយ ត្រូវ​រក្សា​គម្លាត​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ឱ្យ​បាន​យ៉ាង​តិច​មួយ​ម៉ែត្រ​ពី​គ្នា។ ហាង​កាហ្វេ អាហារដ្ឋាន ភោជនីដ្ឋាន មិន​អាច​បើក​ឱ្យ​ដំណើរការ​បាន​វិ​ញ​ទេ នៅ​ថ្ងៃទី ១១​ឧសភា​នោះ។

ចំណែក​ការ​បើក​សាលា​រៀន លោក​នាយករដ្ឋមន្ត្រី​បាន​អះអាង​កំពុង​សិក្សា​រក​ដំណោះស្រាយ​លម្អិត​ជាមួយ​សហជីព​គ្រូបង្រៀន និង​ជា​មួយ​ចៅហ្វាយក្រុង​ចៅសង្កាត់​ និង​មិន​ពុំ​ទាន់​​សេចក្តី​សម្រេច​អ្វី ច្បាស់​លាស់​ទេ​ក្នុង​ដំណាក់កាលនេះ។ តែ​រដ្ឋាភិបាល​កំពុងផ្ចង់​លើ​ផែនការ​គោល​មួយ គឺ​ការ​បើក​សាលា​រៀន​ជា​បឋម​នៅ​តំបន់​​ណា​ដែល​ពុំ​សូវ​មាន​ការ​រាតត្បាត​ចម្លង​ខ្លាំង ឬ​ បើក​សាលារៀន ដោយ​ចែកថ្នាក់​ជាពីរ​ក្រុម​។

១៧​លាន​ម៉ាស់ ក្នុង​មួយ​សប្តាហ៍

នៅ​ក្នុង​សន្និសីទ​កាសែត លោក​នាយករដ្ឋមន្ត្រី បាន​ព្រលយ​ឱ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃទី ១១​ឧសភា​ទៅ ពលរដ្ឋ​ប្រហែល​ជា​ចាំបាច់​ត្រូវតែ​ពាក់​ម៉ាស់ នៅ​ពេល​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ (ឡាន​ក្រុង រថភ្លើង​ក្រោម​ដី …) ឬ​នៅតាម​ទី​សាធារណៈ​​ដែល​មិនអាច​រក្សា​គម្លាត​សុវត្ថិភាព​បាន។

​ម៉ាស់ សម្រាប់​បម្រើបម្រាស់​ទូទៅរបស់​ប្រជាពលរដ្ឋ​​ មិនមែន​ជា​ម៉ាស់ ការពារ​មីក្រុប​មេរោគ ដែល​ពេទ្យ​ពាក់​ទេប្រភេទ FFP2​ទេ​។ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បារាំង​បាន​ទទួល​ស្គាល់​ ម៉ាស់​សម្រាប់​ប្រជាជន មាន​ប្រសិទ្ធភាព​ទប់​ស្កាត់​វីរុស​មិន​ដូច​ម៉ាស់​ពេទ្យ​មែន​ តែ​យ៉ាង​ហោច​ណាស់ ក៏​ម៉ាស់​នេះអាច​ជួយចម្រោះ​មេរោគ​កុំ​ឱ្យ​ខ្ទាត​តាម​ទឹក​មាត់​​មក​ក្រៅ​ច្រើន​ពេក។ រដ្ឋាភិបាល​គ្រោង​នឹង​ផលិតម៉ាស់​ ១៧​លាន​ក្នុង​មួយ​សប្តាហ៍​ តាម​រយៈបណ្តាញ​​ក្រុមហ៊ុនវាយនភ័ណ្ឌ​​ក្នុង​ស្រុក។ រដ្ឋាភិបាល​គ្រោង​នឹងសហការ​ជាមួយ​ក្រុង​និង​ក្រុមហ៊ុន​ចែកចាយ​ទំនិញ​ធំៗ ដើម្បី​ធ្វើ​យ៉ាង​ណា​ផ្តល់​ម៉ាស់​​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​គ្រប់​គ្រាន់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ