អានតួអត្ថបទ
បារាំង-Covid-១៩

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំង៖គេមិនអាចធ្វើតេស្តរកកូវីដ-១៩លើពលរដ្ឋ ៦០លាននាក់ជារៀងរាល់ថ្ងៃបានទេ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំងលោកអូលីវីយេ វេរ៉ង់
រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំងលោកអូលីវីយេ វេរ៉ង់ Ludovic MARIN / POOL / AFP
១៥ នាទី

នៅ​ក្នុង​ប្រទេស​បារាំង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក​អូលីវីយេ វេរ៉ង់​បាន​បញ្ជាក់​ជា​ថ្មី​នា​ថ្ងៃ​សៅរ៍ ទី២៥ មេសា​ថា ការ​ធ្វើ​តេស្ត​លើ​ពលរដ្ឋ​បារាំង​ទាំង​អស់​ដើម្បី​រក​ជំងឺ​កូវីដ-១៩ ជា​បេសកកម្ម​មិន​អាច​ទៅ​រួច និង​គ្មាន​ន័យ​អ្វី​ទាំង​អស់​ក្នុង​ផ្នែក​វេជ្ជសាស្រ្ត និង​វិទ្យាសាស្រ្ត។ អាទិភាព​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ គឺ​ការ​ធ្វើ​តេស្ត​លើ​អ្នក​ជំងឺ​ដែល​សង្ស័យ​មាន​រោគសញ្ញា​កូវីដ-១៩ នេះ​ជា​ការ​បន្ថែម​របស់​លោក​វេរ៉ង់។ ការ​អះអាង​ជា​ថ្មី​របស់​រដ្ឋមន្រ្តី​សុខាភិបាល​បារាំង​ពេល​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​រដ្ឋាភិបាល​កំពុង​ត្រៀម​វិធានការ​លើក​ការ​បិទខ្ទប់​ប្រទេស​បន្តិច​ម្តងៗ​ចាប់​ពី​ថ្ងៃទី១១ ឧសភា​ខាង​មុខ​ទៅ។

ផ្សាយពាណិជ្ជកម្ម

« យើង​នឹង​ធ្វើ​តេស្ត​រក​កូវីដ-១៩ លើ​ពលរដ្ឋ​បារាំង ៦០លាននាក់​ជា​រៀងរាល់​ថ្ងៃ? ជា​រឿង​មិន​អាច​ទៅ​រួច ហើយ​ក៏​គ្មាន​ប្រទេស​ណា​មួយ​ក្នុង​លោក​បាន​ធ្វើ​ដែរ » នេះ​ជា​ការ​ថ្លែង​របស់​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បារាំង​លោក​អូលីវីយេ វេរ៉ង់។ មាន​ហេតុផល​ចំនួន​ពីរ​ដែល​លោក​វេរ៉ង់​បាន​ពន្យល់ ទី១ សមត្ថភាព​នៃ​ការ​ធ្វើ​តេស្ត​ដែល​បារាំង​មាន​សព្វថ្ងៃ​នៅ​មិន​ទាន់​គ្រប់គ្រាន់ និង​ទី២ ការ​ធ្វើ​តេស្ត​ដោយ​វិភាគ​លើ​សារធាតុរាវ​យក​ចេញ​ពី​រន្ធចម្រុះ​មនុស្ស​ម្នាក់​ដែល​មាន​លទ្ធផល​អវិជ្ជមាន​ក្នុង​ថ្ងៃ​មួយ​មិន​ប្រាកដ​ថា​មនុស្ស​ដដែល​នោះ​មិន​ឆ្លង​កូវីដ-១៩ នៅ​ថ្ងៃ​បន្ទាប់​ដោយ​មិន​ដឹង​ខ្លួន​នោះ​ទេ។ ប្រតិកម្ម​របស់​លោក​វេរ៉ង់​អាច​ជា​ចម្លើយ​តប​នឹង​ក្រុមហ៊ុន​ខ្លះ​ដែល​ចង់​ធ្វើ​តេស្ត​រក​កូវីដ-១៩ លើ​បុគ្គលិក​ទាំង​អស់​របស់​ខ្លួន​នៅ​ពេល​ចាប់​ផ្តើម​ចូល​ធ្វើ​ការងារ​ឡើង​វិញ។

តែ​លោក​វេរ៉ង់​បាន​គូសបញ្ជាក់​ថា វិធានការ​របៀប​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​ការ​សម្រេច​ពី​គ្រូពេទ្យ ពោល​មិនមែន​ពី​ម្ចាស់ក្រុមហ៊ុន ឬ​ម្ចាស់​រោងចក្រ សហគ្រាស​ទេ។ តាម​លោក​វេរ៉ង់ មាន​មនុស្ស​ជាង ៥០ ០០០នាក់​បាន​ធ្វើ​តេស្ត​រក​កូវីដ-១៩ ជា​រៀងរាល់​ថ្ងៃ​នា​ពេល​បច្ចុប្បន្ន​នៅ​ទូទាំង​ប្រទេស ហើយ​កម្មវត្ថុ​នា​ពេល​ខាង​មុខ គឺ​ធ្វើ​តេស្ត​ឲ្យ​បាន​ពី ៥០០ ០០០ ទៅ ៧០០ ០០០នាក់​ក្នុង​មួយ​សប្តាហ៍​នៅ​ពេល​ចាប់​ផ្តើម​លើក​ការ​បិទ​ខ្ទប់​ប្រទេស​បណ្តើរៗ​ពី​ថ្ងៃទី១១ ឧសភា។ លោក​វេរ៉ង់​មិន​ជំទាស់​នឹង​ការ​បង្កើន​ការ​ធ្វើ​តេស្ត​ជា​លក្ខណៈ​ទូទៅ​ទេ តែ​អាទិភាពជាតិ​នៅ​ពេល​នេះ គឺ​ការ​ធ្វើ​តេស្ត​លើ​ក្រុម​មនុស្ស​សង្ស័យ​មាន​រោគសញ្ញា​កូវីដ-១៩ និង​លើ​ក្រុម​មនុស្ស​ដែល​ធ្លាប់​បាន​ទាក់ទង​ជិតស្និទ្ធិ​ជាមួយ​អ្នក​មាន​កូវីដ-១៩។

ក្រៅ​ពី​ការ​ធ្វើ​តេស្ត​ដោយ​រុក​តាម​រន្ធចម្រុះ មាន​ការ​ធ្វើ​តេស្ត​រក​កូវីដ-១៩ តាម​ឈាម​ដែល​គេ​គិត​ថា​ទទួល​បាន​លទ្ធផល​ច្បាស់លាស់​ជាង។ ម្យ៉ាង​ទៀត ការ​ធ្វើ​តេស្ត​តាម​ឈាម​នេះ​អនុញ្ញាត​ឲ្យ​គេ​ដឹង​ថា តើ​មនុស្ស​ម្នាក់​ដែល​ឆ្លង​កូវីដ-១៩ មាន​លេច​ចេញ​រោគសញ្ញា ឬ​អត់ និង​ថា​តើ​នៅ​ក្នុង​ខ្លួន​មនុស្ស​នោះ​មាន​ផលិត​ចេញ​នូវ​ប្រព័ន្ធ​អង់ទីក័រ​សម្រាប់​ទប់ទល់​នឹង​កូវីដ១៩ ឬ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ