អានតួអត្ថបទ
កូវីដ១៩-អាល្លឺម៉ង់

អាល្លឺម៉ង់ប្តូរចិត្តមកប្រើកម្មវិធីរបស់ Google និង Apple ដើម្បីកំណត់ដានអ្នកជំងឺកូវីដ១៩

កម្មវិធី​ប្រាប់​អ្នកមាន​ផ្ទុក​កូរ៉ូណាវីរុស​ SAIP ដែល​មាន​​ក្នុង​ទូរស័ព្ទ​​របស់​ពលរដ្ឋ​បារាំង តិច​តួច
កម្មវិធី​ប្រាប់​អ្នកមាន​ផ្ទុក​កូរ៉ូណាវីរុស​ SAIP ដែល​មាន​​ក្នុង​ទូរស័ព្ទ​​របស់​ពលរដ្ឋ​បារាំង តិច​តួច © gouvernement.fr
ដោយ៖ អៀង សុខម៉ិញ
១៧ នាទី

រដ្ឋាភិបាលអាល្លឺមង់ បាន​សម្រេចចិត្ត​ នៅថ្ងៃអាទិត្យ​ទី ២៦ មេសា ងាក​មកគាំទ្រ​ការ​​ប្រើប្រាស់​កម្មវិធី​ឃ្លាំ​មើលចលនាបំលាស់​ទី​របស់​អ្នក​ផ្ទុក​មេរោគ​​កូវីដ១៩ ដោយ​ប្រើ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ Google និង ​Apple។ កាលពី​មុន​ ​ប៊ែរឡាំង​មាន​គម្រោង​ប្រើ​កម្មវិធីកំណត់​ដាន​​ អភិវឌ្ឍន៍​ដោយ​អ្នក​ជំនាញ​​អាល្លឺម៉ង់ល្បីៗ តែបក្ស​ប្រឆាំង​រិះគន់​ខ្លាំង​ ថា​កម្មវិធី​នោះអាច​រំលោភ​ជីវិត​ឯកជន​របស់​អ្នក​ជំងឺ។​​​

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍រួម រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ប្រធាន​ការិយាល័យ​របស់​នាយករដ្ឋមន្ត្រី​ បាន​ប្រកាស​ថា ប៊ែរ​ឡាំង សម្រេច​ជ្រើសរើស​ប្រើកម្មវិធីប្រាប់​ចលនា​បំលាស់​ទី​ ​ដែល​ប្រជាពលរដ្ឋ​ភាគ​ច្រើន​អាច​ទទួល​យក និង​​ដែលមាន​ស្រាប់។ ធ្វើ​យ៉ាង​ដូច្នេះ ទិន្នន័យ​ទាក់​ទង​នឹង​ចលនា​ឬ​សកម្មភាព​បំលាស់ទី​របស់​អ្នក​មាន​ផ្ទុក​មេរោគកូរ៉ូណាថ្មី នឹង​ត្រូវ​ស្តុក​ទុក​នៅក្នុង​ទូរស័ព្ទ​របស់ម្ចាស់​រៀង​ៗខ្លួន មិនមែន​នៅ​ក្នុងមជ្ឈមណ្ឌល​ទិន្នន័យ​កណ្តាល​របស់​រដ្ឋាភិបាល​ទេ។

មិន​ថា​​បារាំងឬអាល្លឺម៉ង់ទេ  បណ្តាប្រទេសនៅ​​អឺរ៉ុបជាច្រើន​ បានសិក្សា​រក​​កម្មវិធី​ឃ្លាំ​មើល​ដំណើរ​របស់​អ្នកមាន​ផ្ទុក​កូរ៉ូណាវីរុស​ថ្មី បញ្ចូល​ក្នុង​គម្រោង​​ដំណោះស្រាយ​​លើក​បម្រាម​បិទខ្ទប់​ពលរដ្ឋ ដើម្បីផ្តល់សន្ទុះ​ដល់​សេដ្ឋកិច្ច តែមិន​ផ្តល់​សន្ទុះ​ដល់​កូវីដ១៩។ សមាជិកសហភាព​អឺរ៉ុប​មួយ​ចំនួន​រំពឹង​លើ​​បច្ចេកវិទ្យា "Bluetooth" ដែលអនុញ្ញាត​ឱ្យ​ទូរស័ព្ទ​ស្មាតហ្វូន​អាច​​តភ្ជាប់​បណ្តាញ​ ផ្តល់​សញ្ញា​ឱ្យ​គ្នា​បាន។ ​

មកទល់​នឹង​ព្រឹក​ថ្ងៃអាទិត្យ​ទី ២៦ មេសា​នេះ ​អាល្លឺម៉ង់មាន​​គម្រោង​ចង់​ប្រើ​ប្រាស់​កម្មវិធីមួយឈ្មោះ PEPP-PTដែល​បង្កើត​ឡើង​ដោយក្រុម​អ្នក​វិទ្យាសាស្ត្រ​អឺរ៉ុប​ចំនួន​ប្រមាណ​១៣០​នាក់ ក្នុង​នោះ​ជា​ច្រើន​ជា​អ្នក​ជំនាញអាល្លឺម៉ង់​នៅ​វិទ្យាសា្ថនស្រាវជ្រាវវិទ្យាសាស្ត្រ​​ Fraunhofer និង​វិទ្យាស្ថានសុខភាព​សាធារណៈ​អាល្លឺម៉ង់ Robert Koch។ ប៉ុន្តែ​​​បញ្ហា​នៅ​ត្រង់​ថា កម្មវិធីនេះ​គ្រោង​នឹង​ប្រមូល​ទិន្នន័យ​​ទាំងអស់ទៅ​ស្តុក​ទុក​​ក្នុង​ មជ្ឈមណ្ឌល​ទិន្នន័យកណ្តាល​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មាន​សំឡេង​ប្រឆាំងលាន់់​ឡើង​​ខ្លាំង ខ្លាចរដ្ឋាភិបាល​យក​​​ទិន្នន័យឯកជន​​ទៅ​ប្រើ​ជា​ប្រយោជន៍​​តាមដាន​បែប​ចារកិច្ច។ កាលពី​ដើម​សប្តាហ៍​ អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​អាល្លឺម៉ង់​​​​ប្រមាណ​៣០០​នាក់ បាន​នាំ​គ្នា​សរសេរលិខិត​ចំហ​មួយ​ស្នើ​ឱ្យ​រដ្ឋាភិបាលបោះ​បង់គំនិត​ចង់​ប្រើ​​កម្មវិធី​មានមជ្ឈមណ្ឌលទិន្នន័យ​រួម ដោយ​ងាក​ទៅ​ប្រើ​កម្មវិធី​របស់​ Googleនិង​ Appleវិញ ព្រោះ​​​​បច្ចុប្បន្ន ​ទូរស័ព្ទភាគ​ច្រើន​ ​មាន​កម្មវិធី​កំណត់ចលនា​បំលាស់​ទី​​ស្រាប់ ដែល​​គោរព​​ជីវិត​ឯកជន​របស់​អ្នក​ប្រើប្រាស់​បាន​ច្រើន​ជាងទៀត។ គណៈកម្មការ​​អឺរ៉ុបក៏​បាន​ផ្តល់​អនុសាសន៍​ដែរ​ឱ្យអាល្លឺម៉ង់​​រក្សា​ទិន្នន័យប្រមូល​បាន​ ទុកក្នុង​ទូរស័ព្ទ​របស់​អ្នក​ប្រើប្រាស់ និង​ក្នុង​ទម្រង់​ជា​ បំប្លែង​កូដ។

សូម​បញ្ជាក់​ថា ទោះ​ក្នុងជម្រើ​សណា ​ ក៏​រដ្ឋាភិបាល​អាល្លឺម៉ង់​បានធានា​អះអាង​ជា​ច្រើន​លើក​ច្រើន​សា ថា​គ្មានការ​បញ្ចេញ​អត្តសញ្ញាណ​អ្នក​ប្រើប្រាស់​ទេ។ ការ​ប្រើ​​កម្មវិធី​តាមដានសកម្មភាព​ ​ធ្វើ​ឡើង​ដោយ​ការ​ស្ម័គ្រ​ចិត្តតែ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ