កូវីដ១៩-អង់គ្លេស

អង់គ្លេស ៖ ជាពីជំងឺកូវីដ១៩ លោក ចនសុន ត្រូវប្រឈមដោះស្រាយវិធានការបង្ខាំងពលរដ្ឋ

លោក ចនសុន នាយករដ្ឋមន្រ្តី​អង់គ្លេស​ចូល​ធ្វើការ​វិញនៅ​ថ្ងៃចន្ទ​ទី ២៧​មេសា ២០២០
លោក ចនសុន នាយករដ្ឋមន្រ្តី​អង់គ្លេស​ចូល​ធ្វើការ​វិញនៅ​ថ្ងៃចន្ទ​ទី ២៧​មេសា ២០២០ AFP/Archivos

លោកនាយករដ្ឋមន្ត្រី​អង់គ្លេស បូរីស ចនសុន ត្រលប់​ចូលធ្វើ​ការវិញហើយ​នៅ​ថ្ងៃចន្ទទី ២៧​មេសានេះ បន្ទាប់​ពី​បាន​អវត្តមាន​​អស់​បី​សប្តាហ៍។ ​ទើប​ជា​ពី​ជំងឺ​កូវីដ១៩ លោក ចនសុន ត្រូវ​មក​ដឹកនាំ​រដ្ឋាភិបាល​ដោះស្រាយភ្លាម​នូវ​ចំណោទ​ដ៏​ធំ​ចំពោះមុខ​ និងបន្ទាន់​បំផុត ៖ តើ​ត្រូវ​សម្រេចបិទ​បង្ខាំង​ប្រជាពលរដ្ឋ​មិន​ឱ្យ​ចេញ​ពី​ផ្ទះ​ យ៉ាង​តឹងរឹង​ទៀត​ឬ​យ៉ាងណា បើ​ចំនួនមនុស្សស្លាប់​ព្រោះ​កូវីដ១៩ ច្រើន​ដល់​ទៅ​ជាង​២ម៉ឺននាក់​ទៅហើយ ? ឬ​ក៏​ត្រូវ​​​បន្ធូរបន្ថយ​វិធានការយ៉ាង​ដូចម្តេច ដើម្បីទ្រទ្រង់​​សេដ្ឋកិច្ច​ឡើង​វិញ  ?

ផ្សាយពាណិជ្ជកម្ម

“រដ្ឋាភិបាល​នឹង​មាន​ស្វាហាប់​ឡើង​វិញ” នេះបើ​តាម​ប្រសាសន៍​របស់លោក ដូមីនិក រ៉ាប រដ្ឋមន្ត្រី​ការបរទេស​ដែល​ទទួល​បន្ទុក​ដឹកនាំ​រដ្ឋាភិបាល​ជំនួស​ពេល​លោក​ចនសុនសម្រាក​ព្យាបាល​ជំងឺ។ បើ​តាម​លោក​រ៉ាប អង់គ្លេសកំពុង​ស្ថិត​ក្នុង​ស្ថានភាព​ផុយស្រួលនិង​គ្រោះ​ថ្នាក់បំផុត នាពេល​នេះ។ លោកបាន​ទទួល​ស្គាល់​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​នេះ រដ្ឋាភិបាល​អង់គ្លេសជួប​ការលំបាក​ខ្លាំង។ នាយករដ្ឋមន្ត្រី​អវត្តមាន​ក្នុង​ពេល​ដែល​ប្រទេស​រង​ការ​រាតត្បាត​យ៉ាង​ខ្លាំង។ រដ្ឋាភិបាល​រង​ការ​រិះគន់កាន់​តែខ្លាំងឡើងៗ ​ចំពោះ​ចំណាត់ការ​ទល់​នឹង​ជំងឺកូវីដ១៩។ ក្រុមគ្រូពេទ្យ​ស្រែក​អាសន្ន​ខ្វះ​សម្ភារៈ​បរិក្ខារ​ការពារ ​ អ្នក​ទទួល​ខុស​ត្រូវមណ្ឌល​​មនុស្ស​ចាស់​​គ្មានលទ្ធភាព គ្មានជំនួយ​ ឈរ​មើល​អ្នក​ជំងឺ​ស្លាប់​តគ្នា ការធ្វើ​តេស្ត​មិន​គ្រប់គ្រាន់​តាមកម្មវត្ថុដែល​រដ្ឋាភិបាល​បានកំណត់ ... បន្ថែម​ពី​លើ​នេះទៀត មាន​សម្ពាធ​យ៉ាង​ធ្ងន់​មួយ​ទៀត បង្ខំ​ឱ្យ​រដ្ឋាភិបាលគិត​គូរ​ដក​វិធានការ​បង្ខាំងពលរដ្ឋ។

មេដឹកនាំ​បក្ស​ប្រឆាំង បានបញ្ជូនលិខិត​មួយ​ ទៅ​​ដល់​​លើ​តុ​ រង់​ចាំ​លោកនាយករដ្ឋមន្ត្រីទៅជា​ស្រេច។ មិនអាច​ទ្រាំ​ចាំ​យូរបានទេប្រមុខ​បក្សប្រឆាំងដែល​ស្នើ​​ចង់​ជួប​សន្ទនា​បែប​ស្ថាបនា​ជាមួយ​ប្រមុខ​រដ្ឋាភិបាលបាន​បន្ត​រិះគន់​​រដ្ឋាភិបាលថា​​មាន​កំហុស​មួយគឺ​បញ្ចេញសកម្មភាព​យឺតយ៉ាវ​ ទាំង​ការ​សម្រេច​វិធានការ​បិទខ្ទប់​ពលរដ្ឋ ក៏​ដូច​ជា​ការ​ចាត់​ចែង​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារការពារ។ ចំណែក​ធនាគារកណ្តាល​អង់គ្លេស​បាន​ព្រមាន​ថា​ប្រទេស​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ ដ៏​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​ប្រទះ ប្រសិន​បើ​សេដ្ឋកិច្ច​ជាតិ​បន្ត​គ្មាន​សកម្មភាព​យូរ​ទៀត។

សូម​បញ្ជាក់​ថា​អង់គ្លេស​បាន​សម្រេចបង្ខាំង​ពលរដ្ឋ​យ៉ាង​តឹង​តែង​តាំង​ពី​ថ្ងៃ​ទី ២៣​មេសា និង​រហូត​ដល់​ថ្ងៃទី ៧​ឧសភា។ កន្លង​មកនេះ​រដ្ឋាភិបាល​បាន​បដិសេធ​មិន​បន្ធូរបន្ថយ​វិធានការ​ទេ ដោយ​ខ្លា​ចមានរលក​ឆ្លង​ខ្លាំង​ជា​ថ្មី។ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​ ​​ថ្នាក់​ដឹកនាំរដ្ឋាភិបាល​ក៏​មាន​ការ​ខ្វែង​គំនិត​គ្នាដែរ​ និង​ ព្រួយ​បារម្ភ​ខ្លាច​ការ​បិទ​ខ្ទប់​ប្រជាពលរដ្ឋ​យូរ​ពេក អាច​ជះ​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សង្គម និង​សុខភាព។ ហើយពេល​នេះ​​ លោក បូរីស ចនសុន ត្រលប់​ចូល​ធ្វើ​ការ​វិញ លោក​នឹង​ត្រូវ​អារ​កាត់​សម្រេចសេចក្តី​។

លោក​ចន​សុន ផ្ទាល់​​ បាន​ឆ្លង​ជំងឺកូវីដ១៩ និង​បានចេញពី​មន្ទីរសង្គ្រោះ​បន្ទាន់ នៅ​ថ្ងៃទី ១២មេសា តែ​​ត្រូវ​បន្ត​សម្រាក​យក​កម្លាំងនិងអាច​ចូល​បំពេញ​ការងារវិញ​នៅ​ថ្ងៃចន្ទទី ២៧​មេសានេះ​ប៉ុណ្ណោះ។ អង់គ្លេស​ជា​ប្រទេស​រងគ្រោះ​ខ្លាំង​បំផុត​មួយ​ នៅអឺរ៉ុប ដោយ​រាប់​ឃើញ​មាន​មនុស្ស​ស្លាប់​កើន​ឡើង​ដល់​ជាង​ពីរ​ម៉ឺន​នាក់ នៅ​ក្នុងមន្ទីរពេទ្យ​។ តែ​ស្ថានភាព​ហាក់​ចាប់​បាន​ប្រសើរ​ឡើង​បន្តិច នារយៈ​ពេល​ពីរ​បីថ្ងៃចុងក្រោយ​នេះ ដោយ​ចំនួនអ្នក​ស្លាប់ និង​​អ្នក​ចូលសង្គ្រោះ​បន្ទាន់​បាន​ចាប់​ថយ​ចុះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI