អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ១៩ ៖ ផែនការដើរចេញពីការបិទខ្ទប់បារាំង រង​ការ​ប្រឆាំង តាំង​ពី​​មុន​លាត​បង្ហាញ​

សំឡេង ០៧:២៨
លោក Edouard Philippe នាយក​រដ្ឋមន្ត្រី​បារាំង បង្ហាញ​ផែនការ​ដើរ​ចេញ​ពី​ការ​បិទ​ខ្ទប់​ ទៅសភា​នៅថ្ងៃទី ២៨ មេសា ២០២០
លោក Edouard Philippe នាយក​រដ្ឋមន្ត្រី​បារាំង បង្ហាញ​ផែនការ​ដើរ​ចេញ​ពី​ការ​បិទ​ខ្ទប់​ ទៅសភា​នៅថ្ងៃទី ២៨ មេសា ២០២០ Alain Jocard/Pool via REUTERS
ដោយ៖ អៀង សុខម៉ិញ
៣២ នាទី

នាយករដ្ឋមន្ត្រី​បារាំង លោក អេដ័រ ហ្វីលីព ត្រូវ​លម្អិត​ផែនការ​ដើរ​ចេញ​ពី​ការ​បិទ​ខ្ទប់​ ទៅ​កាន់​សភា នៅ​វេលា​ម៉ោង បី​រសៀល​ ម៉ោង​នៅ​ប្រទេស​បារាំង ត្រូវ​នឹង​ម៉ោង​៨​យប់​នៅ ប្រទេស​កម្ពុជា។ លោកនាយក​រដ្ឋមន្ត្រី​ត្រូវ​ឆ្លើយ​នឹង​សំណួរ​របស់​សមាជិកសភា​ មុន​ឈាន​ដល់​ការ​បោះឆ្នោត​អនុម័ត។ តើ​ត្រូវ​បើក​សាលា​រៀន​វិញ​តាម​វិធីណា ? ចាំបាច់​ត្រូវ​តែ​ពាក់​ម៉ាស់​ឬ ?

ផ្សាយពាណិជ្ជកម្ម

លោក​នាយករដ្ឋមន្ត្រី​បារាំង ត្រូវ​​​បង្ហាញ​អំពី​របៀប​ដើរ​ចេញ​ពី​បិទ​ខ្ទប់​ប្រទេស ជូន​សភា មួយ​វិស័យ​ម្តងៗ ជា​សរុប​មាន​៦ ៖ វិធី​បើក​សាលា​រៀន​ បើហាងពាណិជ្ជកម្ម បើក​ក្រុមហ៊ុន​សហគ្រាសឡើង​វិញ ការ​ធ្វើ​តេស្តនិង​ការ​ដាក់​អ្នក​ជំងឺ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពីគេ ហើយ​ជា​ចុង​ក្រោយ​ គឺ​ការ​ពាក់​ម៉ាស់និង​ការ​ជួប​ជុំ​គ្នា។

អ្វី​ដែល​លោក​នាយករដ្ឋមន្ត្រី ត្រូវ​បង្ហាញ​នៅ​រសៀល​នេះ ជា​ដំណើរ​ដក​ការ​បិទ​ខ្ទប់​សម្រាប់​រយៈពេល​​បីសប្តាហ៍​ដំបូង ពោល​គឺ​ពី​ថ្ងៃទី ១១​ឧសភា​ដល់​ដើម​ខែ​មិថុនា ក្នុង​ជំហរ​ បើក​ប្រទេស​ដោយ​សន្សឹមៗ អាច​បន់​បែនប្តូរ​បាន​ និង​សម្រប​ទៅ​តាមស្ថានការណ៍។​

ផែនការ​ពិបាក​អនុវត្ត​ដោយ​ជាក់ស្តែង ?

ការ​បោះឆ្នោត​នៅ​សភាលើ​ផែនការ​ដើរចេញ​ពី​ការ​បិទ​ខ្ទប់ មិនមែនជា​បែប​បទ​ដាច់​ខាត​ដែល​ត្រូវ​ឆ្លង​កាត់​ការ​យល់ព្រមពី​សភា​ទេ។ ​ជា​ជម្រើស​របស់​​រដ្ឋាភិបាលដែល​​ចង់​បង្ហាញ​តម្លាភាព​និង​ពិសេស​អំពី​សាមគ្គីជាតិ​ដោះស្រាយ​​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ។ ​ប៉ុន្តែនៅទីបំផុត ប្រហែល​មាន​តែ​សមាជិក​បក្ស​កាន់អំណាច​ដែល​មាន​សំឡេងភាគ​ច្រើន​នៅ​ក្នុង​សភា​ទេ ដែល​ជា​អ្នក​បោះឆ្នោត​គាំទ្រផែន​ការ។ ចំណែក​បក្ស​ប្រឆាំង ទំនង​ជា​បោះឆ្នោត​អនុប្បវាទ​ឬ​ប្រឆាំង។ បក្ស​ប្រឆាំង​បាន​នាំ​គ្នា​​បន្ទោស​រដ្ឋាភិបាល​ថាបាន​​បង្ហាញ វិធានការ​ទន្ទឹម​ពេល​នឹង​ប្រជាពលរដ្ឋ​ទូទៅ និង​ទាមទារ​សុំ​២៤​ម៉ោង​ដើម្បី​ពិចារណា​ តែ​​រដ្ឋាភិបាល​បដិសេធ។ នេះ​បើ​និយា​យ​អំពី​ទិដ្ឋភាពនយោបាយ។

បើ​និយាយ​អំពី​ខ្លឹមសារវិញ បក្ស​ប្រឆាំង​យល់​ថា​​ផែនការ​របស់​រដ្ឋាភិបាល​មិន​លះ មិន​ច្បាស់​លាស់ ៖ ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​សម្រេច​បើកសាលា​វិញ ​តែដោយ​ប្រើ​ពាក្យ​ថា​​តាម​​ស្ម័គ្រ​ចិត្ត​ ​...

ហើយមិនមែន​តែ​បក្ស​ប្រឆាំង​ទេ​ដែល​​នឹង​រិះគន់ផែនការរបស់​រដ្ឋាភិបាល មជ្ឈដ្ឋានផ្សេង ក៏​មិន​គាំទ្រ​ដែរ ដោយ​យល់​ថា​ផែនការ​នេះ​​ពិបាក ឬ​មិន​អាច​​អនុវត្តក្នុង​ស្ថានភាព​ជាក់​ស្តែង ជាពិសេស​ ជុំ​វិញ​ការ​​បើក​សាលា​រៀន បញ្ជូន​សិស្ស​ឱ្យ​ចូល​សាលា​នៅ​ថ្ងៃទី ១១​ឧសភា។ ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​បាន​ណែនាំ​ឱ្យ​បារាំង​បើក​សាលា​​ពេល​បវេសនាកាល​ថ្មី ពោល​គឺ​នៅ​ខែ​កញ្ញា ប៉ុន្តែ​ប្រឈម​នឹង​សេចក្តី​សម្រេច​រ​បស់​រដ្ឋាភិបាល​ បានសម្រប​អនុសាសន៍​ជា​ច្រើន ស្តីពី​វិធានការ​​សុវត្ថិភាពពេល​បើក​សាលា។ ស្តាប់​ហើយ​ ​សហជីព​គ្រូបង្រៀន និង​ចៅ​សង្កាត់ជា​ច្រើន យល់​ថា​ពួកគេមាន​​ពេល​វេលាខ្លីណាស់ មិន​អាច​​​រៀប​ចំ​សាលា​តាម​សេចក្តី​ណែនាំ​ទេ។ ចៅសង្កាត់​ ហៅហ្វាយ​ឃុំ​​ខ្លះ បាន​ប្រកាសជំទាស់​នឹង​រដ្ឋាភិបាល​មិន​ព្រម​បើក​សាលា​រៀន​ក្នុង​ឃុំ​សង្កាត់​របស់​ខ្លួនតែ​ម្តង។តាម​រយៈ​ការ​ស្ទាប​ស្ទង់​មតិ មាតាបិតាសិស្ស​​ភាគ​ច្រើន​ក៏​បាន​អះអាង​ថា​នឹង​មិន​ឱ្យ​កូន​ទៅ​សលា​នៅ​ថ្ងៃទី ១១​ឧសភាដែរ។  ​

ចំណុច​ដ៏​ចម្រូង​ចម្រាស​មួយទៀត គឺ​មធ្យោបាយ​ដឹក​ជញ្ជូន។ រដ្ឋាភិបាល​ចង់​ឱ្យ​សកម្មភាព​ដឹកជញ្ជូន​សាធារណៈដំណើរការ​ឡើង​វិញ ប្រមាណ​៧០%​នៃ​សកម្មភាព​ដឹកជញ្ជូនពី​មុន។ ហើយ​ ​អ្នក​ដំណើរ​ត្រូវ​ពាក់​ម៉ាស់ និង​​​ត្រូវ​រក្សា​គម្លាត​សុវត្ថភាព ក្នុង​រថយន្តក្រុង រថភ្លើង​នៅក្រោម​ដី ដែល​ធ្លាប់​តែ​មាន​មនុស្ស​ជិះ​ប្រជ្រៀត​គ្នា​ណែន​ក្តន់។ ដូច្នេះ​កម្មវត្ថុ​របស់​រដ្ឋាភិបាលវា​​មិន​អាច​ស៊ី​នឹងអ្វី​ដែល​​អ្នក​វិទ្យាសាស្ត្រ​ទាមទារ​ឱ្យអនុវត្តទេ។ រាល់​លើក​រាល់​សា ប្រមុខ​រដ្ឋ ក៏​ដូច​ប្រមុខ​រដ្ឋាភិបាល​បារាំង តែ​ង​អះអាង​ធ្វើ​សេចក្តី​សម្រេច​ដោយ​ផ្អែក​ទៅ​លើ​វិទ្យាសាស្ត្រ (យោបល់​អ្នក​វិទ្យាសាស្ត្រ) ចុះ​បើ​ការ​ណែនាំ​និង​ការ​អនុវត្ត​មិន​អាច​ស៊ី​ចង្វាក់គ្នា តើ​ឱ្យ​ពលរដ្ឋ​ទុក​ចិត្ត​និង​ជឿ​យ៉ាង​ដូចម្តេច ?!​

​ម៉ាស់ក្រណាត់​ ផលិតផល​បារាំង

​ប្រជាជនភាគ​ច្រើន​​និ​ងបក្ស​ប្រឆាំង​កាន់​តែ​រិះគន់​និង​បាត់​បង់​ទំនុក​ចិត្ត​លើ​រដ្ឋាភិបាល​កាន់​តែ​ខ្លាំង​ឡើងៗ​ ក្នុង​ចំណាត់ការ​នាំ​ប្រទេ​ស​ចេញពី​ការ​បិទ​ខ្ទប់។ ​នៅ​​រសៀល​នេះ នាយករដ្ឋមន្ត្រីត្រូវ​បញ្ជាក់​​​ ថា​តើ​ត្រូវ​ពាក់ម៉ាស់​ជា​ចាំ​បាច់​​នៅ​​កន្លែង​ណា​ខ្លះ។

ប៉ុន្តែ​រដ្ឋាភិបាល​បានបញ្ចេញ​សកម្មភាព​មុន ក្នុង​ការ​ផ្គត់​ផ្គង់​ម៉ាស់ ឱ្យ​ប្រជាពលរដ្ឋ​។ បើ​តាម​ក្រសួង​ហិរញ្ញវត្ថុ​បារាំង ចាប់​ពីចុង​ខែ​មេសា​នេះ​ទៅ បារាំង​មានផលិតផល​​ម៉ាស​ជាង​២៦​លាន​សម្រាប់ក្នុង​មួយ​សប្តាហ៍ៗ។ ​ពាក់កណ្តាល​ផលិត​នៅ​ក្នុង​ស្រុក ដោយ​ក្រុម​ហ៊ុន​អាជីវកម្ម​បារាំង​តែ​ម្តង។ តែ​ម៉ាស់ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅនេះ​ ផលិត​អំពី​ក្រណាត់​ អាច​បោក​ទឹក​បាន និង​អាច​ចម្រោះ​មេរោគ​បាន​៧០%។ ហេតុ​ដូច្នេះ​ហើយ​បានជា​គេ​ចាំបាច់​ត្រូវ​បន្ត​ប្រកាន់​ខ្ជាប់​ក្បួន​រក្សា​អនាម័យ​ និង​គម្លាត​សុវត្ថិភាព​​ ដើម្បី​កុំ​ឱ្យ​ឆ្លង​មេរោគ។ ម៉ាស់​ប្រភេទ​នេះ ទើប​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​លក់​នៅ​តាម​ឱសថស្ថាន កាលពី​ថ្ងៃទី​២៧​មេសា និង​បន្តិច​ទៀត​អាច​មាន​លក់​នៅ​តាម​ផ្សារ​ធំៗ​ផ្សេង​ទៀត។ ចំណែក​ឯ​ម៉ាស​ប្រឆាំង​មេរោគ FFP2និ​ងម៉ាស់​សម្រាប់គ្រូពេទ្យ​ នៅ​តែ​មិន​អាច​លក់​ឱ្យ​សាធារណជន​ទូទៅ​ដដែល។

នៅ​ពី​ក្រោយ​ការ​រិះគន់​និង​ភាព​ចម្រូង​ចម្រាស​នៃ​ដំណើរ​ដក​ប្រទេស​ពី​ការ​បិទ​ខ្ទប់ បារាំង​មាន​ដំណឹង​ល្អ​មួយ ដែល​អាច​ប្តូរ​ផ្លាស់​ស្ថានការណ៍​ គឺ​ការ​សិក្សា​បារាំង​បាន​បង្ហាញ​អំពី ប្រសិទ្ធភាព​នៃ​ថ្នាំ​ Tocilizumab ក្នុង​ការទប់​ស្កាត់​អ្នក​ជំងឺ​កូវីដ១៩​មិន​ឱ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ។ តែ​លទ្ធផល​នៃ​កា​រសិក្សា​នេះ​ពុំ​ទាន់​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ឡើយ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ