អាល្លឺម៉ង់ កូវីដ១៩

កូវីដ១៩៖ កម្រិតចម្លង​ពី​មនុស្សម្នាក់​ទៅ​មនុស្សម្នាក់ កើនឡើង​គួរឲ្យ​បារម្ភ​នៅ​អាល្លឺម៉ង់

ប្រជាជនអាល្លឺម៉ង់ អ្នកដំណើរតាម​សេវាដឹកជញ្ជូន​សាធារណៈ ពាក់ម៉ាស់ការពារ។ ក្រុង Erfurt ថ្ងៃទី​២៤មេសា ២០២០
ប្រជាជនអាល្លឺម៉ង់ អ្នកដំណើរតាម​សេវាដឹកជញ្ជូន​សាធារណៈ ពាក់ម៉ាស់ការពារ។ ក្រុង Erfurt ថ្ងៃទី​២៤មេសា ២០២០ REUTERS - XXSTRINGERXX xxxxx

រហូតមកត្រឹមពេលនេះ អាល្លឺម៉ង់ ត្រូវបានគេចាត់ទុកថា ជាប្រទេសអឺរ៉ុបមួយ ដែលមានវិធាន​ការទប់ស្កាត់ការឆ្លងរាលដាល និងការស្លាប់ ដោយជម្ងឺកូវីដ១៩ បានល្អប្រសើរជាងគេ។  ស្របពេលដែលរដ្ឋាភិបាលអាល្លឺម៉ង់ បានចាប់ផ្តើម បើកសកម្មភាព​សេដ្ឋកិច្ចឡើងវិញ ស្រាប់តែក្រុមអ្នកជំនាញ បានសង្កេតឃើញថា កម្រិតចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ នៃកូរ៉ូណាវីរុសប្រភេទថ្មី បានកើនឡើងគួរឲ្យព្រួយបារម្ភ។

ផ្សាយពាណិជ្ជកម្ម

យោងតាមតួលេខផ្លូវការ ផ្សាយកាលពីយប់ថ្ងៃចន្ទ ទី​២៧មេសា ដោយវិទ្យាស្ថាន Robert Koch បានឲ្យដឹងថា កម្រិតនៃការចម្លងរបស់មេរោគកូរ៉ូណាវីរុសប្រភេទថ្មី នៅអាល្លឺម៉ង់ គឺបានឡើង ដល់​កម្រិត ១,០។ សម្រាប់អ្នកជំនាញ កម្រិតតួលេខនេះ គឺមានន័យថា មនុស្សម្នាក់ដែលមានផ្ទុកមេរោគកូរ៉ូណាវីរុសប្រភេទថ្មី អាចចម្លងទៅមនុស្សម្នាក់ទៀត យ៉ាងហោចក៏ម្នាក់ដែរ។

យោងតាមអ្នកជំនាញនៅវិទ្យាស្ថាន Robert Koch នេះគឺជាលើកទីមួយហើយ គិតចាប់ពីដើមខែមេសាមក ដែលកម្រិតចម្លងនេះបានកើនឡើង បន្ទាប់ពីបានធ្លាក់ចុះ ដល់០,៧។ ជាងនេះទៀត អត្រាការស្លាប់ដោយជម្ងឺកូវីដ១៩ ក៏បានកើនឡើងផងដែរ ដល់ចំនួន​ ៣,៨%។

តែយ៉ាងណាអត្រាការស្លាប់ដោយកូវីដ១៩ នៅអាល្លឺម៉ង់នេះ ក៏វានៅទាប បើប្រៀបធៀបទៅប្រទេសអឺរ៉ុបដ៏ទៃទៀត ដូចជាបារាំង អ៊ីតាលី អាស្ប៉ាញ ឬអង់គ្លេស។ គិតមកត្រឹមថ្ងៃទី​២៨មេសា អាល្លឺម៉ង់ មានអ្នកឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី ចំនួនប្រមាណ​១៥៦៣៣៧នាក់ ក្នុងនោះមានស្លាប់៥៩១៣នាក់។

គួររំលឹកថា ដោយទទួលសំពាធ ពីអ្នកនយោបាយប្រឆាំង និងមតិសាធារណៈ រដ្ឋាភិបាលលោក​ស្រី បានចាប់ផ្តើម ដាក់ចុះ​នូវ​វិធានការ​បើកប្រទេស បើកដំណើរការសេដ្ឋកិច្ចឡើងវិញ ដោយសន្សឹម តាំងតែពីថ្ងៃទី​២០មេសា។ រដ្ឋាភិបាលបានតម្រូវ ឲ្យប្រជាជនពាក់ម៉ាស់ នៅទីសាធារណៈ។ លោកស្រីអង់ហ្គេឡា មែរគិត ធ្លាប់បានលើកឡើងពីការព្រួយបារម្ភ បើសិនជាចាប់បើកប្រទេសឡើងវិញ តក់ក្រហល់ពេក អាចធ្វើឲ្យចំនួន​អ្នកឆ្លងផ្ទុះឡើងសារជាថ្មី។

ទំនោរនៃការកើនឡើង នូវអត្រាចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ នៅពេលនេះ បានធ្វើឲ្យ​លោក​ស្រី​អង់ហ្គេឡា មែរគិល មានការព្រួយបារម្ភជាខ្លាំង។ សម្រាប់បច្ចុប្បន្ននេះ អាល្លឺម៉ង់ នៅមានសមត្ថភាព​បន្ទប់និងគ្រែពេទ្យ អាចទទួលអ្នកជំងឺកូវីដ១៩បាន ដោយ​មិនទាន់ចាល់ខ្លាំងនោះទេ។ តែលោកស្រីអង់ហ្គេឡា មែរគិល បានលើកឡើងថា បើសិនជាកម្រិតចម្លង ឡើងលើសនេះ តែត្រឹម ១,៣ គឺមានន័យថា មន្ទីរពេទ្យ​អាល្លឺម៉ង់ នឹងពេញណែន អស់គ្រែអស់បន្ទប់ នៅរវាងខែមិថុនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI