សេដ្ឋកិច្ចអាល្លឺម៉ង់-កូវីដ១៩

សេដ្ឋកិច្ច​អាល្លឺម៉ង់​ ប្រឈម​នឹង​វិបត្តិ​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ

បុគ្គលិកធ្វើការនៅក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ Volkswagen កាលពីថ្ងៃទី២៧ មេសា ឆ្នាំ២០២០។
បុគ្គលិកធ្វើការនៅក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ Volkswagen កាលពីថ្ងៃទី២៧ មេសា ឆ្នាំ២០២០។ REUTERS - POOL New

រដ្ឋាភិបាល​របស់​លោក​ស្រី​ អង់ហ្គេឡា​ ម៊ែរគែល​ បាន​ព្រមាន​នៅ​ថ្ងៃ​ពុធ​ ទី​២៩​ មេសា​ ថា​ វិបត្តិ​កូវីដ​១៩​ នឹង​ធ្វើឲ្យ​សេដ្ឋកិច្ច​អាល្លឺម៉ង់​ក្នុង​ឆ្នាំ​២០២០​នេះ​ ធ្លាក់​ចុះ​ជាគំហុក​មិនធ្លាប់​មាន​ពី​មុន​មក​នោះទេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។ បើតាម​ មន្ត្រី​រដ្ឋាភិបាល​អាល្លឺម៉ង់​ ផល​ប៉ះពាល់​អាក្រក់​បំផុត​ បង្ក​ឡើង​ដោយ​មេរោគ​កូវីដ​១៩​ ទៅលើ​សេដ្ឋកិច្ច​របស់​អាល្លឺម៉ង់​ ដែល​ជា​សេដ្ឋកិច្ច​កំពូល​មួយ​របស់​អឺរ៉ុប​ នឹង​លេចឡើង​នៅ​ត្រីមាស​ទី​២​ ឆ្នាំ​២០២០​។

ផ្សាយពាណិជ្ជកម្ម

“យើង​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ ចាប់​តាំងពី​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ត្រូវបាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៤៩​ មក​”។ នេះ​ គឺ​ជា​ប្រសាសន៍​របស់​លោក​ Peter Altmaier រដ្ឋ​មន្រ្តី​សេដ្ឋកិច្ច​អាល្លឺម៉ង់​ ដោយ​បាន​បន្ថែម​ថា​ “ផល​ប៉ះពាល់​បណ្តាល​មក​ពី​ជំងឺ​រាតត្បាត​កូវីដ​១៩​ នឹង​រុញច្រាន​ឱ្យ​សេដ្ឋកិច្ច​អាល្លឺម៉ង់​ ធ្លាក់​ចូល​ក្នុង​ជ្រោះ​ជ្រៅ​នៃ​វិបត្តិ​ បន្ទាប់ពី​ជួប​កំណើន​បាន​រយៈពេល​ ១០ ឆ្នាំ​”។

គួរ​ជ្រាប​ថា​ ផលិតផល​ក្នុង​ស្រុក​សរុប​របស់​អាល្លឺម៉ង់​ (GDP)  ក្នុង​ឆ្នាំ​នេះ​ ទំនងជា​នឹង​ធ្លាក់​ចុះ​ចំនួន​ ៦,៣ % ដោយសារ​ការ​នាំចេញ​ធ្លាក់​ចុះ​ ហើយ​វិធានការ​បិទការ​ធ្វើដំណើរ​ចេញ​ចូល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការប្រើប្រាស់​ក្នុង​ស្រុក​។

ការ​ធ្លាក់​ចុះ​ GDP​ ក្នុង​ឆ្នាំ​២០២០​ ដែល​ត្រូវ​បាន​ព្យាករ​ខាងលើ​នេះ​ មាន​សភាព​ធ្ងន់ធ្ងរ​ ជាង​អំឡុង​ពេល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ក្នុង​ឆ្នាំ​ ២០០៩​ទៅទៀត​ ដែល​កាល​នោះ​ សេដ្ឋកិច្ច​អាល្លឺម៉ង់​ធ្លាក់ចុះ​ចំនួន​ជាង​ ៥ %​។

ផល​ប៉ះពាល់​អាក្រក់​បំផុត​បង្ក​ឡើង​ដោយ​កូវីដ​១៩​ ទៅលើ​ប្រទេស​អាល្លឺម៉ង់​នឹង​លេច​ឡើង​ នៅ​ត្រីមាស​ទី​ ២​ នៃ​ឆ្នាំ​ ២០២០​។ នៅ​ពេលថ្មីៗ​នេះ​ វិទ្យាស្ថាន​សេដ្ឋកិច្ច​ជាច្រើន​ បាន​ព្យាករ​ថា​ ផលិតផល​ក្នុង​ស្រុក​សរុប​របស់​អាល្លឺម៉ង់​ នឹង​ធ្លាក់​ចុះ​ដល់​ជិត​ ១០%​ នៅ​ចន្លោះ​ខែ​មេសា​ និង​មិថុនា​ ដែល​ជា​កម្រិត​មួយ​ទាប​ខ្លាំង​ក្នុង​ប្រវត្តិសាស្ត្រ​។

និន្នាការ​បែបនេះ​ នឹង​ជះ​ផល​ប៉ះពាល់​ផងដែរ​ ដល់​អត្រា​អ្នក​អត់​ការងារធ្វើ​នៅ​អាល្លឺម៉ង់​។ អាល្លឺម៉ង់​ ពិត​ណាស់​ គឺជា​ប្រទេស​មួយ​ដែល​មាន​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ទាប​ ពោល​គឺ​មាន​ចំនួន​ប្រមាណតែ​ ៥ %​ តែ​ប៉ុណ្ណោះ​។ ក៏ប៉ុន្តែ​ ដោយសារ​វិបត្តិ​កូវីដ​១៩​ គេ​ព្យាករ​ថា​ អត្រា​អ្នក​អត់​ការងារ​នៅ​អាល្លឺម៉ង់​ នឹង​កើន​ឡើង​ដល់​ចំនួន​ ៥,៨% នៅ​ឆ្នាំ​២០២០​នេះ​។

ដើម្បី​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​ ព្រម​ទាំង​និយោជិត​ រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​បញ្ចេញ​កញ្ចប់​ថវិកា​សង្គ្រោះ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ ពោល​គឺ​ច្រើន​រហូតដល់​ជាង​មួយ​ទ្រី​លាន​អឺរ៉ូ​ ឬស្មើ​នឹង​ជាង​ ១០០ ​ម៉ឺន​លាន​អឺរ៉ូ​។

កញ្ចប់​ថវិកា​ជំនួយ​នេះ​ រាប់​បញ្ចូល​ទាំង​ការ​ផ្តល់​ប្រាក់​កម្ចី​ដែល​គាំទ្រ​ដោយ​រដ្ឋ​ ហើយនិង​ការ​ចាក់​បញ្ចូល​សាច់​ប្រាក់​របស់​រដ្ឋាភិបាល​ ដើម្បី​ការពារ​បុគ្គលិក​និយោជិត​កុំឲ្យ​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI