អានតួអត្ថបទ

បណ្តាប្រទេស​អឺរ៉ុប​ចាប់ផ្តើមដកចេញ​វិធានការ​បិទខ្ទប់​មនុស្ស​ក្នុង​ផ្ទះ

នារីអ៊ីតាលី​នៅ​រាលហាលផ្ទះ ដើម្បីអបអរ​បុណ្យខួប​ថ្ងៃ​រំដោះ កាលពីថ្ងៃទី ២៥មេសា​២០២០​
នារីអ៊ីតាលី​នៅ​រាលហាលផ្ទះ ដើម្បីអបអរ​បុណ្យខួប​ថ្ងៃ​រំដោះ កាលពីថ្ងៃទី ២៥មេសា​២០២០​ REUTERS - Flavio Lo Scalzo
ដោយ៖ ឈាង បុប្ផា
១៥ នាទី

ទ្វីប​អឺរ៉ុបដែល​រង​ប៉ះពាល់​ខ្លាំងជាងគេ​ដោយសារ​ជំងឺ​កូវីដ​១៩ ចាប់ផ្តើម​ដកចេញ វិធានការ​បិទខ្ទប់​ប្រជាជន ចាប់ពី​ថ្ងៃ​ចន្ទទី ៤ ឧសភា។ នៅក្នុង​បណ្តា​ប្រទេស​អឺរ៉ុប​ជាច្រើន រដ្ឋាភិបាល​បាន​សម្រេច​ដកចេញ បម្រាម បើទោះបី​ជា​មាន​ការបារម្ភ​ខ្លាច​រលក​ទី​២ នៃ​ការរាតត្បាត​របស់​ជំងឺកូវីដ​១៩។ នៅអេស្ប៉ាញ កាលពី​ថ្ងៃសៅរ៍ ប្រជាជន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ទៅហាត់ប្រាណ នៅ​ក្រៅផ្ទះ ជាលើកទី១ ចាប់តាំង​ពី​មាន​វិធានការ ដាក់ក្រុងមនុស្ស នៅក្នុង​ផ្ទះ កាលពី​ពាក់កណ្តាល​ខែ​មីនាមក។ 

ផ្សាយពាណិជ្ជកម្ម

ចាប់ពីថ្ងៃចន្ទ​ទី​៤​ឧសភា ហាងទំនិញ​តូចៗ ហាង​កាត់សក់ បារ និង​ភោជនីយដ្ឋាន​ត្រូវ​អនុញ្ញាត​ឲ្យ​បើកទ្វារ​ឡើងវិញ នៅអេស្ប៉ាញ ប៉ុន្តែ ជាមួយ​នឹង​ការរឹតត្បិត​សេវា និង​ការរក្សារ​គម្លាតសង្គម ដើម្បី​ជៀសវាង​ការឆ្លងកូរ៉ូណាវីរុស។ ចំណែក​ការពាក់ម៉ាស​វិញ ​ត្រូវ​ធ្វើ​ជា​ចាំបាច់ នៅក្នុង​ពេល​ប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ។ អេស្ប៉ាញ ជាប្រទេស​អឺរ៉ុប​ទី​៣ បន្ទាប់​ពី​អ៊ីតាលី និង​អង់គ្លេស ដែល​ប៉ះពាល់ខ្លាំង​ជាងគេ ដោយសារ​កូវីដ​១៩ ជាមួយ​នឹង​អ្នកស្លាប់​ ដោយសារ​កូវីដ​១៩ ចំនួន​២៥១០០នាក់។

ប៉ុន្តែ អេស្ប៉ាញ ដែល​កត់សំគាល់​ឃើញ ចំនួន​អ្នកស្លាប់​ដោយ​កូវីដ១៩ ធ្លាក់ចុះ ជាបន្តបន្ទាប់ រហូត​មកនៅត្រឹម ១៦៤នាក់ ក្នុង​មួយថ្ងៃអាទិត្យ ម្សិលមិញ បាន​សម្រេច​បន្ធូរបន្ថយ (ពីពេលនេះ រហូត​ដល់​ខែ​មិថុនា) វិធានការ បិទខ្ទប់​ប្រជាជន បន្ទាប់​ពីអនុវត្ត​ជិត​២ខែ ដោយសារ​ជំងឺ​រាតត្បាត​កូវីដ​១៩។

អាល្លឺម៉ង់​បាន​ដើរចេញ​ពីវិធានការ​បិទខ្ទប់​ប្រជាជន នៅមុន​អេស្ប៉ាញទៅទៀត។ នៅថ្ងៃ​ចន្ទ​ អាល្លឺម៉ង់​គ្រោង​នឹង​បើកសាលារៀន នៅ​តាម​តំបន់​មួយចំនួន។ នៅ​អូទ្រីស ក៏ដូចជា​បណ្តាប្រទេស​ស្កង់ឌីណាវ ហាងទំនិញ បាន​ចាប់បើកទ្វារ តាំង​ពី​ថ្ងៃ​សៅរ៍។ នៅអឺរ៉ុបខាងកើត ហាងកាហ្វេ និង​ភោជនីយដ្ឋាន​នឹង​បើកទ្វារ ចាប់ពីថ្ងៃ​ចន្ទ នៅ​ប្រទេស​ស្លូវេនី និង​ហុងគ្រី ប៉ុន្តែ​លើកលែង រដ្ឋធានី ប៊ុយដាប៉េស។ នៅប៉ូឡូញ សណ្ឋាគារ ហាងទំនិញទំនើប បណ្ណាល័យ និង​សារមន្ទីរ នឹង​ចាប់បើកទ្វារ ជា​ធម្មតា​ឡើងវិញ ចាប់ពីថ្ងៃ​ចន្ទ។

នៅពេល​បណ្តា​ប្រទេស​អឺរ៉ុប​កាន់តែ​ច្រើន​ចាប់ផ្តើម​ដើរចេញ​ពី​វិធានការ​បិទខ្ទប់​ប្រជាជន បារាំង និងអ៊ីតាលី ដែល​រងគ្រោះខ្លាំង​ដោយសារ​កូវីដ​១៩ កំពុង​ត្រៀមខ្លួន​ធ្វើនឹង​គេ​ដែរ ប៉ុន្តែ​មិន​គំហុក​នោះទេ។ បារាំង ដែល​ត្រៀម​ដើរចេញពី​វិធានការ​បិទខ្ទប់​ប្រជាជន នៅថ្ងៃទី ១១​ឧសភា​ខាងមុខ បាន​ចាត់វិធានការ​បន្ធូរបន្ថយ​មួយចំនួន ដូចជា​បើក​សួនច្បារ អនុញ្ញាត​ឲ្យ​ធ្វើដំណើរទៅសួរសុខទុក្ខ​គ្រួសារ ឬ​ការជួបជុំ​ក្នុង​ចំនួន​មនុស្ស​មានកំរិត។ នៅ​បារាំង រដ្ឋមន្រ្តី​សុខាភិបាល​ ព្រមាន​លើកថ្ងៃ បើកទីក្រុង បើសិន វិបត្តិ​កូវីដ ត្រលប់​ទៅអាក្រក់​ដូចដើម។ នៅ​សប្តាហ៍នេះ ​រដ្ឋាភិបាលបារាំង​ទើប​​សម្រេច​ផងដែរ ពន្យារ ច្បាប់ដាក់ប្រទេស​ក្នុង​ស្ថានភាព​អាសន្នផ្នែក​សុខាភិបាល ២ខែទៀត ពោល​គឺ​រហូត​ដល់​ចុងខែ​កក្កដា​ខាងមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ