ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង៖ ផែនការ​បើកប្រទេស​ឡើងវិញ ដ៏​ចម្រូងចម្រាស និង​ស្មុគស្មាញ​សម្រាប់​រដ្ឋាភិបាល​

សំឡេង ០៧:៥៨
រូបចម្លាក់នៅទីលានត្រូកាដេរ៉ូ ខាងមុខតួអេហ្វែល ត្រូវជនអនាមិក យកម៉ាសទៅបំពាក់ ជាសញ្ញានៃ​ការឆ្លងរាលដាលមេរោគកូវីដ១៩ នៅប្រទេសបារាំង។ ថ្ងៃទី ២ ឧសភា ២០២០
រូបចម្លាក់នៅទីលានត្រូកាដេរ៉ូ ខាងមុខតួអេហ្វែល ត្រូវជនអនាមិក យកម៉ាសទៅបំពាក់ ជាសញ្ញានៃ​ការឆ្លងរាលដាលមេរោគកូវីដ១៩ នៅប្រទេសបារាំង។ ថ្ងៃទី ២ ឧសភា ២០២០ THO - Benoit Tessier

រដ្ឋាភិបាលបារាំង បានប្រកាសថា ចាប់ពីថ្ងៃទី​១១ឧសភាទៅ នឹងចាប់ផ្តើមបន្ធូរបន្ថយការបិទខ្ទប់ប្រជាជន ព្រមទាំងបើកឲ្យក្រុមហ៊ុន សហគ្រាស ហាងទំនិញ អាចដំណើរការឡើងវិញ ជាដំណាក់ដំណាក់ និងដោយសន្សឹមៗ។ បន្ទាប់ពីបានបង្ហាញផែនការ​របស់ខ្លួន នៅចំពោះអង្គសភាជាតិបារាំង នៅថ្ងៃទី​៤ឧសភា លោកនាយករដ្ឋមន្ត្រីបារាំង ត្រូវបង្ហាញ​ផែនការលំអិតនេះ នៅចំពោះមុខ​ព្រឹទ្ធសភា ដើម្បីបោះឆ្នោតអនុម័ត។ តែយ៉ាងណាក៏ដោយ ផែនការ​បើកប្រទេសឡើងវិញរបស់រដ្ឋាភិបាលបារាំងនេះ កំពុងតែបង្កឲ្យ​មាន​ភាពចម្រូងចម្រាស់ និងមិនយល់ស្រប ពីសំណាក់មេឃុំចៅសង្កាត់ ចៅហ្វាយក្រុង ដែលជាអាជ្ញាធរមូលដ្ឋាន។

ផ្សាយពាណិជ្ជកម្ម

បញ្ហាបើកសាលារៀនឡើងវិញ មានភាពរញ៉េរញ៉ៃ តាំងតែពីដំបូង នៅពេល​ដែល​លោក​ប្រធានាធិបតីបារាំង លើកឡើងថាសាលារៀន ថ្នាក់មតេយ្យ និងបឋមសិក្សា នឹងចាប់ផ្តើម​បើកមុនគេ ចាប់ពីថ្ងៃទី១១ឧសភា។ ហើយទន្ទឹមនឹងនេះ គឺវាឈរលើការសម្រេចរបស់​ឪពុកម្តាយ​ ក្នុងការបញ្ជូនកូនទៅសាលា។ លោក​ប្រធានាធិបតីបារាំង អះអាងថាឆាប់បើកសាលា ព្រោះថាក្មេងដែលស្ថិតក្នុងគ្រួសារក្រីក្រ គ្មានសម្ភារៈ ហើយឪពុកម្តាយមិនសូវមានចំណេះ គឺក្មេងមិនអាចរៀននៅផ្ទះបានទេ។ បើទុកយូរ វានឹងធ្វើឲ្យមានគម្លាតគ្នាខ្លាំង រវាងកម្រិតចំណេះដឹងរបស់ក្មេង។

ត្រង់ចំណុចនេះមានការរិះគន់ច្រើនរួចទៅហើយ ព្រោះវាផ្ទុយនឹងគោលការ​ណ៍កាតព្វកិច្ចរបស់ឪពុកម្តាយ ដែលត្រូវ​បញ្ជូនកូនទៅសាលា។ ហើយមួយវិញទៀត បើចាំតែឈរលើការស្ម័គ្រចិត្តរបស់ឪពុកម្តាយ​ តើ​ឲ្យ​ដោះស្រាយបញ្ហា​គម្លាតនៃចំណេះដឹងបាន​យ៉ាងម៉េចទៅ។ ចំណុចទាំងនេះ ដែលគេរិះគន់ថារដ្ឋាភិបាល ធ្វើទាំងប្រថុយប្រថាន គ្មា​នពិចារណាឲ្យបានវែងឆ្ងាយ។ មួយវិញទៀត ការបើក​សាលារៀនថ្នាក់​មតេយ្យនិងថ្នាក់បឋម ដែលសុទ្ធតែក្មេងតូចៗ អាយុ ក្រោម១០ឆ្នាំ គឺវាជារឿងលំបាកណាស់ ក្នុងការរៀបចំចាត់ចែង ធ្វើយ៉ាងណាបញ្ចៀសការចំលងមេរោគ​ រវាងក្មេងៗ។

"បើកសាលារៀនវិញថ្ងៃទី​១១ឧសភា ជារឿងមិនសមហេតុផល"

កាលពីល្ងាចថ្ងៃអាទិត្យទី៣ឧសភា ចៅហ្វាយក្រុង មេឃុំ សរុបទាំងអស់​៣២៩ នៅតំបន់ Ile de France ដែលក្នុងនោះ​មាន​ក្រុងប៉ារីសផង បានរួមគ្នាសរសេរលិខិត ផ្ញើទៅលោកម៉ាក្រុង ស្នើសុំកុំឲ្យបើក​សាលារៀននៅថ្ងៃទី១១ឧសភានេះអី។ មេឃុំទាំង​នេះ លើក​ឡើង​ថា វិធានការនេះ វាបង្ខំ​តក់​ក្រហល់ពេកហើយ។

តំបន់ជុំវិញក្រុងប៉ារីស ជាតំបន់ក្រហម ដែលមានន័យថា ការឆ្លងរាលដាលជម្ងឺកូវីដ១៩ មានកម្រិតគ្រោះថ្នាក់ខ្លាំង ដូច្នេះមិនអាចធ្វេសប្រហែសបានទេ។ មេឃុំ នៅតំបន់ជុំក្រុងប៉ារីស បានលើកឡើងថា ថ្នាក់ដឹកនាំសាលា មិនទាន់បានទទួល​បទបញ្ជាច្បាស់លាស់ មិនទាន់មាន​មធ្យោបាយសម្ភារៈ មិនដឹងត្រូវធ្វើយ៉ាងណា អាចទទួល​សិស្សនៅថ្ងៃទី​១១​ឧសភានេះបានទេ។ មួយវិញទៀត មេឃុំជាអ្នកទទួលខុសត្រូវ​ចំពោះមុខច្បាប់ ក្នុងករណីមានការប្តឹងផ្តល់ណាមួយ ពីអាណាព្យាបាលសិស្ស​ព្រោះថា សាលាមេតេយ្យ និងបឋមសិក្សា គឺស្ថិតក្រោម​ការ​គ្រប់គ្រងរបស់ឃុំ និងក្រុង។

លោក​ចៅហ្វាយក្រុង Montpelier នៅភាគខាងត្បូងបារាំង បានលើកឡើងថា បើកសាលារៀនថ្ងៃ១១ឧសភា គឺជារឿងមិនសមហេតុផល ហើយ​លោកនឹងមិនធ្វើតាមវិធានការរបស់​រដ្ឋាភិបាលឡើយ។ តំណាងរាស្ត្រនិងមេឃុំខ្លះ ក៏បាន​លើកឡើងដែរ ថា​បើកសាលាចាប់ពីថ្ងៃ១១ឧសភា ជារឿងប្រថុយគ្រោះថ្នាក់ណាស់ ខណៈ​ដែលម៉ោងរៀន ក៏មានសល់មិនច្រើន បន្តិចទៀតនឹង​ដល់​វិស្សមកាលធំ។ រដ្ឋាភិបាល​ គួរតែយកពេលនេះ រៀបចំឲ្យ​សាលារៀនមានលទ្ធភាព មានពេលវេលា ដើម្បី​គិតគូរពីអ្វីដែលត្រូវ​​ធ្វើ នៅពេល​បើក​បវេស្សនកាល​ នៅខែកញ្ញាវិញល្អជាង។

សហគ្រាស​ទាមទារ​ឲ្យ​រដ្ឋកំណត់ឲ្យច្បាស់ ពីវិធានប្រតិបត្តិ​ជាកាតព្វកិច្ចរបស់​នយោជក

ចាប់ពីថ្ងៃទី១១ឧសភា ក្រុមហ៊ុន សហគ្រាស ហាងទំនិញនានា ក៏នឹងអាចបើកទ្វារបានឡើងវិញដែរ។ ទាក់ទិននឹង​បញ្ហាបើកក្រុមហ៊ុន ហាងទំនិញនេះ ក៏នៅមានភាព​ស្រពិចស្រពិលខ្លាំងណាស់ដែរ។ ក្រុម​សមាគមតំណាងនយោជកបារាំង បានរួមគ្នាស្នើសុំទៅរដ្ឋាភិបាល ឲ្យ​គូសវាសឲ្យ​បានល្អិតល្អន់ ស្តីអំពីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់នយោជក។ តាមផ្លូវច្បាប់ នយោជក មានកាតព្វកិច្ចការពារសុខភាព អាយុជីវិតរបស់បុគ្គលិក។ ដូច្នេះ ក្នុងករណីរៀបចំដើម្បីបញ្ចៀសការចម្លងកូវីដ១៩ នៅក្នុងហាងទំនិញ សហគ្រាសនានានេះ គឺត្រូវតែរដ្ឋាភិបាល កំណត់ឲ្យច្បាស់ ថាតើនយោជកមានកាតព្វកិច្ច ត្រូវធ្វើអ្វីខ្លះ ហើយបើមិនធ្វើតាមទេ នោះទើបនយោជក អាចទទួលខុសត្រូវចំពោះមុខច្បាប់ បើសិនមានករណីប្តឹងផ្តល់ណាមួយ។

ថ្ងៃអាទិត្យទី៣ឧសភា លោកស្រី រដ្ឋមន្ត្រីក្រសួងការងារ បាន​អះអាងថាក្រសួង និងជួយរៀបចំ បទដ្ឋានច្បាប់ ដើម្បីកំណត់កាតព្វកិច្ចរបស់​នយោជក ធ្វើយ៉ាងណា ឲ្យដំណើរការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញនេះ ធ្វើទៅដោយសុវត្ថិភាព ដោយធានាការពារសុខភាព​បុគ្គលិក និងការពារសហគ្រាសកុំឲ្យ​ប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់។

ក្រសួងការងារ បានគូសចេញត្រួសៗ នូវបទវិធានប្រតិបត្តិ ដែលសហគ្រាស ក្រុមហ៊ុនត្រូវអនុវត្ត ចាប់ពីថ្ងៃទី​១១ឧសភាទៅ មានដូចជា ៖ នយោជកត្រូវរៀបចំឲ្យមាន​មានបរិវេណ​យ៉ាងហោច៤ម៉ែត្រ​ការ៉េ សម្រាប់បុគ្គលិកម្នាក់ ហើយត្រូវរៀបចំ គូសផ្លូវបំលាស់ទី​របស់បុគ្គលិក នៅកន្លែងធ្វើការ​ ដោយធ្វើយ៉ាងណា បញ្ចៀសកុំឲ្យ​បុគ្គលិក ប៉ះគ្នាឬនៅកៀកគ្នា។ នយោជក ក៏ត្រូវរៀបចំឡើងវិញ​នូវទីតាំងរួម  ដូចជាបន្ទប់ទឹក ជណ្តើរយន្ត ធ្វើយ៉ាងណា កុំឲ្យ​មានបុគ្គលិកច្រើននាក់ ក្នុងពេលតែមួយ។ ទ្វារ បង្កាន់ដៃ តុ កៅអី គឺត្រូវ​សម្អាតសម្លាប់មេរោគឲ្យញឹកញាប់់ ច្រើនដងក្នុងមួយថ្ងៃ។ ត្រូវបើកចំហរទ្វារបង្អួច ឲ្យមានខ្យល់ចេញចូល រយៈពេល​១៥នាទី បីដងក្នុងមួយថ្ងៃ។ ហើយនៅមាត់ទ្វារចូលទីតាំង ត្រូវ​មាន​ទឹកអាល់កុលឲ្យ​បុគ្គលិក​ លាងសំអាតដៃ។ ដោយឡែក ការពិនិត្យសីតុណ្ហភាពលើបុគ្គលិក គឺនយោជក មិនអាចចាប់បង្ខំបុគ្គលិកបានទេ។ រីឯការធ្វើតេស្តស្វែងរកមេរោគជាទូទៅ លើបុគ្គលិក ក៏នយោជក មិន​អាចចាប់បង្ខំបុគ្គលិកបានដែរ។

ក្រសួងការងារអះអាងថា ក្នុងករណីមិនគោរពវិធានទាំងនេះ ក្រុមហ៊ុន សហគ្រាស សមាគម ទោះទំហំប៉ុណ្ណា ក្នុងវិស័យអ្វីក៏ដោយ ក៏អាចទទួលខុសត្រូវចំពោះមុខច្បាប់បានដែរ។ តែយ៉ាងណារដ្ឋាភិបាល នៅតែជំរុញ ឲ្យសហគ្រាសទាំងអស់ បើអាចធ្វើបានគឺឲ្យ​បុគ្គលិក ធ្វើការពីផ្ទះ។

ធ្វើដំណើរចូលបារាំង បើមានរោគសញ្ញា នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក១៤ថ្ងៃ

ទាក់ទិន​នឹងការធ្វើដំណើរចូល​ប្រទេសបារាំង របស់​អ្នកដំណើរ មិនថាជនជាតិបារាំង ឬជនជាតិណាផ្សេង រដ្ឋាភិបាលបារាំង ធ្លាប់បាន​លើកឡើងថា ចាប់ពីថ្ងៃទី១១​ឧសភាទៅ អ្នកដំណើរដែលមក​ដល់​ប្រទេសបារាំង ទោះជាជនជាតិអ្វីក៏ដោយ បើសិនជា​មានអាការៈរោគសញ្ញាជំងឺកូវីដ១៩ គឺត្រូវយកទៅដាក់ឲ្យ​នៅដាច់ដោយឡែក រយៈពេល​១៤ថ្ងៃ។ ក៏ប៉ុន្តែ កាលពីល្ងាចថ្ងៃទី​៣ឧសភា វិមាន​ប្រធានាធិបតី​បារាំង ​បានបញ្ជាក់លំអិតថា វិធានការដាក់ឲ្យនៅដាច់ដោយឡែកនេះ គឺនឹងមិនអនុវត្ត​ទេ ចំពោះអ្នកដែលធ្វើដំណើរ​ មកពីប្រទេស​សមាជិកសហភាពអឺរ៉ុប ឬប្រទេសតំបន់ឆិនហ្កិន និង​អ្នកមក​​ពី​ប្រទេសអង់គ្លេស។

ចំណែកជនជាតិបារាំង ឬជនជាតិអឺរ៉ុប ដែលធ្វើដំណើរចូលបារាំង ចេញពីតំបន់ផ្សេង ក្រៅពីអឺរ៉ុប ក្រៅពី​តំបន់ឆិនហ្កិន ឬអង់គ្លេស គឺរដ្ឋាភិបាលបារាំង ​នៅមិនទាន់​បានរៀបចំវិធានលំអិតនៅឡើយទេ។ ក្រសួងការបរទេសបារាំង កំពុងតែធ្វើការលើ​រឿងនេះ ហើយនិងធ្វើការជូនដំណឹងនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI